អ្នកជំនាញ បង្ហាញក្ដីបារម្ភកាន់តែខ្លាំងពីវិបត្តិទំនុកចិត្ត នៅពេលដែលជនរងគ្រោះទាំងខ្មែរ និងចិន ត្រូវក្រុមហ៊ុនហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ បង្កក បង្ខំចិត្តលក់សិទ្ធិទាមទារប្រាក់ត្រឹម៣០%។
ការសុខចិត្តខាតបង់នេះ ព្រោះតែពួកគេគ្មានសង្ឃឹមទទួលបានយុត្តិធម៌ ពីរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ហើយវាគឺជាសញ្ញាអាសន្នដ៏ធំសម្រាប់ប្រព័ន្ធច្បាប់ និងសេដ្ឋកិច្ចកម្ពុជា។ បញ្ហានេះ កំពុងបង្កជាក្ដីបារម្ភថា តើការស្តារទំនុកចិត្តអ្នកវិនិយោគ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគេអាចទៅរួចដែរឬទេ បើលោក ហ៊ុន ម៉ាណែត រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការច្បាប់លើម្ចាស់ក្រុមហ៊ុន ដែលជាបងជីដូនមួយរបស់ខ្លួនបែបនេះ?។
អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់វីអូឌីនៅថ្ងៃទី៨ ខែកញ្ញា ដោយបង្ហាញការយល់ឃើញថា រឿងប្រាក់ដែលក្រុមហ៊ុនហួយវ័ន របស់លោក ហ៊ុន តូ បង្កក មិនមែនជាបញ្ហាតូចទេ។ លើសពីនេះ លោកថា បើមានពលរដ្ឋខ្មែរ និងជនជាតិចិនខ្លះ សុខចិត្តលក់សិទ្ធិទាមទារប្រាក់ត្រឹម ៣០% ដើម្បីបានប្រាក់ខ្លះត្រឡប់មកវិញនោះ វាបង្ហាញថា ពួកគេអស់សង្ឃឹមចំពោះការទទួលបានប្រាក់វិញទាំងស្រុង។
អ្នកជំនាញរូបនេះ ជំរុញឱ្យអាជ្ញាធរត្រូវស៊ើបអង្កេតឱ្យច្បាស់ និងមានតម្លាភាពលើលោក ហ៊ុន តូ ដោយមិនគួររក្សាភាពស្ងៀមស្ងាត់នោះទេ។ ទន្ទឹមនឹងនេះ លោកកត់សម្គាល់ថា ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែងតែអំពាវនាវឱ្យអ្នកវិនិយោគបរទេសយកលុយមករកស៊ីនៅកម្ពុជា ប៉ុន្តែពេលមានបញ្ហាធំៗបែរជាមិនដំណោះស្រាយឱ្យទុកចិត្តបានបែបនេះ វាពុំអាចធ្វើអ្នកវិនិយោគមានទំនុកចិត្តលើកម្ពុជាទេ។
លោក សេង វណ្ណលី ថ្លែងថា៖ «ដូច្នេះខ្ញុំគិតថាបើសិនជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនដោះស្រាយរឿងនេះឱ្យមានយុត្តិធម៌ វាអាចប៉ះពាល់ខ្លាំងដល់ទំនុកចិត្តលើកកម្ពុជាពីមជ្ឈដ្ឋានអន្តរជាតិ ការទាក់ទាញអ្នកវិនិយោគមិនមែនគ្រាន់តែទៅនិយាយផ្សព្វផ្សាយនៅក្រៅប្រទេសទេ។ អ្វីដែលសំខាន់ជាងនេះ គឺត្រូវបង្ហាញថា ច្បាប់អនុវត្តស្មើគ្នា អ្នករងគ្រោះទទួលបានយុត្តិធម៌ ហើយមនុស្សមានអំណាចក៏មិនអាចនៅលើច្បាប់បានដែរ។ បើចំណុចនេះមិនបានដោះស្រាយឱ្យបានមានតម្លាភាពទេ ទោះកម្ពុជាកៀរគរអ្នកវិនិយោគទុនប៉ុណ្ណា ក៏ពិបាកឱ្យគេទុកចិត្តបានដែរ»។
ការលើកឡើងរបស់ជំនាញរូបនេះ ក្រោយពីអតិថិជនមួយចំនួននៃក្រុមហ៊ុន ហួយវ័ន ផេ ប្រាប់វីអូឌីតាមតេឡេក្រាមនៅថ្ងៃនេះថា ក្រោយតវ៉ាជាងកន្លះឆ្នាំគ្មានដំណោះស្រាយ ក៏ចាប់ផ្ដើមមានជនរងគ្រោះមួយចំនួន បានបង្ខំចិត្តលក់សិទ្ធិទាមទារប្រាក់ត្រឹម ៣០% ពីក្រុមហ៊ុនទិញបំណុលឈ្មោះ ដេប សូលូសិន (Debt Solution)។ នេះបើយោងតាមអតិថិជនរងគ្រោះ ៣នាក់ បានអះអាងដូចគ្នាប្រាប់វីអូឌីក្នុងលក្ខខណ្ឌលាក់អត្តសញ្ញាណ ព្រោះបារម្ភពីសុវត្ថិភាព។
អតិថិជនម្នាក់ដែលបានដើរតវ៉ាពីកាលពីថ្ងៃម្សិលមិញ នៅមុខធនាគារជាតិ និងក្រុមហ៊ុនជម្រះបញ្ជី រិច្ឆ អេន ផាតនើរ (Rich and Partners) អះអាងថា អ្នកស្រីដែលមានលុយត្រូវបង្កកជិត ២០ម៉ឺនដុល្លារ កំពុងស្នើចុងសន្លឹកពីក្រុមហ៊ុនជម្រះបញ្ជី ដើម្បីដាក់ទៅក្រុមហ៊ុនទិញបំណុលឱ្យពិចារណាជួយទិញសិទ្ធិទាមទារលុយអ្នកស្រី ទោះត្រូវខាត ៧០ភាគរយក៏ដោយ។
ប្រភពនេះបន្តថា យ៉ាងណា ក្រុមហ៊ុនទិញបំណុលនៅតែស្ទាក់ស្ទើរ ដោយមិនព្រមទិញរបស់អ្នកស្រីទេ ក្រោមហេតុផលថា អ្នកស្រីមិនបានដាក់ពាក្យនៅធនាគារជាតិ កាលពីចុងឆ្នាំ២០២៥។ មួយទៀតក្រុមហ៊ុននេះក៏ព្រមទិញតែប្រភេទលុយដុល្លារ (USD) ខណៈលុយគ្រីបតូ (USDT) ត្រូវក្រុមហ៊ុនបដិសេធទិញផងដែរ។ ដោយគ្មានជម្រើសអ្នកស្រីក៏បន្តស្នើយ៉ាងទទូចដល់ធនាគារជាតិឱ្យជួយអន្តរាគមន៍។ ប៉ុន្តែអ្នកស្រីថា ធនាគារជាតិ បានបន្តគេចវេះ និងរុញពួកគេទៅក្រុមហ៊ុនជម្រះបញ្ជីដដែល ទាំងដែលក្រុមហ៊ុននេះ មិនអើពើចេញចុងសន្លឹកដល់ពួកគេ តាមការស្នើជាច្រើនដងមកហើយ។ ជាចុងក្រោយ អ្នកស្រីអះអាងថា នឹងប្រមូលផ្ដុំគ្នាបន្តទៀតទៅដល់គណៈរដ្ឋមន្ត្រីតែម្ដង។
អតិថិជនរូបនេះ និយាយថា៖ «ពួកខ្ញុំកំពុងតែរៀបចំឯកសារ ពួកខ្ញុំថាកំពុងតែរៀបចំឯកសារចង់ដាក់ញត្តិទៅទីស្តីការគណៈរដ្ឋមន្ត្រី ទៅសម្ដេច ហ៊ុន ម៉ាណែត ឱ្យគាត់ជួយចុះអន្តរាគមន៍»។
ចំណែកអតិថិជនម្នាក់ទៀតជាជនជាតិចិន បានសរសេរប្រាប់វីអូឌីនៅថ្ងៃនេះដែរ។ លោកនិយាយដោយលាក់ឈ្មោះថា បច្ចុប្បន្នមានជនរងគ្រោះជាច្រើននៃក្រុមហ៊ុន ហួយវ័ន ផេ កំពុងប្រឈមមុខនឹងវិបត្តិជីវភាពធ្ងន់ធ្ងរ ការបែកបាក់គ្រួសារ គ្មានប្រាក់ព្យាបាលជំងឺមហារីក រហូតដល់ថ្នាក់មានអ្នកគិតខ្លីចង់ដុតខ្លួនឯង នៅមុខធនាគារជាតិជាដើម។ ប្រភពនេះបន្តថា មានអ្នកខ្លះត្រូវបង្ខំចិត្តត្រឡប់ស្រុកកំណើតនៅប្រទេសចិនវិញ ដោយសារគ្មានលុយបន្តរស់នៅ។
លោកបង្ហាញចម្ងល់ថា ទោះបីជាពួកគេជួបទុក្ខលំបាកយ៉ាងនេះក្តី ក៏រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនដោះស្រាយនោះទេ ប៉ុន្តែបែរជាបង្ក្រាប កុហកបោកប្រាស់ម្ដងហើយម្ដងទៀត និងប្រព្រឹត្តយ៉ាងឃោរឃៅលើម្ចាស់បំណុល និងអ្នកបញ្ញើប្រាក់ទៅវិញ។ លោកសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ បានធ្វើឱ្យពួកគេអាក់អន់ចិត្តយ៉ាងខ្លាំង និងបង្កើតជាកំហឹងពីសំណាក់ប្រជាជនចិនចំពោះគ្រួសារលោក ហ៊ុន សែន ថែមទៀត។ លើសពីនេះ លោកថា រឿងនេះបានធ្វើឱ្យពួកគេលែងចង់ជួយឧបត្ថម្ភកម្ពុជាដូចមុន ហើយងាកទៅគាំទ្រប្រទេសថៃវិញ ប្រសិនបើមានសង្គ្រាមកើតឡើង។
វីអូឌី មិនអាចសុំការឆ្លើយតបពីអគ្គទេសាភិបាលធនាគារជាតិ អ្នកស្រី ជា សិរី បានទេនៅថ្ងៃទី៨ ខែកញ្ញានេះ ទោះអ្នកស្រីចូលអានរាល់សាររបស់វីអូឌី សុំការបំភ្លឺយ៉ាងណាក្ដី។
ជុំវិញករណីនេះ សមាជិកព្រឹទ្ធសភាពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា យល់ថា ករណីក្រុមហ៊ុន ហួយវ័ន ផេ នេះ មិនគួរមើលត្រឹមថាជាបញ្ហារបស់បុគ្គល ឬជាបញ្ហារបស់ស្ថាប័នហិរញ្ញវត្ថុមួយនោះទេ ប៉ុន្តែវាបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក៏ដូចជារបស់ក្រុមហ៊ុនវិនិយោគចំពោះប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ សម្រាប់លោក កម្ពុជាដែលចង់ទាក់ទាញវិនិយោគិនបរទេស ហើយការផ្សព្វផ្សាយពីឱកាសវិនិយោគមិនទាន់គ្រប់គ្រាន់ទេ បើអ្វីដែលអ្នកវិនិយោគចង់ឃើញ ពេលពួកគេជួបបញ្ហា បែរជាការអនុវត្តច្បាប់មិនទាន់មានតម្លាភាព និងស្មើភាពគ្នានោះ។
លោក គង់ មុនីកា ថ្លែងថា៖ «បើសិនជាយើងចង់ឲ្យមានអ្នកវិនិយោគមកកម្ពុជា យើងត្រូវមានភាពច្បាស់លាស់ក្នុងការបង្ហាញថា កម្ពុជាគឺមាននីតិរដ្ឋ មានច្បាប់គោរពច្បាប់ត្រឹមត្រូវ។ អញ្ចឹងអ្នកវិនិយោគគេមក គេមិនមែនមកគ្រាន់តែរកឱកាសដើម្បីធ្វើការវិនិយោគប៉ុណ្ណោះទេ គេក៏ត្រូវចង់ដឹងថា តើកម្ពុជាអាចការពារអ្នកវិនិយោគនោះដោយរបៀបណា ប្រសិនបើពួកគេជួបប្រទះបញ្ហាដូចជាករណីខាងលើហ្នឹង បាទ»។
បញ្ហាអតិថិជនរបស់ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុននេះ បានបង្កកលុយអតិថិជនជាង ១ ៣០០នាក់ ពីគណនីធនាគារ ក្រោយពីអាមេរិក និងចក្រភពអង់គ្លេស ចាត់វិធានការរួមដាក់ទណ្ឌកម្ម កាលពីចុងឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជនអន្តរជាតិ។ ចំណែកធនាគារជាតិកម្ពុជាបានត្រឹមប្រកាសឱ្យជនរងគ្រោះស្វែងរកដំណោះស្រាយដោយខ្លួនឯង តាមរយៈប្រព័ន្ធតុលាការ។
យ៉ាងណា សម្រាប់អ្នកឃ្លាំមើល ធ្លាប់ផ្ដល់យោបល់ថា អតិថិជនទាំងអស់នឹងគ្មានសង្ឃឹមទទួលបានលុយវិញទេ បើសិនគ្មានគំនាបពីស្ថាប័នហិរញ្ញវត្ថុពិភពលោក ឬក៏រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនលោក ហ៊ុន តូ បង្ខំឱ្យសងប្រាក់ពួកគេវិញ។ ប៉ុន្តែអ្នកឃ្លាំមើលគ្មានជំនឿថា រដ្ឋាភិបាលនឹងចាត់វិធានការលើក្មួយប្រុសលោក ហ៊ុន សែន និងជាបងជីដូនមួយរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលពោរពេញដោយអំពើពុករលួយ និងបក្ខពួកនិយមនោះទេ៕









