កម្មករ​​​រោង​ចក្រមួយនៅខេត្តកណ្តាលធ្វើ​កូដកម្មប្រឆាំងនឹងការរើស​អើង​សហជីព​

កម្មករ-កម្មការិនី​បម្រើការ​ងារ​​នៅរោង​ចក្រផលិត​ស្បែក​ជើង​ ឈី ហេង ស៊ីន (Qi Heng Xin Factory Co., Ltd.) ដែល​មាន​ទីតាំង​​​​​​នៅ​​​​សង្កាត់​រកា​​ខ្ពស់ ខេត្ត​កណ្តាល បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​​​កូដ​កម្ម​​តវ៉ា នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​​នេះ​ ទាម​​ទារ​​ឱ្យ​​ខាង​​​​​​រោង​​​​​ចក្រ​​​​ទទួល​​​យ​ក​​​​​ថ្នាក់​ដឹកនាំ​សហជីព និង​កម្មករ​មួយចំនួន​​ដែល​​ត្រូវ​បាន​អ្នកគ្រប់គ្រង​​​បញ្ឈប់ពីការ​ងារ ​​ឱ្យ​​ចូល​​ធ្វើការ​​វិញ ខណៈកម្មករទាំងនោះចាត់ទុក​ការ​បញ្ឈប់​នេះថាជាការ​រើស​អើង​សហជីព។

កម្មការិនីធ្វើការ​នៅរោងចក្រ Qi Heng Xin អ្នកស្រី ឡាយ សុខណា បាន​ឱ្យដឹងថា ខាង​អ្នកគ្រប់គ្រង​រោ​ង​ចក្រ​​​​បាន​បញ្ឈប់​ថ្នាក់ដឹកនាំសម្ព័ន្ធសហជីព​ឯករាជ្យ​ និងកម្មករ​មួយ​ចំនួន​ រួមទាំង​អ្នកស្រី​ផងដែរ ពីការ​ងារ​ ដោយ​លើក​ហេតុ​ផល រោង​ចក្រ​មិន​មានឥវ៉ាន់ធ្វើ។ ប៉ុន្តែ​ជាក់ស្តែង​ អ្នកស្រីអះអាងថា ការ​បញ្ឈប់នេះ ដោយ​​សារ​តែ​​ពួកគាត់​នាំគ្នា​តវ៉ា​ទាមទារឱ្យរោង​ចក្រ​គិត​គូរ​​​លុយ​បំណាច់​ឆ្នាំ លុយ​បាយ​ថ្ងៃ​ត្រង់ និង​អត្ថប្រយោជន៍មួយចំនួន​ទៀតឱ្យកម្មករ។

អ្នកស្រីថា៖ «ត្រូវ​បាន​រោង​ចក្រ​បញ្ឈប់ ដោយសារ​ថា​គោល​ការណ៍របស់​រោ​ងចក្រៗ អត់មាន​ឥវ៉ាន់ធ្វើ ចឹង​ហើយ​ត្រូវ​បាន​បញ្ឈប់​ពួកខ្ញុំ តែពួកខ្ញុំហ្នឹង​តវ៉ារឿ​ងលុយ​បំណាច់​ឆ្នាំ លុយ​បាយ​ថ្ងៃ​ត្រង់​ លុយ​សម្រាប់ទឹកដោះ​គោ​​កូន ចឹង​រដ្ឋបាល​​បានបញ្ឈប់​ពួកខ្ញុំឱ្យនៅ​ក្រៅ​រោង​ចក្រ»។

កម្មការិនី​​​រោង​ចក្រ Qi Heng Xin ម្នាក់​ទៀត ឈ្មោះ​ ពូច ផានិត បាននិយាយថា អ្នកនាងក៏ត្រូវ​បានខាង​រដ្ឋ​បាល​រោង​ចក្របញ្ឈប់​ពីកា​រងារ​ផង​ដែរ ដោយសារ​តែអ្នកនាង​ធ្វើការ​នៅ​ជិត​ស្និតសមាជិក​សហជីព​ ដែលការណ៍​នេះបង្ហាញ​ថា ខាង​រោង​ចក្រ​មានការ​រើស​អើង​សហជីព។

កម្មការិនី ផានិត បានអះអាងថា៖ «ត្រូវ​បានខាង​រោង​ចក្រ​គេ​បញ្ឈប់ចោល មូលហេតុ​ដោយសារ​តែពួក​ខ្ញុំ​ជិត​ស្និត​ជាមួយ​អ្នកចូលរួម​សហជីពចឹង បាន​ខាង​រោង​ចក្រ​គេ​បញ្ចប់កិច្ចសន្យាការ​ងារ​ពួក​ខ្ញុំ»។

ចំណែកអនុប្រធាន​សហជីពសេរីឯករាជ្យ​នៃរោង​ចក្រផលិត​ស្បែកជើង Qi Heng Xin លោក ប៊ុន ណាវិត លើកឡើងដែរថា​ ការ​ដែល​រោង​ចក្រ​បញ្ឈប់ថ្នាក់ដឹកនាំ​សហជីព សមាជិក​សហជីព និងកម្មករ​មួយចំនួន​ ក្រោម​ហេតុផល​ថាមិន​មាន​ការ​បញ្ជាទិញ ដែលធ្វើឱ្យ​រោង​ចក្រ​មិនមានការ​ងារ​ឱ្យ​កម្មករ​ធ្វើ​នេះ ជា​ហេតុ​ផល​​ដែលពួកគាត់​​​មិនអាចទទួល​យក​បាន​នោះទេ។ លោកថា​ ការ​បញ្ឈប់​នេះ ដោយសារ​តែ​ខាង​រោង​ចក្រ​មានការ​រើស​អើង​សហជីព ខណៈ​ពួកគាត់​បានទាមទារ​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​កម្មករ​។

លោកថា៖ «ពួកខ្ញុំ​នៅកន្លែង​​នេះ[ធ្វើកូដកម្ម​]គឺដោយសារតែរោង​ចក្រ​បញ្ឈប់​ពួកខ្ញុំ ​ក្រោម​មូល​ហេតុ​អត់មាន​​ឥវ៉ាន់ធ្វើ កាត់​បន្ថយការ​បញ្ជា​ទិញ ដោយសារ​ពួកខ្ញុំទាមទារ​អត្ថប្រយោជន៍ឱ្យ​កម្មករ​ ដូចជាថ្លៃ​ទឹកដោះ​គោកូន លុយ​បាន​ថ្ងៃ​ត្រង់ ទូរ​ទាត់​បំណាច់​ឆ្នាំ តែឥឡូវ​គឺក្រុមហ៊ុន​បាន​បញ្ឈប់​ពួកខ្ញុំ»។

បើតាមក្រុម​សហជីព និងកម្មករ ការ​តវ៉ានេះ ពួកគាត់​ទាមទារ​ឱ្យខាង​រោង​ចក្រ​ទទួល​យក​កម្មករ និង​ថ្នាក់​ដឹក​នាំ​សហជីព​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ឱ្យ​ចូល​ធ្វើ​ការ​វិញ ដោយ​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថ​ប្រយោជន៍​ដែល​បាន​បាត់​បង់​​ទាំង​ស្រុង, បញ្ឈប់​រាល់​ទម្រង់​នៃកា​រ​រើស​អើង ការ​សង​សឹក និង​ការ​ជ្រៀត​ជ្រែក​ប្រឆាំង​នឹង​សហជីព, គោរព​សិទ្ធិ​របស់​​កម្មករ​ក្នុង​ការ​បង្កើត និង​ចូល​រួម​សហជីព​​ដោយ​​សេរី​តាម​ជម្រើ​ស​របស់​ពួកគេ និង​​ធានា​បរិយា​កាស​ការ​ងារ​ដែល​គ្មាន​ការ​គំរាម​កំហែង ការ​យាយី ឬ​ការ​ជ្រៀត​ជ្រែក​លើ​សកម្ម​ភាពសហជីព​ជាដើម​។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះពីតំណាង​រោង​ចក្រ Qi Heng Xin Factory Co., Ltd. ដែលរង​ការ​ចោទ​ប្រកាន់​​នៅឡើយទេ នៅរសៀល​ថ្ងៃសុក្រ​នេះ។

ចំណែក ប្រធាន​មន្ទីរ​ការ​ងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុន នាង ក៏មិន​អាចសុំការ​អត្ថាធិប្បាយ​បាន​​ផងដែរ។ ប៉ុន្តែ​បើតាមកា​របង្ហោះវីដេអូខ្លី​មួយរបស់​ក្រុមកម្មករ អំឡុង​ពេល​តវ៉ានោះ មន្ត្រី​ក្រសួង​ការ​ងារ​​ បាន​ចុះ​ទៅ​​សម្រប​សម្រួល​រកដំណោះស្រាយ​​ដែរ ប៉ុន្តែលទ្ធផល​យ៉ាងណា​នោះ គេ​នៅ​ពុំ​ទាន់​​បាន​ដឹង​នៅឡើយ។​

​តាមការ​ផ្សព្វផ្សាយ​លើ​បណ្តាញសង្គម អង្គការ​សង់ត្រាល់ បានលើកឡើ​ងថា​​ ការ​បញ្ឈប់​​ថ្នាក់ដឹកនាំសហជីព និង​សកម្ម​ជន​កម្មករ​មួយចំនួន ពី​ការ​ងារ​ដោយ​អ្នក​គ្រប់​គ្រង​រោង​ចក្រ Qi Heng Xin នេះ ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​ជុំ​វិញ​ការ​ចោទ​ប្រកាន់​អំពី​សកម្ម​ភាព​ប្រឆាំង​សហជីព​​នៅ​ក្នុង​រោង​ចក្រ​ផលិត​ស្បែក​ជើង​កីឡា​ ដែល​មាន​កម្ម​ករ​ប្រមាណ​ជិត ៣,០០០​នាក់ ស្ថិត​នៅ​ខេត្ត​កណ្តាល។

សង់ត្រាល់ បានបន្តថា ​យោង​តាម​ឯកសារ និង​សក្ខី​កម្ម​ដែល​បាន​ប្រមូល ការ​ចោទ​ប្រកាន់​ទាំង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​កម្មករ​បាន​បង្កើត​សហជីព​ឯករាជ្យ​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ Federation Union of Free and Independent (FUFI) កាល​ពី​ខែ​មីនា ឆ្នាំ​២០២៦។ កម្មករ​អះអាង​ថា មាន​ការ​ធ្វើ​សកម្ម​ភាពជា​បន្ត​បន្ទាប់​ដែល​មាន​គោល​បំណង​រារាំង​សកម្ម​ភាព​សហជីព និង​ប៉ះពា​ល់ដ​ល់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​រៀប​ចំ​បង្កើត​សហជីព​ឯករាជ្យ​នៅ​ក្នុង​រោង​ចក្រ។

សកម្មភាព​ដែល​ខាង​រោង​ចក្រ បាន​ធ្វើ​មកលើកម្មករ​នោះ​រួ​មមា​ន ការ​គំរាម​កំហែង​សមាជិក​សហជីព ការ​ដាក់​សម្ពាធ​​ឱ្យ​កម្មក​រចាក​ចេញ​ពី​សហជីព​ឯករាជ្យ ការ​ជំរុញ​ឱ្យ​ចូល​រួម​ជាមួយ​សហជីព​ដែល​គាំទ្រ​ដោយ​ក្រុម​ហ៊ុន ការ​គំរាម​​ទាក់​ទង​នឹង​សន្តិ​សុខ​ការ​ងារ និង​ការ​បញ្ឈប់​ពី​ការ​ងារ​ថ្នាក់​ដឹក​នាំ និង​សមាជិក​ស្ថាបនិក​សហជីព​មួយ​ចំនួន។ កម្មករ​​ក៏​បា​ន​អះ​អាង​ផង​ដែរ​ថា អ្នក​គ្រប់​គ្រង​រោង​ចក្រ​បាន​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​សហជីព និង​បាន​សង​​សឹក​លើ​កម្មករ​ដែល​អនុវត្ត​សិទ្ធិ​សេរី​ភាព​ខាង​សមាគម​របស់​ខ្លួន។ នេះ​បើតាម​អង្គការ​សង់ត្រាល់​។

អង្គការ​ផ្នែកសិទ្ធិការ​ងារ​រូបនេះ បន្តថា ​ការ​ចោទ​ប្រកាន់​ទាំង​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​អនុ​លោម​តាម​ច្បាប់​ការ​ងារ និង​ច្បាប់​សហជីព​របស់​កម្ពុជា ជា​ពិសេស​សិទ្ធិ​សេរីភាព​ខាង​សមាគម​ និង​ការ​ការ​ពារ​ប្រឆាំង​​​នឹង​ការ​រើស​អើង​ដោយ​សារ​សកម្ម​ភាព​សហជីព។ ករណីនេះ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នៃ​ការ​គោរព​ស្តង់​ដារ​ការ​​ងារ​​អន្ត​រ​ជាតិ រួម​ទាំង​អនុ​សញ្ញា ILO លេខ ៨៧ ស្តីពី​សេរីភាព​ខាង​សមាគម​ និង​អនុ​សញ្ញា ILO លេខ ៩៨ ស្តីពី​សិទ្ធិ​ក្នុង​​ការ​​រៀប​ចំ និង​ចរ​ចា​រួម។

អ្នកគ្រប់គ្រ​ងកម្មវិធីការ​ងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ប្រាប់វីអូឌីតាមសារ​តេឡក្រាម​ថា កម្មករ​មាន​​សិទ្ធិ​ជាមូ​ល​ដ្ឋាន​ក្នុង​ការ​បង្កើត និង​ចូល​រួម​សហជីព​តាម​ជម្រើស​របស់​ខ្លួន ដោយ​មិន​គួរ​រង​ការ​គំរាម​កំហែង ឬ​ការ​សង​សឹក​ណា​មួយ​ឡើយ។

លោក​​បាន​អំពាវ​នាវ​ឱ្យ​គ្រប់​គ្រង​រោង​ចក្រ​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​​ប្រកប​ដោយ​សុឆន្ទៈ​ជាមួយ​កម្មករ និង​តំណាង​របស់​​ពួក​​គេ ទទួល​យក​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ឱ្យ​ចូល​ធ្វើការ​វិញ និ​ង​ត្រូវ​​ធានា​ថា​គ្រប់​ភាគី​ទាំង​អស់ គោរព​​តាម​ច្បាប់​ការ​ងារ​កម្ពុជា និង​ស្តង់​ដារ​ការ​ងារ​អន្តរ​ជាតិ រួម​ទាំង​សិទ្ធិ​សេរី​ភាព​ខាង​សមាគម និង​ការ​ចរចា​ជា​សមូហ​ភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ