លោកហ៊ុន ម៉ាណែត បានប្រកាសពីវិធានការក្តៅជាថ្មីទៀតថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញបានឈានដល់ចំណុចក្រហមត្រូវកម្ទេច ដោយគ្មានការលើកលែងឡើយ បើទោះបីការបង្ក្រាបកន្លងមកពុំទាន់ឃើញមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ណាម្នាក់ក្តី ខណៈតំណាងរាស្រ្តសហរដ្ឋអាមេរិក បានជំរុញជាថ្មីទៀត ឱ្យធ្វើការស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗមួយចំនួន នៅជុំវិញខ្លួននាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ(Scams) ដែលកំពុងតែអង្រួនពិភពលោកឱ្យខ្លាចរអារនេះ។
នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា លោកហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហា Online Scams បានឈានដល់ចំណុចក្រហម ត្រូវកម្ទេចមិនឱ្យងើបឡើងវិញទេ ហើយអ្នកពាក់ព័ន្ធមួយចំនួន មានចៅហ្វាយស្រុក និងស្នងការរង ត្រូវបានដូរចេញ។
លោកបញ្ជាក់ថា៖ «ពីព្រោះរឿង Scams មួយអត់ប្រណីទេ អាហ្នឹងបន្ទាត់ក្រហមហើយ! រឿងអីនិយាយគ្នាបាន តែរឿងនេះមួយ សម្រាប់រដ្ឋាភិបាលនេះ គឺបន្ទាត់ក្រហមហើយ។ រឿងសន្តិសុខភូមិឃុំមានសុវត្ថិភាព មានរឿងច្រើនណាស់ ក្មេងទំនើងរឿងអី យើងនឹងខិតខំធ្វើ តែអាកន្លែងនេះមួយ កុំលែងឱ្យសោះ ចៅហ្វាយស្រុកត្រូវដូរ ដូចមានមួយចំនួនទៀត កន្លែងខ្លះ ដូចមានស្នងការរងមានស្អីផង»។
បើតាមលោកហ៊ុន ម៉ាណែត សំណុំរឿងអនឡាញនេះ ករណីខ្លះក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវបន្ថែម និងករណីខ្លះទៀតស្ថិតក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយ គឺត្រូវដាក់កាណុងធំ BM ហើយអត់ឱ្យងើបឡើងវិញទេ ពីព្រោះបើមិនបង្ក្រាបឱ្យដល់ឫសគល់ទេ ការខិតខំបង្ក្រាបជាច្រើនខែកន្លងមក គឺជាការចំណាយកម្លាំងនិងធនធានអត់ប្រយោជន៍។ លោកលើកឡើងថា បើមិនបង្ក្រាបឱ្យអស់ទេ នោះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមុខមាត់កម្ពុជាប៉ុណ្ណោះទេ វាក៏ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។
លោកថា៖ «ចេញទៅក្រៅក៏លំបាកអីក៏លំបាក! ប្រទេសខ្មែរមួយដែលគេមើលស្មានតែសប្បាយចិត្តហ្ហែ! មានលុយមែន ជិះសុទ្ធតែប៊ីសនីសក្លាសទៅលេងក្រៅ ដល់គេសួរមកពីកម្ពុជា គេនាំគ្នាសើចរឿង Scamsយើងសប្បាយចិត្តទេ? សូម្បីអ្នករកស៊ីត្រឹមត្រូវ ក៏គាត់រអៀសចិត្តដែរ។ ឧកញ៉ាមួយចំនួន ខ្ញុំសួរ រកស៊ីមិនអីទេ តែដូចរៀងខ្មាស់ៗគេ ទៅក្រៅ! អាហ្នឹងតាំងពីដើមឆ្នាំមក ព្រោះឥឡូវគេវាយយើងច្រើនពេកគ្រប់កន្លែង។ ទៅសាំងហ្គាពួ ទៅប្រទេសខ្លះ យើងធ្លាប់ជិះតាក់ស៊ីគេថាកម្ពុជា អង្គរវត្ត ឥឡូវកម្ពុជាឮតែខេត្តព្រះសីហនុមួយ គេមិនចង់មក រឿងគេផ្សាយអីរញ៉េរញ៉ៃ»។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋមន្ត្រី ចៅហ្វាយខេត្ត អ្នកអនុវត្តច្បាប់ត្រូវលាលែងពីតំណែង ប្រសិនបើមិនហ៊ានអនុវត្តច្បាប់ បង្ក្រាបបទល្មើស ដោយសារតែក្រែងចិត្តមនុស្សមួយក្រុម ប៉ុន្តែមិនក្រែនចិត្តពលរដ្ឋខ្មែរ ១៧លាននាក់។
ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានប្រកាសគាំទ្រ និងសូមធ្វើឱ្យបានពិតប្រាកដ ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រីបាននិយាយ។ លោកបានសរសេរលើហ្វេសប៊ុកក្នុងសំណេរដើមថា «បើសម្តេចមិនហ៊ានកែ ខ្មែរនៅតែទន់ខ្សោយ ហើយចោរក្បែរផ្ទះនៅតែប្រមាថ!» និងថា «ប្រសិនបើមិនគិតពីកូតាគ្រួសារ មិនពិបាកកែទេ!»។
យ៉ាងណាក្តី លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី១៧ខែកញ្ញានេះថា គិតចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាបានសរុបចំនួន ៣៧៤ទីតាំង និងបានឃាត់ខ្លួនជនសង្ស័យជាង ៩២០០នាក់មានជាង ៣០សញ្ជាតិ ក្នុងនោះជនជាតិចិនមានចំនួនច្រើនជាងគេ។
ប៉ុន្តែ លោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ថ្លែងថា នៅពេលនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិកបានជំរុញឱ្យមានការស៊ើបអង្កេតមន្ត្រីមួយចំនួននៅជុំវិញលោកហ៊ុន ម៉ាណែត មានលោក នេត សាវឿន លោកឌី វិជ្ជា លោកហ៊ុន តូ និងអ្នកមួយចំនួនទៀត ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ដែលរហូតមកដល់ពេលនេះ មិនទាន់មានការចាប់ខ្លួននៅឡើយ។ ដូច្នេះលោកថា ការថ្លែងរបស់លោកហ៊ុន ម៉ាណែតដែលថា ការបង្ក្រាបការឆបោកតាមអនឡាញឈានចូលដល់បន្ទាត់ក្រហមត្រូវតែកម្ទេច វាគ្រាន់តែជាការនិយាយបែបប្រជាភិថុតិ បោកប្រាស់ប្រជាពលរដ្ឋ និងបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ។
លោកថា៖ «យើងឃើញថាមេScammer អ្នកដែលនៅពីក្រោយខ្នងការឆបោកអនឡាញ ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក និងស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មដែលដាក់ដោយអាមេរិកហ្នឹង មិនទាន់បានចាប់ខ្លួននៅឡើយ ជាពិសេសអ្នកដែលអាមេរិកចោទថាជាមេខ្លោងនៅពីក្រោយការឆបោកអនឡាញដូចជា ឧកញ៉ាកុក អាន ឧកញ៉ាលី យ៉ុងផាត់ ឧកញ៉ាហ៊ុន តូ ហើយអ្នកដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋសភាអាមេរិក ដូចជា លោកស សុខា លោកនេត សាវឿន អីអត់មានចាប់ខ្លួន សូម្បីតែម្នាក់ផងហ្នឹង ដូច្នេះគាត់ថាចូលដល់បន្ទាត់ក្រហមដែលត្រូវតែកម្ទេចហ្នឹង គាត់គ្រាន់តែនិយាយដោះសារដើម្បីយករួចខ្លួន បោកប្រាស់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ»។
សម្រាប់លោកអ៊ុំ សំអាន ការបង្ក្រាបអនឡាញដែលរដ្ឋាភិបាលបានធ្វើកន្លងមក គឺអាចបង្ក្រាបបានត្រឹម៣០ភាគរយ ចំណែក៧០ភាគរយទៀត បានបំបែកខ្លួនទៅតាមលំនៅឋានតូចៗ ខណៈមានមេខ្លោងតែម្នាក់ប៉ុណ្ណោះត្រូវចាប់ខ្លួន គឺឧកញ៉ា ចេន ហ្ស៊ី ចំណែកមេខ្លោងជនជាតិខ្មែរដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រជាជនកម្ពុជាមិនត្រូវបានចាប់ខ្លួននោះឡើយ។
ចំណែកលោកសេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានថ្លែងថា តាមការសង្កេត បញ្ហានេះធ្វើឱ្យពាក្យសម្តីរបស់លោក ហ៊ុន ម៉ាណែត ថា «បញ្ហាឆបោកចូលដល់បន្ទាត់ក្រហម ត្រូវកម្ទេច» ត្រូវបានសាកល្បងដោយសកម្មភាពជាក់ស្តែង។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកបាននិយាយថា មន្ត្រីណាដែលមិនហ៊ានអនុវត្តច្បាប់ ព្រោះខ្លាចប៉ះពាល់បុគ្គលណាមួយ គួរដកខ្លួនចេញពីតួនាទី។
ប៉ុន្តែអ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ លើកឡើងថា មួយថ្ងៃមុនគឺនៅថ្ងៃទី១៥ខែកញ្ញា សមាជិកសភាអាមេរិកជាន់ខ្ពស់ពីររូប បានស្នើឱ្យក្រសួងការបរទេស និងក្រសួងរតនាគារអាមេរិក ស៊ើបអង្កេតបុគ្គលជាច្រើន ដែលពួកគេថា អាចមានទំនាក់ទំនងនឹងមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍។ ក្នុងនោះក៏មានបុគ្គលពាក់ព័ន្ធកម្ពុជាមួយចំនួនផងដែរ ទោះបីអ្នកមានឈ្មោះក្នុងបញ្ជីនេះ មិនទាន់កំណត់ថាមានទោសក៏ដោយ។
សម្រាប់លោក វណ្ណលី ដូច្នេះសំណួរដែលសំខាន់ជាងគេ គឺថាតើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងហ៊ានបើកការស៊ើបអង្កេតដោយខ្លួនឯង លើបុគ្គលមានអំណាចដែលត្រូវបានលើកឈ្មោះដែរឬទេ?។ បើតាមលោក វណ្ណលី ទន្ទឹមនឹងនេះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក ក៏បានដឹកនាំកិច្ចប្រជុំស្តីពីវិធានការប្រឆាំងការឆបោក នៅថ្ងៃទី១៦ ខែកញ្ញាផងដែរ។ និយាយឱ្យសាមញ្ញ បើលោក ហ៊ុន ម៉ាណែត និយាយថា «មិនរើសមុខ» នោះត្រូវបង្ហាញឱ្យឃើញថា ច្បាប់អនុវត្តដូចគ្នាចំពោះអ្នកតូច និងអ្នកមានអំណាច។
លោកបន្តថា បើការចោទប្រកាន់គ្មានមូលដ្ឋាន ការស៊ើបអង្កេតអាចជួយសម្អាតឈ្មោះពួកគេ ប៉ុន្តែបើមានភស្តុតាង ត្រូវចាត់ការតាមច្បាប់ នោះទើបពាក្យថា «បន្ទាត់ក្រហម» មានទម្ងន់ មិនមែនមានតែនៅក្នុងសុន្ទរកថានោះទេ។ ដូច្នេះសម្រាប់អ្នកវិភាគរូបនេះ សំណួរមិនមែនថា ហេតុអ្វីមិនចាប់ខ្លួនពួកគេភ្លាមៗនោះទេ ពីព្រោះការចាប់ខ្លួនត្រូវមានភាស្តុតាងនិងធ្វើទៅតាមនីតិវិធីច្បាប់។
លោកថា៖ «សំណួរដែលសំខាន់ជាងនេះ គឺថាតើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ៊ានបើកការស៊ើបអង្កេតដោយខ្លួនឯង លើបុគ្គលមានអំណាចដែលត្រូវបានលើកឈ្មោះនៅក្នុងលិខិតថ្មីៗនេះដែរឬទេ? គិតត្រឹមថ្ងៃទី១៧ យើងមិនទាន់ឃើញមានសេចក្តីប្រកាសជាសាធារណៈ ស្តីអំពីបុគ្គលណាម្នាក់ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះនោះទេ ហើយកន្លងមកយើងដឹងហើយថា សហរដ្ឋអាមេរិកក៏ដូចជាអង់គ្លេស ក៏ដូចជាប្រទេសដទៃទៀតបានដាក់ទណ្ឌកម្មទៅលើឥស្សជននយោបាយរបស់គណបក្សប្រជាជនមួយចំនួន ហើយដែរ យើងក៏អត់ឃើញចំណាត់ការណាមួយពីរដ្ឋាភិបាលដែរ»។
សម្រាប់លោក វណ្ណលី សំណុំរឿងការឆបោកអនឡាញនេះ ចាំបាច់គួរតែមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋមានការអស់ចិត្ត ដោយសារតែរឿងនេះវាមានការប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជាប៉ះពាល់ដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ប្រាយអិន ម៉ាស្ត (Brian Mast) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក និងលោក ចន មូលេណា (John Moolenaar) ប្រធានគណៈកម្មាធិការពិសេសស្តីពីចិន បានផ្ញើលិខិតស្នើឱ្យក្រសួងការបរទេស និងក្រសួងរតនាគារអាមេរិក ស៊ើបអង្កេតបុគ្គលដែលពួកគេនិយាយថា មានព័ត៌មានគួរឱ្យជឿជាក់ អំពីការភ្ជាប់ទៅនឹងមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍។
លិខិតនេះ ស្នើឱ្យពិនិត្យក្នុងរយៈពេល ១៨០ថ្ងៃ ថាតើបុគ្គលទាំងនោះបំពេញលក្ខខណ្ឌច្បាប់សម្រាប់ទណ្ឌកម្ម ឬអត់។ ក្នុងបញ្ជីថ្មីនោះ មានឈ្មោះសាច់ញាតិរបស់លោក ហ៊ុន ម៉ាណែត និងឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើន ដូចជា លោក ហ៊ុន តូ, លោកឌី វិជ្ជា, អ្នកស្រី ជូ ប៊ុនអេង, លោកហ៊ន សុរាជនា, លោកគួច ចំរើន, លោក ឡុង ឌីម៉ង់, លោកនេត សាវឿន, លោក ស សុខា និងលោក យឹម លក្ខ័ណ៍ ជាដើម។
សូមបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក ក៏បានចង្អុលមុខមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗរបស់គណបក្សប្រជាជនកម្ពុជាជិត ៣០នាក់ផងដែរ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ មានទឹកប្រាក់ជាង១០ពាន់លានដុល្លារ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ឃើញមានមន្ត្រីណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ៕









