សហគមន៍ការពារព្រៃឡង់ មើលឃើញថា ការកាត់ផ្ដាច់ដង្ហើមខ្សែសង្វាក់ផលិតកម្ម និងការផ្ដន្ទាទោសលើអ្នកនៅពីក្រោយខ្នង ឬអាជ្ញាធរពាក់ព័ន្ធក្នុងរឿងនេះ ទើបជាវិធានការគន្លឹះ អាចធានាបាននូវការការពារភោគទ្រព្យជាតិ ក្នុងតំបន់ព្រៃឡង់ មិនឱ្យរងការបំផ្លិចបំផ្លាញជាថ្មីទៀត។
សកម្មជនការពារព្រៃឡង់ លោក ស្រី ថី សង្កេតឃើញថា ចំណាត់ការរបស់មន្ត្រីបរិស្ថាន ធ្វើឡើងម្តងម្កាលប៉ុណ្ណោះ ដោយផ្តោតលើការចុះដកហូតសម្ភារៈយករ៉ែមាស និងថតរូបភាពបង្ហោះលើបណ្តាញសង្គម ក៏ប៉ុន្តែការស៊ើបអង្កេតវែកមុខរកមេខ្លោង អ្នកផ្តល់ទុន ឬអ្នកនៅពីក្រោយខ្នងផ្តល់គ្រឿងចក្រធំៗ ហាក់មិនធ្វើឡើងឱ្យស៊ីជម្រៅនៅឡើយទេ។
លោកបញ្ជាក់ថា ភាពយឺតយ៉ាវ ឬខ្វះការតាមដានដុតដៃដុតជើងនេះហើយ ទើបធ្វើឱ្យបទល្មើសបំផ្លាញធនធានធម្មជាតិរ៉ែមាសមានតម្លៃមហាសាលមួយនេះ តែងតែកម្រើកឡើងវិញដដែលគ្មានទីបញ្ចប់។
លោក ស្រី ថី និយាយថា៖ «យើងទាល់តែចុះស្រាវជ្រាវជ្រៅរកអ្នកលក់ពីក្រោយខ្នង អ្នកដែលនាំធ្វើ អ្នកណាៗមកពីណា គ្រាន់តែបង្ក្រាបយកតែបរិមាណទេ អត់យកគុណភាពមកប្រើអីណា។ អ្នកមានៗគេធ្វើបាន លែងតែម៉ាស៊ីនបូម ម៉ាស៊ីនខួង។ មិនត្រឹមតែបាត់ថ្មរ៉ែមាសអីទេ នៅតំបន់មាសនោះ វាមានដើមឈើធំៗ ទៅកាលណាគេជីកទឹកខួង បាញ់ទឹក វាហ្នឹងលែងមានភ្នំវាទៅជាដី ដីទំនាបស្មើ»។
ការជំរុញរបស់សកម្មជនព្រៃឡង់រូបនេះ ធ្វើឡើងក្រោយពីមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងសកម្មកិច្ចពាក់ព័ន្ធថ្មីៗនេះ បានចុះបង្ក្រាបសកម្មភាពបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ខេត្តក្រចេះ ដោយចាប់យកម៉ាស៊ីនបូមយករ៉ែមាស ២៥គ្រឿង ក្បាលបូម១២គ្រឿង រុះរើបំពុងរ៉ែ និងសម្ភារៈមួយចំនួនទៀត។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក អោង ប៊ុនធឿន បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ថ្មីៗនេះបានជូនដំណឹងកំណត់ពេល១ខែ អំឡុងខែកញ្ញានេះឱ្យពលរដ្ឋដែលធ្វើសកម្មភាពបូមរ៉ែមាស ត្រូវរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់។ លោកបញ្ជាឱ្យមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវផ្សព្វផ្សាយពីវិធានការច្បាប់ បើរកឃើញបទល្មើស។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងរ៉ែ លោក កែវ រតនៈ បានអះអាងស្រដៀងគ្នាថា នឹងលែងឲ្យមានវត្តមានអាជីវកម្មរ៉ែខុសច្បាប់ ក្នុងតំបន់ព្រៃឡង់ទៀតឡើយ។ ប៉ុន្តែពេលនេះ សហគមន៍ព្រៃឡង់មើលឃើញថា នៅតែមានអាជីវកម្មរ៉ែមាសខ្នាតតូចៗជាច្រើនកន្លែង នៅក្បែរភ្នំជី ហើយក៏មានក្រុមហ៊ុនចិនយ៉ាងហោចណាស់២ទៀត កំពុងធ្វើអាជីវកម្មរ៉ែ នៅតំបន់នោះ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងធនធានធម្មជាតិ លោក ប៊ី វ៉ាន់នី សង្កេតឃើញថា វិធានការរបស់មន្ត្រីបរិស្ថានធ្វើឡើងតាមតែបទបញ្ជាម្តងម្កាលប៉ុណ្ណោះ ហើយមួយរយៈក្រោយមក ក្រុមជនល្មើសបន្តសកម្មភាពដដែលឡើងវិញ។ លោកសង្កត់ធ្ងន់ថា ទម្រង់នៃការអនុវត្តបែបនេះ មិនអាចធានាបាននូវប្រសិទ្ធភាពយូរអង្វែងនោះទេ ធ្វើឱ្យធនធានរ៉ែមានតម្លៃបន្តបាត់បង់ គ្មានការគ្រប់គ្រងច្បាស់លាស់។
លោក ប៊ី វ៉ាន់នី ថ្លែងថា៖ «យើងឃើញហើយ ធនធានធម្មជាតិទាំងរ៉ែមាស ទាំងដើមឈើ ទាំងព្រៃឈើអីហ្នឹង គឺភាគច្រើនមិនបានចាប់ទៅលើជនប្រព្រឹត្តិបទល្មើសជាក់ស្តែងទេ ជាពិសេសមន្ត្រីពាក់ព័ន្ធទៅលើការ ការដែលអនុញ្ញាតឲ្យមានការជីករ៉ែមាស ឬក៏កាប់ព្រៃឈើជាដើម។ បើសិនជាយើងគ្រាន់តែចុះធ្វើការទប់ស្កាត់ហើយ ដល់ពេលយើងទៅបាត់ ពួកគាត់ចូលមកធ្វើទៀត ហើយយើងធ្វើបែបហ្នឹងវាគ្រាន់តែជាការចំណាយពេល ធ្វើឲ្យបាត់បង់បរិស្ថាន»។
បណ្តាញសហគមន៍ការពារព្រៃឡង់ សង្កេតឃើញថា មកទល់ម៉ោងនេះ មានក្រុមហ៊ុនចិនយ៉ាងហោចណាស់ចំនួន២ ដែលធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំជី ខេត្តកំពង់ធំ បង្កប៉ះពាល់ដល់បរិស្ថាន និងព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងត្បូង។
ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនចិនឡេតចេង ម៉ាញនីង ឌីវេឡុបមិន (Late Cheng Mining Development) និងក្រុមហ៊ុនខេមបូឌា ខេ៨៨ អ៊ីនដឹសស្ទ្រី (Cambodian K88 Industry) កំពុងធ្វើអាជីវកម្មរ៉ែមាស ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ះពាល់បរិស្ថាន ព្រៃឈើ និងដីស្រែចម្ការពលរដ្ឋនៅជុំវិញតំបន់នោះ ដោយក្រុមហ៊ុនបានឈូសឆាយព្រៃឈើ និងរំលោភយកដីស្រែចម្ការរបស់អ្នកស្រុក នៅជុំវិញនោះអស់រាប់រយហិកតា។
កាលពីឆ្នាំ២០២៣ អង្គការអន្តរជាតិ ប្រូណូ មែនសឺ ហ្វោន (Bruno Manser Fonds) ដែលមានមូលដ្ឋាននៅប្រទេសស្វីស រកឃើញថា អាជីវកម្មរ៉ែក្នុងតំបន់ជម្រកសត្វព្រៃព្រៃឡង់ គ្រប់គ្រងដោយក្រសួងបរិស្ថាន គំរាមកំហែងដល់ព្រៃឈើ និងជីវិតពលរដ្ឋតំបន់នោះ។
អង្គការនេះ រួមទាំងសហគមន៍ការពារព្រៃឡង់ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនរ៉ែមាស ហើយហាមឃាត់គម្រោងអាជីវកម្មរ៉ែធំៗទាំងអស់ ចូលទៅវិនិយោគតំបន់នោះ៕









