ក្រោយការដួលរលំក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា នៃគម្រោងផ្លូវជាតិលេខ៦អា និងជ្រែ១០០ កំពុងក្លាយជាក្តីបារម្ភថា ពិបាកទទួលយុត្តិធម៌សម្រាប់ជនរងគ្រោះជិត ៤ម៉ឺនគ្រួសារ។
ចំណែកអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងហាក់បង្ហាញក្ដីសង្ឃឹមតិចតួចថា ពលរដ្ឋរងគ្រោះនឹងអាចទទួលបានដំណោះស្រាយសមរម្យពីក្រុមហ៊ុន ឬក្រសួងរៀបចំដែនដី ខណៈបទពិសោធន៍កន្លងទៅ ស្ថាប័នពាក់ព័ន្ធមិនបានដោះស្រាយឱ្យមានប្រសិទ្ធភាពទេ ព្រោះគេសង្ស័យថា លោក ហ៊ុន តូ គឺជាម្ចាស់ពិតប្រាកដ ដែលកំពុងរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពីអន្តរជាតិ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ក្តីសង្ឃឹមដែលរដ្ឋាភិបាលនឹងអាចផ្តល់ដំណោះស្រាយសមរម្យដល់ពលរដ្ឋរងគ្រោះនៅមានតិចតួចប៉ុណ្ណោះ ខណៈមិនទាន់ឃើញភាពច្បាស់លាស់ថា រដ្ឋាភិបាលមានផែនការ ឬកំពុងពិភាក្សាយ៉ាងណា អំពីការផ្តល់សំណងដល់អ្នករងគ្រោះ។ លោកលើកឧទាហរណ៍ដូចករណីវិបត្តិអចលនទ្រព្យលក់ដីខ្យល់នៅខេត្តសៀមរាប នៃក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់លោកស្រី ឡេង ចាន់ណា ជាគំរូស្រាប់។
ជាមួយគ្នានេះ លោកជំរុញឱ្យរដ្ឋាភិបាលយកវិបត្តិនេះធ្វើជាមេរៀន ព្រោះវាមិនមែនជាករណីដំបូងឡើយ ខណៈបញ្ហានេះមានភាពធ្ងន់ធ្ងរ ដោយពាក់ព័ន្ធនឹងទឹកប្រាក់រហូតដល់ប្រមាណ ២០០លានដុល្លារ និងពលរដ្ឋរាប់ម៉ឺននាក់។ ទន្ទឹមនឹងនេះ លោកថា បើបញ្ហានេះនៅតែបន្តកើតឡើង ហើយពលរដ្ឋមិនទទួលបានដំណោះស្រាយច្បាស់លាស់ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់ពលរដ្ឋលើវិស័យអចលនទ្រព្យ និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។
លោកបណ្ឌិត មាស នី ថ្លែងថា៖«អញ្ចឹងបើសិនជារដ្ឋាភិបាលមិនអាចដោះស្រាយអ្វីបាននៅក្នុងពេលនេះទេ ក៏គួរតែមានមេរៀន ប្រសិនបើថ្ងៃក្រោយទៀតថា តើវិស័យមួយនេះ ត្រូវធ្វើម៉េច ព្រោះអីវិស័យមួយបើសិនជាវាដើរទៅដល់កន្លែងមួយដែលពលរដ្ឋជួបការបោកប្រាស់ហ្នឹងម្តងហើយម្តងទៀតច្រើនកន្លែង វាធ្វើឲ្យពលរដ្ឋហ្នឹងអស់សង្ឃឹម អស់ជំនឿ ដូចដែលអ្នកអស់ជំនឿខ្លះលែងចង់យកលុយទៅផ្ញើនៅធនាគារ អញ្ចឹងណា។ នេះជា ជាការមើលឃើញរបស់ខ្ញុំបាទ ប៉ុន្តែមកដល់ពេលនេះ ខ្ញុំមិនទាន់រំពឹងឃើញថានឹងអាចមានពន្លឺទៅដំណោះស្រាយណាមួយ ដែលនឹងអាចដោះបានទេបាទ ព្រោះរឿងមុនៗមិនមានបានដោះរួចផង បាទ»។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ការចូលមកដោះស្រាយរបស់ក្រសួងរៀបចំដែនដី អាចជួយពលរដ្ឋបានត្រឹមមួយផ្នែកប៉ុណ្ណោះ ព្រោះការលក់ឡាយឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា អាចរកបានប្រាក់ត្រឡប់មកវិញត្រឹមប្រមាណ ១០ ទៅ ២០ភាគរយ នៃទំហំការខាតបង់ប៉ុណ្ណោះ។ ដូច្នេះលោកមិនរំពឹងថា ពលរដ្ឋរងគ្រោះនឹងអាចទទួលបានសំណងពេញលេញឡើយ ហើយក៏មិនរំពឹងថា រដ្ឋនឹងយកថវិកាសាធារណៈមកបំពេញចន្លោះខាតបង់នោះដែរ។ លោកថែមទាំងហៅការអន្តរាគមន៍របស់រដ្ឋាភិបាលនៅពេលនេះ គ្រាន់តែធ្វើប្រជាភិថុតិឱ្យពលរដ្ឋស្ងប់ចិត្តតែប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់ថា បើពលរដ្ឋមិននាំគ្នាតវ៉ាខ្លាំងក្លាទេ ពួកគេនឹងមិនទទួលបានប្រាក់ត្រឡប់មកវិញគ្រប់ចំនួនឡើយ ព្រោះលោកអះអាងថា ក្រុមហ៊ុនឡេង ណាវ៉ាត្រា បានឈានដល់ការក្ស័យធនរួចហើយ បន្ទាប់ពីអាមេរិក និងអង់គ្លេសបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន ហួនវ័ន ផេ (HUIONE PAY) និង អេច្ឆ ផេ (H PAY) របស់លោក ហ៊ុន តូ ដែលលោកជឿថា អាចជាម្ចាស់ក្រុមហ៊ុនពិតប្រាកដនៅពីក្រោយខ្នង។
លោក អ៊ុំ សំអាន ថ្លែងថា៖ «អាហ្នឹងគ្រាន់តែជានយោបាយប្រជាភិថុតិទេ ដែលថាដោះស្រាយបាន ដូច្នេះចំនួន ៣៨០០០[គ្រួសារ]ហ្នឹង អាចដោះបានតែ១០-២០ហ្នឹង។ ប៉ុន្មានទៀត ប្រាកដជា លោក ហ៊ុន សែន គាត់មិនចេញលុយរដ្ឋទៅសងប្រជាពលរដ្ឋទេ បើអ៊ីចឹងគាត់សងជួសឧកញ៉ា ឡេង ចាន់ណា ហ៊ី គឹមហុង ឆបោកហើយ។ ដូច្នេះបើពលរដ្ឋមិនងើបឡើងតវ៉ាខ្លាំងក្លាៗនោះទេ ខ្ញុំយល់ថា នឹងមិនបានលុយមកវិញទេ ព្រោះលុយហ្នឹងដូចឧកញ៉ា ហេង សិទ្ធី និយាយអញ្ចឹង គឺលោក ហ៊ុន តូ យកទៅដាក់នៅផ្ទះហើយ ដោយសារគេឈប់ឱ្យលាងលុយ ដោយសារអាមេរិកបង្កក»។
វីអូឌី មិនអាចសុំការបំភ្លឺពីលោក ហ៊ុន តូ ជុំវិញការចោទប្រកាន់ថា លោកនៅពីក្រោយក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានទេ នៅថ្ងៃទី១១ ខែកញ្ញានេះ ខណៈរដ្ឋាភិបាលដែលសិទ្ធិនឹងលោក ឡេង ណាវ៉ាត្រា ហាក់បង្ហាញជំហរស្ងប់ស្ងាត់ ទោះគ្រួសារលោក ហ៊ុន សែន ធ្លាប់រងការរិះគន់ថា ជាអ្នកកាងពីក្រោយខ្នងឈ្នួញបោកប្រាស់រូបនេះទេ។
យ៉ាងណា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សុទ្ធតែធ្លាប់សរសើរលោក ឡេង ណាវ៉ាត្រា ជាសាធារណៈ ក្រោយឈ្មួញវ័យក្មេងរូបនេះបរិច្ចាគលុយជាង ១៥លានដុល្លារ ដល់រដ្ឋាភិបាល និងកាកបាទក្រហម។ ចំណែក លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់ថ្លែងការពារលោក ឡេង ណាវ៉ាត្រា កាលលោកនៅជាមេបញ្ជាការកងទ័ពជើងគោក។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ឡេង ណាវ៉ាត្រានេះ គេធ្វើរកស៊ីមានបានតាំងពីមុន។ គ្នាជាពលករនៅកូរ៉េត្រឡប់មកវិញ ទៅរកស៊ីឈ្នួលគេមួយ ថៅកែអភិវឌ្ឍន៍ដីឡូតិ៍ ក្រោយមកថៅកែហ្នឹងបណ្ដុះបណ្ដាលគ្នាចេះ បែកគំនិតរកស៊ីចំណេញ។ គេរកស៊ីចំណេញរឿងដីធ្លី ពេលដែលមានក្រុមការងារយុវជន គេស្គាល់តាមក្រុមការងារ យុវជនខ្ញុំមិនដឹងណាទេ ស្គាល់បន្តបន្ទាប់គេសុំចូលរួមជួយទៅ»។
ជុំវិញករណីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាលកំពុងបង្វែរការចាប់អារម្មណ៍រឿងនេះពីសាធារណជនប៉ុណ្ណោះ ហើយលោកមើលឃើញថា លោក ឡេង ណាវ៉ាត្រា នឹងត្រូវជាប់គុកដូចករណីលោកស្រី ឡេង ចាន់ណា ខណៈអតិថិជនរងគ្រោះជិត ៤ម៉ឺនគ្រួសារ នឹងបានត្រឹមបន្តរង់ចាំ មិនខុសពីករណីការឆបោករឿងដីធ្លីមុនៗនោះទេ៕









