ដីព្រៃ​ឡង់​ជាង​៣០០​ហិកតា​ទៀត​នៅ​ខេត្ត​កំពង់​ធំ​ក្លាយ​ជា​ដី​ចម្ការ​កៅ​ស៊ូ​របស់​អ្នក​មាន​អំណាច

សកម្មជន​​ការ​ពារ​​​ព្រៃ​ឡង់ ​អះ​អាង​​ថា សកម្ម​ភាព​​ឈូស​​ឆាយ​​ដី​​​ព្រៃ​ឡង់​​ជាង ៣០០ ហិកតា​ ឱ្យ​​ក្លាយ​​ជា​វាល ​ដើម្បី​​ទន្ទ្រាន​​​​យក​​​​ដី​​ដាំ​​កូន​​កៅស៊ូ ​និ​ង​​ដាំ​​ស្វាយ​​ចន្ទីរ ​នៅ​​ចំណុច​​តំបន់​​អូរ​គគីរ ​ឃុំ​​សុចិត្រ​ ស្រុក​​សណ្តាន់ ​ដោយ​​ក្រុម​​អ្នក​​មាន​​លុយ​​​មាន​​អំណាច​​នៅ​​​ពី​​ក្រោយ​​ខ្នង ​កំពុង​​បំផ្លាញ​​ប្រព័ន្ធ​​អេកូ​ឡូស៊ី​ធ្ង​ន់​ធ្ងរ​ ក្នុង​​ដែន​​អភិរក្ស​​ដែល​​គ្រប់​គ្រង​​ដោយ​​ក្រសួង​​​បរិស្ថាន។

ពលរដ្ឋ​​រស់​​នៅ​​​ស្រុក​​សណ្តាន់ ​ខេត្ត​កំពង់ធំ ​ជាប់​ដែន​ជម្រក​សត្វ​​ព្រៃឡង់ ​ថ្លែង​សុំ​លាក់​​ឈ្មោះ​​ព្រោះ​​បារម្ភ​​​ពី​​សុវត្ថិ​ភាព​ ប្រាប់​​​វីអូឌី ​នៅ​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​​ថា​ ការ​​បំផ្លាញ​​ធន​ធាន​​ធម្ម​ជាតិ​​ទ្រង់​ទ្រាយ​​ធំ​​នេះ ​បង្កើត​​ឱ្យ​​មាន​​អយុត្តិ​ធម៌​​សង្គម​​ ស្រប​​​ពេល​​ដែល​​ក្រុម​​អ្នក​​មាន​​លុយ​​មាន​​អំណាច​ នៅតែ​​ឈូសឆាយ​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​​អស់​រាប់​រយ​ហិកតា​ ដើម្បី​​ទន្ទ្រាន​​​យក​​ដី ដោយ​​គ្មាន​​ទោស​​ទណ្ឌ​ ​ផ្ទុយពី​រាស្ត្រ​ក្រីក្រ​។ ​

លោក​ថា គ្រាន់​តែ​ដែន​ជម្រក​សត្វ​ព្រៃឡង់​មួយ​ជ្រុង ​នៅ​តំបន់​​អូរគគី ​ក្នុង​​ភូមិ​​សុចិត្រ ស្រុក​​សណ្តាន់​ ត្រូវ​ក្រុម​អ្នក​មាន​​​លុយ​មាន​អំណាច​​ជួល​កម្មករ​ឈូសឆាយ និង​កាប់ឆ្ការ​ ឱ្យ​ក្លាយ​ជា​វាល​រហោឋាន​អស់​​ជាង​ ៣០០ហិកតា នៅ​រយៈ​​ពេល​​ជាង ៣ ឆ្នាំកន្លងទៅនេះ។

លោកថា៖ «ដីដែលអ្នកមានលុយ​គេឈូ​ស​ឆាយ​នេះ​គ្រាន់​តែ​មួយ​កន្លែង នៅ​មាន​ប៉ុន្មាន​កន្លែង​ផ្សេងៗ​ទៀត។ ឯ​គេ​អ្នក​មាន​លុយ​សុទ្ធ​តែ​នៅ​ឯណា ដី​នេះ​ពី​មុន​តំបន់​សហគមន៍ ឥឡូវ​នេះ​ខេត្ត​មិន​ឱ្យ​មាន​ធានា​ការ​អី​ទេ អត់​មាន​ប្តឹង​ទៅ​តុលាការ អត់​មាន​ធ្វើ​អ្វី​ទាំង​អស់។ គេ​ដាំ​កៅស៊ូ កៅស៊ូ​ទើប​តែ​ប៉ុនៗ​មេ​ជើង​ទេ ចឹង​វា​អយុត្តិធម៌​ណាស់។ បាន​ជា​ខ្ញុំ​ចេះ​តែ​ទើស ចេះ​តែ​និយាយ​ហ្នឹង ថា​ចាប់​បាន​តែ​អ្នក​ក្រ​ហ្នឹង អ្នក​មាន​កម្រ​ចាប់​បាន​ណាស់ វា​សារ​តែ​អ៊ីចឹង»។

ថ្មីៗ​នេះ អ្នក​សារ​ព័ត៌​មាន​មួយ​ក្រុម និង​ពលរដ្ឋ​ បាន​ធ្វើ​ដំណើរ​ដល់​ទីតាំង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ ចំណុច​អូរគគីរ ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ក្បែរ​ភ្នំជី ​ជាប់​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ ​ប្រទះ​ឃើញ​​ដី​​ព្រៃ​ឡង់​​យ៉ាង​​ហោច​​ណាស់ ​៣០០​ ហិកតា ​បាន​​ក្លាយ​​ជា​​ដី​​ចម្ការ​​កៅស៊ូ ​និង​ចម្ការ​ចន្ទីរ​ ដែល​ទើប​តែ​ដាំ​ធំ​ល្វឹងល្វើយ ​មើល​ដាច់​កន្ទុយ​ភ្នែក។

សកម្មជន​ការពារ​បរិស្ថាន លោក អ៊ុក ម៉ៅ ដែល​ធ្លាប់​ចុះ​ល្បាត​ព្រៃឡង់​នៅ​តំបន់​នោះ​ សង្កេត​ឃើញ​ថា​ ដែន​​ជម្រក​​សត្វ​​ព្រៃ​ឡង់​​នៅ​​តំបន់​​នោះ ​រ​ងគ្រោះ​​​ធ្ងន់​ធ្ងរ​​ជាង​​គេ ​ប៉ះ​ពាល់​​ជម្រក​​សត្វ​​ព្រៃ​ រុក្ខ​ជាតិ​​កម្រ ​និង​​រុក្ខ​ជាតិ​ធ្វើជា​​​ឱសថ​​បុរាណ​​ខ្មែរ ហើយ​​ជំនួស​​មក​​វិញ​ដំណាំ​​កៅស៊ូ ​ឬ​​​ស្វាយ​​ចន្ទី​ ជា​​កម្ម​សិទ្ធិ​​របស់​​ក្រុម​​អ្នក​​មាន​​លុយ​មាន​​អំណាច។

លោក​​ថា នៅ​​ពេល​​ជម្រក​​សត្វ​​ព្រៃ​​រួម​​តូច ​ស​ត្វ​​ព្រៃ​​កម្រ​​ជា​​ច្រើ​ន​​ប្រភេទ​​បាត់​បង់​​ប្រភព​​អាហារ ប៉ះ​ពាល់​ជម្រក​ ហើយ​សត្វ​​ព្រៃ​ខ្លះ​ទៀត ​បង្ខំ​​ចិត្ត​​ដើរ​​ចូល​​ក្នុង​​ចម្ការ​របស់​អ្នក​​ភូមិ​ ​បង្ក​​ហានិភ័យ​ដល់អា​យុ​ជីវិត។

លោក អ៊ុក ម៉ៅ និយាយថា៖ «ខ្ញុំ​សូម​សំណូមព​រ​ទៅប្រ​មុខ​ថ្នាក់​ដឹក​​នាំ ឱ្យ​មើល​អ្នក​មាន​លុយ អ្នក​មាន​ខ្សែ​​បក្ស​ពួក ហើយ​ដាក់​បន្ទុក​គាត់​បន្តិច​ទៅ ដើម្បី​សេស​សល់​ព្រៃ​ឈើ។ ពិនិត្យ​ការ​ជាក់​ស្តែង​ហ្នឹង​ ពលរដ្ឋ​ខ្សត់​ខ្សោយ​គាត់​អត់​ហ៊ាន​កាប់​រុក​រាន​ទេ ច្រើន​តែ​អ្នក​មាន​ខ្សែ​មាន​បក្ស​មាន​ពួក​ចឹង​ទៅ។ ដល់​ពេល​អនុ​វត្ត អនុ​វត្ត​តែអ្ន​ក​តូច​តាច​ហ្នឹង ជាប់​គុក​ជា​ប់ច្រ​វាក់ ជាប់​តែ​អ្នក​តូចៗ ចឹង​អ្នក​ក្រ​»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក អោង ប៊ុន​ធឿន បាន​​នៅ​​ឡើយ​​ទេ គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​​នេះ។

តែ​ទោះ​យ៉ាង​ណា ជុំ​វិញ​ករណី​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា​ ទីតាំង​​កើត​​ហេតុ​​កើត​​ឡើង​​តាំង​​ពី​​​ឆ្នាំ​​២០២១ ​រហូត​​មក​​ដល់​​ឆ្នាំ​​២០២៥ ​មាន​សកម្មភាព​ផ្លាស់​ប្តូរ​ដំណាំ ​ហើយ​ក្រុម​ការងារ​ជំនាញ​បាន​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់​រួច​ហើយ ​ក៏ប៉ុន្តែ​ពុំ​មាន​វិធានការ​អ្វី​នោះ​ទេ​ ដោយសារ​ទីតាំង​នោះ​ បាន​កំណត់​ស្ថិត​ក្នុង​តំបន់​សហគមន៍។ បន្ថែម​​ពី​​នេះ ​តំបន់​​កាប់​​រាន​​នោះ ពុំ​​មាន​​សកម្ម​ភាព​​ពង្រីក​​​បន្ត​​ទៀត​នោះ​​ឡើយ។

ជុំ​វិញ​រឿង​នេះ ​សកម្មជន​សិទ្ធិ​មនុស្ស ​និង​ធនធាន​ធម្មជាតិ លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​​ថា​ មន្ត្រី​បរិស្ថាន​ដែល​ឈរ​ជើង​​យាម​​ព្រៃឡង់ ​ហាក់​មិន​បាន​បំពេញ​តួនាទី​ និង​ភារកិច្ច​តាម​បទ​បញ្ជា​របស់ប្រមុខ​រដ្ឋាភិបាល​ចាត់​តាំង​នោះ​ឡើយ​។ លោក​​ថា ប្រសិន​​បើ​​គ្មាន​​ការ​​បើក​​ដៃ​​ពី​​មន្ត្រី​​ជំនាញ​ ​ក្រុម​​អ្នក​​មាន​​អំណាច មិន​​អាច​​កាប់​​ទន្ទ្រាន​​ព្រៃ​​ទ្រង់​​ទ្រាយ​​​ធំ​​នេះ​​បាន​ដែរ។

លោក ប៊ី វ៉ាន់នី ថ្លែងថា៖ «មន្ត្រី​បរិស្ថាន​នៅតំ​បន់​នោះ​ ឬ​ក៏​ប្រធាន​អនុរក្ស ឬ​ក៏​ប្រធាន​មន្ទីរ​នៅ​ក្នុង​ខេត្ត​ហ្នឹង ឱ្យ​គាត់​មាន​ការ​ទទួល​ខុស​ត្រូវ ជាពិសេស ព្រះរា​ជ​អាជ្ញា​ដែល​មាន​តួនាទី​ជា​អ្នក​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ហ្នឹង គាត់​ត្រូវ​តែ​ធ្វើកា​រ​ស៊ើប​អង្កេត​ទៅ​លើប​ញ្ហា​ទាំង​អស់​ហ្នឹង ដើម្បី​រឹប​អូស​យក​ដី​របស់​រដ្ឋ​ហ្នឹង មក​ទុក​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​វិញ។ យើង​សង្ឃឹម​ថា រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ក៏​ដូច​រាជ​រដ្ឋាភិ​បាល នឹង​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ហើយ​នឹង​ធ្វើកា​រ​អនុ​វត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​របស់​ខ្លួន​ឯង​ ក៏​ដូច​ជាអ្ន​ក​ពាក់​ព័ន្ធ​ដែល​ផ្សំ​គំនិត​លើ​ការ​កាប់​រុក​រាន​ដី​ព្រៃ​នេះ»។

របាយការណ៍របស់អង្គការ Global Forest Watch (GFW) ឱ្យ​ដឹង​ថា កម្ពុជាបាត់​បង់​គម្រប​​​ព្រៃ​ឈើ​ នៅ​​តំបន់​​ព្រៃឡង់​​អស់​​រាប់​​ម៉ឺន​​ហិកតា ចាប់​​តាំង​​​ពី​​ឆ្នាំ​២០០១​មក​ ហើយ​​អត្រា​​ការ​​ថយ​​ចុះ​​នេះ​​កើន​​ឡើង​​ខ្លាំង​​នៅ​​ចន្លោះ​​​ឆ្នាំ ២០១៦ ដល់ឆ្នាំ​២០២៣-២០២៤ ឋិតក្នុងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹង​ត្រែង។

ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​មាន​ផ្ទៃដី​ជិត ៥សែន (៤៨៩.៦៦៣)ហិកតា ជាប់​​ខេត្ត​​ចំនួន៤ រួម​​មាន ខេត្ត​ក្រចេះ ស្ទឹង​ត្រែង ព្រះ​វិហារ និង​​កំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​​ជា​​តំបន់​​​ដែន​ជម្រក​សត្វព្រៃ​នៅ​ក្នុង​ឆ្នាំ២០១៦។ ព្រៃ​នេះ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​ការ​​ផ្គត់​ផ្គង់​​ជីវភាព​ពលរ​ដ្ឋ​​រស់​នៅ​​ជុំវិញ​​តំបន់​​នោះ ជាង ២សែន​​នាក់ ភាគ​​ច្រើន​​ជា​​ជន​ជាតិ​​ដើម​​ភាគ​​តិច​​កួយ។

ក៏ប៉ុន្តែរយៈពេលជាង១០ ឆ្នាំ​មកនេះ ព្រៃឡង់​នៅ​តែ​​រង​​ការ​​កាប់​​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្ម​​សិទ្ធិ​កាន់តែ​ច្រើន​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ