សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក ខឿន វីរ៉ាត់ ប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្នគណបក្សកម្លាំងជាតិ ប្រចាំខេត្តព្រៃវែង ពាក់ព័ន្ធនឹងបទចោទប្រកាន់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ជេរប្រមាថអ្នករាជការសាធារណៈ» តាមមាត្រា ៤៩៤ និង ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ។
លោក ខឿន វីរ៉ាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទីពីរ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅហាងកាហ្វេមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកបានវិលត្រឡប់មកពីព្យាបាលជំងឺនៅប្រទេសវៀតណាម។ បទចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចេញមតិ និងចែករំលែកព័ត៌មានលើបណ្ដាញសង្គមរិះគន់រដ្ឋាភិបាល ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
នៅក្នុងដំណើរការក្តីនេះ លោកមេធាវី សឺន ជុំជួន បានប្រាប់ក្រុមអ្នកកាសែត ក្រោយដើរចេញពីបន្ទប់សវនការដោយសង្កត់ធ្ងន់ថា ភស្តុតាងដាក់បន្ទុកកូនក្តីលោក ពីសំណាក់នគរបាលយុត្តិធម៌ និងតំណាងអយ្យការ ដោយផ្អែកលើសារនៅលើហ្វេសប៊ុករបស់កូនក្តីនោះ មិនមានជាភស្តុតាងគ្រប់គ្រប់ ដូចបទចោទទេ ដោយលោកចាត់ទុកសាររបស់កូនក្តី ជាការបញ្ចេញមតិ គឺធ្វើឡើងក្នុងនាមជាអ្នកនយោបាយ និងជាសិទ្ធិសេរីភាពស្របច្បាប់។
លោកថា៖ «និយាយជារួមទៅ យើងផ្អែកទៅលើការសិក្សាទៅលើអង្គហេតុ អង្គហេតុទាំងអស់ហ្នឹង គឺយើង ក្នុងនាមខ្ញុំជាមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ខ្ញុំយល់ឃើញថា មិនមានធាតុផ្សំបង្កបទល្មើសនៅក្នុងការដាក់បន្ទុកឱ្យជនជាប់ចោទ។ អញ្ចឹងវាមានគេហៅថា អវត្តមាននៃធាតុផ្សំ។ អញ្ចឹងកាលណាអវត្តមាននៃធាតុផ្សំ គឺជនជាប់ចោទត្រូវទទួលបាន គេហៅថា ផលប្រយោជន៍មកលើជនជាប់ចោទ។ កាលណាទទួលបានផលប្រយោជន៍មកលើជនជាប់ចោទ គឺជនជាប់ចោទគួរតែពិចារណាឱ្យបានរួចផុតពីបទចោទ »។
ដោយឡែក អ្នកស្រី ថាច់ ចាន់ធូ ត្រូវជាភរិយាលោកខឿន វីរ៉ាត់ បានចាត់ទុកការចាប់ខ្លួនស្វាមីរបស់អ្នកស្រីថាជារឿងអយុត្តិធម៌ និងជារឿងនយោបាយ។ អ្នកស្រី រួមទាំងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ បានទទូចសុំឱ្យស្ថាប័នតុលាការទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងលោក ខឿន វីរ៉ាត់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចទទួលបានការព្យាបាលជំងឺដិតដល់ និងបើកលំហប្រជាធិបតេយ្យ។
អ្នកស្រីថា៖ «សំណូមពរឱ្យតុលាការទម្លាក់បទចោទប្តីនាងខ្ញុំ ហើយដោះលែងប្តីនាងខ្ញុំឱ្យមានសេរីភាព មកជួបជុំគ្រួសារឡើងវិញ»។
អ្នកគាំទ្រមួយរូបមកពីខេត្តព្រៃវែង គឺលោក ស រ៉ានី បានលើកឡើងប្រាក់ប្រហែលនឹងភរិយា លោក ខឿន វីរ៉ាត់ ដែរ ដោយលោកចង់ឃើញតុលាការទម្លាក់បទចោទលើសកម្មជននយោបាយរូបនេះ ដើម្បីបង្ហាញថា រដ្ឋាភិបាលមានឆន្ទៈអនុវត្តគោលការណ៍ប្រជាធិបតេយ្យ។
លោកថា៖ «គាត់ធ្វើរាល់ថ្ងៃគឺដើម្បីតែយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ អញ្ចឹងការចោទនេះ ខ្ញុំមើលឃើញថាដូចជា ធ្ងន់ធ្ងរទៅលើគាត់ ដែលជាអ្នកតស៊ូមតិដើម្បីតែយុត្តិធម៌»។
លោក ខឿន វីរ៉ាត់ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាលើកទី១ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារ» ពាក់ព័ន្ធនឹងការរៀបចំឯកសារបង្កើត «គណបក្សបេះដូងជាតិ» កាលពីឆ្នាំ២០២១ ហើយត្រូវបានដោះលែងឱ្យក្រៅឃុំ អំឡុងខែមីនា ឆ្នាំ២០២៥ក្រោយទទួលទោសចប់។
យ៉ាងណា លោក សឺន ជុំជួន ជាមេធាវីការពារក្តីឱ្យលោក ខឿន វីរ៉ាត់ បង្ហាញក្តីសង្ឃឹមថា កូនក្តីរបស់លោកនឹងរួចផុតពីការចោទប្រកាន់ បើការកាត់ក្តីមិនលម្អៀង ខណៈតុលាការនឹងប្រកាសសាលក្រមលើសំណុំរឿងនេះ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។
ជុំវិញរឿងនេះ នាយកគ្រប់គ្រងទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បង្ហាញការយល់ឃើ់ញដូចគ្នាទៅនឹងការលើកឡើងរបស់មេធាវីការពារក្តីឱ្យលោក ខឿន វីរ៉ាត់ ដោយលោកគូសបញ្ជាក់ថា សេរីភាពបញ្ចេញមតិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាបានទទួលស្គាល់និងផ្តល់សច្ចាប័ន ជាពិសេសនៅក្នុងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោកថា៖ «យើងទទួលស្គាល់ថា ការធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ វាត្រូវការពេលវេលា ក៏ប៉ុន្តែយើងឃើញថា ៤ជុំហើយរបស់ UPR ហ្នឹង អនុសាសន៍នេះគេនៅតែផ្តល់ដដែល។ អញ្ចឹងបានន័យថា បញ្ហាប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាយើង វាមិនទាន់មានឯករាជ្យភាពពេញលេញ។ អញ្ចង ឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ គឺវាបង្ហាញអំពី ទី១ គឺនីតិរដ្ឋ ទី២ គឺការគោរពសិទ្ធិមនុស្ស»។
ការព្រួយបារម្ភរបស់អ្នកការពារសិទ្ធិមនុស្សរូបនេះ ដោយលោកថាសំអាងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅតែបន្តជំរុញឱ្យកម្ពុជា កែលម្អប្រព័ន្ធតុលាការ ដើម្បីធានាការគោរពសិទ្ធិមនុស្ស បើកលំហប្រជាធិបតេយ្យ ទោះកម្ពុជាបានផ្តល់សច្ចាប័ន និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយច្រើនឆ្នាំមកនេះ។
ការណ៍នេះ លោកបង្ហាញការព្រួយបារម្ភថា ផលវិបាកនឹងកាន់តែធ្ងន់ជាងនេះក្នុងសង្គមកម្ពុជា បើ ប្រព័ន្ធតុលាការនៅតែមិនអាចស្តារទំនុកចិត្តពលរដ្ឋបាន ក្នុងការធានាយុត្តិធម៌សង្គមដោយមិនរើសអើង។
លោកថា៖ «តែឥឡូវយើងឃើញមើល ពលរដ្ឋគាត់បែរជាទៅចាប់យកប្រព័ន្ធ Social Media ទៀត ដើម្បីស្រែករកយុត្តិធម៌។ បាទ វាអាហ្នឹងគឺវាជាការមួយដែលធ្វើឲ្យមានការបាត់បង់ទៅលើប្រព័ន្ធយុត្តិធម៌ហ្នឹង។ អញ្ចឹងបើសិនជាបណ្តែតបណ្តោយអាបញ្ហានេះកើតឡើងតទៅទៀត វាជាស្ថានភាពមួយមិនល្អ ឬក៏ធ្ងន់ធ្ងរ បើសិនជាពលរដ្ឋមិនមានជំនឿទៅលើប្រព័ន្ធយុត្តិធម៌ ឬការអនុវត្តច្បាប់ ហើយជាពិសេសយើងមើលដូចនៅរតនៈគិរីថ្មីៗ ដែលពលរដ្ឋនាំគ្នាទៅដុតអធិការដ្ឋានបរិស្ថានអី អាហ្នឹងវាកើតចេញអំពីមិនមានទំនុកចិត្តដូចគ្នា ទាក់ទងនឹងរឿងបញ្ហាយុត្តិធម៌ និងការអនុវត្តច្បាប់ហ្នឹង»។
អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ជុំវិញការរឹតត្បិតសេរីភាពមូលដ្ឋាន និងការឃុំខ្លួន។
លោកបានលើកឡើងថា មានមនុស្សជាង ១០០ នាក់ កំពុងស្ថិតក្នុងការឃុំឃាំង ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជា សេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការបង្កើតសមាគម។ លោកបានសង្កត់ធ្ងន់ថា «មិនគួរមាននរណាម្នាក់ត្រូវជាប់ពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិមនុស្សជាមូលដ្ឋាននោះឡើយ»៕









