នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានទទួលស្វាគមន៍វិនិយោគិនពិភពលោកជាច្រើនរូប មកកាន់ទីក្រុងតូរ៉ូណតូ (Toronto) ដើម្បីទាក់ទាញការវិនិយោគលើគម្រោងជាង ១៦០ ដែលលោកលើកឡើងថា មានសារៈសំខាន់ក្នុងការដឹកនាំសេដ្ឋកិច្ចកាណាដា ឱ្យឆ្លងផុតសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
លោក Carney ដែលជាអតីតនាយកប្រតិបត្តិ Goldman Sachs និងជាអតីតទេសាភិបាលធនាគារកណ្តាល បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ រួមមាន លោក Larry Fink អគ្គនាយក BlackRock និងលោក Jon Gray ប្រធានក្រុមហ៊ុន Blackstone។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងទាក់ទាញទុនវិនិយោគ ១ ទ្រីលានដុល្លារកាណាដា (៧២១ ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ លើវិស័យរ៉ែ ថាមពល បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ដោយកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ។
ការទាក់ទាញការវិនិយោគនេះ គឺដើម្បីទប់ទល់នឹងការដំឡើងពន្ធគយពីសហរដ្ឋអាមេរិក ខណៈលោក Carney ស្វែងរកដៃគូថ្មីៗនៅមជ្ឈិមបូព៌ា និងអាស៊ី ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប ឥណ្ឌា និងចិន។ ដើម្បីសម្រួលដល់វិនិយោគិន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានប្រកាសថា ភ្នាក់ងារពន្ធដារនឹងផ្តល់អាទិភាពសម្រេចចិត្តលើបទប្បញ្ញត្តិពន្ធជាមុន សម្រាប់ការវិនិយោគចាប់ពី ១ ប៊ីលានដុល្លារកាណាដាឡើងទៅ។
ក្នុងឱកាសនោះ ក្រុមហ៊ុន Bell Canada បានប្រកាសពង្រីកគម្រោងមជ្ឈមណ្ឌលទិន្នន័យ (Data Center) ក្នុងខេត្ត Saskatchewan ដល់ ១,២ ហ្គីហ្គាវ៉ាត់ ដែលតម្រូវឱ្យមានការវិនិយោគដើមទុន ៥០ ប៊ីលានដុល្លារកាណាដា។ គម្រោងសំខាន់ៗផ្សេងទៀតរួមមាន កុំព្យូទ័រក្វានតឹម មជ្ឈមណ្ឌលទិន្នន័យ AI គម្រោងរ៉ែនីកែលកាបូនទាប Crawford និងប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនរវាងទីក្រុង Calgary និង Edmonton។
ទន្ទឹមនឹងនេះ ធនាគារធំៗរបស់កាណាដាដូចជា TD និង Scotiabank បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានសរុប ២៥០ ប៊ីលានដុល្លារកាណាដា ដើម្បីគាំទ្រដល់ការរៀបចំផែនការកំណើនសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណា កិច្ចប្រជុំនេះក៏បានប្រឈមនឹងការតវ៉ាពីសម្ព័ន្ធសហជីព ក្រុមជនជាតិដើមភាគតិច និងអង្គការបរិស្ថាន ដែលចោទប្រកាន់ថា ព្រឹត្តិការណ៍នេះជាការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិជាតិ និងទាញយកប្រាក់ចំណេញ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជនកាណាដាទូទៅ៕









