សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញានេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈ» ប្រឆាំងនឹងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដែលត្រូវបង់ប្រាក់សរុប ១,៥លានដុល្លារដដែល តាមបណ្តឹងគណបក្សកាន់អំណាច។
លោក ទាវ វណ្ណុល និងមេធាវី បានឱ្យក្រុមអ្នកព័ត៌មានដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោយចេញពីបន្ទប់សវនាការថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បានបដិសេធបណ្តឹងតវ៉ារបស់លោក និងបានសម្រេចរក្សាបទចោទ។
លោកថា៖ «[សាលាឧទ្ធរណ៍]រក្សាទុកជាបានការដដែល។ ខ្ញុំមិនអាចទទួលយកបានទេ! អ្វីដែលខ្ញុំធ្វើ គឺជាសិទ្ធិរបស់អ្នកនយោបាយ អ្នកប្រជាធិបតេយ្យនៅកម្ពុជា យើងត្រូវនាំគ្នាតស៊ូបន្តទៅមុខទៀត[…] បញ្ចេញមតិ! អញ្ចឹងខ្ញុំមិនអាចទទួលយកបាន ហើយខ្ញុំនឹងប្តឹងទៅតុលាការកំពូល»។
ប្រាក់ចំនួន ៦.០០០ លានរៀល ប្រហែល ១,៥ លានដុល្លារ ជាប្រាក់សំណងជូនរដ្ឋាភិបាលកម្ពុជា ដែលជាដើមបណ្តឹង រួមទាំងប្រាក់ពិន័យចូលថវិការដ្ឋចំនួន ១០ លានរៀល (ប្រហែល ២ ៥០០ ដុល្លារ)។
ដើមចមនៃរឿងក្តី ធ្វើឡើងដោយក្រុមមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីលោក ទាវ វណ្ណុល បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានបរទេស ដូចជា Nikkei Asia និង RFI កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានរិះគន់ថា ស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មានការដើរថយក្រោយខ្លាំង។
ជុំវិញបទចោទនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោស និងបង្គាប់ឱ្យលោក ទាវ វណ្ណុល បង់ប្រាក់ចំនួន ១,៥ លានដុល្លារ៕









