ក្រសួង​​បញ្ជូន​​រឿង​​តុលាការ​ខេត្ត​​​ស្ទឹង​ត្រែង​ឃុំខ្លួន​​មនុស្ស​ខុស​​ឈ្មោះ ទៅឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម

ក្រសួង​យុត្តិធម៌ សម្រេចបញ្ជូន​ករណី​ចាប់​​មនុស្ស​​​​ខុសឈ្មោះ​​​​​ពី​​ដីកា​​​​ឃុំខ្លួន​ជិត​១ឆ្នាំ ​នៅ​​ខេត្ត​​ស្ទឹង​​ត្រែង ទៅ​កាន់​​ឧត្តម​ក្រុមប្រឹក្សាវិន័យ​​នៃអង្គ​ចៅក្រម ហើយ​និង​ចាត់ក្រុមការ​ងារ​ចុះទៅ​ស្រាវ​ជ្រាវ​ករណី​នេះ​បន្ថែមទៀត ក្រោយ​លោក ស្លេះ ហ្វឺត ដែលអះអាងថាជាជនរ​ងគ្រោះ​ ​បានដាក់​ពាក្យ​បណ្តឹង​​ទៅ​​ឧត្ត​មក្រុ​ម​ប្រឹក្សា​នៃ​​អង្គ​​ចៅ​ក្រម។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ឯម ច័ន្ទមករា បាន​ឱ្យដឹង​លើបណ្តាញ​សង្គម​​នៅថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦ថា ករណី​​ឈ្មោះ ស្លេះ ហ្វឺត និង​ឈ្មោះ ណុះ សូឡោះ ដែល​បាន​លើក​ឡើង​ជុំវិ​ញ​ការ​ចោទ​ប្រកាន់​ថា​​មាន​ការ​អនុវត្ត​ខុស​នីតិ​វិធី​របស់​មន្ត្រី​តុលាការ​​នៅ​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែងនោះ​ សាមី​​ខ្លួន​​បាន​​ដាក់​ពាក្យ​​​​បណ្តឹង​​​ផ្ទាល់​​មួយ​​ទៀត ទៅ​កាន់​ឧត្ត​មក្រុ​ម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម។

លោកបន្ត​​ថា ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ ក៏​បាន​​សម្រេច​បញ្ជូន​ករណី​នេះ ​តាម​នីតិ​វិធី​ជា​ធរមាន ទៅ​ក្រុម​ប្រឹក្សា​វិន័យ​​នៃ​​ឧត្ត​ម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ពិនិត្យ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ល្អិត​ល្អន់ និង​ចាត់​ការ​ជា​សមត្ថ​កិច្ច ក្នុង​​​ករណី​រក​ឃើញ​​កំហុស​ ​ដោយ​អនុ​វត្ត​ទៅ​តាម​ច្បាប់ និង​​​នីតិវិ​ធីក្នុ​ង​ក្រប​ខ័ណ្ឌ​​នៃ​យ​ន្ត​ការ​វិន័យ​​របស់​​ឧត្តម​ក្រុម​​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម។

អ្នកនាំពាក្យរូបនេះ បន្ថែមថា ​ក្រសួង​ក៏​បាន​ចាត់​ក្រុម​ការ​ងារ​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​លើ​ករណី​នេះ​ផង​ដែរ ហើយ​​​លទ្ធ​ផល​នៃ​ការ​ចុះ​ស្រាវ​ជ្រាវនេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ជា​មូល​ដ្ឋាន​បន្ថែម​សម្រាប់​ការ​ធ្វើ​អធិការ​កិច្ចផង​ដែរ។

គួរ​​បញ្ជាក់ថា លោក ស្លេះ ហ្វឺត ដែល​​ជា​ពលរដ្ឋ​ខ្មែរ​​ឥស្លាម​​រស់​នៅ​សង្កាត់​ស្រះ​ឫស្សី បាន​ចំណាយ​ពេល​ជិត​មួយ​​ឆ្នាំក្នុ​ង​ពន្ធនា​គារ ក្រោយ​ត្រូវ​បាន​អធិការ​ដ្ឋាន​ន​គរបាល​ក្រុង​ស្ទឹង​​ត្រែង ​ចាប់​​ខ្លួន​​កា​លពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​​២០២៥ តាម​ដីកា​បង្គាប់​របស់​តុលាការ ក្រោម​បទ​ចោទ កាប់​គាស់ រុក​​រាន​ដី​​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​​ដី​ព្រៃដើម្បី​​យ​ក​ធ្វើជា​​កម្ម​សិទ្ធិ នៅ​ឧទ្យាន​ជាតិ​វើនសៃ​សៀម​ប៉ាង។

ចំណុចខុសប្រក្រតី គឺនៅត្រង់ថា លោក​មាន​ឈ្មោះ ស្លេះ ហ្វឺត អាយុ ៥៤ឆ្នាំ ប៉ុន្តែ​ក្នុង​ដីកា​បង្គាប់​ចាប់​ខ្លួន ជន​ល្មើស​មាន​ឈ្មោះ​ថា​ ស្លេះ វ៉ើត អាយុ ៤៧​ឆ្នាំ។ ជាង​នេះ​ទៅ​ទៀត ទាំង​ឈ្មោះ​ឪពុ​កម្ដាយ ថ្ងៃ​ខែ​​ឆ្នាំ​កំណើត និង​ឈ្មោះ​ប្រពន្ធ នៅ​​​ក្នុង​​អត្ត​សញ្ញាណ​បណ្ណ សំបុត្រ​កំណើត សៀវ​ភៅ​គ្រួសារ និង​ឯក​សារ​​ផ្សេង​ទៀត​គឺ​ខុស​គ្នា​ទាំង​អស់។ លើស​ពី​នេះ របាយ​​​ការណ៍​​របស់​សាលាដំ​បូង​ខេត្ត នៅ​តែប​ញ្ជាក់​ថា​ ជន​សង្ស័យ​មាន​ឈ្មោះ​ថា ស្លេះ វ៉ើត គឺ​មិន​មែន ស្លេះ ហ្វឺត។

ទាក់ទិនការ​ចាប់ខ្លួន​មនុស្ស​ខុស​ឈ្មោះ​ និង​ឃុំខ្លួន​អស់រយៈ​ពេល​ជិត​១ឆ្នាំ​នេះ សង្គមស៊ីវិល លើកឡើង​ថា ​ជន​​​រ​ង​​​គ្រោះ​​ត្រូវ​​​ទទួល​​​បាន​​សំណង​​រដ្ឋ​​ប្ប​វេណី ប៉ះ​ប៉ូវ​ទៅ​លើ​ការ​ប៉ះ​ពាល់​ដល់​កិត្តិ​យស ការ​រង​ទុក្ខ​លំបាក​ក្នុង​ពន្ធនា​គារ និង​ការ​ខាត​​បង់​​ពេល​​វេលា។ ជាមួយគ្នានេះ​ ក្រសួង​យុត្តិ​ធម៌​ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ត្រូវ​​ពិនិត្យ​ឱ្យបា​ន​ហ្មត់​ចត់​​លើ​​ករណី​​​នេះ និង​ធានា​មិន​ឱ្យ​កើត​ឡើង​ម្ដង​ទៀត ព្រោះ​វា​ជា​ការ​រំលោភ​ទៅ​លើ​​សិទ្ធិ​មនុស្ស សិទ្ធិ​ទទួល​បាន​នូវ​សិទ្ធិ​​សេរី​​ភាព និង​សេចក្តី​ថ្លៃថ្នូរ​ផង​ដែរ។

យោង​តាមមាត្រា៣៩ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬ​​ប្តឹង​ទារ​សំ​ណង​​​ជួស​ជុល​​កា​រខូ​ចខា​ត​ដែល​បណ្តាលម​ក​ពី​អំពើ​ខុស​ច្បាប់​របស់​អង្គ​ការ​រដ្ឋ​ របស់​អង្គ​ការ​សង្គម និង​របស់​​បុគ្គលិក​នៃអ​ង្គ​ការ​​​ទាំង​​​នោះ។ ការ​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ និង​សំណង​ជួស​ជុ​​លការ​​ខូ​ច​ខាត​ជាស​មត្ថកិ​ច្ច​របស់​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ