អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈការអនុវត្តច្រើនឆ្នាំ ច្រើនអាណត្តិមកហើយ តែហាក់នៅមិនទាន់មានប្រសិទ្ធភាព ស្របពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ថាបញ្ហាបទល្មើសផ្សេងៗនៅតាមមូលដ្ឋាននៅតែមានអត្រាខ្ពស់គួរឱ្យកត់សម្គាល់។
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា តាមរយៈការស្ទង់មតិនៅតាមឃុំសង្កាត់ជាង ៤០០ នៅទូទាំងប្រទេស ឃើញថា បញ្ហាបទល្មើសមួយចំនួននៅតាមមូលដ្ឋាន ជាពិសេសបញ្ហាគ្រឿងញៀន នៅតែមានអត្រាកើតឡើងខ្ពស់ ដែលការណ៍នេះ លោកបានណែនាំទៅអាជ្ញាធរមានសមត្ថកិច្ចនៅតាមរាជធានី-ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីទប់ស្កាត់បញ្ហាទាំងនេះឱ្យមានប្រសិទ្ធភាព។
លោកថា៖ «ពង្រឹង និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនេះ កន្លងទៅ អាចថ្នាក់ដឹកនាំក៏ដូចជារដ្ឋបាលដែលនៅកៀកនឹងប្រជាពលរដ្ឋ ពេលធ្វើវេទិកាសារធាណៈមួយចំនួន រឿងវាដដែលៗពេក ដល់ពេលដែលប្រជាពលរដ្ឋគាត់ស្នើសុំ ដោះស្រាយមិនបាន ធ្វើឱ្យមានភាពលំបាកក្នុងការចូលរួម។ ហើយរឿងបន្ទាប់ពីបានធ្វើ Survey [ស្ទង់មតិ] ជិតជាង ៤០០ឃុំសង្កាត់ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងការលួចសត្វពាហនៈ ល្បែងស៊ីសងនៅក្នុងមូលដ្ឋាននេះ គឺជាបញ្ហាមួយដែលនៅមានអត្រាខ្ពស់»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំសមត្ថកិច្ចផ្តោតខ្លាំង លើការបង្ក្រាបករណីគ្រឿងញៀនផងដែរ ដោយប្រើប្រាស់ប្រព័ន្ធចារកម្មដែលបានតាមដានសកម្មជន យកទៅអនុវត្តលើក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលពីមុន លោកថា ភាគច្រើននៃជនល្មើសជាជនជាតិអាហ្វ្រិក ប៉ុន្តែបច្ចុប្បន្នមានជនបរទេសចម្រុះ ហើយការជួញដូរនោះទៀតសោតក៏មានចំនួនគ្រឿងញៀនច្រើនជាងមុន។
លោក ស សុខា ថ្លែងថា៖ «ពេលដែលកម្លាំងស្នងការដ្ឋាននគរបាលរាជធានីខេត្ត តាមដានសកម្មជនណាក៏ដោយ ស្មាទោស ឥឡូវយើងនិយាយក្នុងនេះចុះ សូម្បីតែគាត់ទៅបន្ទប់ទឹកក៏យើងដឹងដែរ ចុះបើយើងមិនយកប្រើប្រាស់អាប្រព័ន្ធចារកម្ម របៀបរបបដែលយើងធ្វើចារកម្មហ្នឹង ទៅអនុវត្តទៅលើគ្រឿងញៀនហ្នឹង ព្រោះឥឡូគ្រឿងញៀននេះ ថ្វីត្បិតតែយើងដុតម្តងៗមានចំនួនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែការចាប់ថ្មីៗនេះ ពីមុនយើងគិតថា ត្រឹមតែបីបួនប្រាំគីឡូ ច្រើន ឥឡូវចាប់ម្តងៗក្បែរតោន អាហ្នឹងគឺជាបញ្ហាធំណាស់ មួយចំនួនឆ្លងកាត់ មួយចំនួនប្រើប្រាស់នៅកម្ពុជា ហើយថ្មីៗនេះតាមរយៈការសហការជាមួយនឹងគណៈគ្រប់គ្រងនៃព្រលានយន្តហោះ ប៉ូលីសអន្តោប្រវេសន៍ គយ គឺថាមុខសញ្ញាដែលនាំសារធាតុញៀន ឬមួយកញ្ឆាស្ងួតចេញពីប្រទេសកម្ពុជាទៅប្រទេសក្រៅ គឺមិនមែនជាជនជាតិ ពីមុនយើងគិតថា ជាជនជាតិអាហ្វ្រិក ខ្ញុំនិយាយនេះមិនមែនយើងរើសអើងទេ ប៉ុន្តែជាជនជាតិអាហ្រ្វិក ពីមុន ប៉ុន្តែឥឡូវបានកែប្រែពីជនជាតិអាហ្វ្រិក ម្សិលមិញគឺមានជនជាតិអង់គ្លេស កូរ៉េ ជប៉ុន ម៉ាឡេស៊ី ស៊ីងហ្គាពួ ដែលជាជនជាតិដែលយើងមិននឹកស្មានថា គាត់ជួញដូររឿងនេះ ហើយមួយចំនួនមិនមែនលើកទី១ទៀត»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពីសំណាក់អាជ្ញាធរមូលដ្ឋាន កន្លងមក ហាក់នៅមានភាពខ្វះចន្លោះមួយចំនួន ដូចជា កង្វះធនធាន កង្វះមធ្យោបាយចុះបង្ក្រាបបទល្មើស ហើយនៅពេលដែលប្រជាពលរដ្ឋចូលរួមរាយការណ៍ ការចុះអន្តរាគមន៍បង្ក្រាបហាក់នៅមានភាពយឺតយ៉ាវ។ ដូច្នេះ លោកយល់ថា ដើម្បីពង្រឹងការអនុវត្តគោលនយោបាយនេះមានប្រសិទ្ធភាព រដ្ឋាភិបាល ឬក្រសួងមហាផ្ទៃ ត្រូវបង្កើនកញ្ចប់ថវិកាសម្រាប់ឱ្យអាជ្ញាធរមូលដ្ឋាន និងមានមធ្យោបាយគ្រប់គ្រាន់ក្នុងការចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនានា បន្ថែមលើប្រាក់ខែរបស់ពួកគេ។
មួយវិញទៀត លោកយល់ថា រចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ចាស់ ដែលមានមេឃុំ ឬចៅសង្កាត់ ចៅសង្កាត់រង ឬជំទប់ទី១ ជំទប់ទី២ មកពីគណបក្សចម្រុះ ក៏ជួយឱ្យការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពមានប្រសិទ្ធភាព និងតម្លាភាពផងដែរ ដោយសារតែមានការត្រួតពិនិត្យអំណាចនៅថ្នាក់មូលដ្ឋាន។
លោកថា៖ «យើងជឿជាក់បានទេថា បើសិនថា មានមួយបក្សហ្នឹងនឹងធ្វើឱ្យមានតម្លាភាពខ្ពស់ យើងត្រូវទទួលស្គាល់ថា កាលណាមានចម្រុះបក្ស គឺប្រាកដណាស់ ធ្វើឱ្យមាន Check in Balance បើយើងគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ គឺខ្ញុំថា រឿងរចនាសម្ព័ន្ធ[គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់]ចាស់ គឺល្អ ព្រោះនឹងជួយឱ្យមាន Check in Balance នៅឃុំសង្កាត់នេះច្រើន ហើយនឹងធ្វើឱ្យឃុំសង្កាត់ហ្នឹង អាចកសាងបានមានតម្លាភាព អាចធ្វើឱ្យប្រជាពលរដ្ឋហ្នឹងគេមានការជឿទុកចិត្ត[…] ហើយបើរដ្ឋដាក់ធនធានទៅឱ្យអនុវត្តសម្រាប់ភូមិឃុំមានសុវត្ថិភាពនេះ អាចនឹងមានប្រសិទ្ធភាពដែរ ព្រោះថាលុយកាក់ដែលរដ្ឋដាក់ទៅ គឺនឹងមិនត្រូវបានបាត់បង់ មិនត្រូវបានហូរចូលទៅក្នុងហោប៉ៅបុគ្គល ហើយអាចទៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ បម្រើផលប្រយោជន៍ភូមិឃុំមានសុវត្ថិភាពបានច្រើនទៀត»។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងស្រដៀងគ្នាដែរថា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ បានអនុវត្តជាច្រើនឆ្នាំមកហើយ តាំងពីរដ្ឋាភិបាលអាណត្តិមុន ប៉ុន្តែហាក់មិនទាន់ប្រសិទ្ធភាពនៅឡើយ ដែលរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញលើគោលនយោបាយនោះ ថាតើវាត្រឹមត្រូវទេ? វាអាចអនុវត្តបានទេ ហើយវាប្រសិទ្ធភាពដែរអត់? ហើយអ្នកអនុវត្តនោះមានសមត្ថភាពទេក្នុងការបង្ក្រាបបទល្មើសដែលកើតមាននៅមូលដ្ឋាន។
លោកថា៖ «សម្រាប់ខ្ញុំ គួរតែពង្រឹងបន្ថែមចំពោះសមត្ថកិច្ចនៅតាមមូលដ្ឋានហ្នឹង មន្ត្រីនគរបាលត្រូវតែបំពាក់បន្ថែមនូវឧបករណ៍គ្រឿងប្រើប្រាស់ជាដើម សម្ភារប្រើប្រាស់ហ្នឹង ត្រូវតែមានចាំបាច់គ្រប់គ្រាន់ ហើយទី២សមត្ថភាព មន្ត្រីនៅតាមមូលដ្ឋានហ្នឹង មន្ត្រីនគរបាលមន្ត្រីមានសមត្ថកិច្ច ហើយទី៣ រឿងប្រាក់ខែ ហើយបើប្រាក់ហ្នឹងមិនគ្រប់គ្រាន់សម្រាប់ពួកគាត់ទេ ជួនកាលក៏មានឆកល្វែងអីឆ្លៀតពេលទៅធ្វើនេះទៅធ្វើនោះក្រៅ ហើយមួយទៀតដែលសំខាន់គឺក្រមសីលធម៌ វិជ្ជាជីវៈការងារ»។
អ្នកវិភាគឯករាជ្យ និងស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ករណីនេះ មិនមែនជារឿងថ្មីទេ ព្រោះរដ្ឋាភិបាលបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ជាច្រើនអាណត្តិមកហើយ ប៉ុន្តែការអនុវត្តហាក់ដូចជាមិនបានជោគជ័យជាដុំកំភួននោះទេ ដូចជាករណីបទល្មើសគ្រឿងញៀនជាដើម ពីមុន មានតែនៅក្នុងទីក្រុង ប៉ុន្តែពេលនេះបានរីករាលដាលដល់សហគមន៍ និងតំបន់ដាច់ស្រយាលជាដើម។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាល មិនដោះស្រាយបញ្ហាបទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាពទេ វានឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមទាំងមូល។
លោកថា៖ «ផលប៉ះពាល់ខ្ញុំគិតថា យើងឃើញស្រាប់ហើយកាលណាមានអាហ្នឹង វាមានអំពើចោរកម្ម មានអំពើហិង្សា មានអំពើឧក្រិដ្ឋកម្មផ្សេងៗ គឺវាទប់មិនឈ្នះទេ ហើយសន្តិសុខសម្រាប់បងប្អូនយើងអ្នកធ្វើដំណើរកន្លែងខ្លះយប់អត់ហ៊ានដើរទេ ដោយសារតែក្មេងៗដែលប្រើប្រាស់គ្រឿងញៀនហ្នឹង វាមានសកម្មភាពរបស់វា»។
បច្ចុប្បន្ននេះ ចំនួនរដ្ឋបាលឃុំ-សង្កាត់ទូទាំងប្រទេសមានចំនួនសរុប ១.៦៥២ និងមានសមាជិកក្រុមប្រឹក្សាសរុប ចំនួន ១១.៦២២ រូប ក្នុងនោះស្រីចំនួន ២.៥៩២រូប (ដែលស្មើនឹង២២,៣%) ក្នុងនោះមេឃុំចំនួន ១.៣៨៥រូប ស្រីចំនួន ១៣៩រូប (១០%) ចៅសង្កាត់ចំនួន ២៦៧រូប ស្រីចំនួន ៣៤រូប (១២,៧%)។
រដ្ឋបាលឃុំ សង្កាត់ត្រូវបានផ្តល់ស្វ័យភាព និងធនធាន ក្នុងការចាត់ចែង និងគ្រប់គ្រងកិច្ចការរដ្ឋបាល និងការអភិវឌ្ឍនៅមូលដ្ឋាន។ មូលនិធិឃុំ សង្កាត់បានកើនឡើងពីប្រមាណជិត ៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០០២ រហូតដល់ជាង ៣៥០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥ សម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភា ដែលមានសមាជិកច្រើនលើសលុបមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មាត្រា៣៣ ៣៤ ៣៥ និង៣៨។ រដ្ឋាភិបាល ពន្យល់ថា ការកែនេះ ធ្វើឡើងដើម្បីឱ្យការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវកាន់តែខ្ពស់ ហើយការបែងចែកមុខតំណែងត្រូវឆ្លុះបញ្ចាំងលទ្ធផលបោះឆ្នោត។
ប៉ុន្តែគណបក្សនយោបាយចំនួន ៥មកពីគណបក្សក្រៅរដ្ឋាភិបាល បានស្នើឱ្យប្រធានព្រឹទ្ធសភា ពិចារណាឡើងវិញលើសេចក្តីព្រាងច្បាប់ ដែលពួកគេយល់ថា ជាការកែប្រែរូបមន្ត និងយន្តការនៃការបែងចែកមុខតំណែងថ្នាក់ដឹកនាំប្រតិបត្តិរដ្ឋបាលឃុំ/សង្កាត់ រួមមាន មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង។ ពួកគេថា ការកែរូបមន្តនេះ នឹងនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានមួយចំនួន ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចមូលដ្ឋាន ហើយក៏ធ្វើឱ្យបាត់បង់តុល្យភាពអំណាច និងយន្តការត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងប៉ះពាល់ដល់វប្បធម៌សហការនិងសាមគ្គីភាពជាតិជាដើម៕









