លោក ហ៊ុន ម៉ាណែត បានទំលាយឱ្យដឹងថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលរបស់លោកគ្មានលទ្ធភាពចាំបាច់ទិញអាវុធ ដើម្បីធ្វើសង្រ្គាមដណ្តើមទឹកដីពីការឈ្លានពានរបស់ថៃនោះទេ តែត្រូវបន្តពង្រឹងសមរភូមិការទូត ដែលលោកគិតថា ដើម្បីបន្ថយហានិភ័យពលរដ្ឋ។
លោកថា៖ «អ្នកអង្គុយស្រែក គាត់ស្រែកហើយ ប៉ុន្តែអ្នកដោះស្រាយ តើយើងយកម៉ោងនេះ ទៅយកលុយទិញគ្រាប់វៃគ្នា មិនដឹងពេលណាចប់ ហើយឆេះកាន់តែថែម មួយថ្ងៃៗស្លាប់កាន់តែថែម របួសកាន់តែថែមទៀត ឬមួយក៏យើងទុកសិន ផ្អាកអាការវៃគ្នាសិន មកវៃគ្នាទៅតាមយន្តការច្បាប់ យន្តការការទូតដែលយើងមាន ដើម្បីព្យាយាមដោះស្រាយបញ្ហា ហើយយកលុយ យកពេលវេលាដែលយើងមាននេះ ដើម្បីស្តារសេដ្ឋកិច្ចជីវភាពសម្រាប់អ្នកដែលនៅ ប៉ះពាល់ ដូចជានៅភូមិរងចាំ នៅបន្ទាយមានជ័យ។ នៅព្រះវិហារ នៅឧត្តរមានជ័យ ក៏មានគ្រួសាររាប់រយរាប់ពាន់គ្រួសារ»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធ «មន្ទីរពេទ្យ ហ្លួងម៉ែ» ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានសម្តែងការយល់ឃើញថា សាររបស់លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាសារលួងចិត្ត ដើម្បីកាត់បន្ថយភាពឈឺចាប់របស់ប្រជាពលរដ្ឋ ចំពោះការដែលរដ្ឋាភិបាលធ្វើឱ្យបាត់ទឹកដីទៅប្រទេសថៃតែប៉ុណ្ណោះ។
លោកបានសង្កត់ធ្ងន់ថា កិច្ចការពារបូរណភាពទឹកដី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវដ៏ធំបំផុតរបស់រដ្ឋាភិបាល ដោយមិនត្រូវពឹងផ្អែកតែលើការចរចាលើក្រដាសនោះទេ ប៉ុន្តែត្រូវតែមានវិធានការការពារ និងទប់ស្កាត់ការឈ្លានពានឱ្យមានប្រសិទ្ធភាពនៅលើដីជាក់ស្តែង។
លោកថា៖ «ហាមប្រាមមិនឱ្យថៃអូសបន្លាលួសចូលដីខ្មែរថែមទៀត មិនឱ្យជីកប្រឡាយ មិនឱ្យធ្វើសំណង់រឹង អាហ្នឹងជាការហាម ហើយកាលណាហាមមិនស្តាប់ ដាក់ឱសានវាទថានឹងមានវិធានការជាក់ស្តែង ចឹងណា! ហើយបើសិនជាមានការផ្ទុះអាវុធ អាហ្នឹងធ្វើម៉េច ព្រោះជារឿងការពារជាតិ នៅពេលដែលមានភាគីមួយទៀតឈ្លានពាន យើងត្រូវតែការពារជាតិយើង អានេះជាការទទួលខុសត្រូវជាក់ស្តែង»។
ថៃបានប្រើកម្លាំងទ័ពឈ្លានពានទឹកដីកម្ពុជា ចំនួនពីរលើក អំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ហើយរហូតបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកតាមដានថា ថៃបានបន្តរុលចូលដណ្តើមគ្រប់គ្រងដីខ្មែរ តាមខេត្តជាប់ព្រំដែនជាបន្តបន្ទាប់ជាង១ឆ្នាំមកនេះ រហូតកើនឡើងដល់៧៦ទីតាំង ទាំងគ្មានការរារាំងពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទេ ដោយគ្រាន់ចេញលិខិតតវ៉ា ជិត១ពាន់លើករួចមកហើយ ទោះថៃបានរំលោភបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក្តី។
បញ្ហាព្រំដែន គឺជាអាវុធនយោបាយដ៏មានឥទ្ធិពលរបស់បក្សប្រឆាំង ដែលអ្នកឃ្លាំមើលខ្លះថា រដ្ឋាភិបាលត្រូវបង្ហាញតម្លាភាព ដើម្បីកុំឱ្យបក្សប្រឆាំងអាចទាញយកចំណេញនយោបាយបាន។
យ៉ាងណា មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









