កម្ពុជា និងថៃ បង្ហាញ​ជំហរ​ផ្សេង​គ្នា ក្នុង​កិច្ច​ប្រជុំ​ផ្លូវ​ការ​ដំបូង​ស្តី​ពី​ព្រំដែន​សមុទ្រ

នៅព្រឹក​ថ្ងៃទី​១​៥ ខែ​កញ្ញា ឆ្នាំ​២០២៦ កម្ពុជា និង​ថៃ បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅក្នុ​ង​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​គណៈ​កម្ម​ការ​ផ្សះ​ផ្សា ស្តីពី​បញ្ហា​កំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី។ ភាគី​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ប្រើ​យន្ត​ការ​ផ្សះ​ផ្សា​ក្រោម​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ ស្តីពី​ច្បាប់​សមុទ្រ គឺ​មាន​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ជួយ​ពង្រឹង​សន្តិភាព កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​វិបុល​ភាព​រួម​ក្នុង​តំបន់។

ក្នុងសេចក្តីថ្លែងការណ៍របស់កម្ពុជា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានលើកឡើងពីជម្រើ​ស​សំខាន់ៗ​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​នេះ។ កម្ពុជា​ចង់​ឃើញ​ការ​កំណត់​ព្រំដែន​សមុទ្រ​ជា​ស្ថាពរ ប៉ុន្តែ​បើ​មិន​អាច​សម្រេច​បាន​ក្នុង​ពេល​​ឆាប់ៗ កម្ពុជា​ក៏​ត្រៀម​ខ្លួន​ពិភាក្សា​អំពី​កិច្ច​ព្រម​ព្រៀង​អភិវឌ្ឍន៍​រួម​ជាមួយ​ថៃ និង​បែង​ចែក​ធន​ធាន​ដោយ​សមធម៌ ក្នុង​អំឡុង​ពេល​រង់​ចាំ​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​ស្តី​ពី​ព្រំដែន​សមុទ្រ។

ជំហរនេះបង្ហាញថា កម្ពុជាចង់រកផ្លូវចេញដែលអាចទទួលយកបានសម្រាប់​ភាគី​ទាំង​ពីរ ដោយ​មិន​ចាំបាច់​ទុក​ធន​ធាន​នៅ​តំបន់​ជម្លោះ​ឱ្យ​នៅ​ទំនេរ​រយៈ​ពេល​យូរ។

ចំណែកភាគីថៃវិញ បានបញ្ជាក់ថា ខ្លួនក៏គាំទ្រការដោះស្រាយបញ្ហាតាមច្បាប់​អន្តរជាតិ និងការចរចា ប៉ុន្តែសេចក្តី​ថ្លែង​ការណ៍​របស់​ថៃ ក៏បានលើកឡើងពីជម្លោះផ្សេងៗកន្លងមកជាមួយកម្ពុជា រួមមានការបែកធ្លាយសន្ទនា​តាមទូរស័ព្ទ ការប្រយុទ្ធតាមព្រំដែន ការស្លាប់ជនស៊ីវិល និងបញ្ហាមីន។ ថៃក៏បានចោទកម្ពុជាថា បាន​ផ្សព្វផ្សាយព័ត៌​មាន​​ដែល​ខ្លួន​ចាត់​ទុកថាមិនត្រឹមត្រូវ និងធ្វើខ្លួនជាជនរងគ្រោះនៅលើវេទិកាអន្តរជាតិ។

ទោះជាយ៉ាងណា ថៃក៏បានបញ្ជាក់ថា វិសាលភាពនៃដំណើរការផ្សះផ្សានេះ គឺផ្តោតតែលើការកំណត់ព្រំដែន​សមុទ្ររវាង​កម្ពុជា និងថៃនៅឈូងសមុទ្រថៃប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពលើ​ដី ឬកោះកុតឡើយ។ ភាគី​ថៃក៏អះអាងថា អនុស្សរណៈយោគយល់ឆ្នាំ២០០១ មិនបាននាំឱ្យមានការរីក​ចម្រើន​គ្រប់គ្រាន់ ហើយថៃធ្លាប់បាន​ស្នើឱ្យមានការចរចាផ្ទាល់រយៈពេល៦ខែ មុននឹងបន្តទៅយន្តការផ្សះ​ផ្សា ប្រសិន​​បើការចរចានោះ​មិនទទួលបាន​លទ្ធផល។

ការថ្លែងរបស់ភាគីទាំងពីរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បង្ហាញថា ទោះកម្ពុជា និងថៃនៅមានការខ្វែងគំនិត​គ្នា​ខ្លាំងលើប្រវត្តិនៃជម្លោះ និងរបៀបដែលបញ្ហានេះគួរត្រូវបានដោះស្រាយ ក៏ភាគីទាំងពីរនៅតែចូលរួម​ក្នុងដំណើរការផ្សះផ្សា។ សម្រាប់កម្ពុជា សារសំខាន់គឺការរកដំណោះស្រាយដែលអាចនាំទៅរកការកំណត់​ព្រំដែន ឬការអភិវឌ្ឍរួមដោយ​សមធម៌។ ចំណែកថៃបានបញ្ជាក់ថា ខ្លួនចង់រកដំណោះស្រាយតាមការចរចា និងការផ្សះផ្សា ប៉ុន្តែនៅតែការ​ពារ​ជំហរ​របស់ខ្លួនយ៉ាងរឹងមាំ។ ដូច្នេះ ដំណាក់កាលបន្ទាប់ តើភាគី​ទាំងពីរ​អាចបម្លែងសេចក្តីថ្លែងការណ៍ទាំងនេះ ទៅ​ជា​ការ​ចរចា​ជាក់ស្តែង និងដំណោះស្រាយដែលអាចទទួល​យកបានដោយភាគីទាំងពីរ ឬយ៉ាងណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ