គ្រោះ​ថ្នាក់​នៃ​ភាព​ស្ងប់​ស្ងាត់​និង​អនាគត​យុវជន​ក្នុង​លំហ​នយោបាយ​រឹត​ត្បិត

ក្រោយ​ឆ្នាំ​២០១៧ ការ​រួម​តូច​ជា​បន្ត​បន្ទាប់​នៃ​លំហ​នយោ​បាយ និង​ការ​ប្រកួត​ប្រជែង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា បាន​បង្កើត​នូវ​បរិយា​កាស «ស្ងប់​ស្ងាត់» មួយ ដែល​មើល​ទៅ​ហា​ក់​ដូច​ជា​មាន​ស្ថិរ​ភាព ប៉ុន្តែ​ធាតុ​ពិត​វា​បាន​ស្រូប​ទាញ​សង្គម​ជាតិ​ ជាពិសេស​ស្រទាប់​យុវ​ជន ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វិប​ត្តិ​ជម្រៅ​ពីរ។

វិបត្តិ​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច និង​ភាព​ស្ងប់​ស្ងាត់​របស់​យុវជន ក្នុង​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​វិស័យ​នយោ​បាយ ដើម្បី​ជំរុញ​តម្លា​ភាព​សង្គម សេដ្ឋ​កិច្ច និង​នីតិ​រដ្ឋ។

អ្នក​ជំនាញ​បង្ហាញ​ការ​យល់​ឃើញ​ថា បើ​កាល​ណា​ពលរដ្ឋ ឬ​យុវជន​យល់​ឃើញ​ថា​នយោ​បាយ គឺ​ជា «រឿង​របស់​ក្បាល​ម៉ាស៊ីន​ដឹក​នាំ» ហើយ​មិន​ពាក់​ព័ន្ធ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ គឺ​ជា​ការ​ភាន់​ច្រឡំ​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​យុវជន។

តែតាម​ការ​ពិត នយោបាយ​គឺ​ជា​អ្នក​កំណត់​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ទិដ្ឋ​ភាព​ជីវភាព​រស់​នៅ​របស់​ពួក​គេ សេដ្ឋ​កិច្ច អនាគត​​របស់​យុវជន រួម​ទាំង​បញ្ហា​ឆ្នាំងបាយ​របស់​ពលរដ្ឋ។

ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា លោក វណ្ណ បូណា បាន​គូស​បញ្ជាក់​ថា ភាព​ស្ងប់​ស្ងាត់ ឬ​ការ​ដែល​យុវជន​មិន​ខ្វល់​​ខ្វាយ​​​ទៅ​នឹង​ការ​រួម​តូច​នៃ​លំហ​នយោ​បាយ​មិន​មែន​ជាជម្រើស​ល្អ​សម្រាប់​អនាគត​​យុវជន​ទេ។

ប៉ុន្តែអនាគតរបស់យុវជន និងជោគវាសនារបស់ប្រទេសកម្ពុជា មិន​អាច​រង់​ចាំ «ការ​ប្រទាន​ឱ្យ» ពី​អ្នក​នយោ​បាយ​នោះ​ឡើយ។ វា​នឹង​អាច​ប្រែ​ប្រួល​ទៅ​រក​ទិស​ដៅ​ល្អប្រ​សើរ និង​មាន​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​បាន​ លុះ​ត្រាតែ​យុវជន​ជំនាន់​នេះ ឈប់​ប្រគល់​ជោគ​វាសនា​របស់​ខ្លួន​ឱ្យ​គេ​រៀប​ចំ ហ៊ាន​រៀន​សូត្រ ហ៊ាន​សួរ​សំណួរ និ​ង​ចូល​រួម​តស៊ូ​មតិ ដោយ​សន្តិ​វិធី ដើម្បី​ការ​ពារ​អនាគត​របស់​ខ្លួន​ឯង និង​សង្គម​ជាតិ​ទាំង​មូល។

លោក​គូសបញ្ជាក់ថា នយោបាយវាពាក់ព័ន្ធទៅនឹងរឿងប្រចាំថ្ងៃរបស់​យុវជន។ ទាំង​ការ​មាន​ការ​ងារ​ធ្វើ មិន​មាន​ការ​ងារ​ធ្វើ ក៏​ដូច​ជា​រឿង​ប្រាក់​ខែ​ទាប ប្រាក់​ខែ​មិន​សមរម្យ រឿង​អំពើ​ពុក​រលួយ​ដែល​នាំ​ឱ្យ​បាត់​បង់​​ឱកាស​របស់​គាត់ ក៏​ដូច​ជា​ទៅ​រឿង​បញ្ហា​ទំនិញ​ឡើង​ថ្លៃ ទាំង​អី​ទាំង​អស់ គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​​អ្នក​នយោ​បាយ។

ក្នុងន័យនេះ លោក ប៊ុនណា ពន្យល់ថា នយោបាយ​វាពា​ក់​ព័ន្ធ​នឹង​ជីវិត​ប្រចាំ​ថ្ងៃរ​បស់​យុវជន​ ព្រោះ​ការ​សម្រេច​ចិត្ត​នយោ​បាយ​វា​តិច​ឬ​ច្រើន វា​ប៉ះ​ពាល់​ទៅ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យុវជន។ ទាំង​តម្លៃ​ទំនិញ​ ​ឱកាស​ការងារ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សមត្ថ​ភាព​របស់​ខ្លួន។

លោក​ថា៖ «ប្រសិន​​​បើ​​យុវជ​ន​គា​​ត់​​នៅ​​ឆ្ងាយ​ពី​នយោបាយ​ពេក ពួក​គាត់​អាច​នឹង​ទុក​ឱកាស​ឱ្យ​អ្នក​ន​យោ​បា​យ​​សម្រេច​​ទៅ​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ ក៏​ដូច​ជា​ជោគ​វាសនា​របស់​ពួក​គាត់​ទាំង​ស្រុង។ ដូច្នេះ​ហើយ ​កាល​ណា​ដែ​ល​​អ្នក​នយោ​បាយ​សម្រេច​ជោគ​វាសនា​ទៅ​លើ​ប្រទេស​ជាតិ​ទាំង​ស្រុង ក៏​​ដូ​ច​ជា​ជោ​គ​វាស​នា​របស់​ពួកគា​ត់​ផង​ដែរ វា​​ធ្វើ​​ឱ្យ​ផល​ប្រយោជន៍​ហ្នឹង គឺ​បាន​ភាគ​ច្រើន​ទៅ​លើ​អ្នក​នយោ​បាយ»។

ត្រង់​ចំនុច​នេះ លោក​លើក​ឧទាហរណ៍ជាក់​ស្តែង​ថា ដូច​ករណី​អន​ឡាញ​ស្គែម ដែល​​ត្រូវ​​បា​ន​​គេ​រក​​ឃើញ​ ក្នុង​​ប្រទេស​​កម្ពុជា ដែល​​​វា​​បង្ក​​ជា​​​ផល​​លំបាក​​ទៅ​​ដល់​​យុវជន ដែល​​ជា​​អ្នក​​ជំនាន់​​ក្រោយ។ ទាំង​​អស់​​នេះ​លោក​​គិត​​ថា ពេល​​ណា​ដែ​ល​​យុវជន​​នៅ​​ឆ្ងាយ​​ពី​​ការ​​ងារ​​នយោ​​បាយ។

លោក​​រំឭក​ថា បើ​សិន​ជាយុ​វជន​មិន​ព្យាយាម​ខ្វល់​ខ្វាយ ចូល​​រួម​​នៅ​​ក្នុង​​កិច្ច​​ការ​​ងារ​​សង្គម កិច្ច​​ការ​​ងារ​​ដែល​​ពាក់​​ព័ន្ធ​​ទៅ​​នឹង​​កិច្ច​​ការ​​ប្រទេស​​ជាតិ​​អី​​ទាំង​​អស់​​គ្នា វា​​ធ្វើ​​ឱ្យ​​ប្រទេស​​នឹង​​ដឹក​​នាំ​​ដោយ​​អ្នក​​ដែល​​មាន​​អំណាច​​ មិន​​ឆ្លើយ​​តប​​ទៅ​​​នឹង​​ការ​​ចង់​​បាន​​របស់​​យុវជន​​ទេ។

សម្រាប់ លោក វណ្ណបូណា ឆ្លង​តាមរយៈនយោបាយរបស់ប្រទេសកម្ពុជា គឺជានយោបាយបែបទឹក​ឡើង​ត្រី​ស៊ី​​ស្រមោច ទឹក​​ហោច​ស្រមោច​ស៊ីត្រី ដែល​ជា​នយោ​បាយ ចាញ់​ឈ្នះ​និយម មិន​​មែន​ជាន​យោបាយ​បែប​ឈ្នះៗ​​និយម ដែល​វា​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ងាយ​រអិល​ទៅ​រក​សោក​នាដ​កម្ម ដូច​សម័យ​ប៉ុល​ពត​ជា​ដើម​ ដែល​ការណ៍​នេះ លោក​គិត​ថា បើ​យុវជន​មិន​ចាប់​អារម្មណ៍​រឿង​នយោ​បាយ ផល​វិបាក​វា​អាច​នឹង​ធ្លាក់​លើ​ប្រទេស​ជាតិ ពលរដ្ឋ និង​យុវជន​ផង​ដែរ។

លោកថា៖ «បើ​យុវជន ពួក​គាត់​ចាប់​អារម្មណ៍ ឬ​គាត់​មិន​ចាប់​អារម្មណ៍ គាត់​នឹង​រ​ង​គ្រោះ ដោយ​សារ​ការ​សម្រេច​ចិត្ត​របស់​គេអ្ន​ក​នយោបាយ​ផង​ដែរ។ អាហ្នឹង​បើ​សិន​ជា​អ្នក​នយោ​បាយ គាត់​កាច់​ចង្កូត​នាវា​កម្ពុជា​មិន​ត្រឹម​ត្រូវ វា​អាច​នាំ​ឱ្យធ្លា​ក់​នៅ​ក្នុង​អំពើ​ពុក​រលួយ​ហែក​ហួរ ឧក្រិដ្ឋ​កម្ម ក៏​ដូច​ជា​សង្គ្រាម។ អាហ្នឹង​​សុទ្ធ​​តែ​​ជា​​ផល​វិបាក​នៃកា​រ​មិន​ខ្វល់​ខ្វាយ មិន​ព្យាយា​មទាម​ទារ ក៏​ដូច​ជា​តស៊ូ​មតិ​ឱ្យ​មាន​ការ​ដាក់​ចេញ​នូវ​គោល​ន​យោ​បាយ ក៏​ដូច​ជា​បម្រើ​ផល​ប្រយោជន៍​​ប្រជា​ពលរដ្ឋ​ទាំង​មូល ជាជាង​បម្រើ​ផល​ប្រយោជន៍​បក្ខ​ពួក ​គឺ​វា​ធ្វើ​ឱ្យ​ប៉ះ​​ពា​ល់​ដល់​អាយុ​យុវជន​ទាំង​មូល»។

ក្តីបារម្ភនេះ ហាក់ស៊ីគ្នាទៅ​នឹង​ការរកឃើញកាលពី៤ឆ្នាំមុន ដោយ​អង្គ​ការ​តម្លា​ភាព​កម្ពុជា ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ពី​ចំនួន​យុវជន​ដក​ថយ​ការ​ចង់​ដឹង​ចង់​ឮ​រឿង​នយោ​បាយ។

ការ​រក​ឃើញ​នេះ គឺ​៥ឆ្នាំ ក្រោយ​បន្ទាត់​នយោបាយរបស់គណបក្សកាន់អំណាច ដែល​គេដឹ​ង​ថា បាន​រអិល​ចេញ​ពីគ​ន្ល​ងប្រ​ជា​ធិប​តេយ្យ ចាប់​ពី​ចុង​ឆ្នាំ​២០១៧ ដែល​បាន​រំលាយ​បក្ស​ប្រឆាំង និង​ធ្វើ​យុទ្ធ​នា​ការ​កម្ចាត់​សំឡេង​រិះគ​ន់ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម ត្រួត​​ត្រា​​ប្រព័ន្ធ​យុត្តិ​ធម៌ និង​ការ​បោះ​ឆ្នោត ខ្វះ​សុច្ចរិត​ភាព​រហូត​បច្ចុប្បន្ន។

យោង​​តាមរបាយការណ៍ចេញផ្សាយអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ របស់​អង្គកា​រ​តម្លាភា​ព​កម្ពុជា នា​ពេល​នោះ​ បា​ន​​រក​ឃើញ​ថា យុវជន​កម្ពុជា​ជាង ៨០​ភាគ​រយ មិន​តាម​ដាន ឬ​មិន​ចាប់​អារម្មណ៍​រឿង​នយោ​បាយ​នោះ​ទេ។

មូល​ហេតុ​ចម្បង គឺ​ដោយ​សារ​តែ​ពួក​គេមា​ន​ការ​ព្រួយ​បារម្ភ និង​ខ្លាច​ញញើត​ចំពោះ​បញ្ហា​សុវត្ថិ​ភា​ព​ផ្ទាល់​ខ្លួន​ ។ យ៉ាង​ណា របាយការណ៍ក៏បា​ន​បង្ហាញ​ដែរ​ថា ការ​មិន​ចាប់​អារម្មណ៍ ឬ​ការ​ដក​ខ្លួន​ចេញ​ពី​ឆាក​នយោ​បាយ​របស់​យុវជន​នេះ ធ្វើ​ឱ្យ​សំឡេង​ និង​តម្រូវ​ការ​របស់​ពួក​គេ មិន​ត្រូវ​បាន​តំណាង​ពេញ​លេញ​នៅ​ក្នុង​ដំណើរ​ការ​ធ្វើសេ​ចក្តី​សម្រេច​ចិត្ត​សំខាន់ៗ​​របស់​ជាតិ​ឡើយ។

សម្រាប់​អ្នក​តាម​ភូមិ​សាស្ត្រ​នយោបាយ​នៅតំ​បន់​អាស៊ី​និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី គូស​បញ្ជាក់​ថា​ ភាព​ស្ងប់​ស្ងាត់ និង​ភាព​ព្រងើយ​កន្តើយ​របស់​យុវជន គឺ​ជា​សញ្ញាដ៏​គ្រោះថ្នា​ក់​បំផុត ដែ​ល​បើក​ដៃ​ឱ្យ​អំណាច​រដ្ឋ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ហើយ​ធ្វើ​ឱ្យគ​ម្លាត​នៃ​ភាព​អយុត្តិ​ធម៌​កាន់​តែ​ជ្រៅ​ទៅៗ។

អនាគតរបស់យុវជន និងប្រទេសជាតិ មិនអាចរង់ចាំ «ការប្រទានឱ្យ» ឬពាក្យសន្យារបស់​អ្នក​នយោ​បាយនោះ​​ឡើយ។ វា​នឹង​ប្រែប្រួ​ល​ទៅ​រក​ទិស​ដៅ​វិជ្ជ​មាន​បាន លុះត្រា​តែ​យុ​វជន​សម័យ​ថ្មី​ប្រែ​ក្លាយ​ខ្លួន​ពី «អ្នក​មើល​ការ​ខុស​ត្រូវ​ពី​ចម្ងាយ» មក​ជា «ពលរដ្ឋ​សកម្ម» ដែល​មាន​ចំណេះ​ដឹង ហ៊ាន​សួរ និង​ចូល​រួម​ការ​ពារ​ផល​ប្រយោជន៍​រួម​ដោយ​សន្តិ​វិធី និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា យុវជន​សម័យ​ថ្មី មិន​គួរ​រស់​នៅ​ដោយ​គិត​តែ​ពី​ការ​រៀន ការ​ងារ ឬ​ជីវិត​ផ្ទាល់​ខ្លួន ហើយ​មិន​ខ្វល់​ពី​សង្គម និង​នយោ​បាយ​នោះ​ទេ ព្រោះ​ការ​ងារ ប្រាក់​ខែ តម្លៃ​ទំនិញ ការ​អប់រំ សុខាភិ​បាល​ យុត្តិ​ធម៌ និង​ឱកាស​​ក្នុង​ជីវិត សុទ្ធ​តែពា​ក់​ព័ន្ធ​នឹង​របៀប​ដែល​ប្រទេស​ត្រូវ​បាន​គ្រប់​គ្រង។

បើយុវជននៅស្ងៀម និងមិនតាមដានអ្នកកាន់អំណាច ពួកគេ​អា​ចសោ​ក​ស្តាយ​នៅ​ថ្ងៃ​ក្រោយ នៅ​ពេល​ដែល​បញ្ហា​ទាំ​ង​​នោះ​​ប៉ះ​​ពាល់​​ដោយ​ផ្ទាល់​ដល់ជីវិតរបស់ខ្លួន។

លើសពីនេះ លោកសង្កត់​ធ្ងន់​ថា អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ គឺ​សង្គម​មួយ​ដែល​ឱកាស​របស់​យុវជន​មិន​ស្មើ​គ្នា។ យុវជន​ដែល​​មាន​​ខ្សែ មាន​ខ្នង អាច​មាន​ឱកាស​ល្អជា​ង ខណៈ​អ្នក​មាន​សមត្ថ​ភាព ប៉ុន្តែ​គ្មាន​បណ្តាញ​អំណាច​អាច​ត្រូវ​ទុក​នៅ​​ក្រោយ។

បើស្ថានភាពនេះ​បន្ត វា​មិនត្រឹមធ្វើឱ្យយុវជនបាត់បង់ទំនុកចិត្តលើសង្គមទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ប្រទេស​បាត់​បង់​ធន​ធាន​មនុស្ស​ដែល​មាន​សមត្ថ​ភាព។ ប្រទេស​ត្រូវ​ការ​ប្រព័ន្ធ​ដែល​មនុស្ស​អាច​រីក​ចម្រើន​ដោយ​ស​ម​ត្ថ​​ភាព មិន​មែន​​ដោយ​សារ​ស្គាល់​អ្នក​ណា ឬ​ជា​កូន​ចៅ​អ្នក​ណា​នោះ​ទេ។

សម្រាប់ លោក សេង វណ្ណលី យុវជន​គួរ​ចាប់​ផ្តើម​ពី​ការ​ស្វែង​យល់​ព័ត៌​មាន​ពីប្រ​ភព​ផ្សេងៗ ពិនិត្យ​ការ​ពិត​ ស្គា​ល់​​​ច្បាប់ និង​សិទ្ធិ​របស់​ខ្លួន ហ៊ាន​សួរ​សំណួរ និង​ចូល​រួម​កិច្ច​ការ​សង្គម​ដោយ​សន្តិ​វិធី។

ការចាប់អារម្មណ៍លើនយោបាយ មិនមានន័យថាត្រូវទៅឈ្លោះគ្នា ឬ​គាំទ្រ​គណបក្ស​ណា​មួយ​ទេ។ វា​មាន​ន័យ​ថា ពួក​គេ​ត្រូវ​ដឹង​ថា អ្នក​កាន់​អំណាច​កំពុង​សម្រេច​អ្វី​ជំនួស​ពួក​គេ និង​ថាកា​រ​សម្រេច​នោះ​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះដ​ល់​អនា​គត។

បើយុវជនមួយជំនាន់ព្រងើយកន្តើយនឹងបញ្ហាសង្គម អំណាចនឹងកាន់តែខ្វះការត្រួត​ពិនិត្យ ហើយ​ភាព​មិន​ស្មើ​គ្នា​អាច​កាន់​តែ​ជ្រៅ ដូច្នេះ​យុវជន​មិន​គួរ​គិត​តែ​ពី​អនាគត​របស់​ក្រុម​ខ្លួន ឬ​គ្រួសារ​ខ្លួន​ទេ ប៉ុន្តែ​គួរ​គិត​ដល់​អនាគ​ត​របស់​យុវជន​ទាំង​មូល ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ។

ប្រទេសដែលមានអនាគតល្អ គឺប្រទេសដែលយុវជនមិនត្រឹមមាន​ចំណេះ​ដឹង​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ការ​យល់​​ដឹ​ង​ពី​សង្គម ហ៊ាន​សួរ និង​ចូល​រួម​ការ​ពារ​ផល​ប្រយោជន៍​សាធារ​ណៈ​ដោយ​សន្តិ​វិធី​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ