កូរ៉េខាងជើង និងរុស្ស៊ី បានបើកសម្ពោធស្ពានផ្លូវគោកដំបូងបង្អស់របស់ពួកគេ កាលពីថ្ងៃ៧ខែកញ្ញា នៅក្នុងពិធីសម្ដែងមិត្តភាពយ៉ាងផ្ចិតផ្ចង់មួយ។ រចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេទូម៉ែន (Tumen) នេះ ត្រូវបានភាគីទាំងពីរចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់ នៅក្នុងការរឹតចំណងដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។
ក្បួនរថយន្តដឹកទំនិញដំបូង បានបើកឆ្លងកាត់ស្ពានប្រវែង ១ គីឡូម៉ែត្រនេះ ខណៈដែលនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Pak Thae Song បានចូលរួមតាមវីដេអូ ដើម្បីថ្លែងទៅកាន់មន្ត្រី និងកម្មករនៃប្រទេសទាំងពីរ។
ការសាងសង់ស្ពានថ្មីនេះ បានចាប់ផ្តើមនៅខែមេសាឆ្នាំមុន បន្ទាប់ពីមានការព្រមព្រៀងគ្នាក្នុងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើងក្នុងឆ្នាំ២០២៤។ ទោះបីជាមានផ្លូវអាកាស និងផ្លូវរថភ្លើងផ្ទាល់រួចហើយក្តី នេះជាលើកដំបូងដែលមានផ្លូវគោកសមរម្យ។ កន្លងមក ចាប់តាំងពីឆ្នាំ១៩៥៩ គេត្រូវដាក់ក្តារនៅលើស្ពានរថភ្លើងក្បែរនោះ ដើម្បីផ្លាស់ទីយានយន្តឆ្លងកាត់ព្រំដែន។
លោក Mishustin បានថ្លែងថា៖ «ខ្ញុំជឿជាក់ថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងដែន នឹងផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងវប្បធម៌»។ លោកបានបន្ថែមថា ទំនាក់ទំនងរវាងភាគីទាំងពីរ «ស្ថិតនៅលើកម្រិតខ្ពស់មិនធ្លាប់មាន» ហើយបានហៅព្រឹត្តិការណ៍នេះថាជា «និមិត្តរូបថ្មីនៃមិត្តភាព»។
យានយន្តរហូតដល់ ៣០០ គ្រឿង នឹងអាចឆ្លងកាត់បានជារៀងរាល់ថ្ងៃ ហើយស្ពាននេះនឹងត្រូវភ្ជាប់ទៅបណ្តាញផ្លូវសហព័ន្ធរុស្ស៊ី ពីក្រុង វ្ល៉ាឌីវ៉ូស្តុក ទៅក្រុង សាំង ពេទើស្បួគ។ រថយន្តដឹកទំនិញនឹងចាប់ផ្តើមប្រើប្រាស់ស្ពាននេះភ្លាមៗ ហើយនៅចុងឆ្នាំនេះ វា នឹងបើកឱ្យប្រើប្រាស់ពេញលេញសម្រាប់ចរាចរណ៍អ្នកដំណើរផងដែរ។
ស្ពានថ្មីនេះ ត្រូវបានសាងសង់នៅក្បែរ «ស្ពានមិត្តភាព» ចាស់ និងត្រូវបានដាក់ឈ្មោះតាមលោក Yakov Novichenko ដែលជាទាហានកងទ័ពក្រហម ដែលបានជួយសង្គ្រោះជីវិតលោក គីម អ៊ីលស៊ុង កាលពីឆ្នាំ ១៩៤៦។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា ស្ពាននេះបង្ហាញពីការបង្កើតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម។
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនកាន់តែខ្លាំង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនឆ្នាំ ២០២២ ដោយកូរ៉េខាងជើងបានបញ្ជូនទាហានទៅកាន់តំបន់ Kursk របស់រុស្ស៊ី។ លោក Mishustin ក៏បានអរគុណដល់ «វីរបុរសកូរ៉េ ដែលបានប្រយុទ្ធប្រកៀកស្មា និងការពារទឹកដីរុស្ស៊ី» ផងដែរ។
លោក Lim Eul-chul សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Kyungnam បានកត់សម្គាល់ថា ស្ពាននេះបង្ហាញថា ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើងកំពុងតែក្លាយជារឿងគ្មានន័យ ហើយរុស្ស៊ីបានធានានូវផ្លូវគោកផ្ទាល់ សម្រាប់ការដឹកជញ្ជូនសម្ភារយោធា គ្រាប់រំសេវ និងកងទ័ព សម្រាប់សង្គ្រាមនៅអ៊ុយក្រែន៕









