ជើង​ហោះ​ហើរ​ដឹក​លោក ហ្សេឡេនស្គី ទៅ​ន័រវែស ត្រូវ​ពន្យារ​​ពេល​​នៅ​​ម៉ល់​​ដាវី ដោយ​សារ​ដ្រូន​របស់​រុស្ស៊ី

ជើង​ហោះ​ហើរ​ដែល​ត្រូវ​ដឹក​ប្រធានាធិបតី​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ពី​ប្រទេស​ម៉ល់​ដាវី ទៅ​កាន់​ប្រទេស​ន័រវែស ត្រូវ​បាន​ពន្យារ​ពេល នៅ​ពេល​ដែល​អាជ្ញាធរ​បាន​បិទ​ដែន​អាកាស​របស់​ម៉ល់​ដាវី ដោយ​​សារ​តែ​ការ​បំពាន​ពី​ដ្រូន។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល​កាល​ពី​ថ្ងៃទី​៩ខែ​កញ្ញា។

នគរបាលម៉ល់ដាវី បានឱ្យដឹ​ង​ថា ដ្រូន​របស់​រុស្ស៊ី​មួយ​គ្រឿង​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​អង្គារ នៅ​លើ​វាល​ផ្កាឈូក​រ័ត្ន​ នា​ជាយ​ភូមិ​​មួយ​ក្នុង​ស្រុក Riscani ដែល​បាន​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ចំនួន ៤ កន្លែង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​នោះ​​ទេ។

កាលពីថ្ងៃទី​៩ខែ​កញ្ញា អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល លោក Dumitru Ciorici បាន​ឱ្យ​ដឹង​ថា ប្រទេស​ម៉ល់​ដាវីបាន​បិទ​ដែន​អាកាស​របស់​ខ្លួន​ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ដើម្បី​ការ​ពារ​យន្ត​ហោះ​ដែល​កំពុង​ហោះ​ហើរ​លើ​ប្រទេស​នៅ​ពេល​នោះ ដែល​ធ្វើ​ឱ្យ​ជើង​ហោះ​ហើរ​ចេញ​ដំណើរ​ចំនួន ៣ ត្រូវ​ពន្យារ​ពេល រួម​ទាំង​ជើង​ហោះ​ហើរ​ដឹក​លោក ហ្សេឡេនស្គី ផង​ដែរ។

អាជ្ញាធរម៉ល់ដាវី បានបញ្ជាក់ថា ដ្រូននោះបានធ្លាក់ និងផ្ទុះនៅចម្ងាយ ១០០ ម៉ាយល៍ ពីអាកាសយានដ្ឋានអន្តរ​ជាតិ Chișinău។ ការរឹតបន្តឹងដែនអាកាសត្រូវបានលុបចោលវិញ ហើយយន្តហោះរបស់លោក ហ្សេឡេនស្គី បានហោះចេញដំណើរបន្ទាប់ពីការពន្យារពេលនោះ។

ដ្រូនដែលបានចូលទៅក្នុងដែនអាកាសម៉ល់ដាវី កាលពីថ្ងៃអង្គារ បានហោះឆ្លងចូលទៅក្នុងប្រទេសរូម៉ានី ដែល​​ជាសមាជិកអង្គការ NATO នៅជិតខាង ហើយត្រូវបានគេតាមដានឆ្លងកាត់ខេត្តមួយចំនួននៅភាគឥសាន​នៃប្រទេស​នេះ។

ក្រសួងបានឱ្យដឹងថា យន្តហោះចម្បាំង F-18 ចំនួនពីរគ្រឿងរបស់កងទ័ពអាកាស និងអវកាសអេស​ប៉ាញ​ ត្រូវបាន​បញ្ជូន​ឱ្យហោះឡើង​ ដើម្បីតាមដានគន្លងហោះហើររបស់វា មុនពេលវាហោះចូលដែន​អាកាស​ម៉ល់ដាវី​សារ​ជា​ថ្មី។

កាលពីថ្ងៃទី​៩ខែ​​កញ្ញា នគរបាលម៉ល់ដាវី បានឱ្យដឹងថា អ្នកជំនាញខាងគ្រាប់យុទ្ធភណ្ឌបានរកឃើញបំណែក​ដ្រូន ដែលមានប្រព័ន្ធដំណើការ និងលក្ខណៈសម្បត្តិស្រដៀងទៅនឹងដ្រូនប្រភេទ Geran ដែលក្រុង​ម៉ូស្គូ​បានប្រើប្រាស់យ៉ាង​ទូលំទូលាយនៅក្នុងសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន។

នគរបាលបានថ្លែងថា៖ «ការស៊ើបអង្កេតបានកំណត់ទីតាំងដែលរងការប៉ះទង្គិច ជាកន្លែងដែលមានការផ្ទុះកើតឡើង ហើយ​បង្កើតបានជារណ្តៅធំមួយ» ដោយបន្ថែមថា អ្នកជំនាញកំពុងបន្តការស៊ើបអង្កេត «ដើម្បីកំណត់ប្រភេទ និង​ទម្ងន់​នៃ​សារធាតុផ្ទុះ»។

អ៊ុយក្រែនមានព្រំប្រទល់ជាប់ទាំងប្រទេសរូម៉ានី និងម៉ល់ដាវី ហើយចាប់តាំងពីការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​របស់​​រុស្ស៊ី​​ក្នុង​​​ឆ្នាំ​​២០២២ ប្រទេស​ទាំង​ពីរ​បាន​រាយ​ការណ៍​អំពី​ហេតុ​ការណ៍​ពាក់​ព័ន្ធ​នឹង​ដ្រូន​រាប់​សិប​ករណី​មក​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ