គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ(UNCLOS) នឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញានេះ ដើម្បីឈានទៅដោះស្រាយជម្លោះដែនសមុទ្រ ខណៈតំណាងកម្ពុជាក៏តវ៉ានៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិដោយទាមទារឱ្យថៃដកទ័ពចេញពីដីកម្ពុជា ដើម្បីឱ្យពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ។
យ៉ាងណាក្តី អ្នកឃ្លាំមើលហាក់មិនមានសង្ឃឹមលើការប្រើយន្តការទាំងនេះទេ ដោយនៅតែជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវប្រញ៉ាប់ដាក់ពាក្យប្តឹងថៃទៅតុលាការអន្តរជាតិ។
តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃទី៩ខែកញ្ញាថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញាគណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥នៃ UNCLOS នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ នៅប្រទេសសិង្ហបុរី។ កម្ពុជាបានចាត់ទុកការកំណត់ពេលជួបប្រជុំនេះថា ជាជំហានបន្ទាប់ដ៏សំខាន់។ លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងដឹកនាំគណៈប្រតិភូក្រុមការងារអ្នកច្បាប់កម្ពុជា ទៅចូលរួមកិច្ចប្រជុំនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ចេញថ្ងៃទី៩ខែកញ្ញា។
លោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានអានសេចក្តីថ្លែងការណ៍នេះ នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ស្តីពីបច្ចុប្បន្នភាពបញ្ហាព្រំដែនកម្ពុជាថៃនៅថ្ងៃទី១០កញ្ញានេះថា៖ «កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងដំណើរតាមសន្តិវិធីដែលកម្ពុជាជាអ្នកផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្ររវាងប្រទេសទាំងពីរ។ កម្ពុជាបានងាកទៅរកការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរ បានប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នាអស់រយៈពេលជាងពីរទសវត្សរ៍កន្លងទៅ»។
យ៉ាងណាក្តី ក្រសួងការបរទេស បានទទួលស្គាល់ថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាUNCLOS ពុំមែនជាដំណើរការវិនិច្ឆ័យទេ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយតាមសន្តិវិធី។ យន្តការនេះ ធ្លាប់ត្រូវបានប្រើប្រាស់ជោគជ័យរវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលការផ្សះផ្សាបានឈានដល់ការចុះសន្ធិសញ្ញាលើបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។
ជាមួយគ្នានេះ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៦៣ នៅទីក្រុងហ្សឺណែវ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងនៅចំពោះមុខសហគមន៍អន្តរជាតិថា ទោះបទឈប់បាញ់នៅតែមានសុពលភាព ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរវិញបាន។ កងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសកម្មភាពខុសច្បាប់ក្នុងទឹកដីកម្ពុជា ដោយដាក់លួសបន្លា ទូរកុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ហើយថែមទាំងចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋថៃ មុនពេលការកំណត់ព្រំដែនរួមត្រូវបានបញ្ចប់។
តំណាងកម្ពុជាបានហៅសកម្មភាពទាំងនេះថា ជាការបង្កើតស្ថានភាពថ្មីលើដីដោយឯកតោភាគី(faits accomplis។
ជាមួយគ្នានេះ លោកកែវ សុវណ្ណ បានចោទសួរទៅភាគីថៃថា បើថៃពិតជាគោរពបទឈប់បាញ់ ហេតុអ្វីប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន? បើថៃពិតជាចង់ដោះស្រាយព្រំដែនដោយសន្តិវិធី ហេតុអ្វីត្រូវដាក់លួសបន្លា ទូរកុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថានភាពថ្មីលើដី មុនការកំណត់ព្រំដែនរួមទៅវិញ?
តំណាងកម្ពុជារូបនេះ បានថ្លែងទៀតថា ការគ្មានស្នូរកាំភ្លើង មិនមែនជាអាជ្ញាបណ្ណសម្រាប់បន្តបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែន។ ទូរកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ វត្តមានយោធាមិនមែនជាបណ្ណកម្មសិទ្ធិលើអធិបតេយ្យភាពនោះទេ ហើយការបង្កើតស្ថានភាពថ្មីលើដី ដោយឯកតោភាគី មិនអាចជំនួសការកំណត់ព្រំដែនតាមច្បាប់បានឡើយ។
យ៉ាងណាក្តី លោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង បានថ្លែងថា ការថ្លែងប្រាប់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ អំពីការនៅតែបន្តឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជា និងការរារាំងជនស៊ីវិលកម្ពុជាជាង ២ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ វាមិនមែនជាការវិវត្តក្នុងការដាក់សម្ពាធថៃឱ្យចូលតុចរចា និងធ្វើឱ្យថៃដកកងទ័ពចេញពីដីកម្ពុជានោះទេ នៅពេលដែលកម្ពុជាមិនព្រមប្តឹងថៃទៅកាន់តុលាការអន្តរជាតិ។
សម្រាប់អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំងរូបនេះ មានតែតុលាការអន្តរជាតិប៉ុណ្ណោះ ដែលមានអំណាចតាមផ្លូវច្បាប់អន្តរជាតិ ក្នុងការចេញសេចក្តីសម្រេចឱ្យថៃដកកងទ័ពចេញពីដីកម្ពុជា។ ចំណែកការកំណត់ពេលបើកកិច្ចប្រជុំរបស់គណៈកម្មការផ្សះផ្សាដោយចាប់បង្ខំរបស់ UNCLOS លោកអ៊ុំ សំអានយល់ថា ក៏នឹងមិនទទួលបានលទ្ធផលអ្វីដែរ ពីព្រោះនៅពេលគណៈកម្មការនេះចេញអនុសាសន៍រួច បើថៃមិនគោរពតាម គណៈកម្មការនេះក៏មិនអាចចាប់បង្ខំឱ្យថៃត្រូវតែគោរពបានដែរ។
លោកថា៖ «បន្ទាប់ពីគណៈកម្មការផ្សះផ្សាដោយចាប់បង្ខំ ចេញអនុសាសន៍ហើយ ថៃមិនគោរពតាមក៏មិនអាចទៅបង្ខំឱ្យថៃត្រូវតែគោរពតាមអនុសាសន៍ហ្នឹងបានដែរ ពីព្រោះមិនមែនជាសាលក្រមរបស់តុលាការអន្តរជាតិនោះទេ។ រឿងព្រំដែនសមុទ្រហ្នឹង ក៏ត្រូវប្តឹងទៅតុលាការអន្តរជាតិដែរ ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត អត់ព្រមប្តឹង។ ប៉ុន្តែបើប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំហ្នឹង ក៏ប្រើទៅ ប៉ុន្តែបន្ទាប់ពីថៃមិនយល់ព្រមអនុវត្តអនុសាសន៍របស់គណៈកម្មការហ្នឹង ត្រូវប្តឹងថៃទៅតុលាការអន្តរជាតិ មិនត្រូវងាកមកចរចាទ្វេភាគីទេ»។
សម្រាប់ លោក សំអាន ការផ្សះផ្សាដោយចាប់បង្ខំនេះ ថៃនឹងទាមទារគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ផ្តាច់មុខតែម្តង ហើយប្រេងនិងឧស្ម័នតម្លៃ ៣០០ពាន់លានដុល្លារ ថៃក៏នឹងទាមទារផ្តាច់មុខ ឬក៏ចែកឱ្យកម្ពុជា ៣០ភាគរយ ឬ៤០ភាគរយប៉ុណ្ណោះ។
លោកថា៖ «ដូច្នេះរឿងនេះ បើយើងសង្ឃឹមទៅលើគណៈកម្មការផ្សះផ្សាដោយចាប់បង្ខំរបស់ UNCLOSនេះ កម្ពុជាមិនអាចទាមទារទឹកដី ជាពិសេសដែនសមុទ្រដែលថៃកំពុងគ្រប់គ្រង ហើយនិងយ៉ាងហោចពាក់កណ្តាលនៃកោះគុតដែលជាកម្មសិទ្ធិរបស់កម្ពុជាដែលថៃកំពុងគ្រប់គ្រងបានទេ ទាល់តែកម្ពុជាប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ ឬតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ឬទាល់តែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អាហ្នឹងទើបអាចទាមទារដែនសមុទ្រយើងដែលថៃកំពុងគ្រប់គ្រង ហើយនិងយ៉ាងហោចពាក់កណ្តាលនៃកោះគុតត្រឡប់មកវិញ»។
បើតាម លោកអ៊ុំ សំអាន ថៃបានយកលេសថា ដោយសារកម្ពុជាប្រើប្រាស់យន្តការដោយចាប់បង្ខំ ក្រោមអនុសញ្ញាUNCLOSនេះ ថៃយល់ថា កម្ពុជាប្រើយន្តការអន្តរជាតិ ទើបថៃមិនចរចាបញ្ហាព្រំដែនគោក។ ដូច្នេះបញ្ហាព្រំដែនគោកនឹងនៅអូសបន្លាយតទៅទៀត ហើយថៃនឹងនៅតែបន្តសាងសង់សំណង់រឹងនៅលើដីខ្មែរជាបន្តទៀត ដូចជា សាងសង់ផ្លូវបេតុង លេណដ្ឋានកងទ័ព សាងសង់ដងទង់ជាតិថៃ សាងសង់របងព្រំដែនបេតុង និងចែកដីពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃចាន់ទៅឱ្យពលរដ្ឋថៃជាដើម។
លើសពីនេះ ថៃក៏នឹងបន្តចែកដីខ្មែរដែលថៃបាននិងកំពុងកាន់កាប់ដោយខុសច្បាប់ចំនួន ៧៦ទីតាំង ទៅឱ្យក្រុមទាហានថៃដែលកំពុងឈរជើងនៅជួរមុខលើដីខ្មែរផងដែរ។ ដូច្នេះថៃនឹងបន្តកាន់កាប់ដីកម្ពុជា ហើយយូរៗទៅ ដីកម្ពុជាទាំងនោះនឹងក្លាយទៅជាដីរបស់ថៃ បើកម្ពុជានៅតែអូសក្រឡា មិនព្រមប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ទេនោះ៕









