សភា​តំណាង​រាស្ត្រ​សហរដ្ឋ​​អាមេរិក ​​បាន​អនុ​ម័ត​សេច​ក្តី​ព្រាង​​ច្បាប់ ស្តីពី​ទណ្ឌ​កម្ម​លើរុស្ស៊ី

សភា​តំណាង​រាស្ត្រ​អាមេរិក កាល​ពី​ថ្ងៃទី​១៥ខែ​កញ្ញា បាន​អនុម័​ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ពន្ធ​គយ និង​ទណ្ឌ​កម្ម​យ៉ាង​ទូលំ​ទូលាយ​មួយ ដើម្បី​បង្កើន​សម្ពាធ​សេដ្ឋ​កិច្ច​លើ​ប្រទេស​រុស្ស៊ី ជុំវិញ​​ការ​ឈ្លាន​ពាន​លើ​អ៊ុយ​ក្រែន​ ហើយ​បាន​បញ្ជូន​វា​ទៅ​ប្រធានា​ធិបតី ដូណាល់ ត្រាំ ដើម្បី​ចុះ​ហត្ថ​លេខា​ឱ្យ​ក្លាយ​ជា​ច្បាប់។

សេច​ក្តីព្រា​ង​ច្បាប់​នេះ មាន​ឈ្មោះ​ថា «ច្បាប់​ស្តី​ពី​ទណ្ឌ​កម្ម​លើ​រុស្ស៊ី និង​អ៊ីរ៉ង់ របស់​លោក Lindsey O. Graham ឆ្នាំ ២០២៦» ត្រូវ​បាន​អនុ​ម័ត​ក្នុង​សំឡេង ២៦២ ទល់នឹង ១៥៩ ដោយ​មាន​ការ​គាំទ្រ​ពី​សមាជិក​បក្ស​ប្រជា​ធិប​តេយ្យ​ចំនួន ៥៨ រូប រួម​ជាមួយ​សមាជិក​បក្ស​សាធារណរដ្ឋ​ស្ទើរ​តែ​ទាំង​អស់។

ច្បាប់​នេះ​តម្រង់​ទិស​ដៅ​លើឧ​ស្សាហកម្ម​ថាមពល និង​ការ​ពារ​ជាតិ​របស់​រុស្ស៊ី ក៏​ដូច​ជា «កង​នាវា​ស្រមោល» នៃ​នាវា​ដឹក​​ប្រេង​ដែល​គេចវេះពីទណ្ឌកម្ម ដើម្បីកាត់ផ្តាច់ថវិការបស់ក្រុងម៉ូស្គូសម្រាប់សង្គ្រាម។ វាក៏ផ្តល់អំណាច​ឱ្យលោក ត្រាំ ក្នុង​ការដំឡើងពន្ធរហូតដល់ ១០០% លើប្រទេសចិន ឥណ្ឌា និងប្រទេសផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់​ពួកគេលើប្រេង និងឧស្ម័នរុស្ស៊ី ព្រមទាំងពង្រីកទណ្ឌកម្មលើអ៊ីរ៉ង់ផង​ដែរ។

ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់នេះ បានប្រឈមមុខនឹងការប្រឆាំងពីសមាជិកបក្សប្រជាធិបតេយ្យ​មួយ​​​​ចំនួន ដែល​ព្រួយបារម្ភថា វាផ្តល់អំណាចពន្ធគយច្រើនពេកដល់លោក ត្រាំ លើប្រទេសជាសម្ព័ន្ធមិត្ត និងបើកផ្លូវឱ្យមានការលើក​លែងទណ្ឌកម្មដោយងាយស្រួល។ រីឯសមាជិកបក្សសាធារណរដ្ឋខ្លះទៀត បារម្ភ​​ពីផលប៉ះពាល់នៃការដំឡើងពន្ធ​លើ​អ្នក​ប្រើ​ប្រាស់​អាមេរិក មុន​ការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របានគូសបញ្ជាក់ថា ការអនុម័តច្បាប់នេះ គឺជាសារដ៏សំខាន់ផ្ញើទៅកាន់ក្រុងម៉ូស្គូ និង​ពិភព​លោក​ថា សហរដ្ឋអាមេរិកនៅតែបន្តឈរឈ្មោះគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំ ដើម្បីបង្ខំឱ្យរុស្ស៊ី​ចូលតុចរចា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ