សហព័ន្ធ​សហជីព​ចំនួន​៧ ស្នើ​​បន្ថែម​​លុយ ៨ដុល្លារ សម្រាប់​​​ថ្លៃ​​​​​ធ្វើ​ដំណើរ​ឬស្នាក់​​នៅ​របស់​កម្មករ​

តំណាង​​​សហព័ន្ធសហជីព​​ចំនួន ៧ ស្នើរដ្ឋាភិបាល​​បន្ថែម​ប្រាក់​​ឧបត្ថម្ភ​​កា​​រធ្វើ​​ដំណើរ​ ​ឬ​ស្នាក់​​នៅ​​ចំនួន ៨ដុល្លារ​​អាមេ​រិក លើប្រា​ក់​​ឧបត្ថម្ភ​​កា​​រធ្វើ​​ដំណើរ​​ឬ​ស្នាក់​នៅ​​ដែល​មាន​ស្រាប់ ដល់​​កម្មករ​​និយោ​ជិត ដើម្បី​ជួយ​​សម្រាល​​​បន្ទុក​​ជីវភាព​​ជាក់​​ស្តែង​​ ឆ្លើយ​​តប​​នឹង​​កា​​រឡើង​​ថ្លៃ​​ប្រេង​​ឥន្ធនៈ និង​​អតិផរណា ព្រមទាំ​ង​​ជួយ​​ឱ្យ​​​កម្មករ​​និយោជិត​​មាន​លទ្ធភា​ព​​ទទួល​​បាន​​​មធ្យោ​បាយ​​ធ្វើ​​ដំណើរ​​ប្រកប​​ដោយ​​សុវត្ថិ​​ភាព។

ការ​ស្នើនេះ បានធ្វើ​ឡើង​តាមរយៈការ​ដាក់ញត្តិ​របស់​តំណាង​សហព័ន្ធ​សហជីព​ចំនួន ៧ នៅ​ក្រសួ​ងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦នេះ។ សហព័ន្ធ​​សហជីពទាំង ៧នោះ រួមមាន សហព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា សហព័ន្ធ​សហជីព​ឯករាជ្យ សហព័ន្ធ​សហជីព​កម្បុជា​ឯករាជ្យ​ សហព័ន្ធសហជីពឥទ្ធិពល​ការ​ងារ សហព័ន្ធ​​​​សហជីព​បេះ​ដូង​កម្មករ សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ និង​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេស​ចរណ៍​​​កម្ពុជា។​

ប្រធានសហព័ន្ធ​សហជីព​ឯករាជ្យ លោក រី សិទ្ធីណែត បានឱ្យ​ដឹង​នៅមុខ​ក្រសួ​ងការងារ​បន្ទាប់ពីដាក់ញត្តិ​ថា ក្នុង​ច្បាប់​​ស្តី​ពី​ការ​ងារ​ ប្រាក់ឧបត្ថម្ភ​ការ​​​​ធ្វើដំណើរ ឬ​ស្នាក់នៅ​របស់កម្មករ​និយោជិតក្នុង​ម្នាក់​មាន​ចំនួន​ ៧ដុល្លារ ហើយ​ក្នុង​​ឆ្នាំ​​២០២៦នេះ ក្រសួ​ងបានបន្ថែម​ប្រាក់ធ្វើដំណើរ​បណ្តោះអាសន្នក្នុ​ងកាលៈទេសៈ​ដែល​ប្រេង​ឥន្ធនៈឡើង​ថ្លៃនេះ​​ចំនួន ២.៥០​ដុល្លារ​ទៀត ប៉ុន្តែ​ចំនួនទឹកប្រាក់នេះ នៅមិនទាន់​អាច​ជួយ​សម្រាល​​​បន្ទុកកម្មករ​និយោ​ជិត​បាននៅ​ឡើយ​​ទេ ខណៈប្រាក់​ឈ្នួល​​កម្មករ​ក៏​នៅទាប​ ហើយ​តម្លៃ​ទំនិញ​លើទីផ្សារ និង​ប្រេងឥទ្ធនៈឡើង​ថ្លៃ។

ការ​ណ៍នេះ​​ លោកថា សហព័ន្ធ​សហជីព​ចំនួន ៧ បាន​ស្នើដល់​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការ​ងារ​ដែល​ជា​សេនាធិការ​ ពិចារណា​​បន្ថែមប្រាក់ឧបត្ថម្ភ​ថ្លៃ​ធ្វើ​​ដំណើរ​ ឬស្នាក់​នៅ​ចំនួន ៨ដុល្លារ​អាមេរិក ​​បន្ថែម​ទៀត ទៅលើ​ប្រាក់ឧបត្ថម្ភ​ដែល​មាន​​បច្ចុប្បន្ន​ ៧ដុល្លារនេះ។

លោកថា៖ «ព្រោះអី​ការ​ចំណាយ​ជាក់ស្តែង​របស់​កម្មករ​និយោជិត​ យើង​ដឹងហើយវា​​​ចម្លោះពី ​១២ ទៅ ២៥ដុល្លារ​ក្នុងកា​រធ្វើដំណើរ​ម្នាក់ៗ ហើយ​កន្លងមក​ ដោយសារ​តែប្រាក់​ធ្វើ​ដំណើរ​ហ្នឹង​អត់​គ្រប់​គ្រាន់​ហ្នឹង​ហើយ កម្មករ​និយោជិត​ជាច្រើន​​​បាន​ប្រើប្រាស់​រថយន្តទ្រុង​ដែលឈរ ឈរពីគេ​ហដ្ឋាន​របស់គាត់ ពីផ្ទះ​របស់​គាត់ មក​​ដល់​រោង​ចក្រ ហើយ​ត្រឡប់​មក​វិញ​ក៏គាត់ត្រូវ​​ឈរ​ដែរ ចឹង​ការ​បន្ថែម​ប្រាក់​ឈ្នួល​បន្តិច​បន្តួច​ប្រមាណ​​​ជា​​ ៨ដុល្លារ​ ពី​លើ​ប្រាក់ធ្វើ​ដំណើរ​នេះ​ វា​អាច​ជួយ​ឱ្យ​កម្មក​រ​ក្នុងការ​ធូរ​ស្រាលបន្តិច ឬក៏អាច​ឱ្យ​តាកុង​ឡាន អាច​ដក​មនុស្ស​មួយ​​ចំនួន​​ ដើម្បី​អាច​ឱ្យកម្មករ​​និយោ​ជិត​អាច​អង្គុយ​បាន»។

អ្នកស្រី ម៉ន ចន្នា ប្រធាន​សហព័ន្ធ​សហជីព​បេះដូង​កម្មករ បានឱ្យ​ដឹង​ដែរថា ក្រៅពីកា​រស្នើ​សុំ​ដំឡើង​សាហ៊ុយ​ធ្វើ​ដំណើរ​​បន្ថែម​​ ៨ដុល្លារ លើ​ប្រាក់​សាហ៊ុយ​ធ្វើ​ដំណើរ​បច្ចុប្បន្ន​​នេះ ខាង​សហព័ន្ធ​សហជីព​ទាំង​៧ ក៏​ស្នើ​​ដល់​ក្រុមប្រឹក្សាជាតិ​​​​ប្រាក់​ឈ្នួលអប្បបរមា​ បញ្ចូល​ការ​ចរចា​ប្រាក់សាហ៊ុយ​ធ្វើដំណើរ​នេះ បន្ថែមក្នុង​របៀប​​​វារៈ​នៃការ​ចរចា​ប្រាក់​ឈ្នួលប្រចាំ​​ឆ្នាំ​ផង​ដែរ​ ព្រមទាំង​ពិនិត្យ​លើ​ការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​សាហ៊ុយធ្វើ​ដំណើរ​​បណ្តោះអាសន្ន ២.៥០​ដុល្លារ​ ឱ្យកម្មករ​ជា​ផ្លូវ​​ការ​​តែម្តង។

អ្នកស្រីថា៖ «គោលបំណង​របស់​​យើងនៅថ្ងៃនេះ យើងទាមទារ​ដើម្បី​ឱ្យ​កម្មករ​បានសាហ៊ុយ​ធ្វើដំណើរ គឺបាន​១៥ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ឱ្យ​កម្មករ​យើង​ហ្នឹង​បានលុយសាហ៊ុយធ្វើដំណើរ​​ ១៥ដុល្លារ​ហ្នឹង​​ ទៅជួលឡានជិះ ឡានដែលមានកៅ​អីត្រឹមត្រូវ​[…] កម្មករតាម​ជន​បទ​ហ្នឹង​ គាត់​តែ​ង​តែ​ក្រោយ​ពីម៉ោង​៣​[ភ្លឺ]មក​ហើយ​ គាត់ធ្វើការ​ ហើយ​​គាត់​ជិះ​លើ​ឡាន​​ហ្នឹង​​ឈរ​​រហូត រហូត​មក​ដល់​ក្រុម​ហ៊ុន ហើយ​បើ​មានភ្លៀងទៀត ប៉ះពាល់​ ទោះ​ជា​គ្រប​កៅ​ស៊ូ​ហើយ ក៏នៅ​តែ​ប៉ើង​ គឺ​ពិបាក​​មែនទែន ហើយធ្វើ​ឱ្យ​ប៉ះពាល់​ដល់សុខ​ភាព​របស់គាត់»។

ជាមួយគ្នា​នេះ ក្រុមសហព័ន្ធ​សហជីព ក៏បានស្នើដល់ក្រសួង​ការ​ងារ ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ​និយោជិត​ផងដែរ ដោយសារ​តែ​ប្រាក់ឈ្នួលបច្ចុប្បន្ន ២១០ដុល្លារ​ មិនអាច​ឱ្យកម្មករ​ទ្រទ្រង់ជីវភាព​បាន​ទេ។

អំឡុង​ពេល​ដាក់ញត្តិ​នោះ តំណាង​ក្រសួង​កា​រងារ លោក និន វណ្ណៈ ​បាន​ចេញមក​ទទួលញត្តិ​របស់​សហព័ន្ធ​​សហជីព​ទាំង៧ ដោយប្រាប់​ថា នឹង​ពាំនាំយកញត្តិ​នេះដាក់ជូនថ្នាក់ដឹកនាំក្រសួង។

លោកថា៖ «ខ្ញុំនៅទីនេះតំណាង​ឱ្យ​ក្រសួង ​គឺខ្ញុំនឹង​យកអ្វីដែលជា​សំណូមពរ​របស់​បងប្អូន​ជូន​ថ្នាក់​ដឹកនាំ​»។

មន្ត្រីអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ក្នុង​បរិបទ​ដែល​​ប្រេង​ឥន្ធនៈ និង​ទំនិញ​លើទីផ្សារ​ឡើង​ថ្លៃ ​ក្រសួង​ការ​ងារ​គួរ​ពិចារណាលើការ​​ស្នើសុំ​​របស់​តំណាង​​សហព័ន្ធ​សហជីព​ទាំង​៧នេះ ដោយសារ​កម្មករ​និយោ​ជិត​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ជួយ​ដល់ដំណើរការរបស់​រោង​ចក្រ​​​សហគ្រាស។ លោក​ថា ​ប្រសិន​បើកម្មករ​និយោជិត នៅ​បន្តជួប​ការ​ខ្វះខាត​ក្នុង​ជីវភាព ហើយ​​​​បន្ត​ជិះ​ឡាន​​ឈរ​​ប្រជ្រៀត​​គ្នា​​​ដូច​​បច្ចុប្បន្ន នឹង​អាច​ធ្វើ​ឱ្យ​មាន​​​​​​ប៉ះពាល់​ដល់សុខ​ភាព​របស់​ពួកគាត់ និង​អាចមានគ្រោះថ្នាក់ចរា​ចរណ៍កើត​ឡើង​ដែរ​​ ហើយ​នៅពេល​ដែល​កម្មករ​មានបញ្ហា​សុខភាព នោះក៏​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សង្វាក់​​ផលិតកម្ម​​របស់​រោ​ងចក្រ​សហគ្រាស​​ដែរ។​

លោកថា៖ «ចឹង​រាជរដ្ឋាភិបាលមានលទ្ធភាពគួរតែ​ពិចារណា​ទៅលើ​កា​រស្នើ​សុំ​របស់​ក្រុមសហ​ជីព ​ព្រោះ​គាត់​​​យល់​ថា ការ​​ដែល​រដ្ឋ​កំណត់​ប្រាក់គោល ក៏ដូចជាចំណាយ​ទៅលើ​ការ​ស្នាក់​នៅ ហើយ​និង​ការ​សាហ៊ុយ​ធ្វើដំណើរ​ គឺមិន​គ្រប់​គ្រាន់​ទៅតាមអ្វីដែលគាត់​ស្នាក់នៅ​បច្ចុប្បន្ន​នោះ​ទេ​ ចឹង​យើងស្នើ​​សុំ​ទទូច​ជួយ​ដល់​សហជីព ក៏ដូចជា​កម្មករ​ ដើម្បី​ឱ្យ​គាត់​​ទទួល​​បាន​ប្រាក់ ៨ដុល្លារនេះ ដើម្បីបន្ថែម​ពីកា​រដោះបន្ទុកនៃ​ការ​ដែល​ធ្វើដំណើរ​ទៅ​វា​ប៉ះពាល់»។

ជាមួយគ្នានេះ មន្ត្រីសិទ្ធិ​មនុស្ស​រូបនេះ ក៏បាន​ស្នើ​ដល់ក្រសួងការ​ងារ ពិនិត្យនៅតាមរោង​ចក្រ​សហគ្រាស​​ផងដែរ ថា​តើ​​មាន​​ស្នាក់​ការ​​ពេទ្យ និង​ពេទ្យ​​ប្រចាំ​ការ​​រោង​ចក្រ​ឬអត់​ ព្រោះបើតាមលោក​​ទទួលព័ត៌មាន​មក មាន​រោ​ងចក្រ​សហគ្រាស​ខ្លះ ​មានស្នាក់ការ​ពេទ្យប្រចាំ​រោង​ចក្រ តែមិនមាន​ពេទ្យ​នៅប្រចាំ​ការ ដែល​ធ្វើ​ឱ្យកម្មករ​​ត្រូវ​រត់ទៅរក​ពេទ្យ​​ឯកជនខាង​ក្រៅនៅពេល​ដែល​មាន​បញ្ហា​សុខ​ភាព​ម្តង​ៗ។ 

របាយ​ការណ៍ អំឡុងខែមករា ឆ្នាំ​២០២៦ ក្រ​សួ​ង​​ការ​​ងារ ​បញ្ជាក់​ថា កម្មករ​និយោ​ជិត​ក្នុង​វិស័យ​កាត់​ដេរ មាន​​​ប្រមាណ​ជាង ១លាន​នាក់ ក្នុងនោះ​មាន​ស្ត្រី​​ច​ន្លោះ​​ពី ​៧៥ ទៅ​ ​៨០​ភាគរយ។

ប្រាក់ឈ្នួល​អប្បបរមាឆ្នាំ​២០២៦ របស់កម្មករនិយោជិត គឺទទួលបាន ២១០ដុល្លារ​ក្នុងមួយ​ខែ។ ក្រៅពី​​ប្រាក់​ឈ្នួល​គោល កម្មករ​និយោជិត​ក៏ទទួលបាន​អត្ថប្រយោជន៍​បន្ថែមផ្សេង​ទៀត​ផងដែរ ដូចជា ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន ៧ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់​រង្វាន់ធ្វើកា​រទៀង​ទាត់ ១០ដុល្លារ​ក្នុង​មួយ​ខែ ​ប្រាក់អតីត​ភាពការ​ងារ ប្រាក់បាយ​ថ្ងៃ​ត្រង់ និងប្រាក់ថែមម៉ោង អាស្រ័យ​លើ​កា​រកំណត់​របស់​រោង​ចក្រ​និមួយ​ៗ។

យ៉ាងណា បើតាម​​​ការសិក្សាអំ​ពី​ប្រាក់​ឈ្នួល​រស់​នៅ​សមរ​ម្យ​របស់​​អង្គការសង់ត្រាល់ ដែល​តែង​តែ​ផ្អែក​លើកា​រ​​គណនា​ស្តង់​​ដារ​​ជីវភាព​​រស់​នៅ​​សមរម្យ និង​​ផ្អែក​លើ​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ ថ្លៃ​ផ្ទះ​ជួល បន្ទុក​គ្រួសារ និង​​អតិផរណា ​បាន​​លើក​​ឡើង​​ថា ប្រាក់​ឈ្នួលគោល​​​​ដែល​កម្មករ​គួរ​ទទួល​បាន​ពិត​ប្រាកដ ​​ដើម្បី​រស់​​នៅ​ដោយ​ថ្លៃ​ថ្នូរ គឺ​​ចន្លោះ​ពី​ ៣០០ ទៅ ៤៥០ ដុល្លារ ក្នុង​មួយ​ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ