ករណីចាប់មនុស្សឈ្មោះខុសពីដីកានៅខេត្តស្ទឹងត្រែង នៅតែបន្តជាប្រធានបទជជែកក្នុងសង្គម ទៅលើរបៀបនៃការអនុវត្តនីតិវិធីរបស់ស្ថាប័នច្បាប់ ខណៈសាច់ញាតិនៅតែអំពាវនាវស្វែងរកយុត្តិធម៌។
សាច់ញាតិលោក ស្លេះ ហ្វឺត គឺលោក ណុះ សឡេះ ប្រាប់វីអូឌីនៅថ្ងៃទី៧ ខែកញ្ញា ថា បងថ្លៃរបស់លោកពិតជារងភាពអយុត្តិធម៌ពិតប្រាកដមែន ខណៈលោកមានសតិមិនល្អ មិនចេះអក្សរ ក្រីក្រ ជាពិសេសលោកមិនទាំងស្គាល់ផ្លូវទៅកន្លែងដែលគេចោទថា លោកទៅទន្ទ្រានដីរដ្ឋនោះផង។ លោកបន្តថា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តស្ទឹងត្រែងដឹងរឿងនេះច្បាស់ ដោយលោកបានចូលជួបនិយាយជាមួយ ប៉ុន្តែបញ្ហានៅត្រង់ កន្លងមកចៅក្រមស៊ើបសួរ បែរជាទម្លាក់នូវភស្តុតាងដែលលោកបានដាក់ទៅ និងទុករឿងនេះចោលរហូតដល់បងថ្លៃលោកជាប់ពន្ធនាគារជិតមួយឆ្នាំ។
លោក ណុះ សឡេះ និយាយថា៖ «សួរថាស្រួលដែរនៅក្នុងគុកនោះ? ១០០ម៉ែត្របួនជ្រុង នៅជុំគ្នា ៥០-៦០នាក់ហ្នឹង ខ្ញុំសួរថាស្រួលអត់? រងអយុត្តិធម៌ណាស់! ចង់និយាយថា បងខ្ញុំទាំងក្រ ទាំងខ្វះចំណេះវិជ្ជា ទាំងស្មារតីមិនសូវជាគ្រប់ បើគេហៅថា (ឈ្មោះ) វ៉ើត បាទ វ៉ើត តាមគេ ហ្នឹងហើយ រងអយុត្តិធម៌ណាស់! ទាំងអ្នកដែលមានស្មារតីគ្រប់គ្រាន់ទៅចាប់មនុស្សដែលមិនគ្រប់ស្មារតី យកទៅដាក់ពន្ធនាគារនេះ ឈឺចិត្តណាស់អូន!»។
លោក ណុះ សឡេះ ឱ្យដឹងបន្ថែមថា មានការចុះស៊ើបអង្កេតពីអាជ្ញាធរ ប៉ុន្តែលោកមិនបានដឹងព័ត៌មានលម្អិតបន្ថែមឡើយ។ លោកអំពាវនាវឱ្យថ្នាក់ដឹកនាំ និងក្រសួងយុត្តិធម៌ ផ្ដល់យុត្តិធម៌ពិតប្រាកដដល់បងថ្លៃលោក និងប៉ះប៉ូវផ្លូវចិត្តដល់លោក ស្លេះ ហ្វឺត និងគ្រួសារ។
ការបន្តអំពាវនាវនេះ ធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា នៅថ្ងៃទី៤ ខែកញ្ញា ផ្អែកតាមរបាយការណ៍សាលាដំបូងខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ករណីនេះពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត ដែលជាហេតុនាំឱ្យមានការសម្រេចសេចក្តីឱ្យជនខាងលើ រួចផុតពីបទចោទប្រកាន់ និងទទួលបានសេរីភាពឡើងវិញរួចរាល់ហើយ ក្រោយពីបានបញ្ចប់សវនាការផ្លូវច្បាប់។
ខ្លឹមសារដដែល បន្តថា នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជនត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។ ជាមួយគ្នានេះ នៅក្នុងដំណើរការនីតិវិធីទាំងនោះ ជនជាប់ចោទមិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួន ថាខ្លួនមិនមែនឈ្មោះ ស្លេះ វ៉ើត នោះទេ នៅចំពោះមុខស្ថាប័នតុលាការ ដែលជាហេតុតុលាការមានកាតព្វកិច្ចបន្តនីតិវិធីសវនាការស្របតាមច្បាប់។
ទោះយ៉ាងណា អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ ដោយយន្តការនៃក្រុមអធិការកិច្ចរបស់ក្រសួង នៅតែដំណើរការជាធម្មតា ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការអនុវត្តនីតិវិធីចំពោះករណីខាងលើ។
ប្រធានគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ ឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ សាច់ញាតិលោក ស្លេះ ហ្វឺត បានចូលជួបជាមួយព្រះរាជអាជ្ញានៃសាលាដំបូងខេត្តស្ទឹងត្រែង ហើយថែមទាំងមានការចុះធ្វើអធិការកិច្ចពីក្រសួងយុត្តិធម៌ផងដែរ។ លោកបន្តថា គណបក្សបានដាក់លិខិតទៅក្រសួងយុត្តិធម៌ និងនាយករដ្ឋមន្ត្រី ដើម្បីរកយុត្តិធម៌ឱ្យពលរដ្ឋ។
លោក ឯម សុខសុវណ្ណ ថ្លែងថា៖ «ចំពោះករណីចាប់មនុស្សច្រឡំនេះ ខ្ញុំសូមបញ្ជាក់ថា មិនមែនត្រឹមតែខ្ញុំ ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជាទេ មនុស្សទូទៅដែលចង់បានយុត្តិធម៌ ស្រេកឃ្លានយុត្តិធម៌ បើខុស… ធ្វើទៅតាមច្បាប់! ចាប់ ចោទ ឃុំ ឬក៏ជម្រះអី ឬក៏អី គឺស្របទៅតាមនីតិវិធីច្បាប់»។
ការដាក់លិខិតនេះ គឺក្រោយពីលោក ស្លេះ ហ្វឺត ដែលជាពលរដ្ឋខ្មែរឥស្លាមរស់នៅសង្កាត់ស្រះឫស្សី បានចំណាយពេលជិតមួយឆ្នាំក្នុងពន្ធនាគារ ក្រោយត្រូវបានអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តាមដីកាបង្គាប់របស់តុលាការ ក្រោមបទចោទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ នៅឧទ្យានជាតិវើនសៃសៀមប៉ាង។
ចំណុចខុសប្រក្រតី គឺនៅត្រង់ថា លោកមានឈ្មោះ ស្លេះ ហ្វឺត អាយុ ៥៤ឆ្នាំ ប៉ុន្តែក្នុងដីកាបង្គាប់ចាប់ខ្លួន ជនល្មើសមានឈ្មោះថា ស្លេះ វ៉ើត អាយុ ៤៧ឆ្នាំ។ ជាងនេះទៅទៀត ទាំងឈ្មោះឪពុកម្ដាយ ថ្ងៃខែឆ្នាំកំណើត និងឈ្មោះប្រពន្ធ នៅក្នុងអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ និងឯកសារផ្សេងទៀតគឺខុសគ្នាទាំងអស់។ លើសពីនេះ របាយការណ៍របស់សាលាដំបូងខេត្ត នៅតែបញ្ជាក់ថា ជនសង្ស័យមានឈ្មោះថា ស្លេះ វ៉ើត គឺមិនមែន ស្លេះ ហ្វឺត។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនការស៊ើបអង្កេតរកឃើញថា ការឃុំខ្លួននេះខុសអត្តសញ្ញាណ និងសាវតាជាតិពិតមែន វាជារឿងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់បុគ្គល ហើយថែមទាំងជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ និងជារូបភាពមិនល្អសម្រាប់ប្រព័ន្ធយុត្តិធម៌ថែមទៀតផង។ លោកទទូចឱ្យស្ថាប័នពាក់ព័ន្ធ ស៊ើបអង្កេតដោយតម្លាភាព និងយុត្តិធម៌លើករណីនេះ។
លោក អ៊ំ សំអាត ថ្លែងថា៖ «ហើយម្យ៉ាងវិញទៀត បើសិនជារកទៅឃើញថា ការឃុំខ្លួននេះ វាទាក់ទងនឹងការខុសទៅលើអត្តសញ្ញាណ និងសាវតាជាតិរបស់បុគ្គលដែលត្រូវបានឃុំខ្លួនពិតប្រាកដមែន តើអ្នកណាជាអ្នកទទួលខុសត្រូវ ទៅលើបញ្ហាទាំងអស់នេះ? អ៊ីចឹង ចំណុចហ្នឹងហើយដែលត្រូវស្វែងរកការពិត និងយុត្តិធម៌ សម្រាប់ជនដែលរងគ្រោះនោះ»។
យោងតាមមាត្រា៣៩ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ៕









