ក្រសួង​ដែន​ដី​ថា លោក ឡេង ណាវ៉ាត្រា និង​បុគ្គល​ផ្សេង​ទៀត​មាន​ចេតនា​ញុះ​ញង់

ក្រសួង​រៀប​ចំ​ដែន​ដី ចាត់​ទុក​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោកឡេង ​ណា​វ៉ាត្រា និង​បុគ្គល​មួយ​ចំនួន​ទៀតជា​ការ​បំភ្លៃ​ការ​ពិត មាន​ចេតនា​ញុះ​ញង់ និង​បំពាន​ច្បាប់ ក្រោយ​មាន​ការ​ទម្លាយ​រឿង​ដួល​រលំ​ក្រុម​ហ៊ុន​ឡេង​ណាវ៉ាត្រា ដែល​មាន​អតិថិជន​ប្រមាណ​ជា ៣ ៨០០០ គ្រួសារ។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន ចុះ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្រសួងរៀបចំ​ដែន​ដី នគរូប​នីយ​កម្ម និង​ សំណង់ បាន​ឱ្យ​ដឹង​ថា ការ​លើក​ឡើង​នៅ​លើប​ណ្តាញ​សង្គម Facebook របស់​គណនី​​ឈ្មោះ ឡេង ណាវ៉ាត្រា តន់ ចន្ទសីម៉ា និង និមល គឺ​ជា​ការ​បំភាន់​ព័ត៌​មាន បំភ្លៃ​ការ​ពិត និង​បំពុល​បរិយា​កាស​សង្គម ដែល​អាច​ជា​ចេតនា​ញុះ​ញង់ បង្ក​ចលា​ចល។

ក្រសួងចាត់ទុកទង្វើនេះថា ជាការបំពានទាំងផ្នែកផ្លូវច្បាប់ និង​​សីលធម៌​វិជ្ជា​ជីវៈ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិ​យស សេចក្តី​ថ្លៃថ្នូ​រ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ​ខ្លួន «ដែល​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ស្រប​តាម​ប្បញ្ញត្តិ​នៃ​មាត្រា​៣០៥ (បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ) មាត្រា​៤៩៤ (ការ​ញុះ​ញង់), មាត្រា​៤៩៥ (បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍) មាត្រា​៥០២ (បទ​ប្រមាថ) និង​មាត្រា​៥០៥​ (ប​ទញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ) នៃ​ក្រម​ព្រហ្ម​​ទណ្ឌ»។

ការព្រមានរបស់ក្រសួង ធ្វើឡើងបន្ទាប់ពី​លោក ឡេង ណាវ៉ាត្រា ដែល​​​គេ​ស្គាល់​​ថា ជា​​មហា​​សេដ្ឋី​​អចលន​​ទ្រព្យ​​វ័យ​​ក្មេង និង​​​ជា​​បុគ្គល​​មាន​​ទំនាក់​​ទំនង​​ជិត​ស្និទ្ធ​​ជាមួយ​គ្រួសារ​​លោក ហ៊ុន​ សែន បានចេញប្រកាសលើបណ្តាញ​សង្គមរបស់លោក ពីបញ្ហា​ប្រឈម​នឹង​វិបត្តិ​​ហិរញ្ញ​វត្ថុ​យ៉ាង​ធ្ងន់​ធ្ងរ រហូត​ឈាន​ដល់​ការ​ក្ស័យ​ធន​ និង​​បាត់​​បង់​​សមត្ថ​​ភាព​​​ទូទាត់​​សង​ប្រាក់​​ និង​សាង​សង់​ផ្ទះ​ឱ្យ​អតិថិជន​តាម​កិច្ច​សន្យា។

ក្រោមវិបត្តិនេះ លោក ឡេង ណាវ៉ាត្រា បាន​​ប្រកាស​ស្ម័គ្រ​​ចិត្ត​ប្រគល់​ទ្រព្យ​​សម្បត្តិ និង​​គម្រោង​អចលន​​ទ្រ​ព្យ​​​​របស់​​ក្រុម​​ហ៊ុន រួម​​ទាំង​​គម្រោង​ផ្លូវ​ជាតិ​លេខ ៦A ជូន​រាជ​រដ្ឋាភិ​បាល ឬ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ដើម្បី​គ្រប់​គ្រង និង​​ចាត់​ចែង​​ដោះស្រាយ​ជូន​អតិថិជន។

លោកទទួលស្គាល់ថា ក្រុមហ៊ុនពិតជាជួបប្រទះវិបត្តិសាច់​ប្រាក់ និង​​បញ្ហា​​ប្រឈម​​ផ្នែ​ក​​ហិរញ្ញ​​វត្ថុ​​ខ្លាំង ធ្វើ​​ឱ្យ​​មិន​​អាច​​បញ្ចប់​​ការ​​សាង​​សង់ ឬ​​ទូទាត់​​ប្រាក់​សង​​អតិថិជន​​បាន​​តាម​​ការ​​កំណត់។

យ៉ាងណា ក្រសួងរៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់ បាន​គូស​បញ្ជាក់​ថា គម្រោង​បុរី ឡេង ណាវ៉ាត្រា ផ្លូវ​ជាតិ​លេខ​៦អា និង​គម្រោង​ជ្រៃមួ​យ​រយ​របស់​ក្រុម​ហ៊ុន​ហ្គាឡាក់​ស៊ី ណាវ៉ាត្រា បាន​ជួប​ប្រទះ​វិបត្តិ​គាំង​ដំណើរ​ការ​សាង​សង់ និង​មិន​អាច​អនុវត្ត​តាម​កិច្ច​សន្យា​លក់​ទិញ​ជាមួយ​អតិថិជន និង​ម្ចាស់​ដី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប៉ុន្តែថា នៅក្នុ​ង​កិច្ច​ប្រជុំ កាល​ពីថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០២៦ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​របស់​ខ្លួន​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការ​សាង​សង់​បញ្ចប់​ជូន​អតិថិជន​ទៀត​ឡើយ ហើយ​បាន​យល់​ព្រម​ប្រគល់​សិទ្ធិ​ជូន​ក្រសួង​រៀបចំ​ដែន​ដី ដើម្បី​ដឹក​នាំ​សម្រប​សម្រួល​ដោះ​ស្រាយ ព្រម​ទាំង​ឯកភាព​លក់​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន និង​ទ្រព្យ​ផ្ទាល់​ខ្លួន​ ដើម្បី​យក​ថវិកា​មក​ដោះ​ស្រាយ។

ប៉ុន្តែ ក្រសួង​បាន​សង្កេត​ឃើញ​ថា មាន​ការ​ចេញ​មុខ​បក​ស្រា​យ និង​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ពី​សំណាក់​គណនី​ហ្វេស​ប៊ុក​ពាក់​ព័ន្ធ​ទាំង​នោះ គឺ​ធ្វើ​ឱ្យ​ប៉ះពា​ល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​កិត្តិយស សេចក្តី​ថ្លៃ​ថ្នូរ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជការ​ក្រសួង។ ហើយ​ថា សកម្ម​ភាព​ទាំង​អស់​នេះ គឺ​ជា​អំពើ​ បំពាន​ច្បាប់។

ទោះជា​បែប​នេះ​ក្តី ក្រសួងក៏បានអំពាវនាវដល់អតិថិជន​ប្រមាណជា​ង ៣៨០០០ គ្រួសារ នៅ​ទូទាំង​ប្រទេស បន្ត​ចូល​រួម​សហការ និង​រក្សា​ភាព​ស្ងប់​ស្ងាត់ ដើម្បី​ឱ្យ​ក្រុម​ការ​ងារ​បន្ត​នីតិ​វិធី​ដោះ​ស្រាយ​បញ្ហា​គម្រោង​ទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ