សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតដោយឯករាជ្យ ត្រឹមត្រូវ និងតម្លាភាព ដើម្បីរកមូលហេតុចំពោះករណីស្ត្រីម្នាក់ ដែលជាជនជាតិដើមភាគតិចក្រោល រស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានស្លាប់បាត់បង់ជីវិត ក្នុងពេលមន្ត្រីបរិស្ថានចុះបង្ក្រាបសកម្មភាពអ្នកភូមិជិត ១០០នាក់ កំពុងជីករ៉ែមាស ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ។
ការទាមទារនេះធ្វើឡើង ក្រោយពីគ្រួសារជនរងគ្រោះមិនទាន់អស់ចិត្ត ចំពោះចំណាត់ការរបស់មន្ត្រីបរិស្ថាន ដោយអះអាងថា ស្ត្រីម្នាក់ឈ្មោះ សាលៀង សាវែន វ័យ ២៧ ឆ្នាំ បានស្លាប់ដោយសារគាំងបេះដូង ក្នុងពេលមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន បានសម្លុតគំរាមកំហែង នៅគ្រាចុះបង្ក្រាបសកម្មភាពជីករ៉ែមាស ក្នុងដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី០៦ ខែកញ្ញា ពុំមែនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូ ដូចការអះអាង របស់មន្ទីរបរិស្ថានខេត្តរតនគិរីនោះឡើយ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក យិន ម៉េងលី ជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ស៊ើបអង្កេតឱ្យច្បាស់លាស់ ដោយទាមទារឱ្យមន្ត្រីសុខាភិបាល ធ្វើកោសល្យវិច័យ ពិនិត្យសាកសពស្ត្រីរងគ្រោះ ដើម្បីជម្រះមន្ទិល និងដោះស្រាយបញ្ហាឱ្យចំគោលដៅ។
លោកថា ប្រសិនបើស្ត្រីរូបនោះ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គួរមានរបាយការណ៍ចេញដោយមន្ត្រីនគរបាលចរាចរណ៍។ តែទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះ មិនគាំទ្រចំពោះការដោះស្រាយបញ្ហាដោយប្រើប្រាស់ហិង្សានោះឡើយ។
លោក យិន ម៉េងលី ថ្លែងថា៖ «ការស្លាប់មនុស្សទាក់ទងនឹងព្រហ្មទណ្ឌ! អញ្ចឹងត្រូវធ្វើការស៊ើបអង្កេតមួយឲ្យច្បាស់លាស់។ ការជីករករ៉ែ ជីករកមាសរបស់ពលរដ្ឋ ទោះបីជាគាត់ខុសខ្លះ ត្រូវខ្លះ គឺដើម្បីបញ្ហាតែក្រពះទេ។ គប្បីធ្វើការអប់រំ ណែនាំគាត់ជាជំហានសិន ចៀសវាងនូវបញ្ហាផ្សេងៗដែលកើតឡើងអញ្ចឹង។ អញ្ចឹងវិធានការនៃការនិយាយអប់រំហ្នឹង គឺជាវិធានការល្អណាស់ ព្រោះពលរដ្ឋគាត់ធ្វើ គាត់មិនមានគ្រឿងចក្រអីដូចក្រុមហ៊ុនទេ»។
កាលពីរសៀលថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ចុងសប្តាហ៍មុន មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត ១រូប បានចុះល្បាតនៅចំណុច “ព្រៃមាស” ស្ថិតក្នុងភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ប្រទះឃើញពលរដ្ឋជិត ១០០នាក់ សម្រុកចូលជីករ៉ែមាស នៅចំណុចព្រៃមាស ក្នុងដែនជម្រកសត្វព្រៃលំផាត់។ ក្នុងពេលចុះបង្ក្រាប មន្ត្រីឧទ្យានុរក្សប្រដាប់កាំភ្លើងបានដេញចាប់ សម្ភារៈរីករ៉ែមាសរបស់អ្នកភូមិ ភាគច្រើនជាជនជាតិដើមភាគតិចក្រោល រស់នៅឃុំណងឃីលិក និងឃុំរយ៉ ស្រុកកោះញែក។
គ្រួសារជនរងគ្រោះ អះអាងថា ក្នុងពេលចុះបង្ក្រាប មន្ត្រីឧទ្យានុរក្សបានស្រែកសម្លុតគំរាមកំហែងលើអ្នកជីករ៉ែមាស ក្នុងនោះក៏មានស្ត្រីរងគ្រោះដែរ ធ្វើឱ្យគាត់មានស្មារតីភ័យខ្លាំង បូកផ្សំរត់គេចខ្លួនទាំងកណ្តាលថ្ងៃ ហែវហត់អស់កម្លាំង បណ្តាលឱ្យគាំងបេះដូងស្លាប់។ ក្រោយពីស្ត្រីរូបនេះស្លាប់ អ្នកភូមិជិត ១០០នាក់ បានសម្រុកចូលទៅស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ដើម្បីស្វែងរកមន្ត្រីដោះស្រាយលើរណីនេះ ក៏ប៉ុន្តែពុំឃើញមន្ត្រីប្រចាំការ ពួកគាត់ក៏នាំគ្នាដុតកម្ទេចទីស្នាក់ការបរិស្ថាន នៅរសៀលថ្ងៃដដែលនេះ ដើម្បីបន្ថយកំហឹង និងបង្ហាញពីការតស៊ូមតិ មិនពេញចិត្តចំពោះការអនុវត្តច្បាប់របស់មន្ត្រីបរិស្ថាន ដែលប្រើកាំភ្លើងសម្លុតគំរាមកំហែងស្មារតីពលរដ្ឋ។
បុរសត្រូវជាប្តីស្ត្រីរងគ្រោះរស់នៅឃុំរយ៉ ស្រុកកោះញែក លោក គៀន កាក់ អាយុ ២៣ឆ្នាំ ឱ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញាថា ប្រពន្ធរបស់លោកស្លាប់ ដោយសារគាំងបេះដូង ដោយសារភិតភ័យនឹងការគំរាមរបស់មន្ត្រី ក្នុងពេលចុះបង្ក្រាបសកម្មភាពជីករ៉ែមាស ពុំមែនដោយសារដួលម៉ូតូនោះទេ។ លោកមិនអស់ចិត្តចំពោះករណីនេះនោះទេ ដោយទាមទារឱ្យមានការទទួលខុសត្រូវផ្នែកច្បាប់ និងផ្តល់សំណង ព្រោះការប្រកបរបររ៉ែមាសជាលក្ខណៈគ្រួសារ ជាប្រពៃណីចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច។
លោក គៀន កាក់ និយាយថា៖ «ដោយសារខាងបងៗមន្ត្រីបរិស្ថានហ្នឹង គាត់ដើររត់ហត់ពេក ដូចជាដង្កក់ម៉េចមិនដឹង គាត់ដួល។ គេស្តីឱ្យ យកអីវ៉ាន់ គេសម្លុតគំរាមអញ្ចឹងបង»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុន ខេមរិន្ទ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា មន្ទីរបរិស្ថានខេត្តរតនគិរី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី០៧ ខែកញ្ញា ឱ្យដឹងថា មន្ត្រីឧទ្យានុរក្សចុះបង្ក្រាបសកម្មភាពជីករ៉ែមាសខុសច្បាប់ នៅចំណុចស្រែជ្រៃ ប្រទះឃើញពលរដ្ឋ ៨០ នាក់ កំពុងជីករ៉ែមាសយ៉ាងអនាធិបតេយ្យ ក្នុងដែនជម្រកសត្វព្រៃលំផាត់។ ក្នុងពេលចុះទប់ស្កាត់ ពុំបានបង្កហិង្សា និងផ្ទុះអាវុធឡើយ ហើយក្រោយមកក៏ទទួលដំណឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់ជីវិតលើស្ត្រីម្នាក់។
ទោះជាយ៉ាងណា លោក យិន ម៉េងលី ទទូចឱ្យស៊ើបអង្កេតផ្អែកលើកោសល្យវិច័យវេជ្ជសាស្ត្រ និងតម្លាភាព ដើម្បីស្វែងរកការពិត និងដោះស្រាយមន្ទិលសង្ស័យជុំវិញករណីស្លាប់របស់ស្ត្រីរូបនេះ ដើម្បីស្វែងរកយុត្តិធម៌ដល់គ្រួសារជនរងគ្រោះ និងបញ្ចៀសកុំឱ្យបាតុភាពនេះកើតមានឡើងជាថ្មីទៀត។ លោកសង្ឃឹមថា សមត្ថកិច្ចនឹងធ្វើកោសល្យវិច័យជាផ្លូវការលើសាកសពស្ត្រីរងគ្រោះ ដើម្បីបញ្ចប់ការសង្ស័យ និងផ្ដល់ចម្លើយត្រឹមត្រូវមួយដល់គ្រួសារសព៕









