ការ​​​មិន​​ដាក់​​បញ្ហា​កោះ​គុត​​ចូល​​ក្នុង​​របៀប​​វារៈ​ចរចា ហាក់​​បង្ហាញ​ថា​កោះ​គុត​​ត្រូវ​​បាន​​កាត់​​ឱ្យ​​ថៃ​

ការ​​មិន​​ដាក់​​បញ្ហា​​កោះ​គុត ​ចូល​​ក្នុង​​របៀប​វារៈ​​ចរចា​​ដោះ​​ស្រាយ​​ជម្លោះ​​ដែន​​​សមុទ្រ​​ រវាង​​កម្ពុជា​​និង​​​ថៃ​​ នៃ​គណៈ​​កម្ម​ការ​ផ្សះ​ផ្សា​ដោយ​​បង្ខំ ​ក្រោម​​យន្ត​ការ UNCLOS ​ដែល​​កំពុង​​ជួប​​ប្រជុំ​​នៅ​​ប្រទេស​​សិង្ហ​បុរី​ ធ្វើ​​​ឱ្យ​​មាន​​មន្ទិល​​កាន់​​តែ​ខ្លាំង​​​​ថា​តើ​​រដ្ឋាភិ​បាល​​កម្ពុជា ​​បាន​​កាត់​​កោះ​គុត​​ទៅ​​ឱ្យ​​​ថៃ​​តាម​​រយៈ​ ​MOU​ឆ្នាំ​​២០០១ ​ដូច​​ការ​ចោទ​ប្រកាន់​​​របស់​​បក្ស​ប្រឆាំង ​និង​​អ្នក​​ឃ្លាំមើ​ល​​ឬ​យ៉ាង​​ណា​។

លោក​​ ប្រាក់ សុខុន ​រដ្ឋមន្ត្រីការបរទេសកម្ពុជា​ បាន​ថ្លែងនៅ​ក្នុង​​កិច្ច​ប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សាក្រោម​​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) ​នៅ​ថ្ងៃទី​១៥​ខែ​កញ្ញា​នេះ ​នៅ​ប្រទេស​​សិង្ហ​បុរី​ថា កម្ពុជា​ចង់​ឱ្យ​ដំណើរការផ្សះ​ផ្សារដែន​​សមុទ្រ​​ជាមួយ​ប្រទេស​ថៃ ​​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​​​​ដោយ​​សន្តិវិធី​ ស្រប​តាម​ច្បាប់​អន្តរ​ជាតិ ដើម្បី​​ផល​ប្រយោជន៍​​សម្រាប់​ប្រជាជន​នៃប្រទេសទាំងពីរ។

លោក ​ប្រាក់ សុខុន បញ្ជាក់​ថា កម្ពុជា​មើល​ឃើញដំណើរការផ្សះផ្សា​ដោយ​បង្ខំនេះ ​មិន​មែន​ជា​ការ​​​បង្កើន​​ភាព​តាន​​តឹង​​​ជា​មួយ​ប្រទេសថៃនោះទេ ​ប៉ុន្តែ​ជាដំណោះ​ស្រាយ​សម្រាប់​​​ស្វែង​រក​សន្តិភាព​​ដោយ​សន្តិវិធី ​និង​ស្តារ​​ទំនុក​ចិត្ត​​រវាង​​ប្រទេស​​​ទាំង​​ពីរ​។ លោក​រដ្ឋមន្ត្រីការបរទេស ​បាន​ដាក់​ក្តីសង្ឃឹម​ថា ថៃ​នឹង​ចូល​​រួម​ក្នុង​​ដំណើរ​ការ​នេះ​​ ដោយ​ស្មារតីស្ថាបនា ​និង​បន្តអនុវត្ត​កិច្ច​ព្រម​ព្រៀង​ទ្វេភាគីដែល​មាន​ស្រាប់​។

លោក​បញ្ជាក់​ថា គោល​បំណង​ចម្បង​របស់កម្ពុជា ​គឺ​ការ​ឈាន​ទៅរក​ការចុះ​សន្ធិ​សញ្ញា​មួយ​​ជាមួយ​​ប្រទេស​ថៃ​ ដើម្បី​​កំណត់​​​ព្រំដែន​​សមុទ្រ​តែ​មួយ​ ​ដែល​មាន​​លក្ខណៈ​​គ្រប់​​ជ្រុង​​ជ្រោយ ​និ​ង​​ស្រប​តាម​​ច្បាប់​​អន្តរ​ជាតិ។ លើស​ពី​នេះ កម្ពុជា​​ត្រៀ​ម​​​​ចុះ​​កិច្ច​​ព្រម​​ព្រៀង​​ជាមួយ​​ថៃ​ ​សម្រាប់​ការអ​ភិវឌ្ឍ​​រួម​គ្នា​ និង​​ការ​បែង​ចែក​​ធន​ធាន​​ក្នុង​​បាត​សមុទ្រ​ដោយ​​ស​ម​ធម៌ ​​ខ​ណៈ​​រង់​ចាំកិ​ច្ច​​ព្រ​ម​ព្រៀង​​ស្ថាពរ​​ស្តីពី​​ព្រំដែន​​សមុទ្រ។

បើ​តាម​លោក ​ប្រាក់ សុខុន ​ប្រសិន​បើភាគីទាំងពីរ​​មិន​អាច​សម្រេចបាន​នូវកិច្ច​ព្រមព្រៀង​​រួម ​កម្ពុជា​​នឹង​​ស្នើ​​ឱ្យ​​គណៈ​​កម្ម​ការ​​រៀប​ចំ​របាយ​ការ​ណ៍​​ផ្តល់​អនុសាសន៍ ដើម្បី​​ជា​មូល​​ដ្ឋាន​​សម្រាប់​​ការ​ចរចា​នា​ពេល​​ក្រោយ​។

ចំណែក ​រដ្ឋមន្ត្រីការបរទេសថៃ លោក​​ ស៊ីហា​សាក់ ភួង​​កេត​កែវ ​បាន​​ថ្លែង​​ថា ការ​ផ្សះផ្សា​​ដោយ​​បង្ខំ​​របស់​គណៈ​​កម្ម​ការ​​ដែល​​ត្រូវ​​បាន​​បង្កើត​ឡើង​​ក្រោម​​នីតិ​សមុទ្រ​ UNCLOS ​គឺ​មិន​​ពាក់​ព័ន្ធ​​នឹង​​អធិប​តេយ្យ​ភាព​លើ​​ព្រំដែន​​​ដី​គោក ​រួម​​ទាំ​ង​​កោះ​​គុត​​នោះ​ឡើយ​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍៤ទំព័រ​របស់ ​លោក ​ប្រាក់ សុខុន ​ក៏មិន​ឃើញ​និយាយ​ពីបញ្ហា​កោះគុត​នោះ​ដែរ។

លោក ​ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ថ្លែងថា លោក​​បាន​​អាន​​សេច​ក្តីថ្លែ​ង​ការ​ណ៍​​​របស់​​លោក​​​ ប្រាក់​ សុខុន ​​គឺគា​ត់​​បាន​សរសេរច្រើន​ទំព័រ​ ប៉ុន្តែ​មិន​​ចំសាច់​​រឿងនោះ​​ទេ ដោយ​លើក​​ពី​​បញ្ហា​​ប្រវត្តិ​សាស្ត្រ​​តាំង​​ពី​យូរ​លង់​​ណា​​ស់ម​ក​​ហើយ​ ហើយ​​ចុងក្រោយ​បាន​រំលេច​ពី​សង្គ្រាម​សម័យ​ខ្មែរ​​ក្រហម ​​ដែល​បង្ហាញ​ពី​​ចេតនា​ធ្វើ​​ប្រជាភិថុតិ​​លើ​​ប្រជា​ពល​រដ្ឋ​​ខ្លួន​​ឯង​។

លោក​លើកឡើង​ថា ចំណុច​សំខាន់​​រឿង​ការ​ដោះ​ស្រាយ​តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​របស់​UNCLOS​នេះ​គឺ​​​ពាក់​​ព័ន្ធ​​ទៅលើ​ដែន​សមុទ្ររបស់កម្ពុជា​ជាមួយ​ថៃ ​ទំហំ ៣ម៉ឺន​​គីឡូម៉ែត្រ​ក្រឡា។ ប៉ុន្តែ​នៅ​ក្នុង​​ខ្លឹម​សារ​ដែល​​​បាន​លើក​​ឡើង​​ស្តីពី​​តំបន់​ត្រួតស៊ីគ្នា​​ ​គឺ​សំដៅ​តែ​ទៅ​លើ​ដែន​សមុទ្រ ​២៦០០០​​គីឡូ​ម៉ែត្រ​​ក្រឡា​ប៉ុណ្ណោះ។​​

លោក​បន្តថា ក្នុង​សេចក្តីថ្លែងហេតុ​របស់​​លោក​ ​ប្រាក់ សុខុន ​អត់​ឃើញ​មាន​លើក​​យក​​បញ្ហា​​កោះ​គុត ​ដាក់​​ក្នុង​​ប្រធាន​​​បទ​ចរចា​ទេ​​ តែ​​សៀម​​បាន​​ធ្វើ​​សេចក្តី​ថ្លែង​ការណ៍​​ជា​សាធារណៈ​​ថា កោះ​គុត​​គឺ​​​ជា​ក​ម្ម​​សិទ្ធិ​​របស់​ថៃ​​១០០​​ភាគ​​រយ។ ប៉ុន្តែ​​កម្ពុជា​​បែរ​ជាមិ​ន​​បញ្ជាក់​​ថា កម្ពុជា​​មាន​​ចំណែក​​ពាក់​កណ្តាល​នៅលើ​កោះគុត​ ​ដូច​ដែលមាន​ភ្ជាប់​នៅក្នុង​ឧបសម្ព័ន្ធ​​ផែនទី​​​នៃសន្ធិ​សញ្ញា​បារាំង​សៀម​​ឆ្នាំ​១៩០៤-១៩០៧​នោះ​ទេ​។

លោកថា៖ «ចំពោះ​ជំហរយើង​បញ្ហាកោះគុតនេះ ជាចំណុច​សំខាន់ ​ដូចមាន​កំណត់​នៅក្នុង​ផែនទី​ឧបសម្ព័ន្ធ​​នៃ​សន្ធិសញ្ញា​​បារាំង​​សៀម អ៊ីចឹង​ត្រូវ​តែ​លើក​យក​មកជជែក​ ​មិន​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​​​ថៃ​​បក​​ស្រាយ​​យ៉ាង​ម៉េច​​ស្រេច​តែ​នឹង​ចិត្ត​​នោះ​​ទេ​។ ​ហើយ​កាល​ណាក​ម្ពុជា​​មិន​​លើក​​បញ្ហា​​កោះ​គុត​​មក​​ជជែក ​ដូច្នេះ​​បាន​​ន័យ​​ថា ​កោះគុ​ត​នឹង​​ត្រូវ​​បាន​​ប្រគល់​​ឱ្យ​​ថៃ​​​​ដោយ​​គ្មាន​​ការ​តវ៉ា​​ពី​កម្ពុជា​។ ​បើ​សិន​​​ជាអ៊ី​ចឹង​​មែន​ ​តើ​យើង​​ចរចា​ដោះ​ស្រាយ​​បញ្ហា​​ដែន​​សមុទ្រ​ដើម្បី​អ្វី? ចំណុច​នេះ ​យើងមាន​ការ​សង្ស័យ ​ប្រហែល​ជាកម្ពុជា​អាច​នឹង​មិន​លើក​​យក​បញ្ហា​កោះគុតនេះ​​មក​ជជែកទេ»។

សម្រាប់អ្នក​​ជំនាញ​ព្រំដែន​​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​តែ​ដាក់​​បញ្ហា​កោះគុត​ទៅ​ក្នុង​​របៀប​វារៈ​ចរចានៅក្នុង​​យន្តការ​ការផ្សះ​ផ្សាដោយ​​បង្ខំ​​របស់​ UNCLOS ​នេះ​ដើម្បី​ឱ្យ​​​មាន​​ការ​ជជែក​គ្នា​លម្អិត​​​​នៅ​​ក្នុង​គណៈ​កម្មការ​ផ្សះផ្សា​ ថា​​តើមាន​បញ្ហា​អ្វី​កើត​ឡើង​ខ្លះ​នៅ​​កោះគុត ​និង​​​តំបន់​ដែន​​សមុទ្រ​ កន្លែង​ណា​​ជា​របស់​កម្ពុជា និង​​​កន្លែង​ណា​​ជា​តំបន់​​ត្រួត​ស៊ីគ្នា។

បើ​តាម ​លោក ​ម៉ែន ណាត ​ការមកប្រើយន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំនេះ គឺ​ល្អជាង​ការ​ចរចា​ទ្វេភាគី​រវាង​កម្ពុជា​​និង​ថៃ​កន្លងមក​។ ប៉ុន្តែ​ទោះ​យ៉ាងណា ​យន្តការនេះ​មិន​អាច​ចាប់​បង្ខំ​ឱ្យ​ថៃ​​ទទួល​ស្គាល់លទ្ធផល​ចរចា​​ទេ​។

ចំណែក ​លោក ​អ៊ុំ សំអាន តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​បាន​ថ្លែងថា យន្តការផ្សះផ្សា​​ដោយ​​បង្ខំ​ គឺ​​ពុំ​​មាន​​ពាក់​​ព័ន្ធ​​ទៅ​លើ​​អធិប​តេយ្យ​​ភាព​​ដែន​​គោក​​មែន ​ប៉ុ​ន្តែពា​ក់​​ព័ន្ធ​​ទៅ​​នឹង​​កោះ​​គុត​​ដែល​​ជា​​កម្ម​​សិទ្ធិ​​របស់​​កម្ពុជា​​យ៉ាង​ហោច​ណាស់​​ពាក់​​កណ្តាល​ បើ​តាម​សន្ធិ​សញ្ញា​បារាំង​សៀម និ​ង​​​ផែ​ន​ទី​ភ្ជា​ប់​​សន្ធិ​សញ្ញា​​បារាំង​សៀម​​ឆ្នាំ​១៩០៧​ ដែល​​​ចែង​ថា ព្រំដែន​ទឹក​រវាង​កម្ពុជា​និងថៃ ​គឺ​ចេញ​ពីបង្គោល​ព្រំដែន​លេ​ខ​៧៣ នៅ​លើ​ឆ្នេរ​នៅ​ចាំយាម​ ក្នុង​ខេត្ត​កោះកុង ​ឆ្ពោះ​ទៅ​ចំណុច​ខ្ពស់​​បំផុត​នៃកោះគុត​។ ដូច្នេះកោះ​គុត​​យ៉ាងហោចពាក់​កណ្តាល​គឺ​​​ជាកម្មសិទ្ធិ​របស់កម្ពុជា។

ក៏ប៉ុន្តែ​តាម ​MOUឆ្នាំ​២០០១ លោក ​សុខ អាន តាម​បញ្ជា​របស់​លោក ​ហ៊ុន សែន បាន​​កាត់កោះ​គុត​ទៅឱ្យ​ថៃ ​ខណៈ​​ពេល​​នោះ​​លោក ​ថាក់ស៊ីន ​​ជា​នា​យក​​រដ្ឋ​មន្ត្រី​​របស់​​ថៃ​ ដើម្បី​​​ឱ្យថៃ​​យល់​​ព្រម​​លើ​​ការ​​ខួង​​យក​​ប្រេង​​មាន​​​​​តម្លៃ ​៣០០​​ពាន់​​លាន​ដុល្លារ​​នៅ​​បាត​សមុទ្រ​។ ​ក៏ប៉ុន្តែ​ដោយ​សារ​ថៃ​ចែក​ឱ្យ​កម្ពុជា​តែ ​៤០​ភាគ​រយ​ ហើយ​​​ថៃ​​​យក ​៦០​ភាគ​រយ​ ទើប​នៅ​ពេល​​នោះ​ លោក​ សុខ អាន ​មិន​ព្រមទើប​​ជាប់​គាំង​​រហូត​មក​ដល់​សព្វ​ថ្ងៃ​​នេះ។

បើ​តាម ​លោក​អ៊ុំ សំអាន បើ​ទោះបីជាថៃ​បាន​​លុបចោល​អនុស្សារណៈ​យោគ​យល់​គ្នា​ឆ្នាំ២០០១​​​រួច​ហើយ​​ក៏​ដោយ​ ក៏ប៉ុន្តែ​ការ​ប្រើយន្តការ​ដោយ​ចាប់​បង្ខំនេះ​ ថៃ​នៅ​តែយក​​MOUឆ្នាំ​២០០១​ជា​មូល​ដ្ឋាន​​គ្រឹះ​ ​ក្នុង​ការ​កាន់​កាប់​កោះគុ​ត​​ផ្តាច់​​​មុខ​​ដដែល ​​ខណៈរដ្ឋាភិបាល​​លោក​ហ៊ុន ម៉ាណែត ក៏មិ​ន​លើកឡើង​ពីកោះគុត​ ហើយ​ថៃ​ក៏គេ​មិន​ជជែក​ជាមួយ​​កម្ពុជា ​រឿង​កោះគុតដែរ។

លោកថា៖ «​ខ្ញុំ​ជឿថា រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ដែល​មាន​​តំណាង​​ជន​បរទេស​ ២នាក់​ហ្នឹង ​​​ក៏​មិន​​លើក​​ឡើង​​ពី​កោះ​គុត​ដែរ លោក​​ហ៊ុន ម៉ាណែត ​មិន​​ឱ្យ​លើ​ក​​​ពី​កោះ​គុត​​ទេ ដោយ​សំអាង​​ថា លោក​​សុខ​ អាន​​បាន​​កាត់​ទៅ​​ឱ្យ​​ថៃ​​តាម ​​​MOU​​ឆ្នាំ​​២០០១​ហើយ​ ហើយ​​ថៃ​​បាន​​​បញ្ជាក់​ហើយ​ថា គេមិន​និយាយពីកោះគុតទេ តាម​​យន្តការផ្សះផ្សាដោយ​​បង្ខំនេះ​ ដូច្នេះ​កោះគុត​​នឹង​បាត់​ហើយ ​បើ​សិន​ជាគ្មាន​រដ្ឋាភិបាល​ផ្សេង​​ក្រៅពី​រដ្ឋាភិ​​បាល​​លោក​ហ៊ុន​ ម៉ាណែត នោះទេ»។

បើ​តាម​អ្នក​ជំនាញ​កិច្ចការព្រំដែន​រូប​នេះ​ បើ​តាមផែនទី​ភ្ជាប់​ក្រឹត​របស់​​លោក​​លន់ ណុល ​ឆ្នាំ​១៩៧២ ក៏បាន​បញ្ជាក់​​ដែរថា យ៉ាងហោចណាស់​​ពាក់កណ្តាល​នៃកោះគុត ​គឺ​ជាកម្ម​សិទ្ធិ​របស់​កម្ពុជា ​​ខណៈ​ដែល​សម័យ​សង្គម​​រាស្ត្រនិយម​​របស់​​សម្តេចឪ ​ក៏ធ្លាប់​ទាម​ទារ​កោះ​គុត​ផងដែរ​ ដោយ​បាន​ច្បាំង​ជាមួយថៃនៅលើ​កោះ​គុត​។ បន្តមក​ទៀត​​ នៅ​ក្នុង​សម័យ​​ប៉ុល​​ពត ​ក៏​នៅ​តែ​ទាម​ទារ​កោះ​គុត​ផង​​ដែរ គឺ​​ទើប​តែឈប់​ទាម​ទារ​កោះ​គុត​​​សម័យ​វៀតណាម​​ត្រួតត្រាកម្ពុជា ​ដែល​​បាន​​លើក​បន្តុប​លោក​ហ៊ុន សែន​ ឱ្យ​ឡើង​កាន់​អំណាច។

លោកថា៖ «ការប្រើប្រាស់យន្តការដោយ​បង្ខំ​ក្រោ​​ម​ UNCLOS ដែល​ដំណើរការ​នៅ​ប្រទេស​សិង្ហបុរីនេះ ​មិន​អាច​​ដោះ​ស្រាយ​​ជម្លោះ​​ដែន​​សមុទ្រ​​រវាង​​កម្ពុជា​​និង​ថៃនោះ​​ទេ ពី​ព្រោះ​​បន្ទាប់​​ពី​គណៈក​ម្ម​ការ​​ផ្សះ​​ផ្សា​ដោយ​​ចាប់​​បង្ខំ​​ចេញ​​អ​នុ​សាសន៍​​​ហើយ ​ខ្ញុំ​​​ជឿ​ថា ​ថៃ​គេមិ​ន​​ទទួល​​យក​​​នោះ​​ទេ។ ថៃបាន​និយាយ​ពីម្សិល​មិញ​ហើយ​តើ​​គេ​ថា ដំណើរការអាហ្នឹង​​ចេះ​​តែ​ដំណើរ​ការទៅ​ ប៉ុន្តែ​គង់​តែមក​ចរចាទ្វេភាគី​វិញនោះទេ មាន​ន័យ​ថា ​ថៃ​​គេមិ​ន​​ទទួល​​ស្គាល់​ ​ហើយ​​កម្ពុជា​​ក៏​មិន​​​បាន​​​លទ្ធផល​អ្វីដែរ​ មាន​ន័យថា ​ថៃចូល​រួម​គ្រាន់​តែបង្គ្រប់​កិច្ច​តែ​​ប៉ុណ្ណោះ»។

ប្រសិន​បើ​​ថៃ​មិន​ព្រម​អនុវត្ត​ទៅ​តាម​ការ​សម្រេច​របស់​គណៈ​កម្មការ​​ផ្សះ​ផ្សា​​ដោយ​ចាប់​បង្ខំ លោក អ៊ុំ ​​សំអាន ​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​​លោក​ហ៊ុន ម៉ាណែត ​ត្រូវ​ដាក់​ពាក្យ​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ឬក៏ប្តឹង​ទៅ​​តុលាការ​អាជ្ញាកណ្តាល​អន្តរ​ជាតិ​(PCA) ឬក៏តុលាការ​អន្តរ​ជាតិ​សម្រាប់​​ច្បាប់​សមុទ្រ​ ដោយ​មិន​ត្រូវ​​ងាក​​មក​​ចរចាទ្វេភាគី​ជាមួយ​ថៃ​​ទៀតនោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ