កម្មករ​រាប់​ពាន់​នាក់​នៅ​រោង​ចក្រ​យីដា តវ៉ា​ឱ្យ​​ដក​​ជំនួយ​​ការ​រដ្ឋបាល​​ដែល​ប្រមាថ​កម្មករ​ និង​ដំឡើង​ថ្លៃ​បុង

កម្មករ-កម្មការិនី​ជា​ច្រើន​ពាន់​នាក់ បម្រើ​កា​រ​ងារ​​​នៅ​​រោង​​ចក្រ​យីដា ដែល​មាន​ទីតាំង​​​នៅ​ឃុំ​ឈើ​​ទាល ស្រុក​​កៀន​ស្វាយ ខេត្ត​កណ្តាល បាន​ផ្ទុះ​ការ​តវ៉ា​ទ្រង់​ទ្រាយ​​​ធំ​បិទ​កំណាត់​​ផ្លូវ​​លេខ​​១១០​ មុខ​​រោង​​ចក្រ ទាម​ទារ​ឱ្យ​​ថៅកែ​​​​​បញ្ឈប់​​ជំនួយ​​ការ​​រដ្ឋបាល​​ម្នាក់​ដែល​​​បាន​​ប្រមាថ​​កម្មករ និ​ង​ទាម​ទារ​​​ឱ្យ​ដំឡើង​លុយ​​ថ្លៃ​​បុង។​

កម្មការិនី​​បម្រើការ​ងារនៅរោង​ចក្រ​យីដាជិត​១០ឆ្នាំ​​ អ្នកស្រី សែន ធានី បានឱ្យ​ដឹងថា កម្មករ​-កម្មការិនីរោង​​​​ចក្រ​​​ដេរ​សម្លៀក​បំពាក់​ខោប៊យ​​ប្រមាណ ៧ពាន់នាក់ បាន​ផ្ទុះការ​តវ៉ា​នៅព្រឹកព្រលឹម​ថ្ងៃទី០៩ ខែ​កញ្ញា​ ឆ្នាំ​២០២៦នេះ ដោយ​សារ​តែ​មិន​អាច​ទ្រាំ​នឹង​ការ​ប្រមាថ​របស់​ជំនួយ​ការ​រដ្ឋបាល​រោង​ចក្រ​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ យូ បូរ៉ា ​មកលើ​កម្មករ ខណៈការ​ដេរគិត​ជា​លុយ​បុងរបស់ពួកគាត់ទៀត​សោត​​ ក៏មានការ​បាត់​ជា​​​រៀង​រាល់​ខែ។ ការណ៍នេះ កម្មករ​ទាម​ទារ​ឱ្យខាង​រោង​ចក្រ​​បញ្ឈប់​ជំនួយ​ការ​រូបនេះ ពីការងារ និង​គិត​គូរ​ថ្លៃ​​បុង​ឱ្យ​​ត្រឹម​ត្រូ​វឡើងវិញ។

អ្នកស្រីថា៖ «កម្មករអត់​សុខ​ចិត្ត​ [ជំនួយ​ការរដ្ឋបាល​]ដៀលកម្មករចឹង​ ផុសក្រដាស​លុយ​មកដៀលកម្មករ​ចឹង កម្មករ​​អត់​​សុខ​ចិត្ត​ទេ​ សុំដកគាត់​ចេញម៉ង​ ពីការងារហ្នឹង​ ហើយ​លុយ​បុង​ភាគរយ​បានច្រើន បើក​ប្រាក់​​​​ខែ​មក​បានតិច[…]ខ្ញុំ​ចង់បានពីរ​ចំណុច ដកគាត់ចេញ​មួយ និង​លុយ​បុង​ខ្ញុំ​ លុយ​បុង​ឱ្យគិត​សារឡើង​វិញ»។

កម្មការិនីរោង​ចក្រយីដាមួយ​រូបទៀត អ្នកស្រី អ៊ុន ស្រីលីន និយាយថា​ កម្មករ​បានតវ៉ា​ទាមទារឱ្យ​បញ្ឈប់ជំនួយ​ការ​រដ្ឋបាល និង​ដោះស្រាយ​លក្ខខណ្ឌ​មួយចំនួន​ ​នៅក្នុង​រោង​ចក្រ​ចំនួន ២ថ្ងៃ​មកហើយ ប៉ុន្តែ​ទទួលបានលទ្ធផលវិជ្ជ​មាន​តិច​តួច ទោះពួកគាត់​នាំគ្នា​​ចេញតវ៉ាទ្រង់ទ្រាយ​ធំ​នៅក្រៅ​រោង​ចក្រ​នា​ថ្ងៃពុធ​នេះ​បន្ថែម​ទៀត។

អ្នកស្រីថា៖ «ពួកខ្ញុំតវ៉ាដកបងបូរ៉ា អ្នកអូហ្វីស HR គាត់​និយាយ​ពាក្យអត់ពិរោះជាមួយ​កម្មករ​ ហើយ​ទី​២ពួកគាត់​ចង់តវ៉ា​​លុយបុង​របស់គាត់ ពួកគាត់​ចង់​បាន​ពីរចំណុចហ្នឹង​ទេ ចឹង​តវ៉ា​រយៈពេល​៣ថ្ងៃ​ហើយគាត់​អត់​ទាន់ដោះស្រាយ​​ចេញទេ»។

ចំណែក អ្នកស្រី ឆាន ចន្នី ប្រធានសហព័ន្ធ​​សហជីពកម្ពុជា​ប្រចាំរោងចក្រយីដា ក៏បាន​ឱ្យ​ដឹង​ដែរ​ថា អំឡុង​ការ​តវ៉ា​នៅក្នុង​រោង​ចក្រ​នៅថ្ងៃទី០៨ ខែ​កញ្ញា ម្សិលមិញ ខាង​មន្ទីរការ​ងារ​ខេត្តកណ្តាល បានចុះមក​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​​បាន ៣ចំណុច ក្នុងចំណោម​ ៤ចំណុចដែលកម្មករ​បានទាមទារ។ ហើយ​មួយ​ចំណុច​​ដែល​នៅសល់​នោះ គឺ​ខាង​​រោង​ចក្រ​មិន​ព្រមបញ្ឈប់​ជំនួយ​ការ​រដ្ឋបាល​ឈ្មោះ យូ បូរ៉ា នោះទេ ទើប​កម្មករ​នាំ​គ្នា​ផ្ទុះការតវ៉ាទ្រង់ទ្រាយ​ធំនៅ​ថ្ងៃ​នេះ ហើយ​បន្ថែមកា​រទាមទារ​មួយចំណុច​ទៀត គឺ​ទាមទារ​ឱ្យ​រោង​ចក្រដំឡើង​ថ្លៃ​​បុងឡើង​វិញ។

មន្ត្រីតំណាង​ក្រសួង​ការ​ងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​បានចុះទៅសម្រប​សម្រួល​រកដំណោះស្រាយ​​នៅរោង​ចក្រ​យីដា ដែលមិនបានបញ្ជាក់​ឈ្មោះ បានប្រាប់​កម្មករ​ថា ជុំវិញ​ការស្នើសុំរបស់កម្មករ​ទាំង​២ចំនុច ​បានដោះស្រាយ​សះ​ជា​​ហើយ ហើយ​ខាង​ជំនួយ​ការ​រដ្ឋបាល​ឈ្មោះ យូ បូរ៉ា ស្ម័គ្រ​ចិត្ត​លា​ឈប់​ពីការ​ងារ​ដោយ​ខ្លួន​ ចាប់ពីថ្ងៃនេះទៅ ហើយ​ការ​សុំ​ឱ្យ​ពិនិត្យថ្លៃ​បុងឡើងវិញ​ទាំង​អស់ ក៏ខាង​រោ​ងចក្រ​យល់​ព្រមតាម។

លោកថា៖​ «ចឹង​អ្វី​ដែល​​ប​ងប្អូ​ន​​ទាមទារ គឺយើង​បានដោះ​(ស្រាយ)​ចប់រួច​រាល់ ចឹង​បងប្អូនអាច​ចូលធ្វើការ​វិញ​នៅថ្ងៃនេះ ទាន់ទេ ម៉ោង១២ ករណីដែល​បងប្អូន​អត់ចូល​ធ្វើការ ថ្ងៃនេះគឺ​សម្រាក​មួយ​ថ្ងៃ ហើយ​ការ​ឈប់​​សម្រាក​នេះគឺ​​យើង​​ទូទាត់ដោះដូរ​នឹ​ងបំណាច់ឆ្នាំ​ដែលយើង​មាន[…]ឥឡូវ​ឈប់​ធ្វើ(ការតវ៉ាបិទ​ផ្លូវ​)​ខុស​ច្បាប់​ទាំង​អស់​គ្នា ហើយ​បើក​ផ្លូវ​»។

ការ​ពីថ្ងៃម្សិលមិញ កម្មករ-កម្មការិនីរាប់រយនាក់ បម្រើការ​ងារ​នៅ​រោងចក្រលានហ្វា និង​ប៉ូលស្តា ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់ ក៏បាន​​​ប្រមូល​ផ្តុំ​តវ៉ា​​បិទ​កំណាត់​​ផ្លូវជាតិលេខ៥ រយៈពេលខ្លីផងដែរ ​ទាមទារឱ្យ​រោង​ចក្របញ្ឈប់មេរដ្ឋបាល​​ដែលប្រើពាក្យ​សម្តីអសុរោះ និង​កាយ​វិការ​មិនសមរម្យ​ដាក់​កម្ម​ករ​។ ក្រោយ​ការ​តវ៉ា​ ខាង​មេរដ្ឋបាលរូបនោះ ក៏បានលា​ឈប់ការ​ងារ​ ហើយកម្មករ​បានឯកភាព​ចូល​ធ្វើ​ការ​វិញ​នៅថ្ងៃទី០៩ខែកញ្ញានេះ។

ជុំវិញការ​ប្រើ​ពាក្យមិនសមរម្យ​លើកម្មករពីសំណាក់រដ្ឋបាល​ និងអ្នកគ្រប់គ្រ​ងនៅតាមរោង​ចក្រ​មួយចំនួន​នេះដែរ ​កាលពី​​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៦ ​ក្រសួ​​ងការ​​ងារ បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន ​ក្រើនរំលឹក​​​​​ដល់​អ្នកគ្រប់គ្រង មេការ និង​​អ្នកបកប្រែនៃ​សហគ្រាស ក្រុម​​ហ៊ុន រោង​ចក្រ ជា​ពិសេស​​ជន​​បរទេស​ ត្រូវ​គោរព​​ឱ្យ​បាន​នូវ​សុជីវធម៌ វប្ប​ធម៌ ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ និង​ចៀសវាង​ដាច់​ខាត​​នូវ​ការ​ប្រើ​ប្រាស់​អាកប្បកិរិយា​ និង​ពាក្យ​សម្តី​មិន​សម​រម្យ​នៅ​​កន្លែង​​ការ​ងារ។

ក្រសួង​បន្តថា ក្នុងករណីរកឃើញ​ ឬទទួល​បាន​ពាក្យ​បណ្តឹង​ អំពី​កា​រប្រើ​ប្រាស់​អាកប្ប​កិរិ​​យា​ និង​ពាក្យ​សម្តី​មិន​សម​រម្យ​នោះ ក្រសួង​នឹង​ចាត់​វិធានការ​តាមច្បាប់​ជាធរមាន ហើយ​សម្រាប់​ជនបរទេស នឹង​ប្រឈម​កា​រ​​ដក​​ហូត​បណ្ណការងារ​ និង​បណ្តេញ​​ចេញ​ពី​កម្ពុជា។

អ្នកគ្រប់គ្រ​ងកម្មវិធីការ​ងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បានលើកឡើង​ថា កា​រប្រើប្រាស់​ភាសាអសុរស ការ​ជេរប្រមាថនៅកន្លែងការ​ងារ​ក្នុងស​ហគ្រាស​រោង​ចក្រ​នេះ មិនមែនជា​រឿង​ថ្មីនោះទេ ហើយ​ទម្រង់​ទាំង​អស់​នេះ ត្រូវ​បានចាត់ថ្នាក់ក្នុងកំហុ​ស​ធ្ងន់​ ដូច្នេះ​ត្រូវ​មានវិធានការ​តឹង​រឹង​ក្នុងការ​ទប់ស្កាត់ លុប​បំបាត់​ និង​ធ្វើយ៉ាងណា​ឱ្យកា​រអនុវត្ត​ច្បាប់មាន​ប្រសិទ្ធភាព។

លោក​បន្តថា​ ក្នុងករណីមានរឿង​នេះកើតឡើង ក្រសួង​ត្រូវ​មានយន្តកា​រជាក់លាក់​ក្នុងកា​រទទួល​បណ្តឹង និង​ត្រូវ​ចុះធ្វើអធិការកិច្ចជាប្រចាំ និងដោះស្រាយ​ជាប្រព័ន្ធ​ ក្នុងការ​​​លុប​បំបាត់​ទម្រង់​នៃ​ការ​​​ប្រើ​​ប្រាស់​អាកប្បកិរិយា ​ភាសា​​​ឬ​ពាក្យ​សម្តី​បែប​ហិង្សា​ និង​​ការ​បៀតបៀន​ ទៅ​​លើ​​កម្មករនិយោជិត​នៅកន្លែង​ការ​ងារ ព្រមទាំង​ត្រូវ​ដាក់ពិន័យ​​ និង​ការ​ដាក់ទោស​ទណ្ឌ​ចំពោះបុគ្គលដែលប្រព្រឹត្ត​ឱ្យ​បាន​តឹងរឹង ទើបអាច​មានប្រសិទ្ធភាព។

លោកថា៖ «ចឹង​ដើម្បីលុបបំបាត់បញ្ហា​នេះ ខ្ញុំគិតថា​ យន្តការ​នៃការ​ដោះស្រាយ​បណ្តឹង​ដែលកើត​មានឡើង​ ហើយ​ការ​ទប់ស្កាត់ដោយ​មានការ​ឆ្លើយ​តប​ ហើយ​ដោះស្រាយជា​បន្ទាន់ហ្នឹង ជា​រឿង​ដែល​សំខាន់​ ហើយ​មិនអាច​ទៅដោះស្រាយករណីមួយ​បាន​ទេ ពីព្រោះថារោង​ចក្រ​សហគ្រាស​វាមានរាប់ពាន់​​គ្រឹះស្ថាន​សហគ្រាស ជាពិសេស​នៅក្នុង​វិស័យ​វាយ​នភណ្ឌ​កាត់​ដេរ ដេរស្បែក​ជើង ផលិត​ធ្វើ​ដំណើរ​នេះ កម្មករ​ភាគច្រើនហើយ​ដែលគាត់​ជួបប្រទះនូវ​​បទ​ពិសោធន៍ទាំង​អស់​ហ្នឹង»។​

បើតាមសហជីពមួយចំនួន ការ​ជេរប្រមាថ​ ឬបើពាក្យសម្តី និងកាយវិការ​មិន​សម​រម្យ​លើ​កម្មករ​និយោជិត គឺជា​​បញ្ហា​​ដែល​ជះឥទ្ធិពល​លើ​កិត្តិយស បញ្ហាផ្លូវ​ចិត្ត​ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស​គ្រប់គ្នា។អំពើជេរប្រមាថមិនថាធ្វើឡើង​​ចំពោះ​កម្មករ ឬដោយកម្មករនោះទេ គឺអាច​ប្រឈម​មុខ​នឹង​ការ​ពិន័យ​អន្តរ​ការណ៍ ការ​បណ្តេញ​​​ចេញ​ពីកា​រ​ងារ​ដោយ​​​គ្មាន​​​សំណង ឬ​ការ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ