ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាមហាសេដ្ឋីអចលនទ្រព្យវ័យក្មេង និងជាបុគ្គលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារលោក ហ៊ុន សែន បានប្រឈមនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ រហូតឈានដល់ការក្ស័យធន និងបាត់បង់សមត្ថភាពទូទាត់សងប្រាក់និងសាងសង់ផ្ទះឱ្យអតិថិជនតាមកិច្ចសន្យា។
នេះបើតាមសារដ៏វែងអន្លាយមួយ ដែលលោក ឡេង ណាវ៉ាត្រា សរសេរបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកពាក់ព័ន្ធនឹងវិបត្តិគម្រោងដីធ្លី និងផ្ទះល្វែង ហើយត្រូវបានគេចែកចាយយ៉ាងព្រោងព្រាត លើបណ្តាញសង្គម នាយប់ថ្ងៃទី៨ខែកញ្ញានេះ។
ក្រោមវិបត្តិនេះ លោក ឡេង ណាវ៉ាត្រា បានប្រកាសស្ម័គ្រចិត្តប្រគល់ទ្រព្យសម្បត្តិ និងគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុន រួមទាំងគម្រោងផ្លូវជាតិលេខ ៦A ជូនរាជរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីគ្រប់គ្រង និងចាត់ចែងដោះស្រាយជូនអតិថិជន។
លោកទទួលស្គាល់ថា ក្រុមហ៊ុនពិតជាជួបប្រទះវិបត្តិសាច់ប្រាក់ និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុខ្លាំង ធ្វើឱ្យមិនអាចបញ្ចប់ការសាងសង់ ឬទូទាត់ប្រាក់សងអតិថិជនបានតាមការកំណត់។
លើសពីនេះ លោកបានសុំទោសចំពោះអតិថិជន និងមហាជន ព្រមទាំងស្នើសុំឱ្យមានការសម្របសម្រួលផ្លូវច្បាប់តាមរយៈអាជ្ញាធរ ដើម្បីធានាថា ទ្រព្យសម្បត្តិដែលនៅសល់ត្រូវយកទៅទូទាត់សង ឬបន្តសាងសង់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
លោកបានគូបញ្ជាក់ថា៖ «បញ្ហាគម្រោង 6Aនេះ ជាគម្រោងដែលផុងជ្រៅ ខ្ញុំបាទបានលក់ ចំណូលទឹកលុយសរុប (១៨៥ លានដុល្លារ) តែខ្ញុំបាទបានចំណាយទៅលើគម្រោងនេះសរុបទាំងអស់ មកដល់ពេលនេះ (២២១ លានដុល្លារ) ដោយមិនរាប់បញ្ចូលក្រសួង ដោះស្រាយបន្តបច្ចុប្បន្ន បច្ចុប្បន្នទិន្នន័យនៅក្រសួងតែតាមបានដំណឹងព្រោះមិនច្បាស់ ១០០% ប្រហែល (២០ ទៅ ៣០ លានដុល្លារ) ទៀតទើបបានបញ្ចប់បាន។ ដល់ដំណាក់កាលនេះ ជាដំណាក់កាលត្រូវវះកាត់ ដើម្បីបង្ហាញការទទួលខុសត្រូវជាមួយជាតិកម្ពុជា ខ្ញុំបាទសូមទទួលទោសទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ តែសុំសន្តោសប្រណី ពីរាជរដ្ឋាភិបាលកម្ពុជា និងពុកម៉ែបងប្អូនទូទាំងប្រទេស កុំឱ្យប្រពន្ធមានទោស និងឱ្យកូនបានរៀនចប់ចុងចប់ដើម ទៅថ្ងៃក្រោយគាត់រស់តាមសមាជីវោចុះ»។
ព័ត៌មាននៃការដួលរលំផ្នែកហិរញ្ញវត្ថុរបស់លោក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលធ្លាប់ជាមហាសេដ្ឋីអចលនទ្រព្យវ័យក្មេង និងជាបុគ្គលមានឥទ្ធិពលស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំកំពូលនៅកម្ពុជា បានបង្កជារលកចលាចលយ៉ាងខ្លាំងក្នុងរង្វង់សេដ្ឋកិច្ច និងសង្គម។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវិបត្តិក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណុចឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច និងសម្ពាធភូមិសាស្ត្រនយោបាយដែលកម្ពុជាកំពុងប្រឈម។ ព្រឹត្តិការណ៍នេះ បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងវិនិយោគិនតូចតាចរាប់ពាន់គ្រួសារ ដែលបានទិញផ្ទះនៅក្រុមហ៊ុននេះ។
បើតាមសេចក្តីរាយការណ៍នានា វិបត្តិនេះ ក្រោយពេលដែលការលក់អចលនទ្រព្យជួបការកកស្ទះ ក្រុមហ៊ុនមិនមានប្រាក់ចំណូលថ្មីមកទូទាត់ការប្រាក់ ឬប្រាក់ដើមជូនវិនិយោគិនវិញឡើយ ដែលនាំឱ្យប្រព័ន្ធចរន្តសាច់ប្រាក់ត្រូវដួលរលំជាខ្សែសង្វាក់។
ក្រៅពីនេះ សម្ពាធបោសសម្អាតបទឧក្រិដ្ឋអន្តរជាតិ និងការកាត់ផ្តាច់ប្រភពទុន ដែលជាការធ្លាក់ចុះនៃអាជីវកម្មនេះ កើតឡើងក្នុងពេលដំណាលគ្នាដែលកម្ពុជាទទួលរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាប Cyber Scams និងការលាងលុយកខ្វក់ រួមជាមួយរដ្ឋាភិបាលអាមេរិក និងចិន បានបង្កើនការគាបសង្កត់លើបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍៕









