ការ​ព្រមាន​ប្តឹង​​លោក ឡេង ណាវ៉ាត្រា ត្រូវ​គេជឿ​ថា​ជា​ការ​បង្វែរ​​កា​រ​​ចាប់​​អារម្មណ៍​​​របស់​​មហា​ជន​

វិបត្តិ​បុរី​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ឈាន​ដល់​ការ​ព្រមាន​ចាត់​ការ​តាម​ច្បាប់​​​ពី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ ដែល​ការណ៍​នេះ ក្រុម​អ្នក​តាម​ដាន បង្ហាញ​ការ​យល់​ឃើញ​ថា មេដឹក​នាំ​បក្ស​កាន់​អំណាច កំពុង​​បង្វែរ​​ការ​​ចាប់​​អារម្មណ៍​​ក្រោយ​​លាង​លុយ​​ក្នុង​​របរ​​អចលន​ទ្រព្យ​​នេះ អស់​​ប្រយោជន៍ មុន​​នឹង​​ឈាន​ទៅ​​ចាប់​ដាក់​គុក​ដូច​ករណី​​​ឧកញ៉ា ឡេង ចាន់​ណា ខណៈ​​អ្នក​រ​ង​គ្រោះ​ពិត​ប្រាកដ ​​គឺ​​ពលរដ្ឋ​​ចាញ់​បោក​ក្រុម​ហ៊ុន​​នេះ ជិត ៤​ម៉ឺន​​គ្រួសារ​​ឯណោះ​ទេ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត យល់​ថា វិប​ត្តិ​គម្រោង​បុរី ឡេង ណាវ៉ាត្រា បាន​ឈាន​ដល់​ដំណាក់​​កាលដែ​ល​លោក ឡេង ណាវ៉ាត្រា អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់ និង​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់​គ្រង​ពី​ក្រសួងរៀបចំ​ដែន​ដី ប៉ុន្តែ​​លោក​អះ​អាង​ថា ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​អាស្រ័យ​លើ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ គឹ​​លោក ហ៊ុន សែន និង​​លោក ហ៊ុន ម៉ាណែត ថា ពួក​គេ​​ចង់​បាន​បែប​ណា។ សម្រាប់​លោក​ ការ​ដោះស្រា​យ​បញ្ហា​​នេះ នឹង​​មិន​​ខុស​​ពី​គំរូ​លោក​ស្រី ឡេង ចាន់​ណា នោះ​​ទេ ខណៈ​អតិថិជន​រង​គ្រោះ​​ជិត ៤ម៉ឺន​​គ្រួសារ នឹង​បាន​ត្រឹម​​បន្ត​​រង់ចាំ។ លើល​ពី​នេះ​ ​លោក​​មើល​​ឃើញ​ថា ករណី​​លោក ឡេង ណាវ៉ាត្រា ​អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​ឱ្យ​អ្នក​មាន​អំណាច តាម​រយៈ​ការ​​រក​ស៊ី​អចលន​ទ្រព្យ។

លោក ម៉ែន ណាត ថ្លែងថា៖ «វា​ចូល​ដល់​វគ្គ​មួយ​ដែល​គេ​ចង់​ធ្វើក លោក ឡេង ណាវ៉ាត្រា ហើយ ភាសា​សាមញ្ញ​គឺ​ធ្វើ​ស៊ី។ អញ្ចឹង​លោក ឡេង ណាវ៉ាត្រា ប្រឈម​ទៅ​នឹ​ងទោស​ទណ្ឌ ហើយ​ទោស​ទណ្ឌ​នេះ គេ​រង់​ចាំ​តែ​ភ្លើង​ខៀវ​ពី​មេដឹក​នាំ​កំពូល​ទេ​ បើ​សិន​ជា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត សម្រេច​ចិត្ត​យ៉ាង​ណា​ក្រសួង​នឹង​ចាត់​ការ​តាម​ហ្នឹង។ យើង​មើល​ទៅ​របៀប​បើ​សិន​ជា​ដាក់​ទណ្ឌ​កម្ម​លើ​លោក ឡេង ណាវ៉ាត្រា គឺ​លោក ឡេង ណាវ៉ាត្រា ធ្វើ​ដូច​អ្នក​ដទៃ​មុនៗ​​អ៊ីចឹង ដូច​អ្នក​ស្រី​ ឡេង ចា​ន់​ណា ដូច​អ្នក​ផ្សេងៗ​អ៊ីចឹង ថា​មិន​បាច់​ចាំស​ង​អតិថិជន​ទេ របៀប​អ៊ីចឹង គឺ​របៀប​​លេង​បួន​ស្លឹក​អ៊ីចឹង»។

ការ​អះអាងរបស់​អ្នកឃ្លាំមើលរូប​នេះ បន្ទាប់ពីក្រសួងរៀបចំ​ដែន​ដី​ព្រមាន​ប្ដឹង​​លោក ឡេង ណាវ៉ាត្រា និង​បក្ខ​ពួក​​ក្រោម​​បទ​​ចោទ​ថា បាន​បំភាន់​ព័ត៌​មាន បំភ្លៃ​ការ​ពិត និង​មាន​ចេតនា​ញុះ​ញង់​បង្ក​ចលា​ចល ដែល​ប៉ះ​ពាល់​ដល់​កិត្តិ​យស និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ក្រសួង។

លិខិត​ក្រសួងរៀបចំ​ដែនដី ​ចេញ​ផ្សាយ​​​នៅថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​​ចោ​ទ​ប្រកាន់​​លោក ឡេង ណាវ៉ាត្រា និង​​ប្អូន​ប្រុស គឺ​​លោក ឡេង និមល និង​​តារា​ចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ដែល​​ចោទ​​ក្រសួង​ថា បាន​​បង្កក​​ទ្រព្យ​សម្បត្តិ​​ម្ចាស់​​ក្រុម​ហ៊ុន​ ដោយ​គ្មាន​តម្លាភាព​​នោះ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​​តា​ម​មាត្រា​៣០៥ ពី​បទ​ បរិហារ​កេរ្តិ៍​ជា​សាធារណៈ មាត្រា​៤៩៤ ៤៩៥ ពី​បទ​ញុះញ​ង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​មាត្រា​៥០២ និង ៥០៤ ពី​បទ​​ប្រមាទ​អ្នក​រាជ​ការ​​សាធារណៈ​ជាដើម។

ក្រសួងរៀបចំ​ដែន​ដី អះអាង​ថា ដើម្បីដោះស្រាយគម្រោងជាប់គាំង​ដែលមានអតិថិជន​​ជាង ៣៨០០០​គ្រួសារនោះ គឺ​ក្រសួង​​ និង​ក្រុមហ៊ុ​ន​បាន​ព្យាយាម​រក​ដៃ​គូ​​សម​ស្រប ដើម្បី​លក់​ឡាយ​ឡុង​នូវ​អចលន​ទ្រព្យ​របស់​ក្រុម​ហ៊ុន និង​របស់​លោក ឡេង ណាវ៉ាត្រា ហើយ​រាល់​ការ​លក់ សុទ្ធ​តែ​មាន​ការ​ឯកភាព​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ លើ​តម្លៃ​ដែល​អាច​​ល​ក់​​បាន។

តាមលិខិត​នោះ​ដដែល ក្រសួង​​បានចោទថា ក្រុមហ៊ុននេះ​​បាន​ធ្វើឱ្យ​​​គម្រោង​បានជាប់គាំង និង​មិនអាចអនុវត្តតាមកិច្ចសន្យា​លក់ទិញជាមួយអតិថិជនជាច្រើនឆ្នាំ បណ្តាលឱ្យមានការតវ៉ាតាមរូបភាពផ្សេងៗ​មកដល់ក្រសួងរៀប​ចំ​​​ដែន​ដី​ផង។ យ៉ាងណា ក្រសួងថា ករណីជាប់គាំងនេះមិនខុសពីគម្រោងអភិវឌ្ឍន៍​អចលនទ្រព្យ​​ក្រុមហ៊ុនផ្សេង​​ទៀត​​ទេ ដែលក្រសួង​បានដឹក​នាំ​​សម្របសម្រួល​ក្នុងការដោះស្រាយជូនអតិថិជន ប៉ុន្តែក្រសួងចោទថា ក្រុមហ៊ុនលោក ឡេង ណាវ៉ាត្រា នៅតែមិន​អាចផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលា ជូនអតិថិជនបានឡើយ។

លើសពីនេះ ក្រសួងអះអាងថា ក្នុង​កិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ឡេង ណាវ៉ាត្រា  បានប្រគល់សិទ្ធជូន​ក្រសួងដឹកនាំសម្របសម្រួលការសាងសង់ផ្ទះ និងចាក់បំពេញដី ជូនអតិថិជនក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែ១០០ ស្ថិតនៅភូមិជ្រែ១០០ និងភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្ត​កណ្តាល និងបានឯកភាពក្នុងការលក់ឡាយឡុងអចលនទ្រព្យពួកគេ ដោយ​លោក ឡេង ណាវ៉ាត្រា បានបញ្ជាក់​ថា ក្រុមហ៊ុនពុំមាន​លទ្ធ​ភាព​ក្នុង​ការ​សាង​សង់​បញ្ចប់​ជូន​អតិថិជន​ឡើយ។

គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងរៀបចំ​ដែនដី បានអះអាងថា ខ្លួនបានដឹកនាំ​សម្រប​សម្រួល​ការ​សាង​សង់​​បញ្ចប់ និង​បាន​ប្រគល់​ផ្ទះជូ​នអ​តិថិជ​ន ចំនួន ៥៩៨ផ្ទះ និង​ចេញ​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​អតិថិជន​ដែល​បាន​បង់​ប្រាក់​គ្រប់​ចំនួន​១០០% ចំនួន ៥៩៧០ ប័ណ្ណ ព្រម​ទាំង​​បា​នចា​ក់​បំពេញ​ដីប​ន្ថែម​នៅ​គម្រោង​​ជ្រែ១០០ សម្រេច​បាន​ប្រមាណ ៦០% ថែម​ទៀត។

ការអះអាងរបស់ក្រសួងបែបនេះ ក្រោយ​ពី​លោក ឡេង ណាវ៉ាត្រា កាល​ពី​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២៦ បាន​​បង្ហោះ​​សារ​​គួរ​​​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ភ្ជាប់​ជាមួយនឹង​លិខិត​បង្កក​ទ្រព្យ​របស់​ក្រសួង​រៀបចំ​ដែនដី។ លោក​​​​ប្រកាស​ថា លោកអស់​លទ្ធភាព​បញ្ចប់​​គម្រោង​ផ្លូវជាតិ៦​អា ​ហើយ ដោយ​លោក​ប្រគល់​ទ្រព្យ​ទាំងអស់​ឱ្យ​ក្រសួងរៀបចំ​​ដែនដី​ចាត់ចែង និង​ព្រម​ទទួល​ទោស​​តាម​ច្បាប់។ យ៉ាងណា លោក​អះអាងថា គម្រោង​ផ្លូវជាតិ ៦​អានេះ លោកលក់​បាន​ចំណូល ១៨៥​លាន​ដុល្លារ ប៉ុន្តែ​​ចំណាយ​​អស់ ២២១​លាន​ដុល្លារ និង​ត្រូវការ​ទុនបន្ថែម​​ពី ២០ ទៅ ៣០​លាន​ដុល្លារ​ទៀត​ដើម្បី​បញ្ចប់​គ្រោង។

ក្នុង​សំណេរ​ដ៏​វែង​បន្លាយ​នោះ លោកបាន​ទទួលស្គាល់​ថា បញ្ហា​​នេះ​ដោយសារ​គម្រោង​យឺតយ៉ាវ និង​ជំពាក់​បំណុល។ ក្រៅ​ពី​​នេះ ​​លោក​​ព្រម​ឱ្យ​ក្រសួង​ចាត់ចែង​ទ្រព្យសម្បត្តិ​​ទាំងអស់​របស់​លោក មិន​​ថា​កង់​​ម៉ូតូ​​ឡាន​​​ទេ សូម្បី​ដី​ផ្នូរ​ម្តាយ ក៏​លោក​ប្រគល់​ឱ្យ​ដែរ។ ប៉ុន្តែ​លោកស្នើសុំតែកុំដាក់ទោសប្រពន្ធ​លោក ដើម្បី​មើលថែកូន ហើយលោកក៏​សុំ​ទៅ​ព្រះ​មហា​ក្សត្រ​ ​ដើម្បី​បញ្ចប់​​គោរមងារឧកញ៉ា​របស់​ខ្លួន និង​សាច់ញាតិ​​ទាំង ៥នាក់ថែម​ទៀត។

វីអូឌី មិនអាចសុំការ​បំភ្លឺបន្ថែមពីលោក ឡេង ណាវ៉ាត្រា និង​​សាច់ញាតិ​បាន​ទេ​ នៅថ្ងៃទី១០ ខែ​កញ្ញានេះ។ ចំណែក​តំណាង​ក្រុមហ៊ុន​​លោក សោម មនោរម្យ បាន​រុញ​​​ឱ្យ​​វីអូឌី​​មើល​​ព័ត៌​មានរ​បស់​ក្រសួងរៀបចំ​ដែនដី។

រី​ឯ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ក៏​មិន​អាចសុំការបំភ្លឺពីចំណាត់​ការ​ផ្លូវ​ច្បាប់​​បន្ថែម គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​​នេះ។

ក្រឡេកទៅ​បុគ្គលិក​របស់​លោក ឡេង ណាវ៉ាត្រា មួយ​​ចំនួន​ ​បាន​ចេញ​សារ​ព្រោង​ព្រាត​គាំទ្រ​​ម្ចាស់​​ក្រុម​ហ៊ុន ក្រោម​ហេតុ​​ផល​​ថា ក្រុម​ហ៊ុន​​ចិញ្ចឹម​​មនុស្ស​​ជាង ១ពាន់​នាក់​​ជាដើម។ ក្នុងនោះ​​តារា​ចម្រៀង​​ឱ្យ​ផលិត​កម្ម​របស់​​លោក ឡេង ណាវ៉ាត្រា គឹ​កញ្ញា តន់ ចន្ទសីម៉ា ហាក់​សកម្ម​​ការ​ពារ​​លោក​យ៉ាង​ខ្លាំង និង​​ចោទ​​ប្រកាន់​​ក្រសួង​រៀបចំ​ដែនដី​ទៅ​វិញ។

កញ្ញាសរសេររៀប​រាប់​ថា ដីតំបន់សេដ្ឋកិច្ចពិសេសនៅខេត្ត​កំពត ១២៤១​ហិកតា ដែល​ព្រះ​ឥន្ទ​តូច​ប្រទាន​អាជ្ញា​ប័ណ្ណ​ឱ្យ​ ដែល​កញ្ញា​​ហា​ក់​សម្ដៅ​ទៅ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​លោក សាយ សំអាល់ ឧបនាយក​រដ្ឋ​មន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​​ក្រសួង​រៀបចំ​ដែន​ដី លក់​ឡៃឡុង​ក្នុង​តម្លៃ ៣៥០០​ដុល្លារ​ក្នុង​មួយ​ហិចតា។ កញ្ញា​​បន្ត​​ថា គម្រោង​៦អា ​ដែ​ល​ចំណូល​ធំ​​អាច​​បាន​ពី​ដី​នៅ​សល់​ធ្វើ​ផ្ទះ ចន្លោះ​ពី​ ២៥០​លាន​​ដុល្លារ ទៅ ៥០០​លាន​ដុល្លារ​ ក៏​​ត្រូវ​​លក់​ឡៃឡុង​​បណ្ដើរៗ​​ដែរ។ កញ្ញា​អះ​អាង​ថា​ ដោយ​សារ​តែ​​ក្រសួង​យក​ដី​​ទៅ​​លក់​ថោកៗ​ដូច​នេះ ទើប លោក ឡេង ណាវ៉ាត្រា ត្រូវ​ខក​គម្រោង ព្រោះ​ខាត​​ច្រើន។

ចំណែក​​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​បុរី​​លោក ឡេង ណាវ៉ាត្រា នៅ​គម្រោង​ផ្លូវ​ជាតិ៦អា ​ហាក់​មិនចាប់អារម្មណ៍​នឹង​ការ​កាងការពារ​​ពី​បុគ្គលិក​លោក ឡេង ណាវ៉ាត្រា ទេ។ ពួកគេ​អះអាងដូចគ្នាថា ខ្លួន​ត្រូវការតែផ្ទះដែលខ្លួនបាន​ទិញ​​តាំង​ពីឆ្នាំ​២០២១ ខណៈដែលខ្លួន​ទ្រាំរង់ចាំទាំងលំបាក ហើយអ្នកខ្លះ​ខ្ចីធនាគារ​ និងបង់សងរាល់​ខែ។ យ៉ាង​ណា ​ពួក​គេ​​​ហាក់​ដាក់​ក្ដីសង្ឃឹមលើ​ក្រសួងរៀបចំ​ដែនដីជំនួស​វិញ ក្រោយ​មានការបង្កក​ទ្រព្យរបស់​​ម្ចាស់​ក្រុមហ៊ុន។

តំណាង​ពលរដ្ឋ​ម្នាក់ គឺលោក កែ រ៉ាវុធ ទទូច​ឲ្យ​ក្រសួង​​រៀបចំ​ដែនដី​​ចា​ត់​ចែង​​ប្រមូល​​​ថវិកា​​ដែល​​បង្កក​​បាន​​នោះ​ ​ឲ្យ​​បាន​​ត្រឹម​ត្រូវ ដើម្បី​សង់​បញ្ចប់​​​​គម្រោង​តាម​ការស​ន្យា ដោយ​ជៀស​វាង​​បោក​ប្រាស់​ពួក​គេ​​​​ដូច​​ក្រុម​ហ៊ុន​​ ឡេង ណាវ៉ាត្រា ​​នា​ពេល​​កន្លង​​ទៅ ហើយ​​កុំ​បង្ខំ​​ឱ្យ​​ពួក​លោក​​ទទួល​យក​កិច្ចសន្យា​ថ្មី ផ្ទុយ​នឹង​កិច្ចសន្យា​ដើម ដូចជាលុប​សំណង​កិច្ច​សន្យា​ចាស់​ ១​ខែ ១០០​ដុល្លារ និង​ធានា​គុណភាព ៤​​ឆ្នាំ​ជាដើម។ យ៉ាងណា លោកព្រមាន​ថា ​​នឹង​ចេញ​តវ៉ា​​មុខ​ក្រសួង​រៀបចំ​​ដែនដី​សាជាថ្មី បើ​ការ​​ដោះ​ស្រាយ​នេះ​គ្មាន​តម្លាភាព។

​លោក កែ រ៉ាវុធ និយាយថា៖ «ព្រោះអីប៉ុន្មានថ្ងៃមុននេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាត់​បាន​មាន​ប្រសាសន៍​​ថា គាត់​នឹង​ប្តេជ្ញា​ចិត្ត​សាង​សង់​នូវ​គម្រោង ៦អា ឲ្យ​ចប់​ជា​ស្ថាពរ។ អ៊ីចឹង​អតិថិជន​ទាំង​អស់​កំពុង​រង់​ចាំ​មើល តើ​ការ​សន្យា​របស់​លោក សាយ សំអាល់ ហ្នឹង គាត់​ធ្វើ​អ្វី​ដូច​ជា​សារ​អ្វី​ដែល​គាត់​មាន​ប្រសាសន៍​អត់? បើ​សិន​ជា​ធ្វើ​អត់​បាន​ទេ អតិថិ​ជ​នទាំងអ​ស់នឹ​ង​ក្រោក​ឈរ​ជាថ្មី និង​តវ៉ា​នៅ​មុខ​ក្រសួង​ដែន​ដី»។

រី​ឯពលរដ្ឋ​ជាច្រើន​នាក់​​ទៀត នៅ​លើបណ្ដាញសង្គមហ្វេសប៊ុក ​បានចូលរិះគន់​លោក ឡេង ណាវ៉ាត្រា យ៉ាង​ច្រើន​​សន្ធឹក​​សន្ធាប់​។ លើសពីនេះ ពួកគេ​សួរថា​តើដីនៅព្រៃប្រសព្វ នៅ​​ខេត្ត​បន្ទាយមា​ន​ជ័យ ដី​ផ្ទះនៅ​ខេត្ត​កំពង់​ឆ្នាំង​​ជា​ដើ​ម នឹង​គិត​យ៉ាង​ណា បើ​ខ្លួន​​បា​នបង់​លុយ​ឱ្យ​គ្រប់​ចំនួន និង​សង្ឃឹម​ថា បាន​ដី​និង​ផ្ទះ​រស់​នៅ។ ពួក​គេ​ចោទ​​ថា នេះ​​ជា​​ការ​បោក​ទំនុក​ចិត្ត​ប្រជាជ​ន​ស្លូត​ត្រង់ ដែល​ខំ​ជឿ​ជាក់​ក្រុម​ហ៊ុន ឡេង ណាវ៉ាត្រា ហើយ​បែរ​ជា​​​​​ធ្វើ​ឱ្យ​អតិថិជន​អស់​សង្ឃឹម និង​​ហូរ​​ទឹក​​ភ្នែក​​ទៅ​វិញ។ ពួកគេ​ភាគច្រើន ​អះអាង​ថា លុយ​ដែលយកទិញផ្ទះនិងដី​ក្រុមហ៊ុន​នេះ ជា​ញើស​ឈាមរបស់​ខ្លួន ហើយ​ខ្លះ​បាន​ខ្ចី​ធនាគារមកទិញ និងត្រូវ​ជំពាក់​​ធនាគារ​នៅ​ឡើយ។

ជុំវិញ​ករណី​នេះ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន លោក ប៉ោ មករា យល់​​ឃើញ​​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​​​គឺ​ជា​សិទ្ធិ​ស្របច្បាប់ ហើយ​ស្ថាប័នរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​មាន​កាតព្វកិច្ច​ពិនិត្យ និង​ដោះស្រាយ​តាម​យន្តការ​​ច្បាប់​​ជា​កំហិត។ លោក​ថា ការដែល​ពលរដ្ឋ​ហ៊ាន​លើកឡើង​ពី​បញ្ហា និង​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​-​ស្ថាប័ន​​ពាក់ព័ន្ធ មិន​គួរ​ចាត់ទុក​ថា​ជា​ការ​ដាក់​សម្ពាធ​ឡើយ ប៉ុន្តែ​ជា​ការ​ទាមទារ​ឱ្យ​មាន​ការទទួលខុសត្រូវ និង​ដោះស្រាយ​ដោយ​តម្លាភាព ហើយ​លោក​​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ពិតប្រាកដ ប្រកបដោយ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​រងគ្រោះ។

លោក ប៉ោ មករា ថ្លែងថា៖ «​បញ្ហា​ទាំងអស់​នេះ ខ្ញុំ​មើលឃើញ​ថា វា​បាន​រុញច្រាន​នូវ​គេ​​ហៅថា​ ដំណោះ​ស្រាយ​​ប្រកប​ដោយ​​ភាព​​យុត្តិ​ធម៌​​ណា បើសិ​ន​ជា​​ដំណោះ​ស្រាយ​​ហ្នឹង ត្រូវ​​បាន​​​ដោះ​ស្រាយ​​ចេញ​​នូវ​​ពិតៗ ហើយ​​វា​​​ទទួល​​បាន​​ផល​​ទៅ​​ដល់​​ក្រុម​​ប្រជា​ពលរដ្ឋ​​ដែល​​រង​គ្រោះ ជាពិសេស​​គឺ​​​អតិថិជន​​នៃ​​ក្រុម​ហ៊ុន ឡេង ណាវ៉ាត្រា តែ​​ម្តង​​ណា»។

ចំណែក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់​ឃើញ​​ដែរ​​ថា ការ​ទទួល​​ខុស​ត្រូវ​​​ជា​​បឋម គឺ​​ស្ថិត​​លើ​​ម្ចាស់​បុរី​ដែល​បាន​ប្រកាស​ក្ស័យធន និង​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ ប៉ុន្តែ​បន្ទាប់​ពី​លោក ឡេង ណាវ៉ាត្រា បាន​ផ្ទេរ​ទ្រព្យសម្បត្តិ និង​បញ្ហា​ដែល​នៅ​សេសសល់​ទៅ​ក្រសួង​រៀបចំ​ដែនដី​នោះ ការ​ចូលរួម​ដោះស្រាយ និង​ទូទាត់​ជូន​ប្រជា​ពលរដ្ឋ គួរ​ស្ថិត​ក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង។ ប៉ុន្តែ​លោក​ចោទ​ជា​សំណួរ​​សំខាន់​នៅ​ពេល​នេះ ថា​តើ​ក្រសួង​នឹង​ចាត់វិធានការ និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដែល​បាន​ផ្ទេរ​មក ដើម្បី​ដោះស្រាយ​​បញ្ហា​ជូន​ប្រជាពលរដ្ឋ​​ដែល​រងគ្រោះ​យ៉ាង​ដូចម្តេច។ ជាពិសេស តើ​ក្រសួង​អាច​ធានា​ឱ្យ​មាន​ការ​ទូទាត់ និង​ដំណោះ​ស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ចប់​សព្វគ្រប់ ដូច​ការ​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ​បាន​ឬ​យ៉ាងណា។

លោក សេក សុជាតិ ថ្លែងថា៖ «អញ្ចឹង បើសិនជា​ក្រសួង​សម្រេច​យ៉ាងម៉េច គឺ​អាច​ទៅ​​ផ្លូវ​​ហ្នឹង​ហើយ។ ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ គឺ​​ត្រូវ​តែ​​សហការ​​ជាមួយ​នឹង​​ក្រសួង​​រៀប​ចំ​​ដែន​ដី នគរូប​នីយ​កម្ម ផ្តល់​​នូវ​​ឯកសារ និង​​កុង​ត្រា​​ផ្សេងៗ ក៏​ដូច​ជា របាយ​ការណ៍​នៃ​​ការ​​ទូទាត់​អី​​ផ្សេងៗ​​ហ្នឹង ជាមួយ​​នឹង​​ក្រសួង ដើម្បី​​ស្វែង​រក​​ដំណោះ​ស្រាយ ពីព្រោះ​ក្រុម​ហ៊ុន​​អចលន​​ទ្រព្យ​​មួយ​​នេះ បាន​​ប្រកាស​​ក្ស័យ​ធន​​ហើយ​ ដូច្នេះ​មាន​តែ​​វិធាន​ការ​​ផ្លូវ​ច្បាប់ ដែល​​កើត​​ចេញ​​ពី​​ម្ចាស់​​ដើម​​បណ្តឹង ជា​​ពលរដ្ឋ ឬ​ក៏​​ជា​​ក្រសួង​​រៀប​ចំ​​ដែន​ដី​​ហ្នឹង បាទ»។

លោក ឡេង ណាវ៉ាត្រា បានលេចធ្លោខ្លាំងក្នុងវិស័យជំនួញ និង​​សង្គម ក្រោយ​​​ព្រម​​ក្រាប​​សំពះ​​លោក ហ៊ុន សែន ហើយ​​ក្រោយ​​មក​​បាន​​ទទួល​​ងារ «ឧកញ៉ា» នៅ​ឆ្នាំ​២០១៨ និង «អ្នក​ឧកញ៉ា» នៅ​ឆ្នាំ​២០២១។ លោក​មាន​អាជីវកម្ម​អចលន​ទ្រព្យ​ជា​ច្រើន និង​​ជីវិត​​ដ៏​​​ស៊ី​វិល័យ ខណៈ​សមាជិក​គ្រួសារ​របស់​លោក​ជា​ច្រើន​នាក់​ ក៏ទទួល​បាន​ងារ «ឧកញ៉ា» ផង​​ដែរ។ ទន្ទឹម​នឹ​ង​នេះ លោក​ក៏​មាន​ឈ្មោះ​ល្បី​ខាង​​បរិច្ចាគ​​ថវិ​កា​​ច្រើន​​លាន​ដុល្លារ​​ដល់​​រដ្ឋាភិ​បាល និង​​ស្ថាប័ន​​មនុស្ស​​ធម៌។

នៅ​ឆ្នាំ​​២០២១-២០២២ លោក​​បរិច្ចាគប្រាក់​យ៉ាងហោច​ណាស់ជិត ១៥លាន​ដុល្លារ ​ដោយ​រួម​មាន​ប្រគល់​ជា​សាច់​ប្រាក់​ផ្ទាល់។ ការរីកចម្រើន​ក្នុង​ជំនួញ ជីវិត​ហ៊ឺហា និង​ការបរិច្ចាគ​ទ្រង់ទ្រាយធំ បានធ្វើឱ្យលោកក្លាយជាបុគ្គលជំនួញដែលទទួលបានការចាប់អារម្មណ៍ខ្លាំង​នៅ​កម្ពុជា។

ស្របពេលជាមួយគ្នា ​អ្នករិះគន់មួយចំនួន​ អះអាង​ថា ភាព​ល្បីល្បាញ និង​ឥទ្ធិពល​ក្រោម​​នឹម​​លោក ហ៊ុន សែន នឹង​​​មិន​​អាច​​​​ជំនួសការ​​ទទួល​ខុសត្រូវចំពោះ​អតិថិ​ជន​​រ​ង​គ្រោះ​​ឡើយ ទោះ​​លោក​ធ្លាប់​ប្រើ​ប្រាស់​កេរ្តិ៍​ឈ្មោះ និង​ការ​គាំទ្រ​ពី​បុគ្គល​​មាន​អំណាច ដើម្បី​​បង្កើន​ទំនុក​ចិត្ត​របស់​សាធារ​ណ​ជន​​យ៉ាង​ណា​ក្ដី​ ព្រោះ​​ការ​​មិ​ន​​ដោះ​ស្រាយ​​បាន​​​​ធ្វើ​​ឱ្យ​​ខាត​បង់​​​យ៉ាង​​​ធ្ងន់​ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ