ប្រជាពលរដ្ឋជិត ៦០គ្រួសារ រស់នៅសហគមន៍ព្រែកតាគង់៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្នើក្រសួងរៀបចំដែនដី ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ខណៈពួកគាត់រស់នៅកាន់កាប់លើដីនោះជាង ៤០ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានប័ណ្ណកម្មសិទ្ធិ ហើយក្រសួងក៏ជិតបញ្ចប់ការចុះបញ្ជីដីធ្លីផងដែរ ដែលការណ៍នេះ ធ្វើឱ្យមានពួកគាត់មានក្តីបារម្ភជាខ្លាំងពីការបណ្តេញចេញដោយបង្ខំពីក្រុមឧកញ៉ា។
ការស្នើនេះ បានធ្វើឡើងតាមរយៈការប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ប្រជាពលរដ្ឋរស់នៅសហគមន៍ព្រែកតាគង់៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកស្រី ឡាយ ស្រីម៉េត បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៥៥គ្រួសារ ដែលមានផ្ទះសរុប ៥៩ខ្នងផ្ទះ បានរស់នៅ និងកាន់កាប់លើដីនៅសហគមន៍ព្រែកតាគង់៦០ម៉ែត្រនេះ តាំងពីឆ្នាំ១៩៨៥ និងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០មក ប៉ុន្តែអាជ្ញាធរនៅមិនទាន់ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់នៅឡើយ។
អ្នកស្រីបន្តថា ការអូសបន្លាយពេលវេលាក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋនេះ បានបង្កជាក្តីបារម្ភពីការបណ្តេញចេញពីបង្ខំ ខណៈកន្លងមក អាជ្ញាធរខណ្ឌក៏ធ្លាប់បានហៅប្រជាពលរដ្ឋទៅជូនដំណឹងពីការដោះដូរដីម្តងរួចមកហើយដែរ ប៉ុន្តែប្រជាពលរដ្ឋមិនព្រម និងបានស្នើជាបន្តបន្ទាប់សុំឱ្យអាជ្ញាធរដ្ឋចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋ ដើម្បីសុវត្ថិភាពដីធ្លី។
អ្នកស្រីថា៖ «ពួកយើងរស់នៅទីតាំងហ្នឹងយូរហើយ តែអាជ្ញាធរអត់ទាន់បានផ្តល់ប័ណ្ណកម្មសិទ្ធិឱ្យពួកយើងទេ ចឹងពួកយើងលឺសូរព័ត៌មានថា នៅខែ៩នេះ គេបិទបញ្ចប់រាល់ការចុះបញ្ជីដីធ្លី បានពួកភ័យ ពួកយើងមកស្នើសុំប័ណ្ណកម្មសិទ្ធិ[…] ភ័យខ្លាចនឹងគេបណ្តេញចេញទាំងបង្ខំ ព្រោះអីបើសិនជាគាត់គិតថា ពួកយើងជាកូនចៅរបស់គាត់ គាត់ចេញប្លង់កម្មសិទ្ធិឱ្យយើងហើយ ព្រោះអីយូរឆ្នាំហើយពួកយើងរស់នៅហ្នឹង មានឯកសារយោងអីគ្រប់គ្រាន់អស់ហើយ»។
ប្រជាពលរដ្ឋរស់នៅសហគមន៍ព្រែកតាគង់៦០ម៉ែត្រមួយរូបទៀត លោក សៅ ពឹង បានលើកឡើងថា គ្រួសារគាត់រស់នៅ និងអាស្រ័យផលដាំបន្លែលើដីទំហំទទឹង ៤ម៉ែត្រកន្លះ និងបណ្តោយ ១៨ម៉ែត្រ ប្រមាណ ៣០ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានប្លង់កម្មសិទ្ធិដីធ្លីនៅឡើយ ខណៈសហគមន៍ផ្សេងទៀតដែលនៅជាប់នោះ មានប្លង់អស់ហើយ។ លោកបន្តថា បច្ចុប្បន្ន ពួកគាត់រស់នៅទាំងភិតភ័យ ដោយសារដីនៅជាប់តំបន់នោះភាគច្រើនជាដីរបស់ឧកញ៉ា និងមានការសាងសង់ខុនដូ ជាដើម ខណៈអាជ្ញាធរមូលដ្ឋានថាដីនៅតំបន់នេះ ជាសំណង់មិនរៀបរយ ដែលការណ៍នេះ លោកបារម្ភពីការរំលោភយកដីធ្លីរបស់ពួកគាត់ ពីសំណាក់ក្រុមឧកញ៉ា និងអ្នកមានលុយមានអំណាច ប្រសិនបើអាជ្ញាធរនៅតែមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់។
លោកថា៖ «តាំងពី៩២ ៩៣ មករហូត [ឆ្នាំ១៩៩២ ឆ្នាំ១៩៩៣] ចឹងពួកខ្ញុំមានការភិតភ័យដែរ ព្រោះអីជិតខាងហ្នឹង ដីឧកញ៉ា ខុនដូ គេអស់ហើយហ្នឹង នៅតែការរស់នៅរបស់ពួកខ្ញុំមានតែប្រមាណហាសិបហុកសិបគ្រួសារហ្នឹង ចឹងសុំស្នើលោកអភិបាល ក្រសួងដែនដី នគរូបនីយកម្ម ជួយចេញប្លង់កម្មសិទ្ធិដីធ្លីឱ្យពួកខ្ញុំផងចុះ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ នៅថ្ងៃចន្ទនេះ។
យ៉ាងណា អំឡុងពេលដាក់ញត្តិនោះ គេសង្កេតឃើញមានមន្ត្រីក្រសួងរៀបចំដែនដី បានទទួលយកញត្តិរបស់ប្រជាពលរដ្ឋ ហើយនិងណែនាំនីតិវិធីមួយចំនួន សម្រាប់ប្រជាពលរដ្ឋមកតាមដានញត្តិរបស់ពួកគាត់នៅពេលក្រោយ។
លោកថា៖ «កុំឱ្យពិបាកមកវិញ ខ្ញុំទទួលចុះ ខ្ញុំទទួលហើយ ចាំខ្ញុំឱ្យគេវៃត្រាចូល»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដាក់ញត្តិស្នើទៅអាជ្ញាធររដ្ឋ ដើម្បីឱ្យពិនិត្យ និងដោះស្រាយនូវតម្រូវការរបស់ពួកគាត់ ហើយអាជ្ញាធរនៅពេលទទួលបានញត្តិនោះហើយ គួរតែយកចិត្តទុកដាក់ក្នុងការដោះស្រាយតាមសំណើររបស់ពលរដ្ឋ។ មួយវិញទៀត លោកយល់ថា ក្រសួងគួរតែពន្លឿននីតិវិធីក្នុងការពិនិត្យ ស្រាវជ្រាវ និងដោះស្រាយឱ្យបានឆាប់ផងដែរ ចំពោះការស្នើសុំប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅសហគមន៍ព្រែកតាគង់៦០ម៉ែត្រនេះ ដើម្បីជៀសវាងកើតមាននូវបញ្ហាផ្សេងៗ ព្រោះនៅពេលដែលពលរដ្ឋមិនទាន់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ នោះវាអាចកើតមាននូវបញ្ហាវិវាទដីធ្លី ហើយនៅពេលមានបញ្ហាវិវាទដីធ្លីកើតឡើង ជាបទពិសោធន៍គឺមិនងាយនឹងដោះស្រាយបានឆាប់ៗនោះទេ។
លោកថា៖ «ហើយនៅក្នុងគោលនយោបាយរដ្ឋាភិបាល ក៏ជំរុញធ្វើយ៉ាងណាខិតខំក្នុងការចុះបញ្ជីដីធ្លីឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ដើម្បីឱ្យគាត់អាចប្រើប្រាស់ដីធ្លីគាត់ ដោយមានលក្ខណៈត្រឹមត្រូវស្របតាមច្បាប់ និងមានលំនឹងទៅតាមច្បាប់ផង ហើយអាចគាត់នឹងយកប័ណ្ណនេះទៅប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗទៀតបាន ដូច្នេះខ្ញុំគិតថា រឿងទាំងអស់នេះ អាជ្ញាធរគួរតែពិនិត្យមើលទៅលើសំណើររបស់ពួកគាត់ ហើយនិងធ្វើការឆ្លើយតបជាមួយពួកគាត់ឱ្យបានរួសរាន់ៗ ពិសេសគឺបញ្ចៀសកុំឱ្យមានបញ្ហា ឬក៏វាមានបញ្ហាកើតឡើងហើយ មានភាពស្មុគស្មាញក្នុងការពិបាកដោះស្រាយ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕









