អ្នកឃ្លាំ​​មើល​​ព្រមាន​ពីហានិភ័យ​​និ​ង​ទណ្ឌកម្ម​បន្ថែម​ពី​អន្តរ​ជាតិ បើ​​កម្ពុជា​គ្មានវិធាន​លើមេឧក្រិដ្ឋ​ជន​​​អន​​​​ឡាញ​​

អ្នកឃ្លាំមើល​ ជំរុញ​​ជា​ថ្មី​ទៀត​​ឱ្យ​​រ​ដ្ឋាភិបាល​​កម្ពុជា​​​ ​បើក​​ការ​​​ស៊ើប​​អង្កេត​​ដោយ​​តម្លា​​ភាព​​​លើ​សាច់​ញាតិ មន្ត្រី ឬ​​​​ឥស្សរជន​​ជាន់​​ខ្ពស់​​​ដែល​​រង​​ទណ្ឌ​​កម្ម ឬ​ត្រូវ​បាន​អាជ្ញាធរ​បរទេស​​ស្នើ​ឱ្យ​ស៊ើប​អង្កេត បើពុំ​នោះ​ទេ​ កម្ពុជានឹង​​បន្ត​ជួប​​​​នូវ​​ហានិភ័យ​ធ្ងន់​ធ្ងរ​បន្ថែម​​ទៀត​​ ដែល​មិន​​ត្រឹ​ម​​ប៉ះពាល់​ដល់​ទំនុកចិត្ត និងការដាក់ទណ្ឌ​កម្ម​បន្ថែម​​​​​ពី​សហគមន៍អន្តរជាតិ ថែមទាំង​ប៉ះពាល់ទៅ​ដល់​សេដ្ឋកិច្ចជាតិ និង​​​ឆ្នាំង​បាយ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

ការ​លើកឡើងនេះ បន្ទាប់ពី​​ប្រធាន​គណៈ​​កម្មាធិ​ការ​​ចំនួន​ពីរ ​​នៃ​​​សភា​​តំណាង​​រាស្ត្រ​​អាមេរិក រួម​មាន លោក ប្រាយ​អិន ម៉ាស្ត៍ (Brian Mast) ប្រធាន​គណៈ​កម្មាធិ​ការ​កិច្ច​ការ​បរទេស និង​លោក ចន មូលេណា (John Moolenaar) ប្រធាន​​​គណៈ​កម្មា​ធិការ​ពិសេស​ស្តី​ពី​ប្រទេស​ចិន បានដាក់លិខិត​ចុះថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៦ ​​ស្នើឱ្យ​រដ្ឋ​​មន្ត្រី​ការ​បរទេស​អាមេរិក​​ លោក ម៉ាកូ រូប៊ីអូ និង​​​រដ្ឋ​​មន្ត្រី​​​ហិរញ្ញ​​វត្ថុអាមេរិក​​ លោក ស្កុត បេសិន (Scott Bessent) ស៊ើប​អង្កេត​​លើ​​មន្ត្រី​ជាន់​ខ្ពស់ អ្នកជំនួញ និង​​បុគ្គ​ល​មាន​ឥទ្ធិពល​មួយចំនួន​នៅ​កម្ពុជា ដែល​ពួកគេ​សង្ស័យ​ថា អាច​មាន​ទំនាក់​ទំនង​​នឹង​ឧស្សា​ហ​កម្ម​ឆបោក​តាម​អនឡាញ។ លិខិតនេះស្នើឱ្យពិនិត្យក្នុងរយៈពេល ១៨០ថ្ងៃ ថា​តើ​បុគ្គលទាំងនោះបំពេញ​លក្ខខណ្ឌ​ច្បាប់សម្រាប់ទណ្ឌកម្ម​ឬអត់។

ក្នុងបញ្ជីនោះ មានឈ្មោះសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និងឥស្សរជនជាន់ខ្ពស់កម្ពុជា​​ជាច្រើន ដូច​ជា លោកហ៊ុន តូ, លោក​ឌី វិជ្ជា, លោកគួច ចំរើន, លោក​ឡុង ឌីម៉ង់, លោក​នេត សាវឿន, លោក​​ស សុខា, លោក​ស្រី ជូ ប៊ុនអេង និងលោក​ យឹម លក្ខ័ណ៍ ជាដើម។

សមាជិក​សភាអាមេរិក បាន​​យោងទៅលើ​​ព័ត៌​មា​ន​​ដែល​​ពួក​​គេ​​ចាត់​​ទុក​​ថា​​​គួ​រ​​ឱ្យ​​ជឿ​​ទុក​​ចិត្ត​បាន​ ដោយបាន​​​​ចោទ​​​​ថា បុគ្គល​​​ក្នុង​​​បញ្ជី​​​នេះ​​ អា​​ច​​ពាក់​​ព័ន្ធ​​​នឹង​​​មជ្ឈ​មណ្ឌល​​ឆបោក ការ​ជួញដូរ​មនុស្ស ការ​ធ្វើ​ទារុណកម្ម អំពើ​​ពុក​រលួយ​ធ្ងន់​​ធ្ងរ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។  របាយការណ៍​ទាំងនោះ​ក៏​ចោទ​​ថា អំពើ​ពុករលួយ និង​​ការ​ការ​ពារ​ពី​មន្ត្រី​​មាន​អំណាច គឺ​ជា​​កត្តា​​ដែល​​អនុ​ញ្ញាត​​ឱ្យ​​បណ្តាញ​​ឆបោក​បន្ត​ដំណើរ​ការ។

ទោះ​​បីការមានឈ្មោះក្នុងលិខិតនេះ មិនមែនមានន័យ​ថា បុគ្គលទាំងនេះ ត្រូវបានរកឃើញថាមានទោស ឬ​ត្រូវ​​​បាន​ដាក់ទណ្ឌកម្មរួចហើយនោះ​ទេ ប៉ុន្តែវាគឺ​ជាសំណើឱ្យ​ស្ថាប័នអាមេរិកបើកការស៊ើបអង្កេត ហើយសម្រេច​​​តាមភស្តុ​តាង និងច្បាប់។

ជុំវិញ​រឿងនេះ ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​និងការ​បរទេស លោក ​ឯម សុវណ្ណារ៉ា យល់​ថា ការ​លើក​ឡើង​ម្តងហើយម្តងទៀត​ពីសហរដ្ឋអាមេរិក ជុំវិញ​បញ្ហា​បទឧក្រិដ្ឋ​ឆបោកតាមអនឡាញ​នៅកម្ពុជានេះ បង្ហាញ​​ថា អាមេ​រិក​មាន​ឆន្ទៈខ្ពស់​ក្នុងការបោសសម្អាត​រឿងនេះ ដូច្នេះ​បើកម្ពុជា​មិនស្រាវ​ជ្រាវ​រក​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ស្គេម​អន​ឡាញ ដែល​​​សហ​រដ្ឋ​អាមេរិក​បាន​ចង្អុល​បង្ហាញ​ទេ នោះវា​ក៏អាចបង្ក​នូវផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ដែរ។

លោកថា៖ «នេះជាកិច្ច​ការ​មួយដែល​កម្ពុជាយើង​តោង​ប្រយ័ត្ន​ដែរ​ កន្លែងនេះ ហើយ​ជា​កិច្ច​ការ​មួយ​ដែល​​កម្ពុជា​រាល់​ថ្ងៃ​កំពុង​តែ​​​ចង់ឱ្យ​មានទំនាក់ទំនង​ប្រសើរឡើង​វិញរវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​​ ហើយ​ទំនោរ​​បច្ចុប្បន្ន វា​ហាក់ដូចជា​ដំណើរទៅ​មុខ​ល្អ​ហើយ ប៉ុន្តែ​នៅក្នុង​កិច្ចសហប្រតិបត្តិនៅក្នុងកា​រកម្ចាត់​មេ​ គេ​ហៅថា​ មេខ្លោង ឬក៏​ឧក្រិដ្ឋ​ជនស្គេមអន​ឡាញ​ធំៗ​ហ្នឹង​​ ហាក់ដូចជា​មិនទាន់​ឆ្លើយទៅ​នឹង​យន្តការរបស់​សហ​រដ្ឋ​អាមេរិក​បាន​ទាំង​ស្រុងទេ ដែល​សហរដ្ឋ​អាមេរិក​លើកឡើង​នេះ យើង​ចាំ​មើល​បន្ត​ទៀតណាបាទ»។

​​អ្នកនាំពាក្យ​គណបក្សប្រជាធិបតេយ្យ​ជឿន​លឿន លោក ប៉ោ​ មករា យល់​ឃើញ​ដែរ​​​ថា ការ​លើក​ឡើង​​​របស់​​​​មន្ត្រីជាន់​ខ្ពស់​​សហរ​ដ្ឋ​អាមេរិកម្តង​ជាពីរ​ដង​នេះ​ បង្ហាញ​ថា ប្រទេស​មហា​អំណាច​មួយ​នេះ នៅមិន​ទាន់ជឿជាក់​លើការ​បង្ក្រាប​ស្គេម​អនឡាញ​នៅ​​កម្ពុជានៅឡើយទេ ព្រោះ​ទម្រង់​នៃ​​ការ​បង្ក្រាប​បទឧក្រិដ្ឋ​​នេះ ធ្វើឡើង​​តែ​លើ​បុគ្គល​តូច​​តាច ឯមេខ្លោង​ធំៗ​នៃ​បណ្តាញ​នេះ​ នៅមិន​ទាន់​ឃើញ​មានចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​​នៅឡើយ។​​

លោកថា៖ «ចឹង​បញ្ហាទាំងអស់នេះហើយ ដែលធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក នៅតែមើល​ឃើញ​ថា ការ​ដែល​បង្ក្រាប​​នេះ​វា​អត់​ស្ថិត​​នៅ​ក្នុង​​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធ​ភាព យុទ្ធសាស្រ្ត​ដែល​​មិន​អាច​ធ្វើឱ្យ​ស្គេមអនឡាញ​ថម​ថយ​បាន[…] ហើយ​នៅ​ពេល​​ដែល​​សហរដ្ឋអាមេរិក​លើកឡើង​ម្តង​ជាពីរដង​នេះ អ្វីដែលជា​បញ្ហាប៉ះពាល់ជា​ធំហ្នឹងគឺវា​ពាក់ព័ន្ធនឹង​ការ​ជឿ​ទុក​​ចិត្ត​​មកលើប្រទេស​កម្ពុជា[…] ចឹង​ក្នុងករណី​កម្ពុជា​ខូចកេរ្តី៍ឈ្មោះ កម្ពុជា​មានឈ្មោះ​មិន​ល្អ វា​ធ្វើ​ឱ្យក្រុមវិនិ​យោគ​ដែល​​ល្អៗ ដែលគេ​រកស៊ី​ដើមទុន​ធំៗហ្នឹង ខ្លាច​រអាពាក់ព័ន្ធ​នឹង​បញ្ហា​ស្គេម ពាក់ព័ន្ធ​នឹង​បញ្ហា​ច្បាប់​មិន​រឹង​ម៉ាំ ពាក់​ព័ន្ធ​នឹង​បញ្ហា​អំពើ​ពុក​រលួយ​​នៅក្នុង​កម្ពុជា​ហ្នឹងផ្ទាល់»។

ចំណែក ​អ្នកឃ្លាំមើល​បញ្ហា​សង្គម និងជា​​នាយក​​ប្រតិ​បត្តិ​​អង្គ​ការ​​សង់​ត្រាល់ (CENTRAL) លោក មឿន តុលា បាន​​​លើក​ឡើង​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា​នេះដែរ​ថា ការ​ស្នើ​ឱ្យបើក​​​ស៊ើប​អង្កេត​​ទៅ​លើ​មន្ត្រីជាន់​ខ្ពស់ និង​​បុគ្គ​ល​​​មាន​ឥទ្ធិពល​មួយ​ចំនួននៅកម្ពុជា​​ ពីសំណាក់​​មន្ត្រី​ជាន់​​ខ្ពស់​​និង​​សមាជិកសភា​សហរដ្ឋ​អាមេរិក​នេះ​ មិន​​​​មែ​ន​​​ជា​​រឿង​​តូចតាច​នោះ​ទេ ប៉ុន្តែ​ជា​ហានិភ័យ​ធំ ប្រសិនបើ​ការ​ស៊ើបអង្កេត​នោះ រកឃើញថាមន្ត្រី​ជាន់ខ្ពស់​​នៅ​កម្ពុជា ពិត​​ជា​​មានជាប់ពាក់​ព័ន្ធ​បទឧក្រិដ្ឋ​ឆបោក​តាម​អនឡាញ ​ឬឧក្រិដ្ឋកម្ម​​ឆ្លង​ដែន និង​កា​រលាង​លុយ​កង្វក់ជា​ដើមនោះ។​

លោក​បន្តថា នៅពេលដែលអន្តរជាតិបាន​ដៅឈ្មោះចំៗ ហើយ​កម្ពុជា​នៅតែ​មិន​អើពើ​បោស​សម្អាត​​មន្ត្រី​ និង​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​​នឹង​បទឧក្រិដ្ឋ​ទាំងនោះ​ទេ​ នឹង​ធ្វើ​ឱ្យ​មាន​ការ​បាត់បង់ទំនុក​ចិត្ត​ពី​​​បណ្តា​ប្រទេស​​​​​​​នានា ​​​ដៃគូរអភិវឌ្ឍន៍ និង​អ្នកវិនិយោគធំៗ មក​លើ​កម្ពុជា ដែល​កត្តានេះក៏ធ្វើឱ្យ​​​​ប៉ះ​ពាល់​​ដល់​​ទីផ្សារ​​កា​​រ​ងារ​​​របស់​​​ប្រជា​​ពលរដ្ឋ​​ខ្មែរ​ផង​​​ដែរ។

លោក​បន្ថែម​​ថា៖ «ចំណុច​ទី២[…]បើមាន​មន្ត្រីពាក់ព័ន្ធ​ទៅលើ​បទ​ល្មើស​ ឬ​ក៏​ឧក្រិដ្ឋ​​កម្ម​ផ្សេង​ៗ ហើយ​មន្ត្រីជាន់​ខ្ពស់ទាំង​អស់ហ្នឹង ​មិនមាន​​ទទួល​នូវ​ទណ្ឌកម្មអី​ផ្សេង​ៗទេ វា​ស​បញ្ជាក់ឱ្យ​​ឃើញ​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ហ្នឹង គឺមានសន្ទស្សន៍​នៃ​អំពើ​ពុករលួយ​​ហ្នឹង​​ខ្លាំង​ អាហ្នឹង​​​​គឺ​ពិបាកនឹង​ប្រកែក​ណាស់ ​ដោយសារ​តែ​និទណ្ឌ​ភាព​អស់​ហ្នឹង​ហើយ ឬក៏មន្ត្រី​ដែល​​កាន់​ច្បាប់​អស់​ហ្នឹង​​​ហើយ​គាត់​​​ពាក់ព័ន្ធ បើសិន​​ជា​​មាន​​ដូច​ការ​​ចោទ​ប្រកាន់គេ​មែន[…]​ គឺ​ច្បាស់​ណាស់ មាន​ន័យ​ថា ​និទណ្ឌ​ភាព​ហ្នឹងខ្ពស់​ ហើយ​បើ​និទណ្ឌ​​ភាព​ហ្នឹង​ខ្ពស់​ គឺថាមានអំពើ​ពុករលួយហ្នឹង​​ខ្លាំង ហើយបើមាន​អំពើ​ពុក​រលួយ​​ខ្លាំង​​ មាន​អយុត្តិធម៌សង្គម​ហ្នឹង​ក៏កាន់តែ​ខ្ពស់ដែរ»។

យ៉ាងណា ​អ្នក​តាមដាន​បញ្ហាសង្គម​រូប​នេះ ក៏​​បាន​​កោត​សរសើរ​​ចំពោះ​​កិច្ច​​ខិត​​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាលកម្ពុជា ដែល​បាន​បង្ក្រាប​បទល្មើ​សអនឡាញ​នា​ពេល​កន្លងមក និង​បច្ចុប្បន្ន​នេះដែរ ប៉ុន្តែ​លោក​ថា កិច្ច​ខិត​ខំប្រឹង​ប្រែង​នេះ​​នឹងអសារបង់ បើសិន​ជា​​មិនមាន​វិធានការ​ទៅលើ​​មេ​ខ្លោង​ធំៗ ដែល​សហគមន៍អន្តរជាតិ​បាន​រក​ឃើញ​​ទេ​នោះ។ ការណ៍​នេះ​ លោក​ មឿន តុលា យល់ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​រកវិធី​ដោះស្រាយ​បញ្ហានេះឱ្យ​បាន​ម៉ត់​ចត់​បំផុត ហើយ​​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល​លោក ប៉ែន បូណា បានទេ នៅរសៀលថ្ងៃទី​១៧ ខែ​កញ្ញានេះ។

យ៉ាងណា​ ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូ​វ​ការ «មន្ទីរ​ពេទ្យហ្លួ​ង​ម៉ែ» នៅថ្ងៃទី​១៦ខែ​កញ្ញា ម្សិលមិញ ​លោក​នាយក​​រដ្ឋ​មន្រ្តី​​ ហ៊ុន ម៉ាណែត បាន​បញ្ជាជាថ្មីឱ្យ​មន្ត្រីបង្ក្រាប​បទល្មើស​ឆបោក​តាមអនឡាញនេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។ លោក​ក៏បាន​​​​ព្រមាន​ចាត់វិធានការក្តៅ ទៅ​លើ​​មន្រ្តី​​​អនុវត្ត​ច្បាប់​ទាំងឡាយ​ណា​ដែល​មិន​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​​ក្នុង​ទប់ស្កាត់​បទឧក្រិដ្ឋ​នេះឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ស្ដារ​មុខ​មាត់​កម្ពុជា និង​បង្កើន​ទំនុក​​ពី​ប្រជា​ពលរដ្ឋ​ផង​ដែរ​។

កន្លងមក ​លោក ហ៊ុន ម៉ាណែត ក៏តែងតែប្រាប់​​មន្ត្រីក្រោមឱវាទថា ត្រូវហ៊ានបង្ក្រាបបទឧក្រិដ្ឋ​ឆបោកតាម​អនឡាញ​​ និងមិនត្រូវក្រែងចិត្តនរណានោះទេ។

សម្រាប់​ អ្នក​តាម​ភូមិ​សាស្ត្រ​នយោបាយ​នៅតំ​បន់​អាស៊ី​និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ​​បាន​លើក​ឡើង​ក្នុង​បណ្តាញ​​​សង្គម​​ថា៖ «​​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពិត​ជា​ប្តេជ្ញា​បង្ក្រាប​ស្កេម​ដោយ​គ្មាន​ការ​លើក​លែង​មែន នោះ​ការ​បង្ក្រាប​មិន​គួរ​ឈប់​ត្រឹម​កម្មករ អ្នក​តូច​តាច ឬ​ជន​បរទេស​នៅ​ក្នុង​អគារ​ឆបោក​ទេ ត្រូវ​ហ៊ាន​តាម​ដាន​ខ្សែ​ប្រាក់ ម្ចាស់​ទីតាំង អ្នក​ការ​ពារ និង​មន្ត្រី​មាន​អំណាច​ផង ប្រសិន​បើ​មាន​ភស្តុ​តាង។ កុំចាំ​ទាល់​តែ​បរទេស​ដាក់​ទណ្ឌ​កម្ម​សិន ទើប​ចាប់​ផ្តើម​ស៊ើប​អង្កេត។ បញ្ជី​ឈ្មោះ​មា​នហើ​យ សំណួរ​គឺ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ៊ាន​ស៊ើប​អង្កេត​ដល់​អ្នក​មាន​អំណាច​ឬអត់?»។

លោក សេង វណ្ណលី បាន​ថ្លែងប្រាប់វីឌីអូបន្ថែម​ថា​​ ​បើរដ្ឋាភិ​បាលកម្ពុជា ​មិន​បើក​ការ​ស៊ើប​អង្កេត​ដោយ​តម្លា​ភាព​លើ​​សាច់​​ញាតិ មន្ត្រី ឬ​ឥស្សរជន​ជាន់​ខ្ពស់​ដែល​រង​ទណ្ឌ​កម្ម ឬ​ត្រូវ​បាន​អាជ្ញាធរ​បរទេស​ស្នើឱ្យ​​ស៊ើបអ​ង្កេត​នោះ​ហានិ​ភ័យ​ដំបូង គឺ​ការ​​បាត់​បង់ទំនុកចិត្តលើការអនុវត្តច្បាប់​ ដោយ​ប្រជាពលរ​ដ្ឋនឹ​ង​មើល​ឃើញ​ថា ច្បាប់​តឹង​រ៉ឹង​ចំពោះ​អ្នក​តូច ប៉ុន្តែ​ទន់​ភ្លន់​ចំពោះ​អ្នក​មាន​អំណាច។

ចំណែក ​ហានិភ័យទីពីរ គឺ​សម្ពាធ និងទណ្ឌកម្ម​ពីបរទេស​អាច​កើន​ឡើង ហើយ​ហានិភ័យ​ទីបី គឺ​ប៉ះ​ពាល់​កេរ្តិ៍​ឈ្មោះ និង​​ប្រព័ន្ធ​សេដ្ឋកិ​ច្ច​របស់​កម្ពុជា ព្រោះ​​បទ​ល្មើស​ឆបោក​តាម​អន​ឡាញផ្សា​​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​ការ​​លាង​លុយ និង​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ដែន។ មួយ​វិញទៀត ​ធនាគារ អ្នក​វិនិ​យោគ និង​ដៃគូ​អន្តរ​ជាតិ​អាច​បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រតិ​បត្តិ​​ការ​ដែល​ពាក់​ព័ន្ធ​នឹង​កម្ពុជា។

ការណ៍នេះ ​លោក សេង វណ្ណលី បាន​សង្កត់ធ្ងន់ថា ចំណុច​សំខាន់​មិនមែន​ថា អ្នក​ណា​ត្រូវបាន​ចោទ​ដោយ​បរទេស​ ហើយ​​​ត្រូវ​ចាត់​ទុកថា​​មានទោសភ្លាមៗនោះទេ សំខាន់​គឺរ​ដ្ឋាភិ​បា​ល​ត្រូវ​បង្ហាញ​ថា អ្ន​ក​ណា​ក៏ដោយ បើ​មាន​ព័ត៌​មាន​គួរ​​ឱ្យ​ស៊ើ​បអ​ង្កេត ត្រូវ​ពិនិត្យ​តាម​ភស្តុ​តាង និង​ច្បាប់​ដូច​គ្នា នោះ​ទើប​អាច​កាត់​បន្ថយ​ការ​សង្ស័យ​ថា ការ​បង្ក្រាប​មាន​ស្តង់​ដារ​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ