សហគមន៍អះអាងថា អាជ្ញាធរខេត្តមណ្ឌលគិរី នៅតែបើកដៃឱ្យក្រុមហ៊ុនអ៊ីសាន បន្តឈូសឆាយព្រៃតំណម ដំណាំ ព្រៃកប់សព និងតំបន់អនុផលព្រៃឈើរបស់ពួកគាត់ អស់ជាច្រើនហិកតាជាថ្មីទៀត បើទោះបីជាសហគមន៍លើកគ្នាតវ៉ា ផ្តិតមេដៃប្តឹងឱ្យអាជ្ញាធរអន្តរាគមន៍បញ្ឈប់យ៉ាងណាក្តី។
ដើមឈើធំៗដែលជាតំបន់រកអនុផលព្រៃឈើ ជម្រកសត្វព្រៃ និងជាតំបន់ព្រៃតំណម ដែលជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិចំនួន ៣ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា អាស្រ័យផលបែបប្រពៃណី កំពុងទទួលរងការឈូសឆាយទ្រង់ទ្រាយធំ ពីសំណាក់ក្រុមហ៊ុន អ៊ីសាន (EYSAN ECO ZONE.Co.,Ltd.) នៅរយៈពេលជាង ២ ខែ ចុងក្រោយនេះ ។
សហគមន៍បានចុះដល់ទីតាំងឈូសឆាយ ស្តាយស្រណោះដើមឈើធំៗ បន្សល់ចុងក្រោយ ដែលអតីតអភិបាលខេត្ត លោក ស្វាយ សំអ៊ាង ឯកភាពទទួលស្គាល់ ប្រគល់ជូនសហគមន៍ ៣ភូមិ ប្រើប្រាស់ គឺភូមិពូរាំង ភូមិពូទឺត និងភូមិប៊ូស្រា ឃុំប៊ូស្រា កំពុងប្រឈមការបាត់បង់ទាំងមូល។
យុវជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី លោក ស្រួច បី ឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញាថា ជនជាតិដើមភាគតិចជាង ១០០គ្រួសារ កំពុងប្រឈមបាត់បង់ព្រៃអាស្រ័យផល ព្រៃតំណម និងដីចម្ការវិលជុំបន្សល់ចុងក្រោយ បន្ទាប់ពីក្រុមហ៊ុនអ៊ីសាន យកគ្រឿងចក្រឈូសឆាយព្រៃ នៅតំបន់នោះ ដោយគ្មានការឯកភាពពីតំណាងសហគមន៍។ លោកថា មកទល់ម៉ោងនេះ ក្រុមហ៊ុននៅបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយព្រៃនៅតំបន់នោះឱ្យក្លាយជាវាល អស់ជាង ១០ ហិកតា បន្ថែមទៀត។
លោក ស្រូច បី និយាយថា៖ «ដីរបស់សហគមន៍ ដែលនៅជិតភូមិជិតអីហ្នឹង គឺក្រុមហ៊ុន ស៊ុខហ្វីន គេធ្វើចម្ការកៅស៊ូអស់ហើយ។ អ៊ីចឹងខាងអាជ្ញាធរខេត្ត គេក៏សម្របសម្រួលឱ្យសហគមន៍ទៅប្រើប្រាស់ធ្វើស្រែធ្វើជាការនៅតំបន់បច្ចុប្បន្ននេះ។ ហើយទីតាំងទាំងអស់ហ្នឹង គឺទីតាំងដែលបងប្អូនសហគមន៍ក្នុងឃុំប៊ូស្រាភាគច្រើនចូលទៅរកអនុផលព្រៃឈើ ដូចជា ដកផ្សិត រកជ័រ រកឃ្មុំ»។
កាលពីថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញ ជនជាតិដើមភាគតិចជាង ៦០ នាក់ បានលើកគ្នាចុះពិនិត្យសកម្មភាពក្រុមហ៊ុនឈូសឆាយព្រៃ ប្រទះឃើញគ្រឿងចក្រ និងដើមឈើធំៗ ដែលសហគមន៍អភិរក្ស និងអភិរក្សទុកជម្រកសត្វព្រៃ ទទួលរងការកាប់ផ្តួល នឹងត្រៀមដុតកម្ទេចចោល ឱ្យក្លាយជាវាល។
កាលពីសប្តាហ៍មុន តំណាងសហគមន៍បានផ្តិតមេដៃ ស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ ឱ្យបញ្ឈប់ផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនឯកជន នៅតំបន់ទាំងនេះ ដើម្បីរក្សាសន្តិសុខស្បៀង វប្បធម៌ និងការរស់នៅដោយសុខសាន្តរបស់សហគមន៍។
សហគមន៍ស្នើឱ្យអាជ្ញាធរផ្តល់សិទ្ធិឱ្យពួកគាត់ប្រើប្រាស់ដាំដំណាំលើដីរបស់ខ្លួន ដែលប្រឈមការរំលោភបំពានពីសំណាក់ក្រុមហ៊ុនអ៊ីសាន។ ទោះជាយ៉ាងណា សំណើរបស់សហគមន៍ អាជ្ញាធរមិនទាន់ដោះស្រាយនៅឡើយទេ។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីអភិបាលខេត្តមណ្ឌលគិរី លោក គង់ គឹមនី និងតំណាងក្រុមហ៊ុន អ៊ីសាន បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ឯកសារដែលវីអូឌីទទួលបាន ចុះហត្ថលេខាដោយអតីតអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ បានឯកភាពឱ្យប្រធានក្រុមហ៊ុន CM Construction Co, Ltd. អ្នកស្រី ហ៊ី ផល្គុន ឈូសឆាយផ្ទៃដីទីតាំងទី២ ឋិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីដាំដុះកាហ្វេ និងរៀបចំការិយាល័យ។
លោក ថង សាវុន បញ្ជាក់ថា ទីតាំងទី១ ដែលក្រុមហ៊ុនឈូសឆាយមានផ្ទៃដីជាង ៣០០ហិកតា (៣០២,៧៧ហិកតា) និងទីតាំងទី២ ដែលក្រុមហ៊ុនឈូសឆាយជាង ៦៦០ហិកតា (៦៦៧,៦៨ហិកតា) ជារបស់ក្រុមហ៊ុន អ៊ីសាន ( EYSAN ECO Zone Co,Ltd.) ឋិតនៅចំណុចអូររណាវ រហូតដល់ចំណុចពាមអូររេត និងពាមអូរទាប់ កៀកនឹងតំបន់ព្រំដែនកម្ពុជា-វៀតណាម។
ប្រធានផ្នែកតស៊ូមតិនៃសមាគមអាដហុក លោក ភិន សាវៃ យល់ថា អាជ្ញាធរខេត្តមណ្ឌលគិរីគួរមានភាពច្បាស់លាស់ អនុវត្តឱ្យមានប្រសិទ្ធភាពនូវសេចក្ដីសម្រេចរបស់ខ្លួន ដែលឯកភាពប្រគល់ដីនៅតំបន់នោះឱ្យសហគមន៍អាស្រ័យផលបែបប្រពៃណីចិញ្ចឹមជីវិត ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត និងជឿជាក់លើវិធានការរបស់អាជ្ញាធរ។
លោក ភិន សាវៃ ថ្លែងថា៖ «អាជ្ញាធរគួរតែស្វែងរកដំណោះស្រាយ ក៏ដូចជាអន្តរាគមន៍ឱ្យបានលឿន ពីព្រោះនៅក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងថា រាល់សំណើររបស់ពលរដ្ឋទាំងអស់ ត្រូវតែបានទទួលយក និងដោះស្រាយ។ អញ្ចឹងខ្ញុំយល់ថា អាជ្ញាធរដើម្បីឱ្យពលរដ្ឋជឿជាក់នូវសេចក្តីសម្រេច ឬមួយក៏កិច្ចការអន្តរាគមន៍ហ្នឹង គួរតែអនុវត្តសេចក្តីសម្រេចរបស់ខ្លួនឯងឱ្យមានប្រសិទ្ធភាព»។
ក្រុមហ៊ុនអ៊ីសាន (EYSAN ECO Zone Co,Ltd.) ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីជាង ២៤០០ (២ ៤៩៧ហិកតា) កាលពីឆ្នាំ២០២៥ វិនិយោគដំណាំកាហ្វេនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ សហគមន៍ថា ក្រុមហ៊ុននេះជារបស់ឧកញ៉ាម្នាក់ ដែលអ្នកស្រុកស្គាល់ឈ្មោះហៅក្រៅថា ឧកញ៉ា លក្ខ ។
កន្លងទៅថ្មីៗនេះ សហគមន៍ជនជាតិដើមភាគតិច បានចេញលិខិតជំហររួមមួយ មិនអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីសាន (EYSAN ECO Zone Co,Ltd.) ឈូសឆាយរំលោភបំពានដីសហគមន៍របស់ពួកគាត់ ដែលជាតំបន់រកអនុផលព្រៃឈើ ទីតាំងឃ្វាលគោក្របី តំបន់ជំនឿ ភូមិចាស់ ផ្នូរខ្មោច ខណៈដែលតំបន់ទាំងនោះ អតីតអភិបាលមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានឯកភាពឱ្យសហគមន៍មានសិទ្ធិចូលទៅអាស្រ័យផលដីចម្ការ និងដីព្រៃតំណមរបស់ខ្លួន៕









