តាមការផ្សព្វផ្សាយរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែកញ្ញា បានឱ្យដឹងថា ក្រសួងបានសម្រេចបញ្ជូនករណីបណ្ដឹងរបស់លោក ស្លេះ ហ្វឺត ទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាស្ថាប័នកំពូលមួយខាងផ្នែកច្បាប់ ពិនិត្យ និងចាត់ការតាមនីតិវិធី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ករណីឈ្មោះស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលចោទប្រកាន់ថាមន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង អនុវត្តខុសនីតិវិធីនោះ ពេលនេះសាម៉ីខ្លួនបានដាក់ពាក្យបណ្តឹងផ្ទាល់មួយទៀត ទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមហើយ។
លោកបន្តថា ចំពោះករណីនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានសម្រេចបញ្ជូនករណីនេះ តាមនីតិវិធីជាធរមាន ទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការជាសមត្ថកិច្ច។ លោកបន្ថែមថា ក្នុងករណីរកឃើញកំហុស ដោយអនុវត្តទៅតាមច្បាប់ និងនីតិវិធីក្នុងក្របខ័ណ្ឌនៃយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សាច់ញាតិលោក ស្លេះ ហ្វឺត គឺលោក ណុះ សូឡោះ ប្រាប់វីអូឌី នៅថ្ងៃទី១១ ខែកញ្ញានេះថា គោលបំណងធំបំផុតនៃការបន្តដាក់ពាក្យបណ្ដឹងនេះ គឺដើម្បីរកភាពស្អាតស្អំឱ្យបងថ្លៃរបស់លោក។
លោក សូឡោះ បន្តថា កន្លងមកលោកបានព្យាយាមស្វែងរកការអន្តរាគមន៍ជាច្រើនដងពីតុលាការខេត្តស្ទឹងត្រែង ដោយដាក់ភស្តុតាងឱ្យពិនិត្យឡើងវិញ ពិសេសទៅលើសាវតារជាតិរវាងលោក ស្វេះ ហ្វឺត បងថ្លៃលោក និង ស្លេះ វ៉ើត ដែលជាជនបង្ក ប៉ុន្តែបែរជាត្រូវបានគេកប់ចោល ដែលធ្វើឱ្យបងប្រុសលោករងភាពអយុត្តិធម៌ ជាប់ពន្ធនាគារដល់ទៅជិតមួយឆ្នាំ។
លោកថា៖ «គេទទួលឯកសារ ប៉ុន្តែគេយកទៅកប់ចោលអញ្ចឹងណា តែប៉ុណ្ណឹងឯង ដោយសារអី ខ្ញុំអត់មានអីក្រៅពីឱ្យរកយុត្តិធម៌ឱ្យបងខ្ញុំទេ បាទ! ហើយទាំងមនុស្សមិនបានប្រព្រឹត្ត ដូចចោទប្រកាន់របស់តុលាការផង ហើយយកគ្នាទៅដាក់ដល់មួយឆ្នាំ? ខ្ញុំមានអីក្រៅពីសុំពីសម្ដេចបវរធិបតី, សម្ដេចពុក, ហើយនិងសម្ដេចម៉ែ ជួយរកយុត្តិធម៌ឱ្យកូនចៅផង ទាំងកូនចៅអត់មានកំហុស មិនដែលបានទៅកាប់ដី… មិនដែលបានទៅកាប់ឈើសូម្បីតែមួយពូថៅ រស់នៅលើទូកបណ្ដែតខ្លួនលើទូក រហូត គេមកចោទប្រកាន់ថា ទៅទន្ទ្រានដីធ្លីហ្នឹងណា!»។
យ៉ាងណា ក្រសួងយុត្តិធម៌ បញ្ជាក់បន្ថែមថា ក្រសួងក៏បានចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវបន្ថែមលើករណីនេះផងដែរ ហើយដែលលទ្ធផលនៃការចុះស្រាវជ្រាវនេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីជាមូលដ្ឋានបន្ថែមសម្រាប់ការធ្វើអធិការកិច្ចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
គួរបញ្ជាក់ថា លោក ស្លេះ ហ្វឺត ដែលជាពលរដ្ឋខ្មែរឥស្លាមរស់នៅសង្កាត់ស្រះឫស្សី បានចំណាយពេលជិតមួយឆ្នាំក្នុងពន្ធនាគារ ក្រោយត្រូវបានអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តាមដីកាបង្គាប់របស់តុលាការ ក្រោមបទចោទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ នៅឧទ្យានជាតិវើនសៃសៀមប៉ាង។
ចំណុចខុសប្រក្រតីគឺនៅត្រង់ថា លោកមានឈ្មោះ ស្លេះ ហ្វឺត អាយុ ៥៤ឆ្នាំ ប៉ុន្តែក្នុងដីកាបង្គាប់ចាប់ខ្លួន ជនល្មើសមានឈ្មោះថា ស្លេះ វ៉ើត អាយុ ៤៧ឆ្នាំ។ ជាងនេះទៅទៀត ទាំងឈ្មោះឪពុកម្ដាយ ថ្ងៃខែឆ្នាំកំណើត និងឈ្មោះប្រពន្ធ នៅក្នុងអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ និងឯកសារផ្សេងទៀតគឺខុសគ្នាទាំងអស់។ លើសពីនេះ របាយការណ៍របស់សាលាដំបូងខេត្ត នៅតែបញ្ជាក់ថា ជនសង្ស័យមានឈ្មោះថា ស្លេះ វ៉ើត គឺមិនមែន ស្លេះ ហ្វឺត។
ករណីនេះ ក៏ត្រូវបានតាមដានដោយអ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល ដោយមានការទទូចឱ្យស៊ើបអង្កេតស្រាវជ្រាវឱ្យបានហ្មត់ចត់ ដើម្បីស្ដារទំនុកចិត្តពលរដ្ឋលើប្រព័ន្ធច្បាប់ និងផ្ដល់យុត្តិធម៌ ព្រមទាំងសំណងជំងឺចិត្តដល់ជនរងគ្រោះ ប្រសិនបើលោក ស្លេះ ហ្វឺត ពិតជាគ្មានទោសពិតប្រាកដមែន៕









