រាងកាយកំពុងអង្គុយក្នុងអង្រឹងសម្លឹងមើលចៅតូចៗពីរនាក់របស់ខ្លួន រត់លេងនៅជិតៗគាត់ ប៉ុន្តែចិត្តរបស់ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់នេះ បែរជាគិតមមៃទៅឆ្ងាយជាង ៤០០គីឡូម៉ែត្រ ដល់ប្រទេសជិតខាង ពោលគឺប្រទេសថៃ។
គិតដល់ទឹកដីប្រទេសមួយនេះ ក៏ព្រោះថាវាជាទីដែលកូនពីរនាក់របស់គាត់ កំពុងបន្តធ្វើការឱ្យថៅកែថៃ ដោយបញ្ចាំខ្លួនដោះស្រាយបំណុល ស្របពេលដែលពលករខ្មែរមួយចំនួនទៀត កំពុងរស់នៅវ័ណ្ឌកជាមួយបំណុលក្រោមស្រមោលនៃវិបត្តិព្រំដែនកម្ពុជា-ថៃ។
ស្ត្រីរូបនេះមានឈ្មោះថា ឆិល សុភាព ជាអតីតពលករសំណង់នៅប្រទេសថៃ។ គាត់ធ្លាប់រស់នៅប្រទេសថៃ ជាមួយសមាជិកគ្រួសារ៧នាក់ ហើយការងារជាពលករនៅថៃ គឺជាប្រភពចំណូលសំខាន់សម្រាប់គ្រួសាររបស់គាត់។ ប៉ុន្តែពេលភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃកើនឡើង អ្នកស្រីបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ដោយបញ្ចាំកូនពីរនាក់ គឺប្រុសម្នាក់ និងស្រីម្នាក់ ឱ្យនៅបន្តធ្វើការនៅថៃដើម្បីដោះបំណុល។
អ្នកស្រី ឆិល សុភាព ថ្លែងថា កូនទាំងពីររបស់គាត់ត្រូវបន្តធ្វើការជំនួសគាត់ ជាថ្នូរនឹងសុំឱ្យថៅកែផ្តល់លិខិតឆ្លងដែនឱ្យគាត់ជាម្តាយបានវិលត្រឡប់មកប្រទេសកំណើតមុន។
អ្នកស្រី ឆិល សុភាព ថ្លែងថា៖ «កូនៗខ្ញុំសម្រេចបញ្ចាំខ្លួនពួកគេធ្វើការនៅប្រទេសថៃ ដើម្បីដោះដូរឲ្យខ្ញុំបានលិខិតឆ្លងដែនពីថៅកែថៃ។ ពួកគេចង់មកដែរ តែលិខិតឆ្លងដែននៅថៅកែ មិនអាចមករួច»។
ភូមិដែលគាត់កំពុងរស់នៅត្រូវបានអ្នកភូមិហៅថា «ភូមិពលករចំណាកស្រុក»។ មូលហេតុដែលពួកគាត់ហៅឈ្មោះទីតាំងរបស់ខ្លួនបែបនេះ គឺដោយសារប្រជាពលរដ្ឋប្រមាណ ៩០ភាគរយ នៅទីនោះ ធ្លាប់ ឬកំពុងធ្វើការនៅប្រទេសថៃ។ សម្រាប់គ្រួសារជាច្រើននៅតំបន់ព្រំដែន ការធ្វើចំណាកស្រុកមិនមែនជាជម្រើសដែលពួកគេចង់បានទេ ប៉ុន្តែជាវិធីមួយដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ សង់ផ្ទះ ដោះបំណុល និងផ្គត់ផ្គង់ការសិក្សាកូនៗ។
ក្នុងរយៈពេលជាច្រើនឆ្នាំ ការងារនៅប្រទេសថៃបានក្លាយជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់គ្រួសារនៅតំបន់មួយនេះ។ យ៉ាងណា វិបត្តិព្រំដែនបានបង្ខំឱ្យមនុស្សជាច្រើនត្រឡប់មកវិញយ៉ាងប្រញាប់ប្រញាល់ នាខណៈដែលពលករជាច្រើនអាចត្រឡប់មកផ្ទះបាន ប៉ុន្តែអ្នកខ្លះទៀតជួបបញ្ហាឯកសារ និងរឿងបំណុលជាមួយថៅកែ។ ជាក់ស្តែង ករណីរបស់អ្នកស្រី ឆិល សុភាព គឺជាឧទាហរណ៍មួយនៃបញ្ហាដែលពលករខ្មែរមួយចំនួន កំពុងប្រឈមនៅពេលព្យាយាមចាកចេញពីការងារនៅថៃ។
អ្នកស្រីបញ្ជាក់ថា កូនរបស់គាត់បានស្នើសុំថៅកែឱ្យប្រគល់លិខិតឆ្លងដែនមកវិញ ដើម្បីពួកគាត់ត្រឡប់មកកម្ពុជាជាមួយគ្រួសារ ដោយពួកគេអះអាងថា នឹងរកការងារធ្វើពេលមកដល់ស្រុកកំណើតវិញ ហើយសន្យាសងប្រាក់ជាបន្តបន្ទាប់។ យ៉ាងណា អ្នកស្រីថា ថៅកែបានបដិសេធនឹងសំណើរនេះ។ ដូច្នេះ កូនទាំង២របស់គាត់ត្រូវបង្ខំចិត្តបន្តធ្វើការនៅប្រទេសថៃ បើទោះស្ថានភាពវិបត្តិព្រំដែនធ្ងន់ធ្ងរយ៉ាងណាក្តី។
អ្នកស្រីឆិល សុភាព ថ្លែងថា៖ «គេចង់មកដែរ តែជំពាក់ថ្លៃប៉ាសស្ព័រ។ ថ្លៃប៉ាសស្ព័រដោះមិនទាន់រួច គេឱ្យនៅ»។
អ្នកស្រី ឆិល សុភាព និយាយថា កូនទាំងពីររបស់គាត់ត្រូវការរកប្រាក់ប្រមាណ ៣ទៅ៤ម៉ឺនបាត ឬប្រហែល ៩០០ ទៅ ១២០០ ដុល្លារអាមេរិកក្នុងម្នាក់ ដើម្បីបង់ឱ្យថៅកែជាថ្នូរនឹងការលោះយកលិខិតឆ្លងដែនមកវិញ។ បើតាមអ្នកស្រី សុភាព ថវិកាដែលត្រូវបង់ទៅឱ្យថៅកែនេះ គឺមិនមែនជាថវិកាដែលពួកគាត់ជំពាក់ថៅកែឡើយ ប៉ុន្តែវាជាចំនួនប្រាក់ដែលថៅកែកំណត់យកតែម្តង។ អតីតពលករសំណង់នៅថៃរូបនេះ បន្តថា ពួកគាត់ជាពលករដែលទៅធ្វើការឱ្យថៅកែថៃ គឺត្រូវថៅកែដកហូតយកលិខិតឆ្លងដែនទាំងអស់គ្នា ហើយបើចង់បានលិខិតឆ្លងដែនត្រលប់មកវិញ គឺទាល់តែបង់ប្រាក់តាមថៅកែតម្រូវ ទើបអាចលោះយកលិខិតឆ្លងដែនវិញបាន។
អ្នកស្រីថា កូនទាំង២របស់គាត់ ប្រហែលត្រូវចំណាយពេល២ទៅ៣ឆ្នាំទៀត ទើបអាចដោះបំណុលនោះរួច និងលោះយកលិខិតឆ្លងដែនមកវិញ ដើម្បីអាចមកប្រទេសកំណើត។
សម្រាប់ទឹកចិត្តជាម្តាយ ពេលវេលាដែលកូននៅឆ្ងាយពីផ្ទះ គឺជាការរង់ចាំដែលពោរពេញដោយការភ័យខ្លាច។ ដោយសារភាពតានតឹងតាមព្រំដែននៅតែបន្ត អ្នកស្រីបារម្ភថា ប្រសិនបើមានការប៉ះទង្គិចធ្ងន់ធ្ងរកើតឡើងជាថ្មីទៀត នោះកូនរបស់គាត់នឹងកាន់តែគ្មានទីសុវត្ថិភាព ហើយពុំមានឯកសារធ្វើដំណើរ។
អ្នកស្រី ឆិល សុភាព ថ្លែងថា៖ «ក៏មិនដឹងកូនរត់ទៅខាងណា មិនដឹងមានអីជិះ។ គេ[ជនជាតិ]ថៃ គេយករួចខ្លួនគេ។ យើងខ្មែរផង មិនស្រួលគេធ្វើបាបយើង»។
នៅភូមិមិនឆ្ងាយប៉ុន្មានពីទីតាំងផ្ទះអ្នកស្រី ឆិល សុភាព គឺមានស្ត្រីម្នាក់ទៀតដែលជួបរឿងរ៉ាវស្រដៀងគ្នា។ គាត់មានឈ្មោះថា ដែន ទំពាំង។ ជារឿយៗ ស្ត្រីវ័យ ៣៣ ឆ្នាំរូបនេះ តែងបើកទូរសព្ទរបស់គាត់មើលរូបភាពផ្ទះមួយខ្នង ដែលគាត់ និងដៃគូជីវិតបានខិតខំធ្វើការសន្សំលុយមកសាងសង់អស់រយៈពេលជិត១០ឆ្នាំ។ ផ្ទះនោះស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយវាជាផ្ទះដែលតំណាងឱ្យក្តីសង្ឃឹមរបស់គាត់។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ អ្នកស្រីប្រាប់ថា គាត់មិនទាន់បានឈានជើងចូលក្នុងផ្ទះដែលខ្លួនខំសង់ឡើយ ដោយត្រូវយោធាថៃឈ្លានពានយក។ ហើយអ្វីដែលគាត់មាននាពេលនេះ គឺត្រឹមតែរូបថតផ្ទះដែលមាននៅក្នុងទូរសព្ទប៉ុណ្ណោះ។
អ្នកស្រី ដែន ទំពាំង ថ្លែងថា៖ «រយៈពេល១០ឆ្នាំនៃការធ្វើការនៅបរទេស បានផ្តល់ឱ្យពួកខ្ញុំនូវផ្ទះមួយខ្នង ប៉ុន្តែមិនទាន់ផ្តល់ឱកាសឱ្យពួកខ្ញុំរស់នៅក្នុងផ្ទះនោះទេ»។
សម្រាប់អ្នកស្រី ដែន ទំពាំង ការធ្វើចំណាកស្រុកទៅប្រទេសថៃ មិនមែនជាការទៅស្វែងរកជីវិតប្រសើរឡើងសម្រាប់ខ្លួនឯងឡើយ ប៉ុន្តែវាជាការលះបង់ដើម្បីគ្រួសារ។ នៅឆ្នាំ២០១៥ ពេលដែលជីវិតគ្រួសាររបស់អ្នកស្រីជួបការលំបាក អ្នកស្រីបានសម្រេចចិត្តចាកចេញពីកម្ពុជា ទៅរកការងារធ្វើនៅប្រទេសថៃ។ ពេលនោះ កូនប្រុសរបស់គាត់មានអាយុប្រហែលមួយឆ្នាំប៉ុណ្ណោះ។ អ្នកស្រីបានទុកកូនឱ្យម្តាយជួយមើលថែ ហើយចេញដំណើរទៅប្រទេសថៃ ដោយមានគោលបំណងរកប្រាក់ចិញ្ចឹមកូន ជួយឪពុកម្តាយ និងគាំទ្រប្អូនៗឱ្យបន្តការសិក្សា។
អ្នកស្រី ដែន ទំពាំង ថ្លែងថា៖ «ខ្ញុំទៅរកលុយចិញ្ចឹមកូន ជួយឪពុកម្តាយ និងឱ្យប្អូនៗបានរៀនសូត្រ»។
អ្នកស្រីរៀបរាប់ថា គាត់ធ្វើការជាអ្នកដាំបាយ និងរៀបចំម្ហូបនៅហាងលក់អាហារមួយក្នុងផ្សារ ស្ថិតក្នុងខេត្តសាមុតប្រាកាន ប្រទេសថៃ។ នៅទីនោះ អ្នកស្រីបានជួបស្ត្រីខ្មែរម្នាក់ទៀត ដែលក្លាយជាដៃគូរស់នៅជាមួយគ្នា និងជួយគ្នាតស៊ូក្នុងជីវិតជាពលករចំណាកស្រុក។ រាល់ថ្ងៃ ពួកគាត់ត្រូវក្រោកពីម៉ោង៣ ឬ៤ទៀបភ្លឺ ដើម្បីរៀបចំម្ហូបឱ្យថៅកែ។ ប្រាក់ចំណូលភាគច្រើន មិនបានប្រើសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេទេ ប៉ុន្តែត្រូវបានផ្ញើមកកម្ពុជាវិញ។ ប្រាក់នោះត្រូវបានប្រើសម្រាប់ចិញ្ចឹមកូន ជួយគ្រួសារ និងសាងសង់ផ្ទះមួយខ្នងដែលពួកគេសង្ឃឹមថា នឹងអាចរស់នៅជួបជុំពេលត្រឡប់មកវិញ។
ក្រោយធ្វើការអស់ជាច្រើនឆ្នាំ អ្នកស្រី និងដៃគូរបស់គាត់បានចាប់ផ្តើមសាងសង់ផ្ទះនៅឆ្នាំ២០១៩។ រាល់ប្រាក់ដែលសន្សំបានបន្តិចម្តងៗ ត្រូវបានបញ្ចូនទៅក្នុងសំណង់នោះ។ រហូតដល់ឆ្នាំ២០២៥ ផ្ទះនោះជិតរួចរាល់។ នៅសល់តែការងារបញ្ចប់ចុងក្រោយ ដូចជាក្រាលការ៉ូ និងលាបថ្នាំជញ្ជាំងប៉ុណ្ណោះ។ ប៉ុន្តែជាអកុសល ក្តីសង្ឃឹមក្នុងការត្រឡប់មករស់នៅក្នុងផ្ទះថ្មី មិនបានក្លាយជាការពិតទេ។
ពេលវិបត្តិព្រំដែនកម្ពុជា-ថៃកើតឡើង អ្នកស្រី និងដៃគូបានសម្រេចចិត្តចាកចេញពីប្រទេសថៃ ដើម្បីត្រឡប់មកកម្ពុជា។ ពួកគេធ្វើដំណើរតាមផ្លូវលំបាក ឆ្លងកាត់តំបន់ព្រៃ និងវាល ដើម្បីចូលមកទឹកដីកំណើត។ ប៉ុន្តែពេលមកដល់ ពួកគេមិនអាចត្រឡប់ទៅផ្ទះដែលខំសង់នោះបានឡើយ ខណៈភូមិព្រៃចាន់ និងតំបន់ជុំវិញ ត្រូវបានដាក់កម្រិតការចូលចេញដោយសារភាពតានតឹងតាមព្រំដែន។ ជំនួសឱ្យការចូលរស់នៅក្នុងផ្ទះថ្មី អ្នកស្រីត្រូវរស់នៅក្នុងជំរុំសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។
អ្នកស្រី ដែន ទំពាំង ថ្លែងថា៖ «ផ្ទះរបស់ពួកខ្ញុំដែលជិតរួចរាល់ បានក្លាយជាផ្ទះក្នុងរូបភាពនៅលើអេក្រង់ទូរស័ព្ទរបស់ពួកខ្ញុំ»។
រាល់ពេលបើកមើលរូបភាពផ្ទះ អ្នកស្រីមើលឃើញមិនត្រឹមតែជញ្ជាំង ឬដំបូលនោះទេ ប៉ុន្តែជាការខិតខំរយៈពេល១០ឆ្នាំ ដែលមិនទាន់អាចបំពេញក្តីសុបិនបាន។
ដោយឡែក នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ត្រីម្នាក់ទៀតកំពុងអង្គុយនៅក្រោមផ្ទះតូចមួយប្រក់ស័ង្កសីពណ៌បៃតង មានឈ្មោះ ស្រី យ៉ូវ។ អ្នកស្រីបានរៀបរាប់ថា ជីវិតរបស់គាត់ចាប់ផ្តើមពីការលំបាកតាំងពីកុមារភាព។ នៅអាយុ១៣ឆ្នាំ គាត់ត្រូវបានមេខ្យល់នាំឆ្លងដែនទៅប្រទេសថៃ ដោយសន្យាអំពីឱកាសធ្វើការបានប្រាក់ខែ។ ប៉ុន្តែអ្វីដែលគាត់ជួបប្រទះ មិនមែនជាឱកាសការងារដែលបានសន្យានោះទេ។
អ្នកស្រី ស្រី យ៉ូវ ថ្លែងថា៖ «ខ្ញុំទៅថៃតាំងពីអាយុ១៣ឆ្នាំ។ គេយកទៅលក់ឱ្យធ្វើការបីឆ្នាំ។ មិនបានប្រាក់ខែទេ គ្រាន់តែឱ្យលុយចាយមួយខែ ៥០០បាតប៉ុណ្ណោះ»។
រយៈពេល៣ឆ្នាំ អ្នកស្រីមិនអាចត្រឡប់មកផ្ទះ និងមិនអាចទាក់ទងគ្រួសារបានទៀងទាត់ឡើយ។ ក្រោយមក ម្តាយរបស់គាត់បានដាក់ពាក្យប្តឹង ទើបអ្នកស្រីអាចត្រឡប់មកកម្ពុជាវិញ។ អ្នកស្រីបន្តថា បន្ទាប់ពីត្រឡប់មកវិញ គាត់បានប្រឹងប្រែងតស៊ូទ្វេដងជំនះនូវការលំបាកក្នុងជីវភាព។ ក្រោយពីរៀបការរួច គាត់ និងស្វាមីបានចាប់ផ្តើមសន្សំប្រាក់ ដើម្បីទិញដី និងសង់ផ្ទះ។ ស្វាមីរបស់គាត់ធ្វើការនៅប្រទេសថៃ ខណៈអ្នកស្រីធ្វើការងារផ្សេងៗដើម្បីរកចំណូលបន្ថែម។
អ្នកស្រីថ្លែងថា៖ «ដំបូងយើងទិញដីសិន។ បន្ទាប់មកសង់ផ្ទះឈើតូចមួយសម្រាប់កូននៅ។ ខ្ញុំមិនដែលបានដេកនៅក្នុងផ្ទះឈើនោះសូម្បីមួយយប់ ព្រោះត្រូវត្រឡប់ទៅធ្វើការបន្តទៀត»។
នៅឆ្នាំ២០១៥ ពួកគេអាចសង់ផ្ទះថ្មមួយខ្នង ដែលអ្នកស្រីចាត់ទុកថាជាសមិទ្ធផលធំបំផុតក្នុងជីវិត។ ប៉ុន្តែបន្ទាប់ពីជម្លោះតាមព្រំដែនកើតឡើង ផ្ទះនោះក៏ត្រូវបាត់បង់។
អ្នកស្រីបន្ថែមថា៖ «ឥឡូវនៅសល់តែដីប៉ុណ្ណោះ។ ផ្ទះបាត់អស់ហើយ គេរៀបលេណដ្ឋានអស់ហើយ»។
ក្រៅពីផ្ទះ គាត់រៀបរាប់ពីដំណាំផ្លែឈើដែលប្រឹងដាំអស់រយៈពេលជាច្រើនឆ្នាំ ហើយខ្លះទើបចាប់ផ្តើមផ្តល់ផល ប៉ុន្តែមិនដឹងថា នឹងមានឱកាសបានត្រឡប់ទៅឃើញវាម្តងទៀតឬអត់។
អ្នកស្រីថ្លែងថា៖ «ដើមឈើខ្លះទើបចាប់ផ្តើមឱ្យផ្លែ។ មិនដឹងថាខ្ញុំនឹងបានហូបឬអត់ទេ»។
ការចាកចេញពីប្រទេសថៃរបស់អ្នកស្រី ឆិល សុភាព និងអ្នកស្រី ដែន ទំពាំង មិនមែនជារឿងរ៉ាវដាច់ដោយឡែកនោះទេ។ ពួកគេគឺជាផ្នែកនៃរលកធំមួយពាក់ព័ន្ធការវិលត្រឡប់របស់ពលករខ្មែរ ដែលបានកើតឡើងនៅពេលភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃកើនឡើង។
ចន្លោះខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៥ ពលករខ្មែរជាង៩០ម៉ឺននាក់ ត្រូវបានរាយការណ៍ថា បានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ។ សម្រាប់អ្នកសង្កេតការណ៍ នេះជាការវិលត្រឡប់របស់ពលករចំណាកស្រុកដោយបង្ខំ ក្នុងទ្រង់ទ្រាយធំបំផុតមួយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ទោះជាយ៉ាងណា សម្រាប់មនុស្សជាច្រើន ការត្រឡប់មកវិញ មិនមានន័យថា ជាការចាប់ផ្តើមជីវិតថ្មីនោះទេ ប៉ុន្តែវាជាការប្រឈមថ្មីមួយទៀត។
របាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានបង្ហាញថា ពលករដែលវិលត្រឡប់មកវិញជាច្រើន កំពុងប្រឈមនឹងការបាត់បង់ការងារ និងការធ្លាក់ចុះប្រាក់ចំណូល។ ការសិក្សាលើពលករ ៥២៧នាក់ បានរកឃើញថា ម្នាក់ក្នុងចំណោមបីនាក់ នៅតែគ្មានការងារធ្វើ។ សម្រាប់អ្នកដែលមានការងារ ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងពេលធ្វើការនៅប្រទេសថៃ។
ការសិក្សានេះ បង្ហាញថា ប្រាក់ចំណូលគ្រួសារជាមធ្យមមានប្រមាណ៦៤ដុល្លារក្នុងមួយខែ ខណៈការចំណាយប្រចាំខែមានប្រមាណ ១៧៣ដុល្លារ។ ជាង៧០ភាគរយនៃគ្រួសារដែលត្រូវបានសិក្សា កំពុងមានបំណុល ហើយក្នុងចំណោមអ្នកជំពាក់ប្រាក់ ៨៥ភាគរយ បាននិយាយថា ពួកគេមានការលំបាកក្នុងការសងបំណុលទាន់ពេល។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា បញ្ហាដែលពលករវិលត្រឡប់ប្រឈម មិនមែនមានតែការងារប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាបំណុល និងស្ថិរភាពជីវភាពគ្រួសារ។
លោក ឃុន ថារ៉ូ ថ្លែងថា៖ «ពួកគាត់មួយចំនួនធំ ប្រឈមទៅនឹងបញ្ហាបំណុល បញ្ហាសេដ្ឋកិច្ច ដែលជាបន្ទុកធំសម្រាប់អតីតពលករ និងក្រុមគ្រួសារ»។
លោកបន្តថា ពលករមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយត្រូវជ្រើសរើសរវាងការស្នាក់នៅកម្ពុជា ដែលឱកាសការងារហាក់កម្រ និងការត្រឡប់ទៅថៃវិញ ដើម្បីរកប្រាក់ចំណូល។
លោកបន្ថែមទៀតថា៖ «ទោះបីដឹងថាមានហានិភ័យ ប៉ុន្តែពួកគាត់ទៅប្រទេសថៃវិញ ព្រោះទីនោះនៅតែមានការងារ និងអាចរកប្រាក់ដោះស្រាយបំណុល»។
ការវិលត្រឡប់របស់ពលករមិនត្រឹមប៉ះពាល់ដល់ជីវភាពគ្រួសារទេ ប៉ុន្តែបានបង្កើតសម្ពាធថ្មីលើទីផ្សារការងារក្នុងស្រុក។ របាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា (CDRI) បានរកឃើញថា ប្រាក់ចំណូលជាមធ្យមរបស់ពលករបានធ្លាក់ពីប្រមាណ៤៣១ដុល្លារក្នុងមួយខែ នៅប្រទេសថៃ មកត្រឹម២៦៩ដុល្លារនៅកម្ពុជា។ ប្រហែល៧០ភាគរយនៃគ្រួសារដែលបានស្ទង់មតិ កំពុងមានបំណុល ហើយជាង ៨០ភាគរយនៃអ្នកជំពាក់ប្រាក់បានបញ្ជាក់ថា ពួកគេមានការលំបាកក្នុងការសងប្រាក់តាមពេលកំណត់។
របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក៏បានបង្ហាញនិន្នាការស្រដៀងគ្នា។ UNDP រកឃើញថា អត្រាគ្មានការងារធ្វើរបស់ពលករវិលត្រឡប់បានកើនពី ២២ភាគរយ មុនពេលត្រឡប់មកវិញ ទៅ៥១ភាគរយក្រោយការត្រឡប់។ ប្រាក់ចំណូលបុគ្គលជាមធ្យមបានធ្លាក់ពីប្រមាណ ៤០៩ដុល្លារក្នុងមួយខែ នៅថៃ មក២០០ដុល្លារនៅកម្ពុជា។ ៨៧ភាគរយនៃគ្រួសារដែលបានចូលរួមសិក្សា បាននិយាយថា ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះជាងមុន។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងបានសម្របសម្រួលការងារជូនពលករដែលវិលត្រឡប់ពីថៃ។ លោកថា ពលករវិលត្រឡប់ជាង ៦០ម៉ឺននាក់ ត្រូវបានភ្ជាប់ទៅនឹងឱកាសការងារតាមរយៈកម្មវិធីរដ្ឋ។ លោកបន្ថែមថា ក្រសួងក៏បានរៀបចំវេទិកាការងារនៅតាមមូលដ្ឋានជាច្រើន ដើម្បីភ្ជាប់រវាងអ្នកស្វែងរកការងារ និងនិយោជកក្នុងស្រុក។
ប៉ុន្តែអ្នកជំនាញថា បញ្ហាប្រឈមមិនអាចដោះស្រាយបានត្រឹមការផ្តល់ការងាររយៈពេលខ្លីនោះទេ។ ពួកគេថា ត្រូវការគោលនយោបាយរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាបំណុល ជំនាញការងារ និងការការពារសិទ្ធិពលករចំណាកស្រុក។
ខណៈពលករជាច្រើនបានត្រឡប់មកកម្ពុជា ក៏នៅមានពលករខ្មែរជាច្រើនទៀតដែលនៅបន្តធ្វើការនៅប្រទេសថៃ។ សម្រាប់ពួកគេ ការត្រឡប់មកវិញមិនមែនជាជម្រើសងាយស្រួលទេ។ បញ្ហាបំណុល ការខ្វះការងារ និងការទទួលខុសត្រូវចំពោះគ្រួសារ បានធ្វើឱ្យពួកគេបន្តនៅប្រទេសថៃ ទោះបីមានការព្រួយបារម្ភពីសុវត្ថិភាពក៏ដោយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរ គោរពសិទ្ធិ និងការពារសុវត្ថិភាពពលករខ្មែរ។ លោកថា ជម្លោះរវាងរដ្ឋាភិបាល មិនគួរប្រែជាការរើសអើងលើប្រជាពលរដ្ឋធម្មតា ដែលកំពុងរកស៊ីចិញ្ចឹមជីវិតនៅក្រៅប្រទេសនោះឡើយ។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «ពលករខ្មែរមិនគួររងទុក្ខដោយសារជម្លោះនយោបាយរវាងមេដឹកនាំប្រទេសទាំងពីរឡើយ»។
តាំងពីចាកចេញពីប្រទេសថៃ ត្រឡប់មកខេត្តបន្ទាយមានជ័យវិញ អ្នកស្រី ដែន ទំពាំង តែងតែរក្សារូបភាពផ្ទះរបស់គាត់ក្នុងទូរសព្ទ។ វាជារូបភាពនៃផ្ទះដែលគាត់បានចំណាយពេលជិត ១០ឆ្នាំ ក្នុងការរកប្រាក់សាងសង់ តែមិនច្បាស់ពីឱកាសថាបានចូលទៅរស់នៅ ឬយ៉ាងណា។
ដោយឡែក អ្នកស្រី ឆិល សុភាព ក៏នៅតែរង់ចាំថ្ងៃដែលកូនទាំងពីរអាចលោះយកលិខិតឆ្លងដែនរបស់ពួកគេមកវិញ ហើយត្រឡប់មកជួបគ្រួសារ។ ចំណែកអ្នកស្រី ញ៉ូវ គ្រាន់តែរំពឹងចង់បានផ្ទះមួយ មានដីមួយកន្លែង និងរស់នៅដោយគ្មានភាពភ័យខ្លាចរឿងត្រូវចាកចេញម្តងទៀត។
អ្នកស្រី ញ៉ូវ ថ្លែងថា៖ «ខ្ញុំមិនចង់បានអ្វីច្រើនទេ។ គ្រាន់តែចង់មានផ្ទះ មានដី ដែលអាចរស់នៅបានដោយមិនបារម្ភថា ថ្ងៃណាមួយនឹងត្រូវចាកចេញម្តងទៀត»៕









