អង្គការ-សមាគម និងសហគមន៍ជិត ៥០ស្ថាប័ន អំពាវនាវដល់តុលាការទម្លាក់បទចោទ និងដោះលែងយុវជន ធី ថន ឱ្យមានសេរីភាពវិញ ដោយពួកគេចាត់ទុកការផ្តន្ទាទោសទៅលើយុវជនរូបនេះ ដាក់ពន្ធនាគារ ៧ឆ្នាំ ថាជាទណ្ឌកម្មមួយធ្ងន់ធ្ងរចំពោះយុវជនដែលសកម្មក្នុងកិច្ចការងារសង្គម។
កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ចំពោះយុវជន ធី ថន ដែលជាអនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ពីបទ រួមគំនិតក្បត់ យោងតាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការ-សមាគម និងសហគមន៍ចំនួន ៤៧ ដែលចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញានេះ ចាត់ទុកការផ្តន្ទាទោសទៅលើយុវជន ធី ថន ថាជារឿងអយុត្តិធម៌ និងជាការដាក់ទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរទៅលើភាពសកម្មនិយមរបស់គាត់ ខណៈអំឡុងពេលសវនាការសាធារណៈ តុលាការហាក់មិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកលើរូបគាត់ ពាក់ព័ន្ធនឹងបទចោទ រួមគំនិតក្បត់ នេះ។
យុវជន ធី ថន ត្រូវបានគេស្គាល់ថាជាសកម្មជនសង្គមមួយរូប ដែលបានចូលរួមក្នុងកិច្ចការងារសង្គម និងសកម្មភាពការពារបរិស្ថានជាច្រើន ក្នុងនោះក៏មានការចូលរួមក្នុងយុទ្ធនាការរបស់ចលនាមាតាធម្មជាតិ ក្នុងការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បញ្ឈប់ការលុបបឹងធម្មជាតិ បញ្ឈប់ការបូមខ្សាច់ យុទ្ធនាការស្នើសុំដាក់កោះកុងក្រៅជាឧទ្យានជាតិ ក៏ដូចជាចូលរួមក្នុងការអប់រំ និងផ្សព្វផ្សាយអំពីសិទិ្ធពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍រួមយល់ថា៖ «ការផ្តន្ទាទោសដាក់ពន្ធនាគារនេះ គឺមិនគួរធ្វើឡើងចំពោះពលរដ្ឋទាំងអស់ដែលអនុវត្តសិទ្ធិជាមូលដ្ឋាន ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលប្រទេសកម្ពុជាទទួលស្គាល់ ក្នុងការបញ្ចេញនូវទស្សនៈ មតិ យោបល់ របស់ពួកគេចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងសង្គម ។ រាជរដ្ឋាភិបាលត្រូវតែគោរពសិទិ្ធរបស់ពលរដ្ឋ។ ភាពសកម្មនិយមចំពោះកិច្ចការពារបរិស្ថាន និងសង្គម មិនមែនជាបទឧក្រិដ្ឋនោះទេ គឺជាការអនុវត្តសិទ្ធជាមូលដ្ឋាន»។
ការណ៍នេះ ក្រុមអង្គការសង្គមស៊ីវិល និងសមាគមទាំង៤៧ បានអំពាវនាវដល់តុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ ដោះលែងយុវជន ធី ថន និងសកម្មជនសិទិ្ធមនុស្ស បរិស្ថាន និងសង្គមដទៃទៀត ដោយឥតលក្ខខណ្ឌ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងធានាថា សកម្មជនសិទិ្ធមនុស្ស សកម្មជនបរិស្ថាននិងសង្គម សកម្មជនព្រៃឈើ និងប្រជាពលរដ្ឋ មានលំហសេរីភាពពេញលេញ ក្នុងការអនុវត្តសិទិ្ធជាមូលដ្ឋានរបស់ខ្លួន ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងជួបជុំ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅលើយុវជន ធី ថន ហាក់ដូចជាការបំបាក់ស្មារតី ឬការបំភិតបំភ័យទៅដល់សកម្មជន និងយុវជនដែលសកម្មក្នុងការការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ធនធានធម្មជាតិ និងការងារសង្គមផ្សេងទៀត។ លោកថា ការបន្តឃុំខ្លួន និងផ្តន្ទាទោសលើសកម្មជនសង្គម លោក ធី ថន និងសកម្មជនផ្សេងទៀត មិនមានផ្តល់ផលចំណេញដល់កម្ពុជានោះទេ មានតែធ្វើឱ្យកម្ពុជារងការរិះគន់កាន់តែខ្លាំងពីការរំលោភសិទ្ធិមនុស្ស និងរឹតត្បិតលំហប្រជាធិបតេយ្យ។
លោកថា៖ «អង្គការសង្គមស៊ីវិលនៅតែអំពាវនាវដោយទទូចឱ្យមានការដោះលែងទៅលើលោក ធី ថន ក៏ដូចជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនការងារសង្គមផ្សេងៗទៀត ឱ្យមានសេរីភាព ដោយសារតែពួកគេអនុវត្តនូវសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដើម្បីជាការបង្ហាញនូវការបើកលំហសេរីភាពជាមូលដ្ឋាន ឬក៏សិទ្ធិជាមូលដ្ឋាន សេរីភាពនូវការបញ្ចេញមតិ លំហសេរីភាពសារព័ត៌មាន លំហសេរីភាពនយោបាយជាដើម ដើម្បីឱ្យកម្ពុជាយើងហ្នឹង មានការវិវឌ្ឍខាងប្រជាធិបតេយ្យ ទៅរកភាពល្អប្រសើរហើយនិងពេញលេញ ដែលត្រូវបានគាំទ្រដោយអន្តរជាតិ ព្រោះបច្ចុប្បន្ននេះ គឺយើងឃើញថាមានការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា មិនអាចសុំការអត្ថាធិប្បាយបានទេនៅថ្ងៃអង្គារនេះ ដោយលោកថាជាប់រវល់។
លោក ធី ថន ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធព្រឹត្តិការណ៍នៃសកម្មភាពរិះគន់ និងតវ៉ាជាសាធារណៈ ជាពិសេសតាមបណ្តាញសង្គម ជំទាស់នឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។ ក្រោយមកកិច្ចព្រមព្រៀងនោះ ត្រូវបានរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រេចដកខ្លួនចេញ។ យុវជន ធី ថន ស្ថិតក្នុងចំណោមមនុស្សជាង ៦០ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធព្រឹត្តិការណ៍ជំទាស់នឹងកិច្ចព្រមព្រៀងខាងលើនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងថា ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ជាឱ្យតុលាការផ្តន្ទាទោសយុវជន ធី ថន ដោយចោទថាជារួមគំនិតក្បត់នេះ ជារឿងអយុត្តិធម៌សម្រាប់យុវជនវ័យ ២៥ឆ្នាំ ដែលជាពលរដ្ឋសាមញ្ញធម្មតា និងមិនអាចទៅប្រព្រឹត្តអំពើក្បត់ជាតិបាន។ លោកថា អ្នកដែលអាចប្រព្រឹត្តអំពើក្បត់ជាតិ និងរួមគំនិតក្បត់បាន វាទាល់តែអ្នកនោះមានសិទ្ធិក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល ដូចជា នាយករដ្ឋមន្ត្រី សមាជិកសភា ឬជាស្ថាប័នដែលពាក់ព័ន្ធក្នុងការប្រថាប់ត្រាផ្សេងៗ អ្នកចុះលើសន្ធិសញ្ញាឬកិច្ចព្រមព្រៀងខុសច្បាប់ ពាក់ព័ន្ធរឿងព្រំដែន និងសំណុំរឿង CLV អ្នកដែលរំលោភរដ្ឋធម្មនុញ្ញ និងមិនគោរពឆន្ទៈប្រជាពលរដ្ឋជាដើម។
លោក ម៉ែន ណាត បន្តថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នហ៊ានចាប់ចងតែប្រជាពលរដ្ឋសាមញ្ញ និងសកម្មជនដែលហ៊ានបញ្ចេញមតិរឿងយុត្តិធម៌សង្គម ឯពួកមេឧក្រិដ្ឋជនឆបោកតាមអនឡាញដែលអន្តរជាតិចង្អុរមុខចង្អុរឈ្មោះចំៗ បែរជាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គ្មានចំណាត់ការទៅលើពួកគេ ដែលការណ៍នេះ វាបង្កគ្រោះថ្នាក់ដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោកថា៖ «បើចឹងវាសនាតើប្រទេសជាតិវាទៅជាយ៉ាងណា? វាសនាប្រទេសជាតិកម្ពុជារាល់ថ្ងៃហ្នឹងវាកាន់តែធ្ងន់ធ្ងរ ធ្លាក់ក្នុងមាត់ជ្រោះ ធ្លាក់ក្នុងហានិភ័យធ្ងន់ធ្ងរ ធ្លាក់ទី១គឺទទួលការឈ្លានពានពីប្រទេសជិតខាង[…] ទី២ប្រជាពលរដ្ឋកាន់តែជាប់គុកច្រើនទៅៗដោយសារតែការប្រើសិទ្ធិបញ្ចេញមតិ[…]វាទៅជារឿងអយុត្តិធម៌បាតណាបាតណីពេញសង្គមទាំងអស់[…] មួយទៀតវាសនាប្រទេសជាតិវាកាន់តែធ្លាក់ទន់ខ្សោយ ដោយសារអី? ដោយសារវិស័យសេដ្ឋកិច្ចហ្នឹងក៏វាស្រុតចុះ វិស័យវិនិយោគក៏បាត់បង់ ដោយសារគេបាត់បង់ជំនឿចិត្ត គេមិនហ៊ានដាក់ទុនមករកស៊ីស្រុកខ្មែរ ហេតុដោយសារកម្ពុជាវាល្បីល្បាញពេករឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ហើយមេខ្លោងធំៗដែលសហរដ្ឋអាមេរិកចុចឈ្មោះហ្នឹង ក៏មិនទាន់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ហ្នឹងចាប់អ្នកអស់ហ្នឹងដាក់គុកនៅឡើយទេ»។
ចំណែក លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សង្កេតឃើញស្រដៀងគ្នាដែរថា បញ្ហាស្មុគស្មាញ និងវិបត្តិចាក់ស្រេះក្នុងសង្គមកម្ពុជា ដោយសារប្រព័ន្ធដឹកនាំរដ្ឋ និងប្រព័ន្ធយុត្តិធម៌ ចាប់ចងតែសកម្មជនសង្គម និងសកម្មជនផ្សេងទៀត ដូចករណីលោក ធី ថន នេះជាដើម បើទោះជាសហគមន៍អន្តរជាតិបានរិះគន់ជាហូរហែរមក។ រីឯក្រុមឧក្រិដ្ឋជន មេខ្លោងឆបោក ដែលជាឧកញ៉ាគ្រាក់ៗ និងអ្នកពាក់ព័ន្ធនឹងអ្នកមានអំណាច បែរជារដ្ឋាភិបាលមិនស្រាវជ្រាវស៊ើបអង្កេតចាត់វិធានការទៅលើអ្នកទាំងអស់នោះ ហើយបណ្តែតបណ្តោយឱ្យពួកគេបន្តមានសេរីភាព នៅក្រៅសំណាញ់ច្បាប់ទៅវិញ។
លោកថា៖ «យើងឃើញហើយអំពីប្រព័ន្ធច្បាប់ ប្រព័ន្ធនយោបាយ ហាក់ដូចជាកំពុងតែធ្វើអ្វីៗតាមអំពើចិត្ត ដោយអត់មានអនុវត្តឱ្យត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ គោលការណ៍ច្បាប់ គឺគោលការណ៍យុត្តិធម៌ គឺធ្វើអ្វីៗដើម្បីការពារតែអំណាច ឬការពារនូវផលប្រយោជន៍បក្ខពួកនិយមតែប៉ុណ្ណឹងឯង»។
ដើម្បីដោះស្រាយបញ្ហាចាក់ស្រេះក្នុងសង្គម ទាំងលោក ករុណា និងលោក ម៉ែន ណាត នៅតែបន្តជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជន អ្នកជាប់ទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ កែលម្អប្រព័ន្ធយុត្តិធម៌ បើកលំហសិទ្ធិសេរីភាព ផ្សះផ្សាជាតិ ដើរតាមគន្លងប្រជាធិបតេយ្យ និងចាប់មេខ្លោងឆបោកដែលមានក្នុងបញ្ជីខ្មៅរបស់អន្តរជាតិ យកទៅផ្តន្ទាទោសតាមច្បាប់ ព្រមទាំងត្រូវផ្តល់យុត្តិធម៌ដល់ពលរដ្ឋរងគ្រោះដែលចាញ់បោកពួកឧកញ៉ាឆបោកផងដែរ បើពុំនោះទេ កម្ពុជានៅបន្តមានធ្លាក់ក្នុងហានិភ័យ និងមានឈ្មោះអាសោធនៅលើឆាកអន្តរជាតិ៕









