ប្រវត្តិ​សាស្ត្រ​នឹង​ចង​ចាំ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ខ្សាច់​ដែល​​ធ្វើ​​ឱ្យ​ជាតិ​បាត់​បង់​ចំណូល​រាប់​រយ​លាន​ដុល្លារ

ជំនួញ​ខ្សាច់​កម្ពុជា​ទៅ​បរទេស​ក្នុង​រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​មក​នេះ បើ​តាម​ការ​ស៊ើប​អង្កេត​និង​ស្រាវ​ជ្រាវ​របស់​អង្គ​ការ​ចលនា​មាតា​ធម្មជាតិ​ឱ្យដឹ​ង​ថា ខ្សាច់​ខ្មែរ​យ៉ាង​ហោច​ណាស់​ជិត ២០០​​លាន​តោន​ (១៨៩លាន​តោន) ឬ​ប្រមាណ ១២០​លាន​ម៉ែត្រ​គូប (១១៨លាន​ម៉ែត្រ​គូប) បាន​លក់​ទៅ​បរទេស ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

កន្លងមកអង្គការមួយនេះ​ ធ្លាប់បង្ហាញតែទិន្នន័យការនាំខ្សាច់ភាគច្រើនទៅប្រទេស​សិង្ហ​បុរី ក៏​ប៉ុន្តែ​ព័ត៌​មាន​ចុង​ក្រោយ​បង្ហាញ​ថា ទីផ្សារ​នាំ​ខ្សាច់​កម្ពុជា​ចេញ​ទៅ​បរទេស​ធំ​ជាង​គេ ឬ​ទីផ្សារ​លេខ​មួយ​នោះ គឺ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​វៀត​ណាម។

ក្នុងជំនួញនាំខ្សាច់ចេញទៅបរទេស​ក្នុងទំហំទឹកប្រាក់​ធំធេងនេះ អំពើពុករលួយ​ក្នុង​វិស័យ​នេះ ក៏​កាន់​តែ​មាន​ទំហំ​ធំធេង​និង​អាក្រក់​ផង​ដែរ។

ជា​ក់​ស្តែង កាល​ពី​ឆ្នាំ​២០១៦ អង្គ​ការ​មាតា​ធម្មជាតិ​បាន​បញ្ចេញ​ភស្តុតាង​ជា​ច្រើន ដោយ​រក​ឃើញ​ថា រយៈ​ពេល​៨ឆ្នាំ ពោល​គឺ​ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​មាន​ជាង​ ៧៣​លាន​តោន ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៧៥២ ៧៦១ ៩៧៨ដុល្លារ​) ប៉ុន្តែ​ទិន្នន័​យ​ពាណិជ្ជក​ម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ទទួល​បាន​របាយ​ការណ៍​ពី​រដ្ឋាភិ​បាល​កម្ពុជា​ បង្ហាញ​ថា ក្នុង​រយៈ​ពេល​ ៨ឆ្នាំ​ដូច​គ្នា​នេះ មាន​តែ​​ខ្សាច់​​ជិត​ ៣តោន​ (២ ៧៧៤ ៦១៣តោន)​ប៉ុណ្ណោះដែល​បាន​នាំ​ទៅ​ប្រទេស​ដី​កោះ​មួយ​នេះ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៥លាន​​ដុល្លារ (៥ ៥៥៧ ៣៦៩ដុល្លារ)។ ទិន្នន័យ​​ខុស​គ្នាស​ម្បើម​ពេល​នោះ បាន​បណ្តាល​ឱ្យ​កម្ពុជា​ត្រូវ​បាន​បាត់​ខ្សាច់​ប្រមាណ ៧០​លាន​តោន និង​បាត់​ថវិកា​ក្នុង​ជំនួញ​នេះ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេ​រិក។

មួយឆ្នាំក្រោយមក គឺនៅឆ្នាំ២០១៧ អង្គការមាតាធម្មជាតិ​ដដែល បាន​រក​ឃើញ​ថា ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក​​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ី​លីកា ឬ​ខ្សាច់​សជាង​១លាន​តោន ទៅ​កោះតៃ​វ៉ាន់​បាន​បាត់​បង់​ ហើយ​ករណី​នេះ​កើត​ឡើង​​ស្រដៀង​គ្នា​ទៅ​នឹង​ការ​បាត់​ខ្សាច់​និង​បាត់​ថវិកា ដោយ​សារ​ទិន្ន​ន័យ​ខុស​គ្នា​រាប់​សិប​ដង​រវាង​កម្ពុជា​និង​កោះ​តៃវ៉ាន់។

​ជាក់ស្តែងទិន្នន័យគងនិងពន្ធដារតៃវ៉ាន់ បង្ហាញថា ខ្សាច់នាំចូលពីកម្ពុជាមាន​ចំនួន ១លាន៥សែន​តោន​ និង​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ ប៉ុន្តែ​ទិន្ន​ន័យ​គយ​និង​ពន្ធ​ដារ​កម្ពុជា បង្ហាញ​ថា បាន​នាំ​ខ្សាច់​ទៅ​កាន់​ដែន​កោះ​នេះ​​​ជាង ៣ម៉ឺន​តោន និង​គិត​ជា​ទឹក​ប្រាក់​​ជាង​ ​​២៧​​​ម៉ឺន​​ដុល្លារ​ប៉ុណ្ណោះ។

បន្ថែមពីនេះ នៅឆ្នាំ២០១៧ អង្គការដ​ដែល​បញ្ជាក់ថា ​​​ប្រទេស​​ឥណ្ឌា​​​ក៏​បាន​នាំខ្សា​ច់​ពី​កម្ពុជា​​ជិត ១១​ម៉ឺនតោន​(​១០៨ ៦៥៨តោន) ដែល​មាន​​តម្លៃ​​ជិត ៣លាន​ដុល្លារ​​សហរដ្ឋ​អាមេ​រិក ចាប់​តាំង​ពី​​​ឆ្នាំ​​២០១៣ ​ដល់​​ឆ្នាំ​២០១៥ តែ​​​​គយ​និង​​ពន្ធដា​​​កម្ពុជា​​មិន​ដែល​បង្ហាញ​ពីទិ​ន្ន​ន័យ​ទាំង​នេះ​សោះ​ឡើយ។ ​

បើគិតជាសរុបទៅ ក្នុងរយៈពេលប្រមាណ១០ឆ្នាំ​នៃរដ្ឋាភិបាលអាណត្តិទី៤ និងទី៥ ក្រោមការដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា​ ក្នុងសម័យកាលតេជោនោះ ទិន្នន័យខ្សាច់ប្រមាណ ១រយលានតោន ត្រូវបាត់​​បង់ និង​បាត់​បង់ថវិកា​ជិត ១០០០លាន​ដុល្លារ ដែលជាទម្រង់អំពើពុករលួយយ៉ាងធំនាសម័យកាលនោះ។

ទាក់ទងករណីនេះ សកម្មជនអង្គការមាតាធម្មជាតិ កញ្ញា លីសា បានឱ្យដឹងថា ករណីអំពើពុករលួយក្នុងជំនួញ​ខ្សាច់​នៅកម្ពុជានេះ នឹងក្លាយ​ប្រវត្តិសាស្ត្ររបស់ជាតិមួយ​ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ។ កញ្ញា មើល​ឃើញទៀត​ថា មកទល់ពេលនេះ គ្មានឡើយការស៊ើបអង្កេតណាមួយលើរឿងនេះ ដ្បិតថវិកាទាំង​នោះ​បានហូរចូលទៅក្នុង​ហោ​ប៉ៅរបស់មន្ត្រីអាក្រក់ទាំងនោះពីមួយជំនាន់ទៅមួយជំនាន់។

កញ្ញា លីសា លើកឡើងថា៖ «យើងមើលឃើញថាអំពើពុករលួយនៅក្នុងវិស័យខ្សាច់នៅកម្ពុជា វាជាប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ឱ្យយើងឃើញថា យើងជាពលរដ្ឋខ្មែរមិនអាចបំភ្លេចចោលលុយដែលបាត់បង់ទៅជាង៧០០លា​នដុល្លារ​(លុយ​ខ្សាច់នាំទៅសិង្ហបុរី)​​​បានទេ យើងមិនអាចបំភ្លេចបានទេ។ វាមិនត្រឹមតែលុយដែល​បាត់​​បង់ទៅបានទេ ផ្ទះសម្បែងប្រជាពលរដ្ឋ ជីវភាពប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយសារលុយដែល​បាត់បង់​ទៅ ខ្សាច់ ដី របស់ប្រជាពលរដ្ឋ របស់​ជាតិ ក៏ត្រូវបានបាត់បង់។ តែសួរថាមកទល់ពេលនេះ មាន​ការបើកស៊ើបអង្កេតដើម្បីទាញឱ្យលុយជាង ៧០០​លាន​ដុល្លារ​ហ្នឹង ត្រឡប់មកវិញទេ ខាងភ្នាក់ងារប្រឆាំង​អំពើពុករលួយធ្វើការទេ? គឺអត់ហ៊ានធ្វើការទេ ដោយ​សារ​តែ​លុយ​ហ្នឹង​ជា​លុយ​ក្នុង​ហោប៉ៅរបស់មន្ត្រីពុករលួយពីមួយជំនាន់ទៅមួយជំនាន់ហ្នឹង»។

សកម្មជនបរិស្ថានរូបនេះ មើលឃើញថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​បន្ត​តំណែង​នេះ​មកកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត នឹងមិនអាចបញ្ឈប់ការបូមខ្សាច់ ឬបញ្ឈប់​អាជីវកម្មខ្សាច់នៅកម្ពុជាបានឡើយ ព្រោះជាវិស័យសំខាន់មួយដែលបានរកលុយជួយចិញ្ចឹម​​រដ្ឋាភិបាលក្នុងសម័យកាលនេះយ៉ាងច្រើន។ ជាមួយគ្នានេះ អំពើពុករលួយជុំវិញសំណុំរឿងខ្សាច់នេះ អង្គភាពប្រឆាំងអំពើពុករលួយ​ឬ​ស្ថាប័ន​ពាក់ព័ន្ធនឹងមិនហ៊ានស៊ើបអង្កេតជារឿងរហូត។

កញ្ញា លីសា បន្ថែមថា៖ «យើងមើលឃើញថា ចំណាត់ការអំពើពុករលួយក្នុងវិស័យខ្សាច់ហ្នឹង វានឹងមិនមានទេ ដរាប​ណា ព្រោះ​អំពើពុករលួយនេះជាអំពើឧក្រិដ្ឋកម្ម​ដែលកើតឡើងទៅលើធនធានធម្មជាតិ គឺធន​ធាន​ខ្សាច់​ដែលប្រព្រឹត្ត​ដោយ​អង្គការរដ្ឋ និងឯកជន។ អង្គការរដ្ឋជាភ្នាក់ងារដែលមានការរៀបចំចាត់តាំងច្បាស់​លាស់ ដើម្បីរៀបចំឱ្យមានជំនួញខ្មៅមួយនេះ។ អីចឹងបានថាទាល់តែមានការសើរើនិងរកដំណោះស្រាយ​ចេញពីក្រសួងនីមួយៗហ្នឹង»។   

វីអូឌី មិនអាចរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អឹង ឌីប៉ូឡា បាននៅឡើយទេ។ ក៏ប៉ុន្តែកាលពីដើមខែកក្កដា ឆ្នាំ២០២៦នេះ លោកបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា រយៈពេល ៥ឆ្នាំចុងក្រោយ​នេះ កម្ពុជាប្រមូលចំណូលបានប្រមាណ ៦០០លានដុល្លារសហរដ្ឋអាមេរិក ពីអាជីវកម្ម​ខ្សាច់នាំចេញទៅក្រៅប្រទេស តាមរយៈការប្រមូលសួយសារ ពន្ធដារ និងអាករនាំចេញ។

ចំណែកក្នុងឆមាសទី១ឆ្នាំ២០២៦ រាជរដ្ឋាភិបាលប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត១០០ លានដុល្លារ ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុក។ ​ទោះបីជាមានការបញ្ជាក់ពីចំណូលបាន​ពីខ្សាច់នាំចេញ​ទៅ​ក្រៅ​ប្រទេសយ៉ាងនេះក្តី ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមិនបានបង្ហើបសោះឡើយអំពី​រឿងពុករលួយ​បណ្តាល​ឱ្យបាត់​ខ្សាច់រាប់សិបតោនកាលពី១០ឆ្នាំមុន។

ដោយសាររឿងចម្រូងចម្រាស់នៃការបាត់ខ្សាច់រាប់សិបតោននេះហើយ ទើបកាលពីខែកក្កដា ឆ្នាំ២០១៧ ក្រសួង​រ៉ែ និងថាមពល បានលុបចោលជាស្ថាពរអាជីវកម្មមិនឱ្យមានការនាំខ្សាច់​សំណង់គ្រប់ប្រភេទ និងខ្សាច់​ល្បាយ​ភក់នៅខេត្តកោះកុង ចេញទៅក្រៅប្រទេស។

យ៉ាងណាថ្មីៗនេះ អង្គការមាតាធម្មជាតិ​បានបញ្ចេញវីដេអូស៊ើបអង្កេតជាបន្តបន្ទាប់ ដោយបញ្ជាក់ថា ការ​​បូម​​ខ្សាច់ និងនាំខ្សាច់​ចេញពីខេត្ត​កោះកុង ទៅលក់នៅប្រទេសិង្ហបុរី នៅតែបន្តកើតមានជាលក្ខណៈទ្រង់​ទ្រាយ​​ធំដដែល។

កញ្ញា លីសា យល់ឃើញថា ទៅថ្ងៃអនាគតវិនាសកម្មខ្សាច់នៅកម្ពុជា នៅតែបន្តកើតមានឡើង និងកាន់តែធ្ងន់​ធ្ងរថែមទៀត។ សម្រាប់ខ្សាច់សមុទ្រ កញ្ញាបញ្ជាក់ថា បានចូលរួមចំណែកជួយដល់ប្រព័ន្ធអេកូឡូស៊ីជាច្រើន​ក្នុងសមុទ្រ ដូចជាជួយទប់ស្កាត់ខ្យល់ព្យុះ  ជួយទប់រលកសមុទ្រ និងជួយដល់ការរីកលូតលាស់​នៃព្រៃកោង​កាងជាដើម។ ដោយឡែក សម្រាប់វិនាសកម្មពីការបូមខ្សាច់នៅតាមដងទន្លេមេគង្គ នឹងបណ្តាលឱ្យពលរដ្ឋ​ក្លាយជាជនរងគ្រោះកាន់តែច្រើន ពីការបាត់បង់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគេ។

កញ្ញាលើកឡើងថា៖ «អីចឹងនៅពេលខ្សាច់ត្រូវបានបំផ្លិចបំផ្លាញទៅ ដោយមួយឆ្នាំឬពីរឆ្នាំមិនអាចកកើតឡើង​វិញបានទេ ដោយវាត្រូវការពេលយូរទៀត ហើយប្រជាពលរដ្ឋត្រូវធ្លាក់ចុះការនេសាទរបស់គាត់។ ហើយ​អ្នកខ្លះត្រូវបង្ខំចិត្តចំណាកស្រុកឆ្ងាយពីផ្ទះសម្បែង។ ហើយនៅតាមបណ្តោយទន្លេមេគង្គបាត់ផ្ទះ បាក់​ផ្ទះសម្បែង ហើយសួរថាមានសំណងក្នុងមួយថ្ងៃឬពីរថ្ងៃទេ? អត់មាននរណាធានាគុណភាពជីវិតគាត់ទេ។ អីចឹងអត់អាចយកលុយមកធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយសារការបំផ្លិចបំផ្លាញ ដោយការយកខ្សាច់លក់អីចឹងបានទេ។ វាអត់មានផលប្រយោជន៍អ្វីសម្រាប់ប្រជាពលដ្ឋទេ។ ផលប្រយោជន៍ដែលគេដាក់មក គឺជាផលប្រយោជន៍ដើម្បីគ្រាន់តែជាលេសដើម្បីអាចលក់ខ្សាច់ហ្នឹងបានទៅ ចូលហោប៉ៅពុករលួយ​ទាំងអស់នោះ»។

រហូតមកពេលបច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់​អាជ្ញាប័​ណ្ណ​ធ្វើអា​ជីវ​កម្ម​បូម​ខ្សាច់​​ដល់​ក្រុម​ហ៊ុន​ចំនួន​៩៣ នៅ​ទូទាំង​ប្រទេស។ ទីតាំង​ដែល​ផ្តល់​ជូន​ក្រុម​ហ៊ុន​ទាំង​នោះ​ធ្វើសកម្ម​ភាព តាម​ដង​ទន្លេ ស្ទឹង និង​ព្រែក តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា កំពង់ស្ពឺ ពោធិ៍​សាត់ និង​​កោះកុង។ ក្នុង​ចំណោម​៩៣ ដែល​មាន​អាជ្ញា​ប័ណ្ណ គឺ​មាន​ក្រុម​៧៦ កំពុង​ដំណើរ​ការ ហើយ​ក្នុង​នោះ​មាន ៦៧​អាជ្ញា​ប័ណ្ណ​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​៩​អាជ្ញាប័​ណ្ណទៀត​សម្រាប់​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រ​ទេស។ ចំណែក​​១៧​អាជ្ញា​ប័ណ្ណ​ទៀត ត្រូវ​បាន​ផ្អាក​ឬ​ព្យួរ​ជា​បណ្តោះ​អាសន្ន ដោយ​សារ​បញ្ហា​ប្រឈម​ក្នុង​អាជីវ​កម្ម​ខ្សាច់​នេះ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ