នៅពេលនិយាយពីវិបត្តិអចលនទ្រព្យនៅកម្ពុជា យើងមិនគួរមើលតែទ្រព្យសម្បត្តិរបស់ឧកញ៉ា អ្នកឧកញ៉ា ឬម្ចាស់ក្រុមហ៊ុនធំៗទេ អ្នកដែលរងគ្រោះធ្ងន់បំផុត គឺប្រជាពលរដ្ឋសាមញ្ញ។
ពួកគេខ្លះលក់ដី លក់ផ្ទះ លក់គោ ក្របី ឬយកប្រាក់សន្សំដែលរកបានរាប់ឆ្នាំមកវិនិយោគ។ អ្នកខ្លះ ខ្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុដោយសង្ឃឹមថា នឹងបានដី ផ្ទះ ឬចំណូលបន្ថែម។ ប៉ុន្តែចុងក្រោយអ្នកខ្លះបាត់ទាំងទ្រព្យ បាត់ទាំងផ្ទះ ហើយនៅសល់តែបំណុល។
សារព័ត៌មានមេគង្គឯករាជ្យ រាយការណ៍នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា ជនរងគ្រោះក្រុមហ៊ុនពិភពដីមាសមួយគ្រួសារត្រូវលក់ផ្ទះ ដី ត្រាក់ទ័រ និងសត្វចិញ្ចឹម ដើម្បីសងបំណុល ហើយបច្ចុប្បន្នរស់នៅក្នុងខ្ទមលើដីកូន។
ករណីលោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បង្ហាញពីទំហំបញ្ហាយ៉ាងច្បាស់។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក និងបក្ខពួក២នាក់ ដាក់ពន្ធនាគារសរុប ១៥ឆ្នាំ ក្នុងសំណុំរឿង ៣ និងបង្គាប់ឱ្យសងប្រាក់ជាង ៣៣,៥លានដុល្លារ ដល់ជនរងគ្រោះ ១១១៥គ្រួសារ។
ប៉ុន្តែ ព័ត៌មានខាងលើ រាយការណ៍ថា លោកនៅក្រៅឃុំក្នុងពេលនីតិវិធីបណ្តឹងបន្ត ហើយជនរងគ្រោះនៅតែព្រួយបារម្ភថា មិនដឹងពេលណាទើបពួកគេបានប្រាក់វិញ។ នេះបង្ហាញថា ការមានសាលក្រម មិនទាន់មានន័យថា ប្រជាពលរដ្ឋបានយុត្តិធម៌ពិតប្រាកដទេ បើការសងសំណងនៅតែអូសបន្លាយ។
ករណីលោក ជា សារ៉ន ក៏មានរូបភាពស្រដៀងគ្នា។ នៅខែមេសា ឆ្នាំ២០២៣ លោក និងបក្ខពួកត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស ពាក់ព័ន្ធការខាតបង់ជិត ៤០លានដុល្លារ និងប្រជាពលរដ្ឋជាង ២០០០គ្រួសារ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អ្នករងគ្រោះជាច្រើនខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីចូលវិនិយោគ។ នៅក្នុងវេទិកាសាធារណៈមួយ អភិបាលខេត្តកំពត ក៏បានបញ្ជាឱ្យស៊ើបអង្កេត ក្រោយមានការសង្ស័យអំពីទំនាក់ទំនងរវាងក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុខ្លះ។ ប៉ុន្តែការសង្ស័យនោះ នៅមិនទាន់បង្ហាញភស្តុតាងនៅឡើយថាស្ថាប័នណាមួយបានប្រព្រឹត្តបទល្មើសទេ។
ករណីអ្នកស្រី ឡេង ចាន់ណា កាន់តែធ្វើឱ្យសំណួរអំពីប្រព័ន្ធត្រួតពិនិត្យរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កាន់តែធ្ងន់ឡើង។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តុលាការខេត្តសៀមរាប បានចោទប្រកាន់អ្នកស្រី និងអ្នកពាក់ព័ន្ធពីបទឆបោកមានស្ថានទម្ងន់ទោស បទពាក់ព័ន្ធសែក និងបទសម្អាតប្រាក់។
ក្រោយមក នៅខែធ្នូ ឆ្នាំ២០២៤ តុលាការបានកោះហៅមន្ត្រីរដ្ឋាភិបាល ២រូប គឺលោក ស ថាវី និងលោក ស៊ាន បូរ៉ាត់ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី។ ការកោះហៅជាសាក្សី មិនមានន័យថា មន្ត្រីទាំងនោះមានទោសទេ ប៉ុន្តែវាបង្ហាញថា ការស៊ើបអង្កេតមិនគួរឈប់ត្រឹមម្ចាស់ក្រុមហ៊ុន។ បើមានមន្ត្រីណាម្នាក់បានជួយសម្របសម្រួល ការពារ ឬទទួលផលប្រយោជន៍ ត្រូវស៊ើបអង្កេតដូចមនុស្សធម្មតា។
មកដល់ករណីលោក ឡេង ណាវ៉ាត្រា អតិថិជនជាង ១០០នាក់ បានចេញតវ៉ាមុខក្រសួងរៀបចំដែនដីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោយអះអាងថា បានបង់ប្រាក់ទិញផ្ទះ និងដីជាច្រើនឆ្នាំ ប៉ុន្តែមិនទទួលបានតាមកិច្ចសន្យា។ CamboJA រាយការណ៍នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ថា អតិថិជនជាង ១០០នាក់ ធ្លាប់តវ៉ាមុខក្រសួងរៀបចំដែនដីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោយរង់ចាំសំណង់ជាង ៥ឆ្នាំ ហើយនៅដើមឆ្នាំនេះផ្ទះប្រមាណ ១៥០០ខ្នង នៅតែមិនទាន់សាងសង់រួច។ បញ្ហាគឺ ហេតុអ្វីត្រូវរង់ចាំឱ្យពលរដ្ឋតវ៉ារងបំណុល និងរង់ចាំជាច្រើនឆ្នាំ ទើបរដ្ឋចាត់វិធានការខ្លាំង?។
ចំណុចដែលត្រូវស៊ើបអង្កេតជាពិសេស គឺតួនាទីអចលនទ្រព្យក្នុងការលាក់បាំងប្រភពប្រាក់។ ក្រុមការងារអន្តរជាតិប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម (FATF) ព្រមានថា វិស័យអចលនទ្រព្យអាចត្រូវឧក្រិដ្ឋជនប្រើ ដើម្បីបញ្ចូលប្រាក់ខុសច្បាប់ទៅក្នុងសេដ្ឋកិច្ចស្របច្បាប់។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានព្រមានថា ការបំបោងតម្លៃអចលនទ្រព្យអាចជាវិធីមួយសម្រាប់លាក់បាំងប្រភពប្រាក់ ព្រោះការកំណត់តម្លៃដី ឬអគារខ្ពស់ជាងតម្លៃពិត អាចត្រូវប្រើដើម្បីធ្វើឱ្យប្រាក់ដែលមានប្រភពមិនច្បាស់ មើលទៅដូចជាប្រាក់ស្របច្បាប់។ នេះមិនមែនមានន័យថា គម្រោងទាំង ៤ ខាងលើបានធ្វើដូច្នោះទេ ប៉ុន្តែដោយសារទឹកប្រាក់រាប់សិប ឬរាប់រយលានដុល្លារ អាជ្ញាធរមិនអាចនិយាយត្រឹមថាជាបញ្ហាអាជីវកម្ម ហើយបិទសំណុំរឿងបានទេ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវពិនិត្យតម្លៃដីពេលទិញ និងពេលលក់ តម្លៃសំណង់ពិត ប្រភពទុន ចលនាប្រាក់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ អ្នកកាន់ភាគហ៊ុន និងម្ចាស់ផលប្រយោជន៍ពិតប្រាកដ។ បើអចលនទ្រព្យតម្លៃទីផ្សារ ១លានដុល្លារ ត្រូវកត់ត្រា ឬផ្ទេរក្នុងតម្លៃខ្ពស់ជាងនេះខ្លាំងដោយគ្មានហេតុផលសេដ្ឋកិច្ចច្បាស់ នោះគួរជាសញ្ញាសម្រាប់ការត្រួតពិនិត្យ មិនមែនជាភស្តុតាងស្រេចថាជាការលាងលុយទេ។ ច្បាប់ប្រឆាំងការលាងលុយរបស់កម្ពុជាផ្ទាល់ក៏ដាក់អ្នកធ្វើអាជីវកម្មអចលនទ្រព្យ អគារ និងដីក្នុងចំណោមវិស័យដែលមានកាតព្វកិច្ចតាមប្រព័ន្ធប្រឆាំងការលាងលុយ។
អ្វីដែលធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គេចពីការរិះគន់ពិបាក គឺករណីបែបនេះមិនកើតឡើងតែម្តង។ វាកើតឡើងជាបន្តបន្ទាប់ ក្នុងពេលប្រទេសក៏កំពុងរងការរិះគន់ធ្ងន់ពីបណ្តាញឆបោកអនឡាញ។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញរបាយការណ៍ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងទីតាំងឆបោក ៨៦កន្លែង ដែលខ្លួនកំណត់អត្តសញ្ញាណ មានភស្តុតាងពីអន្តរាគមន៍រដ្ឋត្រឹម ២៤កន្លែង ហើយក៏រាយការណ៍ការចោទប្រកាន់អំពីការឃុបឃិតរវាងប៉ូលិសខ្លះ និងអ្នកគ្រប់គ្រងទីតាំង។
ដូច្នេះ សំណួរមិនមែនត្រឹមថា តើអ្នកណានឹងចូលគុកប៉ុន្មានឆ្នាំទេ។ សំណួរគឺ តើប្រាក់បានមកពីណា? តើអ្នកណាបានជួយឱ្យប្រព័ន្ធនេះរីកធំធាត់? តើមានការបំបោងតម្លៃអចលនទ្រព្យដើម្បីលាក់ប្រភពប្រាក់ ឬទេ? ហើយតើមានមន្ត្រីណាខ្លះ បានទទួលផលប្រយោជន៍ ឬការពារបុគ្គលទាំងនោះដែរ ឬទេ? បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចង់បង្ហាញថា ខ្លួនចង់វះកាត់សាច់ស្អុយពិតប្រាកដ កុំចាប់ផ្តើមស៊ើបតែពេលរឿងបែក។ ត្រូវតាមដានលុយ យកទ្រព្យដែលមានប្រភពខុសច្បាប់មកសងជនរងគ្រោះ និងហ៊ានស៊ើបដល់អ្នកមានអំណាច និងសាច់ញាតិដែលអាចពាក់ព័ន្ធ។ បើមិនដូច្នោះទេ ជនរងគ្រោះពិតប្រាកដនៅតែជាប្រជាពលរដ្ឋសាមញ្ញ ខណៈអ្នកដែលបានចំណេញធំអាចបន្តរស់នៅសុខស្រួលដដែល៕
ដោយ សុក្រឹត ពុទ្ធិ









