ការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ គួរតែជាសារព្រមានធ្ងន់មួយសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
Bloomberg បានពិពណ៌នាក្រុងព្រះសីហនុថា ធ្លាប់ជាទីក្រុងឆ្នេរទេសចរណ៍ដ៏ស្រស់ស្អាត ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ទីក្រុងនេះបានប្រែក្លាយយ៉ាងលឿនទៅជាមជ្ឈមណ្ឌលកាស៊ីណូ អចលនទ្រព្យ និងក្រោយមកជាទីតាំងសំខាន់នៃបណ្តាញឆបោកតាមអនឡាញ។
នៅពេលរដ្ឋាភិបាលចាប់ផ្តើមបង្ក្រាបខ្លាំង សកម្មភាពទាំងនេះបានថយចុះ ប៉ុន្តែអ្វីដែលនៅសល់គឺអគារធំៗ សង់មិនទាន់រួច ហាង និងអាជីវកម្មបិទទ្វារ ព្រមទាំងកម្មករ និងពលរដ្ឋមូលដ្ឋានជាច្រើនបាត់បង់ការងារ។
Bloomberg រាយការណ៍ថា ក្នុងឆ្នាំ២០២៤ សកម្មភាពឆបោកនៅកម្ពុជា អាចបង្កើតចំណូលប្រមាណ ១២,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយក្រុងព្រះសីហនុគឺជាតំបន់សំខាន់មួយនៃសេដ្ឋកិច្ចប្រភេទនេះ។ ចំនួនទឹកប្រាក់ដ៏ធំបែបនេះ បង្កើតសំណួរធ្ងន់មួយ តើឧស្សាហកម្មឧក្រិដ្ឋកម្មដែលមានទំហំរាប់ពាន់លានដុល្លារ អាចរីកធំឡើងក្រោមភ្នែកអាជ្ញាធរ ដោយគ្មានអ្នកណាដឹងពិតមែនឬ? សកម្មភាពបែបនេះ មិនអាចដំណើរការដោយលាក់ខ្លួនក្នុងផ្ទះតូចមួយបានទេ។ វាត្រូវការអគារ អគ្គិសនី អ៊ីនធឺណិត កម្លាំងពលកម្ម ការផ្ទេរប្រាក់ ការធ្វើដំណើរ និងបណ្តាញអាជីវកម្មជាច្រើនទៀត។ ដូច្នេះ ការនិយាយថា រដ្ឋមិនបានដឹង ឬទើបរកឃើញបញ្ហានេះ គឺពិបាកឱ្យសាធារណជនជឿ។
អ្វីដែលគួរឱ្យឈឺចាប់ជាងគេ គឺនៅពេលលុយជាច្រើនហូរចូលក្រុងព្រះសីហនុ អ្នកមានទុន ម្ចាស់អគារ ម្ចាស់កាស៊ីណូ និងអ្នកដែលរកស៊ីជុំវិញសេដ្ឋកិច្ចនេះ អាចរកប្រាក់បានយ៉ាងច្រើន។ ប៉ុន្តែនៅពេលវាដួលរលំ អ្នកដែលរងផលប៉ះពាល់ធ្ងន់បំផុត បែរជាពលរដ្ឋខ្មែរសាមញ្ញ។
កម្មករសំណង់ជាច្រើនបាត់បង់ការងារ ខ្លះមិនបានប្រាក់ឈ្នួល ខ្លះជាប់បំណុល ហើយមានអ្នកខ្លះត្រូវប្តូរទៅប្រកបរបរតូចតាច ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ នេះបង្ហាញថា ការអភិវឌ្ឍក្រុងព្រះសីហនុក្នុងរយៈពេលកន្លងមក ផ្តោតខ្លាំងលើអគារខ្ពស់ កាស៊ីណូ អចលនទ្រព្យ និងប្រាក់ចំណេញលឿន ប៉ុន្តែមិនបានកសាងមូលដ្ឋានសេដ្ឋកិច្ចដែលអាចឈរបានយូរអង្វែងឡើយ។
ហេតុនេះ បញ្ហាមិនមែនថា រដ្ឋាភិបាលបង្ក្រាបស្កេមខ្លាំងពេកនោះទេ។ បញ្ហាពិតគឺ ហេតុអ្វីរដ្ឋាភិបាលទុកឱ្យវារីកធំដល់កម្រិតនេះ ទើបចាប់ផ្តើមបង្ក្រាប? ការបង្ក្រាបឧក្រិដ្ឋកម្មគឺជាកាតព្វកិច្ចរបស់រដ្ឋ។ ប៉ុន្តែរដ្ឋក៏មានកាតព្វកិច្ចការពារមិនឱ្យឧក្រិដ្ឋកម្មចូលទៅគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានតាំងពីដំបូងដែរ។ ប្រសិនបើរដ្ឋអនុញ្ញាតឱ្យសេដ្ឋកិច្ចមួយពឹងផ្អែកលើប្រាក់មិនស្អាតអស់រយៈពេលយូរ ហើយបន្ទាប់មកបិទវាភ្លាមៗ អ្នករងគ្រោះចុងក្រោយគឺពលរដ្ឋដែលមិនបានចូលរួមក្នុងបទល្មើស។
លោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៣។ ទោះបញ្ហាក្រុងព្រះសីហនុ និងបណ្តាញឆបោកមានដើមកំណើតមុនពេលលោកឡើងកាន់អំណាច និងបានរីកធំក្នុងសម័យរដ្ឋាភិបាលឪពុករបស់លោកក៏ដោយ ក៏លោកមិនអាចប្រើហេតុផលនេះ ដើម្បីគេចពីការទទួលខុសត្រូវបច្ចុប្បន្នបានទេ។
រដ្ឋាភិបាលរបស់លោកមានអំណាច មានកម្លាំងសមត្ថកិច្ច មានតុលាការ និងមានស្ថាប័នរដ្ឋគ្រប់គ្រាន់ដើម្បីស៊ើបអង្កេត។ ដូច្នេះ សំណួរមិនមែនត្រឹមថា ចាប់ជនបរទេសបានប៉ុន្មាននាក់ ឬបិទទីតាំងបានប៉ុន្មានកន្លែងទេ។ សំណួរធំគឺថា តើអ្នកនៅពីក្រោយទីតាំងទាំងនោះជានរណា? តើអ្នកណាជាម្ចាស់អគារ? អ្នកណាជាម្ចាស់កាស៊ីណូ? អ្នកណាបានផ្តល់ការការពារ? និងមានមន្ត្រីណាខ្លះត្រូវបានស៊ើបអង្កេត?
បញ្ហានេះ ក៏កំពុងបំផ្លាញមុខមាត់កម្ពុជាផងដែរ។ នៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៧៥លាននាក់ ធ្លាក់ចុះ ៤៧,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ រឿងថៃឈ្លានពាន និងបញ្ហាផ្សេងៗ មានឥទ្ធិពលខ្លាំងលើការធ្លាក់ចុះនេះ ប៉ុន្តែព័ត៌មានអន្តរជាតិអំពីស្កេម ការជួញដូរមនុស្ស កាស៊ីណូ និងទីតាំងឧក្រិដ្ឋកម្ម ក៏ធ្វើឱ្យមនុស្សជាច្រើនមើលកម្ពុជាដោយការព្រួយបារម្ភ។ នៅពេលឈ្មោះក្រុងទេសចរណ៍មួយត្រូវភ្ជាប់ជាមួយពាក្យថា «ទីក្រុងស្កេម» វាមិនមែនជាបញ្ហារបស់ក្រុងព្រះសីហនុតែមួយទេ ប៉ុន្តែប៉ះពាល់ដល់មុខមាត់ប្រទេសទាំងមូល។
ដូច្នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនគួរឆ្លើយតបនឹងការចុះផ្សាយរបស់ Bloomberg ដោយគ្រាន់តែចាត់ទុកថាជាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានោះទេ។ រូបភាពអគារខ្មោច ហាងបិទទ្វារ កម្មករគ្មានការងារ និងស្លាកស្នាមនៃសេដ្ឋកិច្ចស្កេម មិនអាចលុបចេញដោយសេចក្តីប្រកាសព័ត៌មានបានឡើយ។ រដ្ឋាភិបាលត្រូវបង្ហាញជាសាធារណៈថា ទ្រព្យប៉ុន្មានត្រូវបានបង្កក ប្រាក់ប៉ុន្មានត្រូវបានរឹបអូស មេខ្លោងធំប៉ុន្មាននាក់ត្រូវបានចោទប្រកាន់ និងមានមន្ត្រីណាខ្លះត្រូវទទួលខុសត្រូវ។
បើការបង្ក្រាបនៅតែប៉ះតែជនបរទេស កម្មករថ្នាក់ទាប ឬអ្នកដែលនៅខាងមុខ ប៉ុន្តែមិនទៅដល់អ្នកមានលុយ អ្នកមានអំណាច និងអ្នកដែលអាចផ្តល់ការការពារដល់បណ្តាញទាំងនេះទេ នោះការបង្ក្រាបនេះមិនទាន់ទៅដល់ឫសគល់ឡើយ។
Bloomberg មិនមែនជាអ្នកធ្វើឱ្យក្រុងព្រះសីហនុមានរូបភាពបែបនេះទេ។ Bloomberg គ្រាន់តែយកអ្វីដែលកើតឡើងទៅបង្ហាញពិភពលោក។ អ្នកដែលត្រូវឆ្លើយថា ហេតុអ្វីទីក្រុងមួយដែលធ្លាប់មានសក្តានុពលទេសចរណ៍ខ្លាំង ដើរមកដល់ស្ថានភាពនេះ គឺរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្ទាល់៕
អត្ថបទដោយ៖ លោក សុក្រឹត ពុទ្ធិ









