វិភាគ៖ ឡេង ណាវ៉ាត្រា ប្រគល់​ទ្រព្យ​ហើយ តើ​អ្នក​នៅ​ពី​ក្រោយ​មាន​អ្នក​ណា​ខ្លះ?

ការប្រកាសរបស់លោក ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា លោកអស់លទ្ធភាពបញ្ចប់គម្រោងបុរី 6A ហើយសម្រេចប្រគល់ទ្រព្យសម្បត្តិទាំងអស់ រួមមាន ដី យានយន្ត និងទ្រព្យផ្សេងៗ ឱ្យក្រសួងរៀបចំដែនដីចាត់ចែង គឺជាចំណុចបត់ដ៏សំខាន់មួយនៃវិវាទដែលបានអូសបន្លាយជាច្រើនឆ្នាំ។ លោកអះអាងថា គម្រោង 6A ទទួលបានចំណូលពីការលក់ប្រមាណ ១៨៥ លានដុល្លារ ប៉ុន្តែបានចំណាយរហូតដល់ប្រមាណ ២២១ លានដុល្លារ។

ទន្ទឹមនឹងនេះ លោកក៏បានប្រកាសព្រមទទួលខុសត្រូវចំពោះមុខច្បាប់ និងស្នើសុំបញ្ចប់គោរមងារជា «អ្នកឧកញ៉ា» របស់ខ្លួន ព្រមទាំងសាច់ញាតិ ៤នាក់ផ្សេងទៀត ដែលមានគោរមងារផងដែរ។ ការវិវត្តនេះបង្ហាញថា បញ្ហាគម្រោង 6A បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលមិនអាចដោះស្រាយត្រឹមការសន្យាថានឹងបន្តសាងសង់ដូចកន្លងមកបានទៀតឡើយ។

ប៉ុន្តែសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សំណួរសំខាន់មិនគួរបញ្ចប់ត្រឹមថា តើទ្រព្យសម្បត្តិរបស់លោក ឡេង ណាវ៉ាត្រា អាចយកទៅដោះស្រាយឱ្យជនរងគ្រោះបានប៉ុន្មាននោះទេ។ សំណួរធំជាងនេះ គឺ ហេតុអ្វីបញ្ហាដែលមានសញ្ញាព្រមានជាច្រើនឆ្នាំមកហើយ ទើបឈានមកដល់ស្ថានភាពនេះ? ហេតុអ្វីត្រូវរង់ចាំឱ្យអតិថិជនរាប់រយនាក់ចេញតវ៉ា បិទផ្លូវ និងស្រែករកយុត្តិធម៌ជាបន្តបន្ទាប់ ទើបរដ្ឋចូលមកដោះស្រាយបញ្ហាទ្រព្យសម្បត្តិ និងការបញ្ចប់គម្រោង?។

តាមការរាយការណ៍ អតិថិជនមួយចំនួនបានទិញផ្ទះតាំងពីឆ្នាំ២០២១ ហើយកិច្ចសន្យាមួយចំនួនកំណត់ឱ្យប្រគល់ផ្ទះនៅឆ្នាំ២០២៣ ប៉ុន្តែការសាងសង់បានយឺតយ៉ាវជាបន្តបន្ទាប់។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ អតិថិជនបានប្រកាសថានឹងធ្វើការតវ៉ាទ្រង់ទ្រាយធំ ដោយអះអាងថា អ្នកខ្លះបានបង់ប្រាក់គ្រប់ហើយ ប៉ុន្តែរង់ចាំផ្ទះជិត៥ឆ្នាំ។

បន្ទាប់មក នៅថ្ងៃទី១៥ ខែមករា ពលរដ្ឋជាង ១០០នាក់ បានប្រមូលផ្តុំ និងបិទផ្លូវមុខក្រសួងរៀបចំដែនដី ដើម្បីទាមទារឱ្យក្រុមហ៊ុនប្រគល់ផ្ទះ ដី ឬសងប្រាក់វិញ។ នៅពេលនោះ ក្រសួងក៏បានលើកឡើងពីការប្រមូលទ្រព្យសម្បត្តិ​ដីធ្លី​​​របស់លោក ឡេង ណាវ៉ាត្រា ដើម្បីយកថវិកាមកបន្តដោះស្រាយ។ ទោះជាយ៉ាងណា បញ្ហាមិនបានបញ្ចប់ក្រោយការ​​តវ៉ាទាំងនោះទេ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អតិថិជននៅតែបន្តត្អូញត្អែរ និងចោទថា ដំណោះស្រាយត្រូវបាន​អូសបន្លាយ ហើយមិនទាន់មានភាពច្បាស់លាស់ថា ពេលណាពួកគេនឹងទទួលបានផ្ទះ ឬសំណង។ នៅថ្ងៃទី៤ ខែកញ្ញា ក្រសួងរៀបចំដែនដី បានបន្តប្រគល់វិញ្ញាបនបត្រកម្មសិទ្ធិដល់អតិថិជនខ្លះក្នុងគម្រោង 6A ដែលសាងសង់រួច។ ប៉ុន្តែគ្រាន់តែ ៤ថ្ងៃក្រោយមក ម្ចាស់គម្រោងខ្លួនឯងបានប្រកាសថា អស់លទ្ធភាពបន្ត និងប្រគល់ទ្រព្យទាំងអស់ឱ្យរដ្ឋ។ លំដាប់ព្រឹត្តិការណ៍នេះ បង្ហាញថា វិបត្តិនេះមានភាពធ្ងន់ធ្ងរជាងការយឺតយ៉ាវសាងសង់ធម្មតា។

ចំណុចដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវឆ្លើយឱ្យបានច្បាស់ គឺការប្រគល់ទ្រព្យមិនគួរត្រូវយកមកធ្វើជាចំណុចបញ្ចប់នៃការស៊ើបអង្កេតទេ។ បើលោក ឡេង ណាវ៉ាត្រា អះអាងថា គម្រោងលក់បានប្រមាណ ១៨៥ លានដុល្លារ និងចំណាយដល់ ២២១ លានដុល្លារ រដ្ឋត្រូវធ្វើសវនកម្មឯករាជ្យ និងមានតម្លាភាព ដើម្បីដឹងថា ប្រាក់អតិថិជន​បានចូលប៉ុន្មាន ចំណាយលើអ្វីខ្លះ ទ្រព្យសម្បត្តិនៅសល់ប៉ុន្មាន បំណុលមានប៉ុន្មាន និងតើមានបុគ្គល ឬក្រុមហ៊ុនណាខ្លះពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រាក់ទាំងនេះ។

ជាពិសេស អាជ្ញាធរមានសមត្ថកិច្ចគួរពិនិត្យផងដែរថា តើមានសញ្ញាសង្ស័យណាមួយពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ការផ្ទេរប្រាក់ទៅក្រុមហ៊ុនពាក់ព័ន្ធ ការបង្វែរប្រាក់ទៅទិញទ្រព្យផ្សេងៗ ឬការលាក់បាំងម្ចាស់ផលប្រយោជន៍ពិតប្រាកដដែរឬទេ។ បើមានសញ្ញាសង្ស័យ ត្រូវបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ឱ្យដល់ប្រភពប្រាក់ ចលនា​ប្រាក់​ និង​អ្នក​ទទួល​ផល​ចុង​ក្រោយ។ ការ​លើក​ឡើង​ពី​លទ្ធភាព​នៃការលាងលុយកខ្វក់ មិនមែនមានន័យថា មាន​អ្នកណាម្នាក់មានទោសរួចហើយនោះទេ ប៉ុន្តែជាបញ្ហាដែលអាជ្ញាធរមិនគួរមើលរំលង នៅពេលមានចលនាប្រាក់រាប់​រយ​លាន​ដុល្លារ និង​មានជនរងគ្រោះច្រើន។

ដូច្នេះ ការប្រកាសទទួលខុសត្រូវដោយបុគ្គលម្នាក់ មិនអាចជំនួសការស៊ើបអង្កេតតាមច្បាប់បានទេ។ ការប្រគល់ទ្រព្យក៏មិនអាចឆ្លើយសំណួរទាំងអស់អំពីប្រាក់រាប់រយលានដុល្លារបានដែរ។ អាជ្ញាធរគួរត្រួតពិនិត្យប្រតិបត្តិការ​ហិរញ្ញ​វត្ថុ បញ្ជីទ្រព្យ បំណុល គណនីធនាគារ ក្រុមហ៊ុនពាក់ព័ន្ធ និងម្ចាស់ភាគហ៊ុន ដើម្បីដឹងថា ប្រាក់បានហូរទៅណា និង​អ្នកណាខ្លះបានទទួលផលប្រយោជន៍។

សម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះគឺជាពេលដែលត្រូវបង្ហាញថា ការអនុវត្តច្បាប់មិនបញ្ចប់ត្រឹមមនុស្សដែលចេញមុខទទួលខុសត្រូវនោះទេ។ ទ្រព្យសម្បត្តិដែលប្រគល់ឱ្យរដ្ឋត្រូវធ្វើបញ្ជីឱ្យបានច្បាស់ មានការវាយតម្លៃដោយ​តម្លាភាព និងបង្ហាញយន្តការថា ប្រាក់ដែលបានមកពីការលក់ទ្រព្យនឹងត្រូវយកទៅដោះស្រាយជូនជនរងគ្រោះដោយរបៀបណា។ សំខាន់ជាងនេះ រដ្ឋត្រូវស៊ើបថាតើមានអ្នកណាផ្សេងទៀតពាក់ព័ន្ធ ទទួលផលប្រយោជន៍ ឬមានតួនាទីក្នុងការគ្រប់គ្រងគម្រោង និងប្រាក់ទាំងនេះដែរឬទេ។ បើរកឃើញភស្តុតាង ត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែង។

បើរដ្ឋាភិបាលបញ្ចប់រឿងនេះត្រឹមការទទួលទ្រព្យពី លោក ឡេង ណាវ៉ាត្រា និងការបញ្ចប់គោរមងារ នោះសំណួរធំៗនឹងនៅតែមិនទាន់មានចម្លើយ។ តើប្រាក់រាប់រយលានដុល្លារបានទៅណា? តើមានអ្នកណាខ្លះពាក់ព័ន្ធ? តើមានអ្នកណាខ្លះទទួលផលប្រយោជន៍? ហើយហេតុអ្វីបញ្ហាត្រូវអូសបន្លាយរហូតដល់អតិថិជនត្រូវចេញតវ៉ាម្តងហើយម្តងទៀត?។

ពេលមានផលប្រយោជន៍ អាចមានមនុស្សជាច្រើននៅជុំវិញ ប៉ុន្តែដល់ពេលមានវិបត្តិ មិនគួរទុកឱ្យមនុស្សម្នាក់ចេញ​មុខ​​ទទួលខុសត្រូវទាំងអស់ ដោយមិនស៊ើបអង្កេតឱ្យដល់ឫសគល់នោះទេ។ ករណីនេះនឹងក្លាយជាការសាក​ល្បងធំមួយសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថាតើហ៊ានអនុវត្តច្បាប់ឱ្យស្មើគ្នា ស៊ើបដល់អ្នកពាក់ព័ន្ធទាំងអស់ និង​ដាក់ផលប្រយោជន៍របស់ជនរងគ្រោះនៅមុខឥទ្ធិពលរបស់អ្នកមានអំណាចឬអត់៕

ដោយ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ