នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានព្រមានពីវិធានការក្ដៅជាថ្មីទៀត លើមន្រ្តីនៅក្នុងយុទ្ធនាការកម្ចាត់ការឆបោកអនឡាញនៅកម្ពុជា ក្រោមហេតុផលថា ដើម្បីស្ដារមុខមាត់កម្ពុជាពីការចោទប្រកាន់ពាក់ព័ន្ធឧក្រិដ្ឋអនឡាញ។
នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដោយថាអាចប្រឈមដកហូតតួនាទី ទៅលើមន្រ្តីអនុវត្តច្បាប់ទាំងឡាយណាដែលមិនបង្ហាញឆន្ទៈពិតប្រាកដ ក្នុងការបំពេញតួនាទីរបស់ខ្លួនបម្រើពលរដ្ឋ ឱ្យមានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទឧក្រិដ្ឋឆបោកអនឡាញ ដើម្បីស្ដារមុខមាត់កម្ពុជា និងបង្កើនទំនុកពីប្រជាពលរដ្ឋ។
លោកថា៖ «ធ្វើរដ្ឋមន្ត្រី ធ្វើចៅហ្វាយខេត្ត ធ្វើចៅហ្វាយស្រុក ធ្វើមេឃុំ អាជ្ញាធរ មេប៉ូលីស មេប៉េអឹម មេអី មិនហ៊ានអនុវត្តច្បាប់ ដោយសារខ្លាចប៉ះអារម្មណ៍គេ ឈប់ធ្វើទៅ! អត់ខ្លាចអារម្មណ៍ប្រជាពលរដ្ឋ ១៧លាននាក់ទេអី? យកសម្ងំសុខតែខ្លួនឯង? ចឹងបានកន្លែងខ្លះយើងត្រូវការកែសម្រួលក្បាលម៉ាស៊ីនមួយខេត្ត។ យើងត្រូវកែសម្រួល! ដាក់អ្នកថ្មីទៅទទួលខុសត្រូវ បើធ្វើមិនបានចេញទៀត! ថ្ងៃមុនត្រូវកែចៅហ្វាយស្រុកមួយ[…] ត្រូវតែធ្វើ បើមានអភិក្រមវះកាត់គឺធ្វើហើយ! ការយោគយល់កម្រិតណាផ្សេងៗ[…] វាមានបន្ទាត់ក្រហម! អារឿង Scam នេះ បន្ទាត់ក្រហម! អារឿងផ្សេងៗទៀត យើងមើលតាមទំហំបញ្ហា កន្លែងខ្លះយើងធ្វើការវះកាត់ កន្លែងខ្លះយើងធ្វើការអប់រំណែនាំ»។
សម្រាប់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៦ ខែកញ្ញានេះថា ចំពោះការចាត់វិធាននេះ នឹងមិនមានប្រសិទ្ធភាពទេ ប្រសិនបើមិនអាចលុបបំបាត់អំពើពុករលួយបាន។ ម្យ៉ាងលោកសង្កេតឃើញថា ទម្រង់នៃការកែទម្រង់ចាត់វិធានការ គឺស្ថិតក្នុងរបៀប ដឹកនាំបែបដដែលៗតាំងពីអាណត្តិមុនមក។
ហេតុដូច្នេះហើយ លោកយល់ថា វិធាននេះអាចមានប្រសិទ្ធភាពបាន គឺវាទាមទារឱ្យមន្ត្រីដែលអនុវត្តច្បាប់ផ្ទាល់ ត្រូវបង្ហាញភាពស្មោះត្រង់ គោរពតួនាទីក្នុងការបម្រើពលរដ្ឋ មិនមានអំពើពុករលួយ បក្ខពួកនិយម មិនល្មោភអំណាច ហើយអ្វីដែលសំខាន់បំផុតគឺត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ។
លោកថា៖ «ទាំងអស់នេះ ខ្ញុំគិតថា វាមិនមានប្រសិទ្ធភាពទេ បើសិនជាក្នុងករណីមេដឹកនាំ ក៏ដូចជាអ្នកដែលដឹកនាំអនុវត្តច្បាប់ផ្សេងៗហ្នឹង មិនមានវិធានការពិតប្រាកដ ជាពិសេសគឺការដែលភាពជាគំរូ ចឹងភាពជាគំរូ គឺផ្តើមចេញពីមេដឹកនាំធំៗ មេដឹកនាំដែលមានឥទ្ធិពល។ អ្វីដែលខ្ញុំកត់សម្គាល់ជាសំខាន់ហ្នឹង គឺវាពាក់ព័ន្ធទៅនឹងគេហៅថា ការដាក់វិន័យ ការដាក់ទណ្ឌកម្មទៅលើមន្ត្រីដែលប្រព្រឹត្តខុស មន្ត្រីដែលមិនគោរពបទបញ្ជាហ្នឹង គឺនៅមានកម្រិត នៅមានកម្រិត។ ខ្ញុំចង់បង្ហាញពីចំណុចខ្លះៗដែលកន្លងមកហ្នឹង ធ្លាប់បានអនុវត្ត ជាពិសេសគឺមន្ត្រីដែលមានកំហុសទៅលើតួនាទី រំលោភអំណាច រំលោភលើតួនាទីរបស់ខ្លួនហ្នឹង គឺវាពាក់ព័ន្ធទៅនឹងការដកកន្លែងចាស់ដាក់កន្លែងថ្មី វាហាក់បីដូចជា គ្រាន់តែផ្លាស់ទីតាំង»។
យ៉ាងណា តាមការសិក្សានានា បង្ហាញថា កម្ពុជាកំពុងប្រឈមនឹងសញ្ញាអាសន្នពីអំពើពុករលួយ ដោយអង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ នៅដើមឆ្នាំ២០២៦នេះ បង្ហាញថា កម្ពុជាទទួលបានត្រឹម ២០ពិន្ទុ ក្នុងចំណោម១០០ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេលមួយទសវត្សរ៍។ តួលេខនេះ បង្កើនការព្រួយបារម្ភថា អំពើពុករលួយអាចលែងជាបញ្ហាបុគ្គលទៀតហើយ ប៉ុន្តែវាបានក្លាយជាជំងឺចាក់ឫសយ៉ាងជ្រៅតាមរយៈបណ្តាញបក្ខពួកនិយម។
ចំណែក របាយការណ៍វាយតម្លៃស្ថានភាពច្បាប់របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ប្រចាំឆ្នាំ២០២៥ និងឆ្នាំ២០២៦ កម្ពុជាក៏ត្រូវបានចាត់ថ្នាក់ស្ថិតក្នុងចំណោមប្រទេសដែលមានសន្ទស្សន៍នីតិរដ្ឋទាបបំផុតនៅលើពិភពលោក។
យ៉ាងណាមិញ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក នី សុខា គាំទ្រចំពោះចំណាត់ការនេះ ប៉ុន្តែលោកចង់ឃើញរដ្ឋាភិបាលអនុវត្តវិធាននេះដោយតម្លាភាព ដោយចាត់វិធានការលើមន្រ្តីគ្រប់ជាន់ថ្នាក់ដែលប្រព្រឹត្តខុស ដោយមិនមានការលើកលែង ទើបវិធាននេះអាចមានប្រសិទ្ធភាព ទើបអាចបង្កើនទំនុកចិត្តពីពលរដ្ឋ និងស្ដារមុខមាត់កម្ពុជាឱ្យកាន់តែល្អប្រសើរ។
លោកថា៖ «កន្លងមក រដ្ឋាភិបាលមានយន្តការក្នុងការមានចំណាត់ការអីជាហូរហែ ប៉ុន្តែប្រសិទ្ធភាពនោះ យើងក៏មិនទាន់ឃើញមានឱ្យវាមានប្រសិទ្ធភាព និងឱ្យវាបានខ្លាំងក្លាណាស់ដែរ។ ប៉ុន្តែយើងរង់ចាំមើល ណា! ប៉ុន្តែបើដើម្បីធ្វើឱ្យរឿងហ្នឹងបានជោគជ័យ វាទាល់តែរដ្ឋាភិបាលលោកមានជំហរច្បាស់លាស់ ក្នុងការចាត់ការ ពីព្រោះថា ប្រសិនបើនៅមានការយោគយល់ មានការឱបក្រសោប គេហៅថា «អញជួយឯង ឯងជួយអញ» អាហ្នឹងគឺធ្វើមិនបានទេ ពីព្រោះថា រឿងការដាក់ទោសទណ្ឌទៅលើមន្ត្រីនេះ គឺថា មិនមែនជារឿងធម្មតាទេ! ប្រសិនបើមន្ត្រីនោះមានបុណ្យស័ក្តិធំដុំទៅទៀត គឺថា រឹតតែមានការលំបាកទៅទៀត! អញ្ចឹង វាត្រូវការការតាំងចិត្តខ្ពស់ណាស់របស់រដ្ឋាភិបាល ក្នុងការចាត់វិធានការក្នុងរឿងនេះ បាទ»។
បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា ក្នុងនាមសង្គមស៊ីវិល លោកចង់ឃើញការអនុវត្តច្បាប់នៅកម្ពុជា មិនមានស្ដង់ដាពីរ ដោយមិនមានទម្រង់និទណ្ឌភាព ហើយការអនុវត្តច្បាប់ទៀតសោធ ត្រូវមានភាពស្មើគ្នា និងនៅក្រោមច្បាប់។
រដ្ឋាភិបាលកម្ពុជា ធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកឃ្លាំមើល និងមហាជនជាតិ-អន្តរជាតិ ជុំវិញការខ្វះតម្លាភាព ការបិទបាំងព័ត៌មាន និងការអនុវត្តច្បាប់មិនទាន់មានប្រសិទ្ធភាពក្នុងការបង្ក្រាបបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធអនឡាញ។ ទោះបីជាមានការប្រកាសពីវិធានការក្តៅជាបន្តបន្ទាប់ក៏ដោយ ក៏យុទ្ធនាការបង្ក្រាបទាំងនោះ នៅតែរងមន្ទិលសង្ស័យ។
ក្រុមអាជ្ញាធររងការចោទប្រកាន់ថា ព្យាយាមបិទបាំងព័ត៌មានលម្អិត អំពីការបង្ក្រាបទីតាំងសម្បុកឧក្រិដ្ឋជនឆបោកតាមអនឡាញ និងមិនបង្ហាញអត្តសញ្ញាណជនសង្ស័យ ឬអ្នកនៅពីក្រោយខ្នងឱ្យបានច្បាស់លាស់ ដែលធ្វើឱ្យមហាជនអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ ខណៈមេខ្លោងមួយចំនួន ដែលអន្តរជាតិចង្អុលបង្ហាញមិនទាន់ត្រូវបានចាប់ខ្លួន ដូចជា លោក ហ៊ុន តូ លោក កុក អាន លោក លី យ៉ុងផាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបជាង ២០រូប៕









