លោក ឡេង ណាវ៉ាត្រា ចោទ​​ក្រសួង​​បង្ហា​ញ​​តួលេខ​​អតិថិជន​​​មិន​​ច្បាស់​​បង្ក​​ការ​​យល់​​ច្រឡំ

តួលេខ ៣៨ ០០០គ្រួសារ ​ដែល​​ក្រសួ​ង​រៀបចំ​​ដែន​ដី​​អះ​អាង​​ថា បាន​​​​រ​ងគ្រោះ​​​ដោយ​សារ​​ក្រុម​ហ៊ុន​​អចលន​ទ្រព្យ​​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្លាយ​​​ជា​​ចំណុច​​ប្រទាញ​ប្រទង់ ខណៈ​​អ្នក​​ជំនួញវ័យ​​ក្មេង​​ដែល​​ស្និទ្ធ​​នឹង​​ក្រុម​​គ្រួសារ​​លោក ហ៊ុន សែន រូប​​នេះ​បន្ត​​ប្រើ​​បណ្ដាញ​​សង្គម​​ចោទ​​ក្រសួង​​នេះ​​ថា បង្ហាញ​​តួ​លេខ​​គ្មាន​​ភាព​​ច្បាស់​លាស់ និង​​បង្ក​​ការ​​យល់​​ច្រឡំ​​ដល់​​សាធារណ​​ជន​។

លោក ឡេង ណាវ៉ាត្រា បង្ហោះ​សារ​ទាំង​យប់​ជិត​រំលង​​អាធ្រាត្រ​កាល​ពី​ថ្ងៃទី១៣ ខែ​កញ្ញា និង​​បាន​​កែ​​តម្រូវ​​ឡើង​​វិញ នៅ​​​ម៉ោង​​​៣​ជាង​​ទៀប​​ភ្លឺ​​ថ្ងៃ​ទី១៤ ខែ​កញ្ញា ដោយ​​បញ្ជាក់​​ថា ខ្លួន​​បាន​​បន្ត​​ផ្ទៀង​ផ្ទាត់​​ទិន្ន​ន័យ​​ជាមួយ​​ក្រសួង​រៀបចំ​​ដែ​ន​ដី ដើម្បី​​បំភ្លឺ​​ការ​​ភ័ន្ត​​ច្រឡំ​​ជុំវិញ​​ចំនួន​​អតិថិជន។ លោក​បដិសេធ​​ចំនួន​ពលរដ្ឋ​រងគ្រោះ​ដល់ ៣៨ ០០០គ្រួសារ ដែល​ក្រសួងរៀបចំ​​ដែន​ដី​​បាន​​​អះ​អាង។

លោក ឡេង ណាវ៉ាត្រា អះអាង​ថា តួលេខ​នេះ​មិន​ពិត​ទេ ហើយ​ក្រុមហ៊ុន​ក៏​កំពុង​រង​បន្ទុក​បំណុល​​រា​ប់​សិប​​លាន​​ដុល្លារ ដោយ​​សារ​​អតិថិជន​​មួយ​​ចំនួន​ ​មិន​គោរព​កិច្ចសន្យា​បង់​ប្រាក់។ យ៉ាងណា ​លោក​​ទទួល​ស្គាល់​​ថា ក្រសួង​​បាន​​ជួយ​​សម្រប​​សម្រួល និង​​ពន្លឿន​​ការ​​បំបែក​​ប័ណ្ណ និង​ផ្ទេរ​កម្មសិទ្ធិ​ជូន​អតិថិជន​ដោយ​មិន​គិត​ថ្លៃ។

ក្រៅ​ពី​ចោទ​ក្រសួង​បង្ហាញ​តួលេខ​មិន​ពិត ម្ចាស់​​ក្រុមហ៊ុន​រូប​នេះ ​អះអាង​​ថា ខ្លួន​មាន​អតិថិជន​ក្នុង​ដៃ​​សរុប ៣២,២៦០​​​​ប័ណ្ណ ឬ​​ប្លង់។ ក្នុង​នោះ ​លោក​ថា បាន​បញ្ចប់​គម្រោង​ដី​ និង​ប្រគល់​ជូន​អតិថិជន​ចំនួន ១៥,៣៣៥​ប័ណ្ណ​​រួច​ហើយ ខណៈ​មាន​​​អតិថិជន​បង់​​រំលស់ និង​នៅ​សល់​បំណុល​មាន ១៦,៩២៥​ប្លង់ ដែល​ភាគច្រើន​ខក​ខាន​បង់​ប្រាក់​រយៈពេល​​ចន្លោះ​ពី ១ឆ្នាំ ដល់​៤ឆ្នាំ ដែល​លោក​ហៅ​ថា ជា​បំណុល​សរុប​ប្រមាណ ៦១លានដុល្លារ។

លោក ឡេង ណាវ៉ាត្រា ក៏​បញ្ជាក់​ថា ប្លង់​ដី​ទាំងនេះ​ ​មាន​ឯកសារ​គ្រប់គ្រាន់ និង​កំពុង​រក្សា​ទុក​នៅ​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​​រង់ចាំ​អតិថិជន​មក​ដោះស្រាយ​បំណុល។ យ៉ាងណា ​លោក​ព្រមាន​ថា បើ​អតិថិជន​មិន​អាច​ទាក់ទង​បាន ឬ​មិន​បន្ត​បង់​ប្រាក់​​នោះ ក្រុមហ៊ុន​លោក​នឹង​​ប្រគល់​ករណី​ទាំងនោះ​​ទៅ​ក្រសួង ដើម្បី​សម្របសម្រួល​ដោះស្រាយ។ ជា​ចុង​​ក្រោយ​ ​លោក​​​ថា នៅសល់​ដី​ត្រូវ​ការ​បំបែក​មាន​ត្រឹម ១,៩០៧ឡូត៍​ប៉ុណ្ណោះ។

នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក ឡេង ណាវ៉ាត្រា តប​នឹង​លិខិត​ក្រសួងរៀបចំ​​ដែនដី ​កាល​ពី​ថ្ងៃទី៩ ខែ​កញ្ញា ដែល​ចោទ​​ថា ក្រុមហ៊ុន​នេះ​ ​នៅ​ជាប់គាំង​​អតិថិជន​ជាង ៣៨ ០០០​គ្រួសារ ដោយ​​មិន​ទាន់​អាច​ផ្តល់​ដំណោះ​ស្រាយ​សមស្រប និង​​ទាន់​ពេល​​វេលា។ ចំណែក​ក្រសួងរៀបចំ​​ដែនដី ​​​ក៏​​ព្រមាន​​ប្ដឹង​​លោក ឡេង ណាវ៉ាត្រា និង​បក្ខពួក ​​ក្រោម​បទ​ចោទ​បំភាន់​​ព័ត៌មាន បំភ្លៃ​ការពិត និង​មាន​ចេតនា​ញុះញង់​បង្ក​ចលាចល ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​របស់​ក្រសួង។

វីអូឌី ​មិន​អាច​សុំ​ការ​ឆ្លើយ​ពី​អ្នកនាំពាក្យ​ក្រសួងរៀបចំ​​ដែនដី លោក សេង ឡូត និង​​តំណាង​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ា​ត្រា លោក សុំ មនោរម្យ ពន្យល់​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី១៤ ខែ​កញ្ញា។

ជុំវិញ​ករណី​នេះ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ​​លោក ប៉ោ មករា យល់​ថា ការ​ចោទ​ប្រកាន់​សាច​ទឹក​​ដាក់​​​គ្នា​​​នេះ មិន​មាន​ជា​ដំណោះស្រាយ​ទេ។ លោក​ថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវ​​មាន​កាតព្វកិច្ច​តាម​កិច្ចសន្យា ហើយ​បើ​មិ​ន​បាន​បំពេញ​ជូន​អតិថិជន គឺ​ក្រុមហ៊ុន​គួរ​មាន​ដំណោះស្រាយ និង​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់​របស់​​ពលរដ្ឋ។ លោក​ក៏​ជំរុញ​​ឱ្យ​ភាគី​ពាក់ព័ន្ធ​កុំ​បន្ត​អូស​បន្លាយ​​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចំណាយ​កាន់តែ​ច្រើន ទាំង​ថ្លៃ​ផ្ទះ ឬ​ដី​ជួល និង​ការ​ធ្វើ​ដំណើរ ដើម្បី​ដោះស្រាយ ខណៈ​អ្នក​ខ្លះ​អាច​ជំពាក់​ធនាគារ​ជាដើម។

យ៉ាងណា ​លោក​ចង់​ឃើញ​ការ​ផ្តល់​អាទិភាព​សម្របសម្រួល​រវាង​ក្រសួង និង​ក្រុមហ៊ុន​មុន​ឈាន​ទៅ​តុលាការ ព្រោះ​នីតិវិធី​​អាច​​ចំណាយ​ពេល​យូរ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខាតបង់​បន្ថែម។ លោក​សង្កត់​ធ្ងន់​ថា ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​អាចធ្វើ​ឱ្យ​ការរកដៃគូថ្មី ដើម្បីបន្តសាងសង់មានការលំបាក ដែលធ្វើឱ្យការរំពឹង​របស់​ពលរដ្ឋអាច​បន្ត​យូរ​ថែម​ទៀត​ ដូច្នេះ​​ការ​ឈ្លោះប្រកែក​គ្នា​អំពីចំនួន​អ្នករងគ្រោះ គួរតែ​ជៀសវាង ព្រោះ​វា​អាច​ធ្វើ​ឱ្យការ​ដោះស្រាយ​កាន់តែ​យឺតយ៉ាវ។

​លោក ប៉ោ មករា ថ្លែង​ថា៖ «បើយើងនិយាយអំពីចំនួននៃ អ្នកដែលមានបញ្ហាជាមួយនឹង​ក្រុម​ហ៊ុន ឡេង ណាវ៉ាត្រា ហ្នឹង ខ្ញុំ​គិត​​ថា ទោះ​​បី​​ជា​ចំនួន​នោះស្ថិ​ត​នៅក្នុ​ង​កម្រិត​ណា​ក៏​ដោយ ទោះ​បី​ជា ១ម៉ឺន​នាក់ ១ម៉ឺន​នាក់ ១ពាន់​នាក់ ៤០០-៥00នាក់​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ខក​ខាន​នៅ​ក្រុម​ហ៊ុន ឬ​ក៏​ហៅ​ថា​ក្រុម​ហ៊ុន​អត់​បាន​បំពេញ​កាតព្វ​កិច្ច​ខ្លួន​ឯង ទៅ​តាម​អ្វី​ដែល​ជា​កិច្ច​សន្យា​នោះ ក្រុម​ហ៊ុន​ត្រូ​វតែ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង សម្រាប​អតិថិជ​ន​ហ្នឹង​ណា ពិសេស​គឺ​ពលរដ្ឋ​ដែល​គាត់​កំពុង​​តែ​ជួ​ប​បញ្ហា​លំបាក​ ​ពាក់​ព័ន្ធ​ទៅ​​នឹ​ងកា​រ​ខក​ខាន​នៃ​ការ​កសាង ឬ​ក៏​ថា​ការ​ប្រគល់​ផ្ទះជូ​ន​ពួក​គាត់​ណា»។

ចំណែក ​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​ ​លោក សេង វណ្ណលី យល់​ថា លោក ឡេង ណាវ៉ាត្រា មិនគួរ​ផ្ដោត​លើ​ការ​ខឹង​​សម្បារ ឬ​បដិសេធ​តួលេខ​អតិថិជន​រង​ផ​ល​ប៉ះ​ពាល់​ចំនួន ៣៨ ​០០០ គ្រួសារ​​​នោះ​​ទេ ប៉ុន្តែ​ត្រូវ​បង្ហាញ​​បញ្ជីអតិថិ​ជន និង​ចំនួន​ផ្ទះដែ​ល​បាន​ប្រគល់​រួច​ឱ្យ​បាន​ច្បាស់​លាស់។ ទន្ទឹ​ម​នឹង​​នេះ ​លោក​​ជំរុញ​​ឱ្យ​​​ក្រសួង​ក៏​ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​​ចំនួន​​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ពិត​ប្រាកដ និង​ឆ្លើយ​តប​ថា ហេតុ​អ្វីបា​ន​ជា​ទុក​ឱ្យ​បញ្ហា​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ មុន​មាន​​ចំណាត់​​ការ​។

អ្នក​ឃ្លាំមើល​រូប​នេះ ​គូសបញ្ជាក់​ថា អ្វី​ដែល​សំខាន់​បំផុត ​គឺ​ការ​ធានា​ថា​ពលរ​ដ្ឋ​​ដែល​​បាន​​បាត់​បង់​​ប្រាក់​​នឹង​​ទទួល​​បាន​​​ផ្ទះ ដី​ និង​​សំណង​សមរម្យ​ ​ដោយ​មិន​បន្ត​រុញ​ដាក់​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ។

លោក សេង វណ្ណលី ថ្លែងថា៖ «ខ្ញុំគិត​ថា ការ​បដិសេធ​តួលេខ មិន​​អាច​​លុប​​ការ​ទទួល​ខុស​ត្រូវ​​ចំពោះ​​អតិថិជន ដែល​​នឹង​រង់​ចាំ​ផ្ទះ និង​ដី​របស់​ពួកគាត់​​បាន​​ទេ។ ដូចគ្នា​នោះ​ដែរ រដ្ឋាភិបាល​ក៏​ត្រូវ​ឆ្លើយ​ថា ហេតុ​អ្វី​បញ្ហា​នេះ ត្រូវ​បាន​ទុក​ឲ្យ​អូស​បន្លាយជា​ច្រើន​ឆ្នាំ មុន​នឹង​​មាន​​ចំណាត់​ការ​ខ្លាំង​​នា​ពេល​​ថ្មីៗ​នេះ។ ជាចុង​ក្រោយ​​អ្វី​​ដែល​​សំខាន់ មិន​មែន​​ថា តើ​​អ្នក​ណា​ឈ្នះ​ការ​​ជជែក​នោះ​​ទេ ប៉ុន្តែ​គឺ​ពលរដ្ឋ​ដែល​​បាន​​បាត់​បង់​​លុយ ត្រូវ​​ទទួល​​បាន​​ផ្ទះ ដី និង​សំណង​សមរម្យ​នៅ​ពេល​ណា»។

គម្រោង​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា ផ្លូវ​ជាតិ​លេខ ៦អា និង​ជ្រែ១០០ បាន​យឺតយ៉ាវ​ប្រមាណ ៥​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ឆ្នាំ​២០២១ បន្ទាប់​ពី​ម្ចាស់​ក្រុមហ៊ុន​​ប្រមូល​លុយ​សុទ្ធ​ជាង ១៥​លាន​ដុល្លារ បរិច្ចាគ​ដល់​រដ្ឋាភិបាល និង​កាកបាទក្រហម​ជាដើម។ ចំណែក​​ពលរដ្ឋ​បាន​តវ៉ា​ជា​រឿយ​ៗ​​ ទាំង​បិទ​ផ្លូវ​នៅ​មុខ​បុរី​តែ​នៅ​គ្មាន​ដំណោះស្រាយ រហូត​ពួកគេ​ឡើង​តវ៉ា​ដល់​​ក្រសួង​​រៀបចំ​​ដែនដី។ កាល​ពី​ចុង​ឆ្នាំ​២០២៥ ក្រសួង​បាន​ចូល​សម្របសម្រួល។ យ៉ាងណា គម្រោង​បន្ត​ពន្យារ​ពេល​៥-៦​លើក​រួច​ហើយ ទោះ​ក្រសួង​ចេញ​អន្តរាគមន៍។ រហូត​កាល​ពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២៦ លោក ឡេង ណាវ៉ាត្រា បាន​ប្រកាស​​ក្ស័យធន និង​​ប្រគល់​ទៅ​ក្រសួងរៀបចំ​​ដែនដី​ចាត់ចែង​ទាំងស្រុង។

ចំណែក​ពលរដ្ឋ​ធ្លាប់​អះអាង​ប្រាប់​វីអូឌី​ ដោយ​ទទូច​ឲ្យ​ក្រសួងរៀបចំ​​​ដែន​ដី​​ចាត់​ចែង​​ប្រមូល​​​ថវិកា​​ដែល​បង្កក​បាន​នោះ​​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បីសង់បញ្ចប់​គម្រោង​តាមការសន្យា ដោយជៀសវាង​បោកប្រាស់ពួកគេ​​​ ដូច​ក្រុមហ៊ុន​​ ឡេង ណាវ៉ា​ត្រា ​នាពេល​​កន្លង​​ទៅ ហើយ​កុំបង្ខំ​ឱ្យ​ពួកលោក​ទទួល​យក​កិច្ចសន្យា​ថ្មី ផ្ទុយ​នឹង​កិច្ចសន្យា​ដើម ដូចជាលុប​សំណង​​កិច្ចសន្យា​ចាស់​ ១​ខែ ១០០​ដុល្លារ និង​ធានា​គុណភាព ៤​​ឆ្នាំ​ជាដើម។ យ៉ាងណា ពលរដ្ឋ​​ព្រមាន​ថា ​​នឹង​ចេញ​តវ៉ា​​មុខ​​ក្រសួងរៀបចំ​​ដែនដី​​​សារជាថ្មី បើ​ការ​ដោះស្រាយ​នេះ​គ្មាន​តម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ