វិបត្តិហិរញ្ញវត្ថុ និងការប្រកាសក្ស័យធនក្នុងវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធនឹងគម្រោងធំៗ រួមទាំងគម្រោង ៦អា របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតជាប្រធានបទដ៏ក្តៅគគុក និងជាកង្វល់យ៉ាងជ្រាលជ្រៅសម្រាប់សាធារណជន និងដំណោះស្រាយសមរម្យសម្រាប់អតិថិជនចំនួន ៣៨០០០គ្រួសារ។
សំណួរដ៏សំខាន់ និងចោទជាបញ្ហានយោបាយ-សេដ្ឋកិច្ចនៅពេលនេះ ថាតើអតិថិជនដែលរើសយកផ្លូវស្ងប់ស្ងាត់និងមិនហ៊ានចេញមុខតវ៉ា អាចរំពឹងទទួលបានដំណោះស្រាយដោយ «តម្លាភាព និងយុត្តិធម៌» ដែរឬទេ?។
ដើម្បីឆ្លើយតបនឹងសំណួរនេះ វីអូឌីសូមលើកយកទិដ្ឋភាពសំខាន់ៗចំនួន៣ មកពិចារណា ផ្អែកលើបរិបទសង្គម ច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។
ភាពខុសគ្នារវាងយន្តការច្បាប់ផ្លូវការ និងការពិតនៃយន្តការដោះស្រាយ។ បើតាមអ្នកតាមដាន តាមគោលការណ៍ច្បាប់ ស្ដីពីក្ស័យធន ដំណើរការនៃការទាមទារសំណង ឬការបែងចែកទ្រព្យសកម្មដែលសេសសល់ គឺតម្រូវឱ្យភាគីរងគ្រោះធ្វើការចុះឈ្មោះជាម្ចាស់បំណុលនិងបង្ហាញភស្តុតាងនៃការបង់ប្រាក់ផ្លូវការ។
ហានិភ័យនៃភាពស្ងប់ស្ងាត់ នៅក្នុងប្រព័ន្ធតុលាការ អតិថិជនដែលមិនហ៊ានចេញមុខ មិនដាក់ពាក្យប្តឹង ឬមិនបានចុះឈ្មោះក្នុងបញ្ជីម្ចាស់បំណុល នឹងត្រូវចាត់ទុកថា លះបង់សិទ្ធិទាមទារដោយស្វ័យប្រវត្តិ។
យន្តការអន្តរាគមន៍ក្រៅប្រព័ន្ធវិញ ជាទម្លាប់នៅក្នុងបរិបទកម្ពុជា ការដោះស្រាយវិវាទអចលនទ្រព្យទ្រង់ទ្រាយធំ ច្រើនតែពឹងផ្អែកទៅលើគណៈកម្មការអន្តរក្រសួង ឬការអន្តរាគមន៍ពីមេដឹកនាំ។ យន្តការបែបនេះច្រើនតែផ្តោតលើការរក្សាស្ថិរភាពសង្គម ដោយដោះស្រាយជាមួយក្រុមដែលស្រែកខ្លាំង ឬតវ៉ាខ្លាំងជាមុន ដើម្បីពន្លត់កំហឹងសាធារណៈ។ ឯអតិថិជនដែលស្ងាត់ស្ងៀម ងាយនឹងត្រូវគេទុកចោលនៅជួរក្រោយ ឬរំលងចោលតែម្តង។
ជ្រុងមួយនៃក្តីបារម្ភនេះឥទ្ធិពលនៃសន្ទស្សន៍នីតិរដ្ឋ និងអំពើពុករលួយ។ របាយការណ៍ស្ដីពីសន្ទស្សន៍នីតិរដ្ឋ និងអំពើពុករលួយពីស្ថាប័នអន្តរជាតិ ដូចជា World Justice Project និង Transparency International ដែលបង្ហាញថា កម្ពុជាស្ថិតក្នុងកម្រិតប្រឈមខ្ពស់ជាច្រើនឆ្នាំជាប់ៗគ្នា គឺជាកត្តាជះឥទ្ធិពលផ្ទាល់ដល់កម្រិត «តម្លាភាព» នៃដំណោះស្រាយ។
កង្វះតម្លាភាពលើទ្រព្យសកម្មក្រុមហ៊ុន នៅពេលក្រុមហ៊ុនធំជួបវិបត្តិ ការវាយតម្លៃទ្រព្យសកម្មដែលសេសសល់ និងបំណុល ច្រើនតែប្រព្រឹត្តទៅដោយសម្ងាត់។ ប្រសិនបើនីតិរដ្ឋមានកម្រិតទាប ភាគីដែលមានអំណាច ឬខ្សែស្រឡាយអាចទាញយកផលប្រយោជន៍ ឬដកហូតទ្រព្យសកម្មល្អៗមុនគេ រហូតធ្វើឱ្យទ្រព្យសម្រាប់សងអតិថិជនទូទៅនៅសល់តិចតួច ឬគ្មានសោះ។
សម្ពាធអំណាច និងការបំភិតភ័យវិញអតិថិជនតូចតាចភាគច្រើន មិនហ៊ានចេញតវ៉ា ដោយសារតែការភ័យខ្លាចចំពោះឥទ្ធិពលអំណាច និងខ្នងបង្អែកផ្នែកនយោបាយ ឬសេដ្ឋកិច្ចរបស់ភាគីម្ចាស់គម្រោង។ ភាពភ័យខ្លាចនេះ បង្កើតបានជា «វប្បធម៌ស្ងប់ស្ងាត់» ដែលអំណោយផលដល់ភាគីបំពាន ក្នុងការគេចវេះពីការទទួលខុសត្រូវ។
អ្នកតាមដាន យល់ថា ភាពស្ងប់ស្ងាត់មិនមែនជានយោបាយនៃការទទួលបានយុត្តិធម៌ឡើយ។ នៅក្នុងបរិបទសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មានតែការរួមជាក្រុមទាមទារតាមផ្លូវច្បាប់ជាធ្លុងមួយមានតំណាងច្បាប់ច្បាស់លាស់ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយប្រុងប្រយ័ត្នប៉ុណ្ណោះ ដែលអាចបង្កើតជាសម្ពាធជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន បើកចំហព័ត៌មាន និងផ្តល់ដំណោះស្រាយដោយស្មើភាពគ្នា។
សម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ក្រោមហេតុផលនៃការលើកឡើងពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងររបស់លោក ឡេង ណាវ៉ាត្រា អតិថិជនអាចទទួលបានដំណោះស្រាយ ស្របតាមឆន្ទៈរបស់ក្រសួង បើពួកគេរក្សាភាពស្ងប់ស្ងាត់។
ក្នុងន័យនេះ លោកគិតថា ដំណោះស្រាយអាចមានសេណារីយូពីរ ទី១ បើក្រសួងអាចបង្កក និងលក់ទ្រព្យសម្បត្តិរបស់លោក ឡេង ណាវ៉ាត្រា បានពិតប្រាកដ នោះអតិថិជនមានឱកាសទទួលបានដំណោះស្រាយមួយផ្នែក ឬទទួលបានផ្ទះ ដី ឬប្រាក់ខ្លះត្រឡប់មកវិញ។
សេណារីយូមួយទៀត វាអាស្រ័យលើតម្លៃទ្រព្យដែលនៅសល់ បំណុលសរុបរបស់ក្រុមហ៊ុន និងលំដាប់អាទិភាពក្នុងការសងម្ចាស់បំណុល។ បើទ្រព្យត្រូវបានលក់ក្នុងតម្លៃសមរម្យ និងប្រាក់ត្រូវបានយកទៅបញ្ចប់គម្រោង ឬសងអតិថិជនដោយផ្ទាល់ នោះជនរងគ្រោះអាចទទួលបានផលប្រយោជន៍។
ប៉ុន្តែបើទ្រព្យមានតម្លៃតិចជាងបំណុល ឬត្រូវលក់ក្នុងតម្លៃទាប នោះអតិថិជនមួយចំនួនអាចមិនទទួលបានសំណងពេញលេញទេ។ ដូច្នេះ ចំណុចសំខាន់មិនមែនត្រឹមបង្កក និងលក់ទ្រព្យទេ ប៉ុន្តែគឺត្រូវមានតម្លាភាពថា មានទ្រព្យប៉ុន្មាន តម្លៃប៉ុន្មាន លក់ឱ្យអ្នកណា និងប្រាក់បានពីការលក់ត្រូវបែងចែកយ៉ាងដូចម្តេច។ រដ្ឋាភិបាលក៏គួរតែផ្តល់អាទិភាពដល់អតិថិជនដែលបានបង់ប្រាក់ និងកំពុងបង់បំណុលធនាគារ មិនមែនឱ្យម្ចាស់បំណុលធំៗ ឬអ្នកមានអំណាចទទួលបានមុនជនរងគ្រោះធម្មតាទេ។
លោកសង្កត់ធ្ងន់ថា «បើគ្មានបញ្ជីទ្រព្យ សវនកម្មឯករាជ្យ និងរបាយការណ៍ចំណូលពីការលក់ជាសាធារណៈ នោះសាធារណជននឹងនៅតែសង្ស័យថា ការលក់ទ្រព្យនេះពិតជាធ្វើដើម្បីជួយអតិថិជន ឬគ្រាន់តែជាការបែងចែកទ្រព្យរវាងក្រុមអ្នកមានអំណាច»។
សម្រាប់ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែន ករុណា វិញយល់ថា យុត្តិធម៌សម្រាប់អតិថិជនពេលនេះ វាទាមទារឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ លើកត្តាធំពីរ គឺទី១ តម្លាភាព និងទី២ គឺភាពឯករាជ្យនៃប្រព័ន្ធយុត្តិធម៌ ត្រូវឈរលើគោលការណ៍នីតិរដ្ឋ។
លោកគូសបញ្ជាក់ថា តម្លាភាព ដោយមិនត្រូវជឿតែលើការប្រកាសជោគជាំ ឬការផ្ទេរទ្រព្យបន្លំភ្នែកសាធារណជនឡើយ។ ដំណោះស្រាយដែលយុត្តិធម៌ គឺការរឹបអូស និងដេញថ្លៃទ្រព្យសម្បត្តិពិតប្រាកដ ដើម្បីយកមកសងជំងឺចិត្តប្រជាពលរដ្ឋរងគ្រោះ។
ប៉ុន្តែលោកបានបង្ហាញពីការអស់ជំនឿលើអាជ្ញាធរ ដោយមើលឃើញថា វិធានការកន្លងមកគ្រាន់តែជា «រូបភាពសិប្បនិម្មិត» ដើម្បីសម្រួលសភាពការណ៍ ប៉ុន្តែខ្វះឆន្ទៈពិតប្រាកដក្នុងការអនុវត្តច្បាប់លើអ្នកមានអំណាច និងទឹកប្រាក់។
ភាពអសកម្មនេះ វាបានបង្កផលប៉ះពាល់ដល់សង្គម និងអន្តរជាតិ។ លោកសំអាងថា ការពន្យារពេលដោះស្រាយ និងការការពារបក្សពួក មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋកាន់តែបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរូបភាពផ្លូវច្បាប់របស់កម្ពុជាធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅលើឆាកអន្តរជាតិទៀតផង។
លោកថា៖ «ទំនុកចិត្តរបស់ប្រជាពលរដ្ឋ បើសិនជាមិនផ្តល់យុត្តិធម៌ទេ គឺកាន់តែធ្លាក់ចុះបន្ថែមទៀត។ បច្ចុប្បន្ន គឺបានបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ទៅហើយ។ ករណីនេះគឺជាករណីលេចធ្លោមួយ ដែលមិនត្រូវបានដោះស្រាយ ហើយវាកាន់តែធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍អន្តរជាតិ កាន់តែដឹងច្បាស់បន្ថែមទៀតថា ដំណើរការនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជាយើង គឺស្ទើរតែស្មើនឹងសូន្យទៅហើយ ជាមួយនឹងអ្នកមានអំណាច និងអ្នកមានឥទ្ធិពលទឹកប្រាក់នោះ»។
បើផ្អែកទៅលើរបាយការណ៍វាយតម្លៃ និងយន្តការដោះស្រាយកន្លងមក អ្នកតាមដានបង្ហាញការយល់ឃើញថា លទ្ធផលចំពោះអតិថិជនដែលមិនហ៊ានចេញមុខតវ៉ា ឬរក្សាភាពស្ងៀមស្ងាត់ អាចចែកចេញជា៣។ ទី១ គឺយុទ្ធសាស្ត្រពន្យាពេល ទី២ ការផ្តល់ដំណោះស្រាយជាកញ្ចប់ទាបជាងតម្លៃដើម និងទី៣ អតិថិជនអាចទទួលបានដី ឬផ្ទះដែលសង់មិនទាន់រួច ហើយត្រូវចំណាយប្រាក់បន្ថែមខ្លួនឯង ដើម្បីបញ្ចប់ការសាងសង់។
ជាសរុបមក ក្នុងបរិបទដែលប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់នៅមានកម្រិត អតិថិជន ដែលមិនហ៊ានចេញមុខតវ៉ា នឹងទទួលបានដំណោះស្រាយ មានកម្រិតទាបខ្លាំង ដែលគេនិយមហៅថា ការដោះស្រាយតាមគោលនយោបាយរបស់ក្រុមអ្នកមានអំណាច៕









