ថៃ​ជីក​ប្រឡាយ​រំលោភ​យក​ដី​ខ្មែរ​រាល​ដាល​ដល់​តំបន់​ជាំ​ស្រងាំ​ខេត្ត​ឧត្តរ​មាន​ជ័យ

ថៃ​បាន​ពង្រីក​ការ​ឈ្លាន​ពាន​ជីក​ដី​កម្ពុជា​រាល​ដាល​ដល់​តំបន់​ជាំ​ស្រងាំ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ទាន់​រុញ​សំណុំ​រឿង​ព្រំដែន​ទៅ​តុលាការ​អន្តរ​ជាតិ​ ដើម្បី​បង្ខំ​ថៃ​ដក​កង​ទ័ព​ចេញពី​ទីក​​ដី​កម្ពុជា​ចំនួន​ ៧៦​ទីតាំង​នៅឡើយ។​

តំណាង​រាស្រ្ត​មក​ពី​គណបក្យ​ប្រឆាំង គឺ​លោក អ៊ុំ សំអាន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ខែ​កញ្ញា​នេះ​ថា​ ថៃ​បាន​ជីក​​ប្រឡាយ​ រាយ​បន្លា​លួស និង​ឈូស​ឆាយ នៅ​តំបន់​ជាំ​ស្រងាំ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ កាល​ពី​ថ្ងៃ​​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៦ ហើយ​ថា ព័ត៌​មាន​នេះ​ពិត ១០០%។

លោក​គូសប​ញ្ជាក់​ថា ការ​ចែក​រំលែក​របស់​លោក ជុំវិញ​បញ្ហា​នេះ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរដឹង​​ថា ថៃ​កំពុង​​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​​តាម​ចិត្ត ហើយ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​​​ពី​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ។

លោកថា​៖ «នៅពេលដែលលោក ហ៊ុន ម៉ាណែត មិន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ហើយ មិន​ព្រម​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ មិន​ប្តឹង​ថៃ​ទៅកា​ន់​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ៩១ មិន​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ ICC ដូច្នេះ​ទឹក​ដី​ខ្មែរ​យើង​ជិត ៧៦ ទីតាំង នឹង​បាត់​បង់​ជា​អចិន្ត្រៃយ៍ ហើយ​ថៃ​នឹង​បន្ត​ឈ្លាន​ពាន​យក​ទឹក​ដី​ខ្មែរ​យើង​បន្ថែម​ទៀត នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ»។

វីអូឌី មិន​អាចសុំការឆ្លើយតបជុំវិញការលើកឡើងនេះ ពី​អ្នកនាំ​ពាក្យ​រដ្ឋាភិ​បាល ​លោក ប៉ែន បូណា បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មួយវិញទៀត ក្នុង​ការ​ធ្វើប​ច្ចុប្បន្ន​ភាព​ពី​បញ្ហា​ព្រំដែន នៅ​ថ្ងៃទី១៤ខែ​កញ្ញានេះ​ ក៏​អ្នក​នាំ​ពាក្យ​រូប​នេះ មិន​បាន​និយាយ​​ច្រើន​​ពី​សកម្ម​ភាព​គណៈ​កម្ម​ការ​ផ្សះ​ផ្សា​​​​នៃអ​នុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្តីពី​នីតិ​សមុទ្រ(UNCLOS) បាន​បើក​​កិច្ច​ប្រជុំ​លើក​ដំបូង​រវាង​កម្ពុជា​និង​ថៃ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៦​នេះ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដែ​លមា​ន​វត្ត​មាន​​ពីតំ​ណាង​ពី​កម្ពុជា និង​ថៃ​ចូល​រួមនោះដែរ។

លោកថា៖ «ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរ​ជាតិ ​កម្ពុជា​សង្ឃឹម​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ច្បាប់​អន្តរ​ជាតិ គឺ​ជា​មូលដ្ឋា​ន​គ្រឹះ​សម្រាប់​ការ​ដោះ​ស្រាយ​ជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​សន្តិ​វិធី និង​នៅតែ​មាន​តម្លៃ​មិន​អាច​ខ្វះ​បាន​»។

ទោះ​ជាយ៉ាងក្តី អ្នកនាំពាក្យរូបនេះ ធ្លាប់អះអាងថា កម្ពុជាមិនទទួលស្គាល់​ដាច់​ខាត ចំពោះ​ការ​ពង្រីក​ទឹក​ដី​ណា​មួយ​​ពី​ភាគី​ថៃ តាម​រយៈ​ឯកតោ​ភាគី ឬ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ បំពាន​លើ​ច្បាប់​អន្តរ​ជាតិ និង​កិច្ច​ព្រម​ព្រៀង​​ដែល​​មាន​​ស្រាប់។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅការបណ្តោយ​ឱ្យ​ថៃ​ឈ្លាន​ពាន​យក​ដី​ខ្មែរ​តាម​ចិត្ត​ចាប់​តាំង​ពី​​មាន​បទ​ឈប់​បាញ់​មក ហាក់​ឆ្លុះប​ញ្ចាំង​ថា រដ្ឋាភិបា​ល​លោក ហ៊ុន​ ម៉ាណែត បាន​បោះ​បង់​ចោល​សិទ្ធិ​ការ​ពារ​ខ្លួន ព្រម​ទាំង​ច្បាប់​អន្តរ​ជាតិ ដែល​លោក​ហៅ​ថា​ជា​រដ្ឋាភិបា​ល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ​សាសន៍​ខ្មែរ។

លោកថា៖ «ស្ថានការណ៍​បច្ចុប្ប​ន្ន​ បើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​ប្តឹង​ថៃ នៅ​តែ​មិន​មាន​កម្រិត​ការ​ទូត​ខ្លាំង​ក្លា នៅ​តែមិ​ន​ប្រើ​សិទ្ធិ​ការ​ពារ​ខ្លួន អាហ្នឹង​យើង​អត់​មាន​មធ្យោ​បាយ​អី​ទៅ​ទប់​ស្កាត់​ថៃ​ឈ្លាន​ពាន​បាន​ទេ»។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ចេញ​លិខិត​តវ៉ា​ផ្លូវ​ការ​ជា​ថ្មី​ទៀត ទៅ​កាន់​ភាគី​ថៃ ប្រឆាំង​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​លើ​អធិប​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដីកម្ពុជា នៅ​តាម​តំបន់​​ព្រំដែន។

តាមលិខិតតវ៉ានោះ កម្ពុជា​ចាត់​ទុក​សកម្ម​ភាព​ឯកតោ​ភា​គី​របស់​ថៃ​ទាំង​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​រំលោភ​បំពាន​​យ៉ាង​​ធ្ងន់​​ធ្ងរ​​លើ​​ច្បាប់​​អន្តរ​ជាតិ ធម្ម​នុញ្ញ​សហ​ប្រជា​ជាតិ និង​ការ​ប្តេជ្ញា​ចិត្ត​ទ្វេ​ភាគី​នា​ពេល​កន្លង​មក។

ក្រោ​យ​ហេតុផលនេះ កម្ពុជាឱ្យថៃ​បញ្ឈប់​រាល់​សកម្ម​ភាព រំលោភ​បំពាន​ទាំង​អស់​ជា​បន្ទាន់ ដើម្បី​រក្សា​ទំនុក​ចិត្ត និង​ទំនាក់​ទំនង​អ្នក​ជិត​ខាង​ល្អ។ ប៉ុន្តែ​ជាការ​កត់​សម្គាល់ ថៃ​ដែលជា​​ភាគី​​ឈ្លាន​ពាន​មិនដែ​ល​ស្តាប់​ការ​អំពាវ​នាវ​របស់​កម្ពុជា​​ម្តង​ណាទេ​ ទោះ​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ចំនួន​ពីរ​លើក​ អំឡុង​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​​២០២៥ ពោល​គឺ​ជាង​១ឆ្នាំ​មក​នេះ​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ