បំណុល​កើន ចំណូល​ថយ អាជីវកម្ម​បិទ​ទ្វារ តើ​កម្ពុជា​ទៅ​ដល់​គោល​ដៅ​ឆ្នាំ​២០៣០​ដោយ​របៀប​ណា?

កម្ពុជា​បាន​ដាក់​មហិច្ឆតា​ថា នឹង​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

គោល​ដៅ​នេះ​ជា​រឿង​ល្អ ប៉ុ​ន្តែ​បើ​មើល​ស្ថាន​ភាព​សេដ្ឋ​កិច្ច និង​ជីវភាព​ពលរដ្ឋ​នៅ​ឆ្នាំ​២០២៦ គេ​ឃើញ​ថា ​មាគ៌ា​ទៅកាន់​​ឆ្នាំ​២០៣០ កាន់​តែ​លំបាក។ បញ្ហា​សំខាន់​ គឺ​កំណើន​សេដ្ឋ​កិច្ច​មិន​ទាន់​បម្លែង​ទៅ​ជា​​កំណើន​ប្រាក់​ចំណូល និង​ជីវភាព​​ល្អស​ម្រាប់​ពលរដ្ឋ​ភាគ​ច្រើន​បាន​នៅ​ឡើយ។

តាម​ទិន្ន​ន័យ​របស់​ធនាគារ​ពិភព​លោក ឆ្នាំ​២០២៥ ចំណូល​ជាតិ​សរុប​ក្នុង​មនុស្ស​ម្នាក់​របស់​កម្ពុជា​មាន​ប្រមាណ ២៧៥០​​ដុល្លារ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០២៦ ធនាគារ​ពិភព​លោក កំណត់​ថា​ ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​​ត្រូវ​មាន​ចំណូល​ជាតិ​សរុប​ក្នុង​មនុស្ស​ម្នាក់​ចាប់​ពី ៤៦៣៦​ដុល្លារ​ឡើង​ទៅ។ នេះ​មាន​​ន័យ​ថា កម្ពុជា​នៅ​ខ្វះ​ជិត ១៩០០​​ដុល្លារ​​ក្នុង​មនុស្ស​ម្នាក់ ឬ​ត្រូវ​បង្កើន​ចំណូល​ជាតិ​ក្នុង​មនុស្ស​ម្នាក់​ប្រមាណ ៦៩% ពី​កម្រិត​ឆ្នាំ​២០២៥។

លើសពីនេះ កម្រិតកំណត់របស់ធនាគារពិភពលោក ត្រូវ​បាន​កែ​ឡើង​រៀង​រាល់​ឆ្នាំ ដូច្នេះ​កម្ពុជា​មិន​អាច​គ្រាន់​តែ​រត់​ទៅ​រក​លេខ ៤,៦៣៦​ដុល្លារ ហើយ​ចប់​នោះ​ទេ។

បញ្ហាមួយទៀត គឺល្បឿនកំណើនសេដ្ឋកិច្ចកំពុងយឺត។ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦ ធនាគារ​ពិភព​លោក​ព្យាករ​ថា សេដ្ឋ​កិច្ច​កម្ពុជា​នឹង​កើន​ត្រឹម ៣,៩% ក្នុង​ឆ្នាំ​២០២៦ បន្ទាប់​ពី​កំណើន ៤,៨% ក្នុង​ឆ្នាំ​២០២៥ និង ៦% ក្នុង​ឆ្នាំ​២០២៤។

នៅខែ​ក​ក្កដា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានទម្លាក់ការព្យាករកំណើន​របស់កម្ពុជា​​មកត្រឹម ​​៤,១% ដោយ​សារ​​ផល​​​ប៉ះ​ពាល់​ភូមិសាស្ត្រនយោបាយ និងការបិទព្រំដែនជាមួយថៃ។ សម្រាប់ប្រទេសដែល​ចង់លោតពីចំណូលមធ្យម​កម្រិតទាប ទៅចំណូលមធ្យម​កម្រិតខ្ពស់ ក្នុងរយៈពេលត្រឹមជាង ៣ឆ្នាំ​ កំណើន​បែប​នេះធ្វើ​ឱ្យ​គោ​ល​ដៅ​ឆ្នាំ​២០៣០ កាន់​តែ​ពិបាក។

បំណុល​ក៏ជាសញ្ញាព្រមានធ្ងន់មួយ។ របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា​បង្ហាញ​ថា ឥណទាន​មិនដំណើរការបានកើនដល់ ៨,៣% នៅចុង​​ឆ្នាំ២០២៥ ហើយទំហំឥណទានមិនដំណើរ​ការសរុបមានប្រមាណ ៥,១ពាន់លានដុល្លារ។

ក្នុងវិស័យលក់រាយ អត្រានេះឡើងដល់ ១០,៦% កសិកម្ម ១០,៥% និង​សណ្ឋាគារ-ម្ហូបអាហារ ១២,១%។ តួលេខ​ទាំងនេះ បង្ហាញ​ថា គ្រួសារ និង​អាជីវកម្ម​មួយ​ចំនួន កំពុង​ពិបាក​សង​បំណុល។ បើ​ប្រាក់​ចំណូល​កើន​យឺត តែ​បំណុល និង​ការ​ប្រាក់​​នៅ​តែ​ជា​បន្ទុក​ធ្ងន់ គោល​ដៅ​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​របស់​កម្ពុជា នឹង​មិន​មាន​ន័យ​ច្រើន​​សម្រាប់​ពលរដ្ឋ​​ធម្មតា​ទេ។

ស្ថានភាពការងារក៏ត្រូវយកចិត្តទុកដាក់។ ធនាគារពិភពលោក​ ​នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា កម្ពុជា​កំពុងប្រឈមការធ្លាក់ចុះវិស័យអចលនទ្រព្យ ការថយចុះប្រាក់ផ្ញើពីក្រៅប្រទេស និងការវិលត្រឡប់របស់ពលករ​ចំណាកស្រុកជិត ១លាននាក់។

អតិផរណាក៏បានឡើងដល់ ៥,៨% នៅខែមេសា ឆ្នាំ២០២៦ ដែលប៉ះពាល់ខ្លាំងដល់គ្រួសារចំណូលទាប។ ទោះ​​ការ​វិនិ​យោគ​​បរទេស​​ក្នុងឆ្នាំ២០២៥ មាន ​៥,១ពាន់លានដុល្លារ និងត្រូវបានប៉ាន់ប្រមាណថា​បានបង្កើតការងារផ្លូវការប្រហែល ៤០ម៉ឺនកន្លែងក៏ដោយ ក៏សំណួរសំខាន់នៅតែថា ការងារទាំងនោះមានប្រាក់ខែ និង​ផលិតភាពខ្ពស់គ្រប់គ្រាន់ ឬទេ។

អាជីវកម្មខ្នាតតូច និងមធ្យមក៏ជាចំណុចខ្សោយមួយ។ របាយការណ៍ធនាគារពិភពលោកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញថា អាជីវកម្មមិនផ្លូវការមានប្រហែល ៩០% នៃអាជីវកម្មទាំងអស់ និងផ្តល់ការងារប្រហែល ៨៨% នៅកម្ពុជា។ ប៉ុន្តែអាជីវកម្មមិនផ្លូវការទាំងនេះមានផលិតភាពជាមធ្យមទាបជាងអាជីវកម្មផ្លូវ​ការ​ប្រមាណ ២,៦ដង។ នេះ​បង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅពឹងខ្លាំងលើអាជីវកម្មខ្នាតតូចៗ ដែលមានទុន​តិច បច្ចេកវិទ្យាទាប និងពិបាកទទួលបានឥណទាន។ បើ SME មិនអាចរីកធំ និងបង្កើតការងារប្រាក់ខែ​ល្អ​បាន​ទេ កម្ពុជាពិបាកបង្កើនចំណូលក្នុង​មនុស្សម្នាក់ឱ្យលឿន។

វិស័យកសិកម្មក៏នៅតែមានបញ្ហាចាស់ៗ ដូចជា ទីផ្សារ តម្លៃកសិផល ថ្លៃដើមផលិត និងបំណុល។ ទិន្នន័យរបស់ធនាគារ​ពិភពលោក បង្ហាញថា នៅឆ្នាំ២០២៥ ប្រហែល ៣៣% នៃអ្នកមានការងារធ្វើនៅកម្ពុជានៅតែធ្វើការក្នុងវិស័យ​កសិកម្ម។ បើប្រជាជនមួយភាគបីនៅតែធ្វើការក្នុងវិស័យដែលមានផលិតភាព និងចំណូល​ទាប ការបង្កើនចំណូល​ជាតិឱ្យដល់កម្រិតឆ្នាំ២០៣០ ក៏កាន់តែពិបាក។ កម្ពុជាត្រូវការកែច្នៃកសិផលក្នុងស្រុក ស្តុកផលិតផល បង្កើត​ទីផ្សារនាំចេញ និងកាត់បន្ថយការពឹងលើឈ្មួញកណ្តាល។

គួរ​បែងចែកឱ្យច្បាស់ផងដែរថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច និងការក្លាយជាប្រទេសចំណូល​មធ្យមកម្រិតខ្ពស់ គឺជារឿងពីរផ្សេងគ្នា។

អង្គការសហប្រជាជាតិ បានកំណត់ឱ្យកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ ប៉ុន្តែ​ការចាកចេញនេះ មិនមានន័យថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យម​​​កម្រិតខ្ពស់ដោយស្វ័យ​ប្រវត្តិ​នោះទេ។ ការបង្ហាញគោលដៅទាំងពីរដូចជារឿងតែមួយ អាចធ្វើឱ្យ​សាធារណ​ជន​យល់ច្រឡំ។

ដូច្នេះ បញ្ហារបស់កម្ពុជាមិនមែនខ្វះផែនការនោះទេ ប៉ុន្តែគឺកង្វះការអនុវត្ត។ រដ្ឋាភិបាលត្រូវផ្លាស់ប្តូរពីសេដ្ឋកិច្ច​ដែល​ពឹងលើសំណង់ អចលនទ្រព្យ កម្លាំងពលកម្មថោក និងការប្រើប្រាស់ឥណទាន ទៅរកសេដ្ឋកិច្ចដែលពឹងលើជំនាញ បច្ចេកវិទ្យា ផលិតកម្ម កែច្នៃ និង SME ដែលមានផលិតភាពខ្ពស់។ ធនាគារពិភពលោក ក៏បានព្រមានថា កម្ពុជា​ត្រូវកែលម្អបរិយាកាសអាជីវកម្ម បង្កើនការទទួលបានហិរញ្ញវត្ថុរបស់ SME និង​លើក​កម្ពស់ផលិតភាព ប្រសិន​បើចង់សម្រេចចក្ខុវិស័យឆ្នាំ២០៣០។

នៅសល់តែជាង ៣ឆ្នាំប៉ុណ្ណោះ បើពលរដ្ឋនៅតែជាប់បំណុល អាជីវកម្មតូចៗនៅតែពិបាក កសិករនៅតែខ្វះ​​ទីផ្សារ និង​យុវជននៅតែរកការងារប្រាក់ខែល្អមិនបាន នោះការនិយាយថា កម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់​នឹង​មាន​ន័យត្រឹមលើតារាងស្ថិតិ។

ការ​អភិវឌ្ឍ​​ពិតប្រាកដត្រូវវាស់ថា ប្រាក់ចំណូលពលរដ្ឋកើន ឬអត់ បំណុលថយ ឬទេ ការងារមានស្ថិរភាព ឬអត់ និងគ្រួសារ​ធម្មតាអាចរស់នៅបានប្រសើរជាងមុនដែរ ឬទេ។ បើសំណួរទាំងនេះ មិនទាន់មានចម្លើយវិជ្ជមានទេ គោល​ដៅ​ឆ្នាំ​​២០៣០ នៅតែជាមហិច្ឆតាដែលឆ្ងាយពីជីវភាពពិតរបស់ប្រជាពលរដ្ឋ៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ