វិភាគ៖ តើ​ការ​បង្ក្រាប​ស្កេម​របស់​លោក ហ៊ុន ម៉ាណែត អាច​ឈាន​ដល់​អ្នក​មាន​អំណាច និង​សាច់​ញាតិ​ដែរ​ឬ​ទេ?

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ជា​ច្រើន​លើក​ថា ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អន​ឡាញ​ ត្រូវ​ធ្វើ​ឱ្យ​ខ្លាំង និង​មិន​ត្រូវ​មាន​ការ​លើក​លែង។

នៅថ្ងៃ​ទី២​៣ ខែ​មេសា ឆ្នាំ​២០២៦ លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បន្ត​បង្ក្រាប​ដោយ​មិន​ស្ទាក់​ស្ទើរ និង​សង្កត់​​ធ្ងន់​​ថា ច្បាប់​ត្រូវ​អនុ​វត្ត​ឱ្យ​តឹង​រ៉ឹង ដោយ​គ្មាន​ការ​យោគ​យល់ ឬ​ការ​លើក​លែង។ បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា លោក​ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បន្ត​ការ​បង្ក្រាប​ដោយ​មិន​ត្រូវ​បន្ធូរ​ដៃ។

ថ្មីៗ​នេះ នៅថ្ងៃ​ទី១៦ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រាប់​រដ្ឋ​មន្ត្រី អភិបាល​ខេត្ត និង​មន្ត្រី​អនុវត្ត​ច្បាប់​ថា បើ​មិន​​ហ៊ាន​អនុវត្ត​ច្បាប់ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ផល​ប្រយោជន៍ ឬ​ក្រែង​ចិត្ត​បុគ្គល​ណា​មួយ គួរ​តែ​ដក​ខ្លួន​ចេញ​ពី​តួនាទី។ លោក​​បាន​សង្កត់​ធ្ងន់​ថា ការ​បង្ក្រាប​ការ​ឆបោក​ជា​បញ្ហា​ដែល​មិន​អាច​បន្ធូរ​ដៃ​បាន ហើយ​មន្ត្រី​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​​របស់​ប្រទេស និង​ប្រជា​ពលរដ្ឋ ១៧​លាន​នាក់​ជា​មុន។

សារទាំងនេះ​ បង្ហាញថា លោក ហ៊ុន ម៉ាណែត ចង់ឱ្យមន្ត្រីក្រោមឱវាទអនុវត្តច្បាប់ដោយ​មិន​រើស​មុខ។ ប៉ុន្តែ​សំណួរ​ដែល​​សាធារណ​ជន​ចង់​ដឹង​ថា តើ​គោល​ការណ៍​ដដែល​នេះ​នឹង​ត្រូវ​អនុ​វត្ត​ចំពោះ​សាច់​ញាតិ មន្ត្រី​ជាន់​ខ្ពស់ បុគ្គល​មាន​ឥទ្ធិ​ពល ឬ​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​មជ្ឈ​ដ្ឋាន​អំណាច​ដែរ ឬទេ?។

កន្លង​មក អាជ្ញាធរបានចុះបង្ក្រាបទីតាំងជាច្រើន និង​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន ជាពិសេស​ជនបរទេស។ ទិន្ន​ន័យ​​ដែល​ទីភ្នាក់ងារព័ត៌មានកម្ពុជាផ្សាយ​​នៅថ្ងៃទី២៦ ខែមិថុនា បញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២៦ អាជ្ញាធរបានចាត់វិធានការលើទីតាំងជាង ៥០០កន្លែង និងបិទប្រតិបត្តិការខុស​ច្បាប់​ជាង ៤០០​កន្លែង។ នេះបង្ហាញថា មានការបង្ក្រាបពិតប្រាកដ ប៉ុន្តែសំណួរនៅត្រង់ថា តើការបង្ក្រាប​អាច​ឈាន​ទៅដល់អ្នក​រៀប​ចំ អ្នកផ្តល់ហិរញ្ញប្បទាន អ្នកការពារ ឬអ្នកមានអំណាចនៅពីក្រោយបណ្តាញ​ទាំង​នេះ​បាន​កម្រិត​ណា។

សំណួរនេះកាន់តែច្បាស់ឡើង ក្រោយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលលោក ប្រាយអិន ម៉ាស្ត (Brian Mast) ប្រធាន​គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក និងលោក ចន មូលេណា (John Moolenaar) ប្រធាន​គណៈកម្មាធិការពិសេសស្តីពីចិន បានផ្ញើលិខិតស្នើឱ្យក្រសួងការបរទេស និងក្រសួងរតនាគារអាមេរិក ស៊ើប​អង្កេតបុគ្គលដែលពួកគេនិយាយថា មានព័ត៌មានគួរឱ្យជឿជាក់អំពី​ការភ្ជាប់ទៅនឹងមជ្ឈមណ្ឌលឆបោកនៅអាស៊ី​អាគ្នេយ៍។ លិខិតនេះស្នើឱ្យពិនិត្យក្នុងរយៈពេល ១៨០ថ្ងៃថា តើ​បុគ្គលទាំងនោះបំពេញលក្ខខណ្ឌច្បាប់សម្រាប់ទណ្ឌ​កម្ម ឬអត់។

ក្នុងបញ្ជីនោះ មានឈ្មោះសាច់ញាតិរបស់លោក ហ៊ុន ម៉ាណែត និងឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើន ដូចជា ហ៊ុន តូ, ឌី វិជ្ជា, ហ៊ន សុរាជនា, គួច ចំរើន, ឡុង ឌីម៉ង់, នេត សាវឿន, ស សុខា និង យឹម លក្ខ័ណ៍ ជាដើម។ ទោះបីការមានឈ្មោះ​ក្នុងលិខិតនេះ មិនមែនមានន័យថា បុគ្គលទាំងនេះត្រូវបានរកឃើញថាមានទោស ឬត្រូវបានដាក់ទណ្ឌកម្មរួច​ហើយ​ទេ ប៉ុន្តែវាគឺជាសំណើឱ្យស្ថាប័នអាមេរិកបើកការស៊ើបអង្កេត ហើយសម្រេច​តាមភស្តុតាង និងច្បាប់។

ប៉ុន្តែសម្រាប់កម្ពុជា ចំណុចដែលគួរឱ្យសង្កេតគឺ នៅពេលលោក ហ៊ុន ម៉ាណែត និយាយជាទូទៅ លោកតែងប្រាប់មន្ត្រី​ក្រោមឱវាទថា ត្រូវហ៊ានបង្ក្រាប និងមិនត្រូវក្រែងចិត្តនរណា។ ដូច្នេះ នៅពេលមានព័ត៌មានពីអាជ្ញាធរបរទេសដែល​លើកឈ្មោះសាច់ញាតិ មន្ត្រីជាន់ខ្ពស់ និងបុគ្គលមានឥទ្ធិពលជាក់លាក់ សាធារណជន​ចង់​ដឹង​ថា តើលោក ហ៊ុន ម៉ាណែត នឹងយកព័ត៌មានទាំងនេះមកពិនិត្យដោយឯករាជ្យដែរ ឬទេ។ ការបើក​ស៊ើប​អង្កេតមិនមែនជាការសន្និដ្ឋាន​ថា នរណាម្នាក់មានទោសទេ ប៉ុន្តែជាវិធីមួយដើម្បីស្វែងរកការពិត។

ការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការបង្ក្រាបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានលើកឡើងដោយ​អង្គ​ការ​លើក​លែង​ទោស​អន្តរជាតិដែរ។

ក្នុងរបាយការណ៍ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ អង្គការនេះបានកំណត់ទីតាំងឆបោកចំនួន ៨៦កន្លែង ហើយ​និយាយ​ថា ខ្លួនរកឃើញភស្តុតាងពីកាបង្រ្កាបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រឹមតែ ២៤កន្លែង​ប៉ុណ្ណោះ។ អង្គការនេះ​ ក៏​បានរិះគន់ពីការខ្វះតម្លាភាព និងបាននិយាយថា ការអន្តរាគមន៍នៅទីតាំងមួយ​ចំនួន​មិន​បាន​បញ្ចប់បញ្ហាទាំង​ស្រុង។

ម្យ៉ាងទៀត សហរដ្ឋអាមេរិក​ បានចាត់វិធានការលើបុគ្គលមានឥទ្ធិពលកម្ពុជារួចមកហើយ។ នៅថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​​២០២៦ ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើលោក កុក អាន និងបុគ្គល និងអង្គភាព​ចំនួន ២៨ផ្សេង​ទៀត ក្នុង​បណ្តាញរបស់គាត់ ដោយអាមេរិកអះអាងថា បណ្តាញនេះពាក់ព័ន្ធនឹងមជ្ឈ​មណ្ឌល​​ឆបោក និងការ​លាង​​លុយ។

ដូច្នេះ ចំណុចសំខាន់មិនមែនថា លោក ហ៊ុន ម៉ាណែត ប្រើពាក្យមិនរើសមុខប៉ុន្មានដងនោះទេ ប៉ុន្តែអ្វីដែលសំខាន់​គឺ​ការអនុវត្តជាក់ស្តែង។ បើការបង្ក្រាបខ្លាំងចំពោះអ្នកប្រតិបត្តិការតូចៗ និងជនបរទេស ប៉ុន្តែមិនមាន​ការពិនិត្យ​​ដោយ​តម្លាភាពនៅពេលមានព័ត៌មានពាក់ព័ន្ធនឹងសាច់ញាតិ និងអ្នកមានអំណាចក្នុងជួរគណបក្ស​ប្រជាជន​កម្ពុជា នោះសំណួរអំពីស្តង់ដារស្មើគ្នានៃការអនុវត្តច្បាប់នឹងនៅតែមាន។

និយាយឱ្យសាមញ្ញ គឺ កុំឱ្យពាក្យ «មិនរើសមុខ» មានតែនៅក្នុងសុន្ទរកថា។ បើព័ត៌មានដែលលើកឡើងពីមន្ត្រី សាច់​ញាតិ ឬបុគ្គលមានឥទ្ធិពលគ្មានមូលដ្ឋាន ការស៊ើបអង្កេតប្រកបដោយតម្លាភាពអាចជួយសម្អាតឈ្មោះ​ពួក​គេ។ ផ្ទុយទៅវិញ បើរកឃើញភស្តុតាងវិញ អាជ្ញាធរត្រូវអនុវត្តច្បាប់តាមនីតិវិធី ដោយមិនគិតពីឋានៈ ទំនាក់ទំនងគ្រួសារ ឬទំនាក់ទំនងនយោបាយឡើយ។ នោះទើបអាចបង្ហាញបានថា ការបង្ក្រាប «មិន​រើស​មុខ» មានន័យដូចគ្នាចំពោះ​ទាំងអ្នកតូច និងអ្នកមានអំណាច៕

អត្ថបទដោយ៖ លោក សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ