បន្ទាយ​ការ​ពារ​អ៊ុយ​ក្រែន​កំពុង​រង​ការ​វាយ​ប្រហារ​ ខណៈ​រុស្ស៊ី​ព្យាយាម​ដណ្តើម​តំបន់​ដុន​បាស​ទាំង​ស្រុង

ស្ថាន​ភាព​នៅ​ទីក្រុង​ស្លូពៀនស្ក៍ (Slovyansk) និង​ក្រាម៉ា​តូស្ក៍ (Kramatorsk) មាន​គ្រោះ​ថ្នាក់​ខ្លាំង រហូត​ដល់​នគរបាល​​អំពាវ​​នាវ​​ឲ្យ​ប្រជាជន​ចាក​ចេញ។ ទីក្រុង​ជិត​ខាង​ទាំង​នេះ គឺ​ជា​ទីក្រុង​ធំ​បំផុត​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ៊ុយ​ក្រែន​នៅ​តំបន់​ដុន​បាស។

លោក ប៉ាវឡូ ឌីយ៉ាឆិនកូ (Pavlo Dyachenko) នគរបាលតំបន់​ដូណែតស្ក៍ (Donetsk) បាន​និយាយ​ថា ការ​ជម្លៀស​គ្រួសារ​ដែល​មាន​កុមារ​បាន​ចាប់​ផ្តើម​ហើយ «នេះ​ជា​វិធី​តែមួ​យ​គត់​ដើម្បី​សង្គ្រោះ​ជីវិត»។ លោក​បន្ថែម​ថា ទីក្រុង​ស្លូពៀនស្ក៍ ធ្លាប់​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​រំលេច (glide bombs) មួយ​សប្តាហ៍​ម្តង ប៉ុន្តែ​ឥឡូវ​ស្ទើរ​តែ​រាល់​ថ្ងៃ។

ទីក្រុងស្លូពៀនស្ក៍, ក្រាម៉ាតូស្ក៍ និង​កូស្ត្យានទីនីវកា (Kostyantynivka) គឺ​ជា​ផ្នែក​នៃ «ខ្សែ​ក្រវ៉ាត់​បន្ទាយ» ការ​ពារ​ជាតិ​របស់​អ៊ុយ​ក្រែន។ ទោះ​ជា​យ៉ាង​ណា វត្ត​មាន​ទាហាន​អ៊ុយ​ក្រែន​នៅ​កូស្ត្យាន​ទីនីវ​កា មាន​កម្រិត​ ខណៈ​រុស្ស៊ី​អះអាង​ថា​បាន​គ្រប់​គ្រង​ទីក្រុង​នេះ​ទាំង​ស្រុង។

កា​រដណ្តើមយកតំបន់ដុនបាស ទាំងស្រុង គឺជាគោលដៅចម្បងរបស់រុស្ស៊ី។ កងទ័ពរុស្ស៊ី​គ្រប់​គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​នៃតំ​បន់​លូហានស្ក៍ (Luhansk) និង​ប្រហែល ៨០% នៃ​តំបន់​ដូណែតស្ក៍។

អស់រយៈពេលប៉ុន្មានខែមកនេះ តំបន់ជុំវិញក្រាម៉ាតូស្ក៍ និងស្លូពៀនស្ក៍ ជាគោលដៅវាយ​ប្រហារ​តាម​ជើង​គោក​របស់​រុស្ស៊ី។ ការ​ដណ្តើម​យក​ទីក្រុង​ទាំង​ពីរ នឹង​ជួយ​ឲ្យ​រុស្ស៊ី​ងាយ​ស្រួល​បន្ត​ទៅ​ទិស​ខាង​លិច។

លោក វីកទ័រ ម៉ាគូរីន (Viktor Makurin) អ្នកស្ម័គ្រចិត្ត បាននិយាយថា ទីក្រុង​ទាំង​ពីរ​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​ដ្រូន និ​ង​គ្រាប់​បែក ហើយ​ផ្លូវ​សំខាន់ៗ​ត្រូវ​គ្រប​ដោយ​សំណាញ់​ការ​ពារ​ដ្រូន។ លោក​ប្រាប់​ BBC ថា «ការបើ​ក​បរ​ជុំវិ​ញទី​ក្រុង​ គឺមា​ន​គ្រោះថ្នា​ក់​ដល់​ជីវិត ព្រោះ​មាន​ដ្រូន FPV ពួន​ស្ទាក់​នៅ​លើ​ផ្លូវ»។

គ្រាប់បែករំលេចមានទម្ងន់ពី ២៥០គីឡូក្រាម ដល់ ១.៥០០គីឡូក្រាម ហើយ​លោក ឌីយ៉ាឆិនកូ បញ្ជាក់​ថា «ការ​បំផ្លិច​បំផ្លាញ​របស់​វា គឺធ្ងន់ធ្ងរខ្លាំងណាស់»។ បច្ចុប្បន្ន ក្រាម៉ាតូស្ក៍ គឺជាទីស្នាក់ការកណ្តាលនៃរដ្ឋបាលតំបន់ដូណែតស្ក៍ ជំនួស​​​ឱ្យទីក្រុងដូណែតស្ក៍ ដែលត្រូវ​​បានបំបែកខ្លួនគ្រប់គ្រងតាំងពីឆ្នាំ ២០១៤។

តាមទិន្នន័យនគរបាល ជនស៊ីវិលរងរបួសបានកើនឡើងពី ៧០នាក់ ក្នុង​ខែមិថុនា និង​​ដល់ ២១២នាក់ ក្នុង​​ខែ​​សីហា ហើយ​គ្រាប់បែករំលេចបានកើនដល់ ១០៩គ្រាប់ក្នុងខែកក្កដា។ កាលពីថ្ងៃទី​២៥ ខែសីហា គ្រាប់​បែក​​រំលេច ៩ គ្រាប់ ​បានតម្រង់ទៅក្រាម៉ាតូស្ក៍ ដោយ ៧គ្រាប់ ប៉ះចំអគារស្នាក់នៅ បណ្តាលឱ្យ​​មនុស្ស ២៤នាក់​ រងរបួស។

ជោគវាសនានៃតំបន់ដុនបាស គឺជាប្រធានបទក្តៅ ក្នុងជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) និងប្រតិភូអាមេរិក ស្ទីវ វីតកូហ្វ (Steve Witkoff) និង ចារ៉េដ គូស្ហណ័រ (Jared Kushner)។

លោក ហ្សេលេនស្គី បានបដិសេធមិនដកទ័ពទេ ដោយលោកលើកឡើងថា លោក ពូទីន (Putin) បានទុកពេល​ឲ្យឧត្តមសេនីយ៍របស់ខ្លួនរហូតដល់ដាច់ឆ្នាំ​ ដើម្បីកាន់កាប់ដុនបាស​ទាំង​ស្រុង។ លោក ហ្សេលេនស្គី បាន​បង្កើត​ក្រុម​ការ​ងារ​ថ្មី​ចំនួន​ពីរ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍ អង់ឌ្រី ប៊ីឡេតស្គី (Andriy Biletsky) និង ដេនីស ប្រូកូពិនកូ (Denys Prokopenko)។ ឧត្តមសេនីយ៍អ៊ុយក្រែនម្នាក់ បាន​និយាយ​ថា «សមរភូមិ​ចម្បង​នៃ​ឆ្នាំ​នេះ និង​ឆ្នាំខា​ង​​មុខ កំពុ​ង​តែកើ​តឡើ​ង​នៅ​ទី​នេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ