កាសែត​​បរទេស​ចាប់​ផ្តើម​ផ្សាយ​រឿង​​​ថា​ថៃ​​ឈ្លាន​​ពាន​តែ​​កម្ពុជា​រងកា​រ​ឈ្លាន​ពាន​មិន​ប្តឹង​ថៃ

ថ្មីៗ​​នេះ​​មាន​​កាសែត​​បរទេស ​និង​​ឥស្សរ​ជន​​បរទេស​មួយ​​ចំនួន ក្នុង​​នោះ​​​ក៏​មានសា​រព័​ត៌មា​ន​​បារាំង ឡឺហ្វី​ហ្គារ៉ូ ​​ផង​​ដែរ​​បាន​​ចុះ​​ផ្សាយ​​និង​​​រិះគ​ន់​​ចំៗ​​ថា​ ថៃ​​​ឈ្លាន​ពាន​​កម្ពុជា​ដែល​​ជា​ការ​​ផ្តល់​​យុត្តិ​ធម៌​​ដល់​​កម្ពុជា ​ដែល​​ជា​ជន​​រង​គ្រោះ​​។ ប៉ុន្តែ​​អ្នក​​ឃ្លាំ​មើល​​ យល់​​ថា ​មា​ន​​តែ​​កម្ពុជា​​ប្តឹង​​ថៃ​​ទៅ​តុលាការ​​អន្តរ​ជាតិ​​ប៉ុណ្ណោះ​ ​ទើ​ប​អាច​ដាក់​​សម្ពាធ​ថៃ​​​ឱ្យ​ប្រគល់​​ទឹក​​ដី ​៧៦​​ទី​តាំង ​មក​​កម្ពុជា​វិញ។

លោក ហ្សង់លុក ម៉ូរូ ឌឺលែរីស(Jean Luc Moreau Deleris) អ្នកថតរូបឱ្យសារព័ត៌មាន​បារាំងឡឺហ្វីហ្គារ៉ូ ដែល​នាំ​ឲ្យ​គេ​ស្វែង​យល់ពីសង្រ្គាមឈ្លានពានរបស់ថៃ ក្នុង​ដីកម្ពុជា ​បាន​ថ្លែងថា​ សង្រ្គាមវាយប្រហាររបស់យោធា​ថៃ ចូលក្នុងដីកម្ពុជា​​មិនមែនជារឿងតូចតាច ដែល​គេត្រូវមើលរំលង​នោះទេ ​ប៉ុន្តែ​គឺ​ជាសង្គ្រាម​ឈ្លាន​​ពាន​។ អ្នក​កាសែតថតរូបបារាំង​​រូប​នេះ​ បាននាំយករូបភាពស្តីពីទុក្ខវេទនា​របស់ប្រជាជនភៀសសឹក​ខ្មែរ ការបំផ្លិច​បំផ្លាញប្រាសាទ ផ្ទះសម្បែងដោយ​សារស្នាដៃវាយប្រហាររបស់កងទ័ពថៃ ​ទៅ​ដាក់​លាតត្រដាងឲ្យគេឃើញ នៅក្នុងមហោ​ស្រពរូបថតកាសែត វីសា​ព័ណ​​អ៊ីមម៉េក (Visa pour l’image) ដែលជាព្រឹត្តិការណ៍អន្តរ​ជាតិ​ដ៏ល្បីឈ្មោះ​មួយ​ នៅ​ប្រទេស​បារាំង។ នេះ​​បើ​​យោង​តាម​​វិទ្យុបារាំង។

លោក​​ ហ្សង់លុក ម៉ូរូ ឌឺលែរីស ត្រូវ​បាន​វិទ្យុ​បារាំង​ស្រង់សំដី​ថា បណ្តា​ប្រទេស​នៅ​អាស៊ី​​ដឹង​អំពី​បញ្ហា​កើតឡើង​​​រវាង​ថៃ​និងកម្ពុជា​។ ប៉ុន្តែ​នៅ​លោក​ខាងលិច​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​សូវ​និយាយ​ពី​ព្រឹត្តិការណ៍នេះ​​ទេ ហើយ​​បើ​និយាយ​ភាគ​ច្រើន គឺ​គេនិយាយ​ចេញពីភាគីថៃ​។ ​សម្រាប់​អ្នក​កាសែត​​​ដែល​ធ្លាប់​ធ្វើ​ជា​ទាហាន​​អ៊ុន​តាក់​របស់​បារាំង​នៅ​កម្ពុជា ​​កាល​​ពី​អំឡុង​ឆ្នាំ​១៩៩៣​រូបនេះ ​ប្រាថ្នាចង់​បាន​គឺ​ការ​លាតត្រដាង​ការពិត​​ធ្វើ​ឱ្យ​មាន​តុល្យភាព ​​ពីអ្វី​​ដែលបាន​​កើតឡើង​​នៅ​ខាងកម្ពុជា ​​ជាពិសេស​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេសថៃ។

លោកត្រូវ​បានសម្រង់​សម្តី​​ដោយ​អ្នកបកប្រែថា៖ «ខ្ញុំ​​ធ្លាប់​ធ្វើទាហាន ​ដូច្នេះបើ​តាម​បទពិសោធន៍​ខ្ញុំ ​​ខ្ញុំ​​ដឹង​ថា ប្រតិ​បត្តិ​​ការណ៍​​​យោធារបស់ថៃ​នៅឆ្នាំ​២០២៥ គឺ​ជាប្រតិបត្តិការណ៍​ដែល​បារាំងគេហៅថា ផ្លូវ​អាកាសនិង​ផ្លូវ​គោក ​មាន​ន័យ​​ថា ភាគី​ថៃ​បាន​ច្របាច់​បញ្ចូលគ្នា​នូវ​កម្លាំងទ័ព​ទាំង​បី ​គឺកងទ័ព​ជើង​គោក​ ជើងទឹក​ និង​ជើង​អាកាស​។​ វាមិន​មែនជា​ប្រតិបត្តិ​ការ​ណ៍​ដែល​កើតឡើង​មួយថ្ងៃ​ភ្លាម ​​ដោយគ្មាន​ត្រៀម​ទុក​ជាមុន​នោះទេ​។​មេទ័ព​ថៃ​បាន​ធ្វើការ​ជាយូរ​ណាស់​មក​ហើយ ​ដើម្បី​អនុវត្ត​ផែនការនេះ​ឱ្យ​ចេញ​ជារូប​រាង​។ ​វាជាការ​ឈ្លាន​ពាន​​​ដែល​​គេ​បាន​​​ត្រៀម​ទុក​​ជា​មុន»​។

លោក​បញ្ជាក់​ទៀតថា បើសិន​​ជាគេ​វាយប្រហារ​​ទៅលើ​អ្នក​ជិតខាង​ ​ដោយ​ប្រើកម្លាំង​១០​ទល់​នឹង១​ដូច​សង្គ្រាម​​ចំនួន​ពីរលើក​កាលពីឆ្នាំ​២០២៥ គេមិន​ហៅថា ជាការវាយបកនោះ​ទេ ​ប៉ុន្តែ​វា​ជាការ​វាយ​ប្រហារ។ អ្វី​ដែល​​ថៃ​បាន​ធ្វើ​ មិន​មែន​​​ជា​ផែនការ​វាយ​បកទេ​ ​ប៉ុន្តែ​វាជាផែនការឈ្លាន​ពាន​យក​ទឹក​ដី​មួយ​ផ្នែក​របស់​កម្ពុជា​។

វីអូឌី ​មិន​អាច​ទាក់​ទង​លោក​ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​​ទេ នៅ​ថ្ងៃទី​៧ខែ​កញ្ញា​នេះ។

ប៉ុន្តែ​លោក​ប៉ែន បូណា ​​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ផ្សាយ​បន្តផ្ទាល់ ​ស្តីពី​បច្ចុប្បន្នភាពបញ្ហា​ព្រំដែន​កម្ពុជាថៃ នៅ​ថ្ងៃ​ទី​៧ខែ​កញ្ញា​នេះ ​​ដោយ​បញ្ជាក់​ពីជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​​ដោយ​សន្តិ​​វិធី ​និង​​ការ​គោរព​​យ៉ាង​ពេញ​លេញ​​នូវ​គ្រប់​ចំណុច​ទាំងអស់ ​នៃសេចក្តី​ប្រកាសរួមថ្ងៃទី​២៧ ខែ​​​​ធ្នូ ​ឆ្នាំ​២០២៥ ​និង​​ថា ​កម្ពុជា​​ជាប្រទេស​​ដែល​ផ្តល់​តម្លៃដល់​សន្តិភាព។

លោកថា៖ ​«​រាជរដ្ឋាភិបាល​កម្ពុជា​តែង​តែប្រកាន់​ជំហរម៉ឺងម៉ាត់ ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសថៃ ​​ក៏ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំង​អស់​​ដោយ​សន្តិវិធី​ ​ដោយ​ប្រើប្រាស់​យន្តការទ្វេភាគី​​ដែល​មាន​ស្រាប់ ​ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​អនុសញ្ញា​ និង​ច្បាប់​អន្តរជាតិ​។ ​ជាពិសេសកម្ពុជា​គោរព​យ៉ាងខ្ជាប់​ខ្ជួន​និង​​​ពេញលេញ​នូវ​គ្រប់​ចំណុច​ទាំង​អស់​នៃសេចក្តីប្រកាសរួមថ្ងៃ​ទី​២៧ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥ ​ទាំងវិធានការ​កាត់​បន្ថយ​​ភាពតានតឹង​ និង​ទាំង​យន្តការ​សម្រាប់​ការអនុវត្ត ​និងផ្ទៀង​ផ្ទាត់ ​ស្នើ​ឱ្យ​ភាគីថៃគោរពនិង​អនុវត្តគ្រប់​ចំណុច​​ដូច​គ្នា​ ដោយ​មិន​ត្រូវ​មើល​រំលងចំណុច​ណា​មួយឡើយ»។

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា ​​លោក ឈីវ យីស៊ាង ​តាម​រយៈ​សេចក្តីថ្លែងការណ៍មួយ ​កាលពីថ្ងៃទី​៥​ខែ​​កញ្ញា​ បាន​វាយបកទៅកាន់ លោក ណុបផា​​ដុល អ៊ីនណា (Noppadol Inna) ប្រធានគណៈ​​កម្មការទីប្រឹក្សាកិច្ចការបរទេស​នៃ​ព្រឹទ្ធសភាថៃ​ ដែលបាន​​អះអាងថា ថៃគោរព​បទ​ឈប់​បាញ់, កម្ពុជា​ជា​អ្នក​បាញ់​មុន, ការទន្ទ្រាន​ដីថៃ និងការធ្វើអន្តរជាតូបនីយកម្មនៃ​បញ្ហាព្រំដែ​ន​ជាដើម​។ ភាគី​កម្ពុជា ​ថ្លែង​ថា អ្វីដែល​ថៃ​កំពុង​អះអាងនេះ គឺ​​​ដើម្បីបិទបាំងសកម្មភាពឈ្លាន​ពាន​របស់​ខ្លួន​មក​លើ​កម្ពុជា។

ព្រឹទ្ធសភាកម្ពុជា​ បានបដិសេធសេចក្តីថ្លែងការណ៍របស់​លោក Noppadol Inna ថា ជា​ការ​អះអាង «គ្មានមូល​ដ្ឋាន» ព្រមទាំងបានបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាព​ ដែលមិនអាចរំលោភបានរបស់កម្ពុជា ដោយ​មានមូល​ដ្ឋានច្បាប់ ​និង​សន្ធិសញ្ញាអន្តរជាតិ​រឹងមាំ​ជាប្រវត្តិសាស្ត្រ។

លោក ឈីវ យីស៊ាង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា បទឈប់បាញ់មិនមែនជាការផ្តល់អធិប​តេយ្យ​​ភាព​នោះ​ទេ។ តាម​ការ​​ពិត​ ក្របខណ្ឌបទឈប់បាញ់បណ្តោះអាសន្ន មិនអាច​យកមកកេងចំណេញ ដើម្បី​ធ្វើ​ឱ្យការកាន់កាប់ដោយ​យោធាខុសច្បាប់​ក្លាយជាស្របច្បាប់ បង្កើតសិទ្ធិថ្មីលើទឹកដី ឬដើម្បីពង្រឹងការ​បង្កើត​អង្គហេតុសម្រេច (fait accompli) ឯកតោភាគីនៅលើដីជាក់ស្តែង​នោះទេ។

លោក ​អ៊ុំ សំអាន ​តំណាង​រាស្ត្រគណបក្ស​ប្រឆាំង ​​បាន​ថ្លែងថា បើ​ទោះ​បី​ជា​កាសែត​បារាំងចុះ​ផ្សាយ​ និង​អ្នក​កាសែ​តបារាំង​ចេញ​មុខ​មក​​និយាយ​ចំៗ​​​​ជាសាធារណៈ​ថា ថៃឈ្លាន​ពានកម្ពុជា ​ហើយ​ព្រឹទ្ធសភាកម្ពុជា ក៏​បន្ត​​វាយ​​បក​​​ទៅ​​ព្រឹទ្ធ​សភា​​ថៃ ​ដែ​ល​​ការពារ​កងទ័ព​របស់​​ថៃ​ ​​កំពុង​ឈរ​ជើង​ដោយ​ខុស​ច្បាប់​​នៅ​លើ​ទឹក​ដី​កម្ពុជា​​យ៉ាង​ណា​ក៏ដោយ​ ក៏​មិន​អាច​​​មាន​ឥទ្ធិពល​​ធ្វើ​ឱ្យ​ថៃ​ដក​កងទ័ព​ចេញ​​ពី​ទឹក​ដីកម្ពុជា ​និង​ប្រគល់​ទឹក​ដី​កម្ពុជា​​​ចំនួន​៧៦​ទី​តាំង​​មក​ឱ្យ​កម្ពុជា​វិញ​នោះដែរ បើ​កម្ពុជា​មិន​ព្រម​ប្តឹងថៃ​ទៅ​កាន់​តុលាការ​អន្តរជាតិ​។

លោកថា៖ «ព្រឹទ្ធ​សភាកម្ពុជា ​ក៏ដូច​រដ្ឋាភិបាល​លោក ​ហ៊ុន​ ម៉ាណែត​ អេស​​អត់​​ចំ​​រមាស់​ ​​មាន​ន័យ​​ថា ​មិន​ព្រម​​​​ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ​ ​គ្រាន់​តែធ្វើ​ការ​តវ៉ា​ចេញ​លិខិត​តវ៉ា ​​ឬក៏​បក​អាក្រាត​ពីថៃ​ឈ្លាន​ពាន​អីហ្នឹង គឺ​ថា វាមិន​អាច​ទាម​ទារ​ទឹក​ដីមក​វិញ​បាន​នោះ​ទេ ​ហើយ​ក៏​មិន​អាច​មាន​ឥទ្ធិពល​​ធ្វើ​ឱ្យ​ថៃ​​ដក​​ទ័ព​ចេញ​ពី​​ទឹក​ដីកម្ពុជា​នោះ​ដែរ​»។

សម្រាប់​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​​ពី​បក្ស​ប្រឆាំង​រូបនេះ ​​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​ត្រូវ​​ប្រញ៉ាប់​​​ប្តឹងថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​(ICJ) ​ប្តឹងថៃ​ទៅ​​សហប្រធាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​និង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​​​ផង​ដែរ ទើ​ប​អាច​បង្ខំ​ឱ្យ​​ថៃ​​ដក​កងទ័ព​ចេញពីទឹក​ដីកម្ពុជា ​និង​ប្រគល់​ទឹក​ដី​កម្ពុជា​ចំនួន​​៧៦​ទី​តាំង​មក​ឱ្យ​​​កម្ពុជា​​វិញ​បាន​។

លោក អ៊ុំ សំអាន ថ្លែងថា៖ «បើ​សិន​ជាអសមត្ថភាព​គ្មាន​សមត្ថភាព ​ក្នុងការ​ទាម​ទារ​ទឹក​ដីកម្ពុជា​ពី​ថៃមក​វិញ​​ទេ​ លោក​​ហ៊ុន​ សែន និង​​​លោក​ហ៊ុន ម៉ាណែត ​ចុះ​ចេញ​ពីតំណែង​ទៅ​ ដើម្បី​ឱ្យ​​មាន​មេដឹកនាំ​ថ្មី​មាន​សមត្ថ​ភាព​ ​គេ​​ទាម​ទារ​ទឹក​ដីមក​វិញ ​តាម​រយៈ​ការ​​ប្តឹងថៃ។ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ បើ​សិន​លោក​ហ៊ុន ម៉ាណែត​ នៅ​កាន់​អំណាច​តទៅ​ទៀត ​គឺគាត់​គ្មាន​សមត្ថភាព​ទាម​ទារ​ទឹកដី​ចំនួន​៧៦​ទី​តាំង​​ពី​ថៃ​មក​វិញ​នោះទេ ​ថែម​​ទាំង​ធ្វើ​ឱ្យ​បាត់​បង់ទឹក​ដីខ្មែរ​ថែម​ទៀតទៅ​ភាគីថៃ​»។

លោក ហ្សង់លុក ម៉ូរូ ឌឺលែរីស ថ្លែង​ថា​ ក្នុងនាម​លោក​ជាអ្នក​កាសែត ​លោក​សរសេរ​រៀប​រាប់​នូវ​អ្វី​ដែល​លោក​បាន​​មើល​​​ឃើញ​​នឹង​ភ្នែក​។ បើ​តាម​អ្នក​កាសែត​បារាំង​រូបនេះ ថៃ​អាច​ចោទ​ថា លោក​​ផ្សាយ​ព័ត៌មាន​មិន​ពិត ​ប៉ុន្តែ​​លោក​មិន​ខ្វល់​អំពី​ការ​ចោទ​ប្រកាន់​ទាំងអស់នោះទេ ​ពីព្រោះការ​ពិត​នៅ​តែជាការ​ពិត​។ កងទ័ព​ថៃ​បាន​កាត់​យក​ទឹក​ដីកម្ពុជា ​និង​បាន​បំផ្លាញ​ភូមិករ​ខ្មែរ​ឱ្យ​រាប​ដល់​ដី ​ហើយ​​សាង​សង់​ផ្លូវ​ថ្មី​។​ កងទ័ព​ថៃ​បាន​ទាក់​ទាញ​​ក្រុម​ហ៊ុន​​ឯក​ជន​ ឱ្យ​ចូល​​ទៅកសាង​ផ្លូវ​នៅ​លើ​ដី​ភូមិ​កម្ពុជា​ថែម​ទៀត​ផង ដែល​មើលទៅភាគីថៃ គឺ​មិន​ងាយ​​នឹងដក​ត្រឡប់​ថយ​​ក្រោយ​នោះ​​ទេ​ ដូច្នេះ​វាច្បាស់​ណា​ស់​ថា អ្វីដែល​ថៃ​កំពុង​តែធ្វើ​គឺ​ជាសង្គ្រាម​ឈ្លាន​ពាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ