ជន​ជាតិ​ដើម​ភាគ​តិច​ប្រមាណ​៧០​ភាគ​រយ​មិន​ទាន់​យល់​ដឹង​ពី​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ

ជន​ជាតិ​ដើម​ភាគ​តិច​៦​ក្រុម​ មក​ពី​ខេត្ត​រតនគិរី រួម​មាន ជន​ជាតិ​ដើម​ចារាយ ទំពួន គ្រឹង កាវេត ព្រៅ និង​កាចក់ ប្រមាណ​ ១៣៩​នាក់ ស្មើ​នឹង ៧២​ភាគ​រយ ក្នុង​ចំណោម​អ្នក​ផ្ដល់​សម្ភាសន៍​ចំនួន​ ១៩៣​នាក់ ឱ្យ​ដឹង​ថា ពួក​គេ​មិន​បាន​ដឹង​ពី​ការ​ក្លែង​បន្លំ និង​បោក​ប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ។

នេះ​បើយោ​ង​តាម​របាយ​ការ​ណ៍​ស្ដី​ពី​តម្រូវ​ការ​ជន​ជាតិ​ដើម​ភាគ​តិច​លើ​សេវា​អ៊ីន​ធឺណិត និង​ការ​ទ​ទួល​​បា​ន​​ព័ត៌​មាន​នៅ​ខេត្ត​រតនគិរី នៅ​ក្នុង​កម្ម​វិធី​វេទិកា​អ៊ីនធឺណិត​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។

តាម​រយៈ​ការ​សិក្សា ដែល​ចុះស​ម្ភាសន៍​ពលរដ្ឋ​ជាជ​ន​ជាតិ​ភាគ​តិច​ចំនួន ១៩៣​នាក់ មក​ពី​ ៤០​​ភូមិ ​ក្នុង​​ខេត្ត​រតនគិរី របាយ​ការណ៍​ដដែល​បាន​រក​ឃើញ​ថា អ្នក​មាន​ទូរស័ព្ទ​ដៃ​ឆ្លាត​​​វៃ​ប្រើ​ប្រា​ស់​​មាន​​ចំនួន​​៧២.៥​ភាគរយ ពោល​គឺ​ចំនួន ១៤០​នាក់។

របាយការណ៍ បន្ត​ថា សុវត្ថិ​ភាព ឯកជន​ភាព និង​​ហានិ​​ភ័​យ​​តា​ម​អ៊ីនធឺណិត​​ដែល​​ជន​ជាតិ​​ដើម​​ភាគ​ តិច​ដែល​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ រួម​មាន ការ​ក្លែង​បន្លំ​មាន​ចំនួន ​១៣.៥​ភាគរយ ការ​ប្រើ​ប្រាស់​សម្ដី​មិន​សមរម្យ និង​ការ​បៀត​បៀន​មាន​ចំនួន ១២.៤​ភាគរយ ការ​ទទួល​បាន​ព័ត៌​មា​ន​មិន​ពិត​ពី​សហគមន៍​ មាន​ចំនួន ៦.៧​ភាគរយ និង​ការ​ចូល​លួច​គណនី​មាន​ចំនួន ៣.៦​ភាគ​រយ។

បើទោះបីតួលេខអ្នកជួបប្រទះបញ្ហាលើអ៊ីនធឺណិតមានចំនួនតិច ប៉ុន្តែវា​បាន​បង្ហាញ​ពី​ចំណុច​​មួយ​ផ្សេង​​ទៀត នោះ​គឺ​នៅ​តំបន់​ដែល​ពួក​គេ​រស់​នៅ ពុំ​មាន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​គ្រប់​គ្រាន់​ឡើយ។

តំណាងជនជាតិដើមភាគតិចខេត្តរតនគិរី កញ្ញា សាយ ពិសី បាន​លើក​ឡើង​នៅ​លើ​វេទិកា​ពិភាក្សា​ថា​ សេវា​ទូរ​ស័ព្ទ​សម្រាប់​ខល និង​បណ្ដាញ​អ៊ីន​ធឺណិត​នៅ​មូល​ដ្ឋាន​កញ្ញា គឺ​មាន​តិច​តួច​ ធ្វើ​ឱ្យ​ពិបាក​ដល់​ការ​ហៅ​ចេញ និង​មិន​អាច​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ពេញ​លេញ។ កញ្ញា​បន្ត​ថា​ បញ្ហា​នេះ​បាន​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ទទួល​បាន​ព័ត៌​មាន ជាពិសេស​អ្នក​នៅ​តំបន់​ដាច់​ស្រយាល​ខ្លាំង។​ កញ្ញា​អំពាវ​នាវ​ឱ្យ​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ។

កញ្ញា សាយ ពិសី និយាយថា៖ «ក្នុង​សហគមន៍​ភូមិ​របស់​ខ្ញុំ​ហ្នឹង​ គឺ​ពួក​គាត់​អត់​មាន​សមត្ថ​ភាព​ក្នុង​ការ​ប៉ះ​ពាល់​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ទេ ដោយ​សារ​វា​មាន​តម្លៃ​ថ្លៃ​សម្រាប់​ពួក​គាត់។ ចឹង​ហើយ មួយ​ទៀត ទាក់​ទង​ជាមួយ​នឹង​ការ​ផ្តល់​ជា​វគ្គ​បណ្តុះ​បណ្តាល បើ​សិន​ជា​អាច សម្រាប់​យុវជន ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ ដោយ​សារ​ពួក​គាត់​អត់​ទាន់​យល់​ដឹង​អំពី​ឌីជីថល​ច្រើន​ទេ ចឹង​ហើយ​ត្រូវ​ការ​វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​ពួក​គាត់ ដើម្បី​ឱ្យ​ពួក​គាត់​ហ្នឹង បាន​យល់​កាន់​តែ​ច្បាស់​អំពី​ឌីជីថល​ឱ្យ​បាន​កាន់​តែ​ច្រើន»។

តាមរបាយការណ៍រកឃើញដោយអង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) ដដែល បាន​គូស​បញ្ជាក់​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ជួ​ប​ប្រទះ​ការ​លំបាក​ចម្បងៗ​ចំនួន​៤​ធំៗ​ គឺ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ មិន​មាន​សេវា​ទូរស័ព្ទ​ចំនួន ៦៥.៣​ភាគ​រយ, ការ​អប់​រំ​ទាប​ចំនួន ៧៨​ភាគ​រយ ដោយ​ពលរដ្ឋ​ខ្លះ​រៀន​ចប់​ត្រឹម​អនុ​វិទ្យា​ល័យ​ឬ​ទាប​ជាង​នេះ, បញ្ហា​លើ​ភាសា​បច្ចេក​ទេស និង​ភាសា​បរទេស​ មាន​ចំនួន ៣៨.៣​ភាគរយ និង​សមភាព​យេនឌ័រ ដោយ​ពលរដ្ឋ​​ជា​ស្ត្រី ៥៥.៤ភាគរយ ស្មើ​នឹង​១០៧​នាក់ បាន​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​លើ​ប្រព័ន្ធ​អន​ឡាញ។

ក្រៅពីនេះបញ្ហាខាងលើ ក្រុមជនជាតិដើមភាគតិច ជួប​បញ្ហា​ផ្សេង​ទៀត​ រួម​មាន​​ការ​ភ័យ​ខ្លាច​នៃ​គ្រោះ​ថ្នាក់​តាម​អ៊ីន​ធឺណិត កង្វះ​ឧបករណ៍​ឆ្លាតវៃ មិន​មាន​អគ្គិសនី និង​ការ​បារម្ភ​ពី​វប្បធម៌​ប្រពៃណី។

មន្ត្រីកម្មវិធីនៃអង្គការថែរក្សាភាសាជន​ជាតិ​ដើម​ភាគ​តិច (CIPL) អ្នកស្រី ស៊ីន បូលៃ បាន​លើក​ឡើង​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​ការ​ការ​ជួយ​គាំទ្រ​ទៅ​លើ​អក្ខរ​កម្ម​ឌីជីថល​ និង​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​សុវត្ថិ​ភាព ការ​ចូល​ប្រើ​អ៊ីនធឺណិត​ដែល​មាន​តម្លៃ​សមរម្យ​ ការ​ផ្សព្វ​ផ្សាយ​មាតិកា​ដែល​មាន​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដែល​អាច​ទុក​ចិត្ត​បាន​ ដូច​ជា បង្គោល​សេវា​ និង​ការ​ជួយ​គាំទ្រ​ដល់​ក្រុម​ងាយ​រង​គ្រោះ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បរិយា​​បន្ន​​ឌីជីថល ដែល​មាន​ន័យ​ថា​ គ្រប់​គ្នា​អាច​ប្រើ​ប្រាស់ និងទ​ទួល​បាន​ព័ត៌​មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។  

អ្នកស្រី ស៊ីន បូលៃ និយាយថា៖ «ហើយ​មួយ​ទៀត គឺ​សេវា​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល​យើង​ ជាពិសេស ពី​ក្រសួង​ប្រៃស​ណីយ៍ យើង​មើល​ឃើញ​ថា គឺ​គាត់​ស្នើ​សុំ​ឱ្យមា​ន​ការ​ផ្សព្វ​ផ្សាយ ក៏​ដូច​ជា​ ជា​ភាសា​របស់​ជន​ជាតិ​ភាគ​តិច ហើយ​​មួយ​ទៀត ការ​ពង្រឹង​សមត្ថ​ភាព​ និង​ការ​ចូល​រួម​របស់​សហគមន៍ ​គឺ​គាត់​នៅ​តែ​ចង់​បាន។ ហើយ​មួយ​ទៀត កា​រ​ត្រួត​ពិនិត្យ និង​តាម​ដាន»។

នៅក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញ ឆ្នាំ២០២៦​នេះ​ដែរ ប្រធាន​ស្តីទី​ផ្នែក​សន្តិ​សុខ​ និង​អនុ​លោម​ភាព​បច្ចេក​វិទ្យា​ព័ត៌​មាន​នៃ​ក្រុម​ហ៊ុន CAMGSM​ (ខេម ជី អេស អ៊ឹម) លោក ណៃ ផាទិយ៉ា​ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថា វិស័យ​ឯកជន ត្រូវ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិ​បាល ដើម្បី​បរិយា​បន្ន​ឌីជី​ថល​ និង​ពង្រីក​ការ​តភ្ជាប់​អ៊ីនធឺណិត។

លោក ណៃ ផាទិយ៉ា ថ្លែងថា៖ «រាល់​ដំណើរ​ការ (operations) ទាំង​អស់ គឺ​យើងត្រូ​វ​ប្រាកដ​ថា​ (make sure) ត្រូវ​មាន​ការ​សហការ​ជាមួយ​និង​រដ្ឋាភិ​បាល ជាមួយ​និង​ឯកជន ដើម្បី​ធ្វើ​ឱ្យ​វាកើ​ត​ឡើង​ (make it happen) ទាំង​អស់​គ្នា។ ទាក់​ទ​ង​ជាមួយ​នឹង​​ការ​បំប្លែង (convert) ពីខា​ង​រាង​កាយ​ (physical) មាន​ន័យ​ថា ទិន្ន​ន័យ (data) ជា​ក្រដាស (paper) ទៅ​កាន់​ឌីជីថល (digital) ទាំង​អស់។ អាហ្នឹង​គឺ​យើង​ស្រប​តាម (align) ជាមួយ​នឹង​ (Industry 4.0) ឧស្សាហ​កម្ម ៤.០ ដែល​យើង​រំពឹង (perspective) នៅ​ប្រទេស​កម្ពុជា​នេះ»។

លោក ផាទិយ៉ា បន្ត​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន CAMGSM​ (ខេម ជី អេស អ៊ឹម) មាន​បណ្ដាញ ៣,១៤០ ស្មើ​នឹង​៩០​ភាគរយ​នៃ​បណ្ដាញ ជុំវិញ​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​រតនគិរី​ មាន​ផ្នែក​ខ្លះ​មាន​សេវា និង​ផ្នែក​​ខ្លះ​​អត់​​សេវា ដោយសា​រ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​វិនិយោគ​លើ​ការ​សាង​សង់​បង្គោល​អង់​តែន​ដែល​ត្រូវ​ការ​លុយ​ច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ