រដ្ឋាភិបាល​គួរ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ដើម្បី​ជំរុញ​យន្ត​ការ​ដំឡើង​​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ

អង្គការ​​ដែល​ធ្វើ​ការ​​ផ្នែក​សិទ្ធិ​ការ​​ងារ និង​​សហជីព យល់​ថា ការ​​ទាម​ទារ​ឱ្យ​រដ្ឋាភិ​បាល​​ដំឡើ​ង​ប្រាក់​ឈ្នួល​​គោល​​ដល់​​កម្មករ​និយោជិត​ដល់​ ២៥០​ដុល្លារ​ក្នុង​​មួយ​​ខែ​​ សម្រាប់​​​ឆ្នាំ​​២០២៧ ជា​​រឿង​​សម​ហេតុ​​សម​ផល​ និង​​មិន​មែន​​ជា​​​តួលេខ​​ច្រើន​​ហួស​​កម្រិត​​ដែល​ធ្វើឱ្យ​​រោ​​ងចក្រ​​បិទ​ទ្វារ​ឡើយ​​ ​ព្រោះ​​ប្រាក់​ឈ្នួល​​គោល​​បច្ចុប្បន្ន​ មិន​អាច​​ឱ្យ​កម្មករ​​​មា​នជី​វភាព​​​​​​រស់នៅ​​​បាន​​សមរម្យ​ឡើយ។

ការណ៍នេះ​ ពួកគេ​ថា ​អ្វីដែ​ល​​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ត្រូវ​គិត​គូរដោះស្រាយ​​នោះ គឺរឿង​បញ្ហាពុករលួយ​ដែល​ក្រុម​ហ៊ុន រោង​ចក្រសហគ្រាស មានការ​ចំណាយ​ក្រោម​តុ​ច្រើន​ កា​រផ្តល់​ប្រព័ន្ធ​​ការ​ពារ​​សង្គម​​កាន់តែប្រសើរ​ដល់​កម្មករ និង​ការ​ដោះស្រាយ​បញ្ហា​សង្គម ដូចជា ​បញ្ហាការ​ឆបោក​តាមអនឡាញ និងបញ្ហា​នៃការ​​រំលោភសិទ្ធិកម្មករ​ សហជីព ដែល​នាំឱ្យ​សហគមន៍អឺរ៉ុប​កាត់​ផ្តាច់ពន្ធ ២០% ជាដើម​នោះ។ ​

ការលើកឡើង​នេះ បន្ទាប់ពី​​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងប្រាប់​ទូរទស្សន៍ក្នុង​ស្រុក​កាល​ពី​ពេល​​ថ្មីៗនេះ​​​​​​ថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន ២៥០​​ដុល្លារ ​គឺជារឿងមួយហានិភ័យ ព្រោះ​មានកម្រិតខ្ពស់ខ្លាំង ដែលអាចធ្វើឱ្យ​រោង​ចក្រ​បិទទ្វារ និង​​រើ​ទីតាំង​ពីកម្ពុជា ទៅកាន់​ប្រទេស​មួយ​ចំនួន​​​​ដែល​​​មា​ន​​ប្រាក់​ឈ្នួល​​កម្រិត​ទាប​​ជាង​​កម្ពុជា​។​ លោក​​បានគូសបញ្ជាក់ថា ការ​ទាមទារឱ្យប្រាក់ឈ្នួលអប្បបរមាកើនដល់ ២៥០ដុល្លារអាមេ​រិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណារួមជាមួយនឹងផលិតភាពការងារ សមត្ថ​ភាព​​របស់​រោង​ចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។

ជុំវិញ​បញ្ហានេះ នាយក​ប្រតិបត្តិ​អង្គការ​​សង់ត្រាល់ ដែល​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​ការ​ងារ លោក មឿន តុលា បាន​​លើក​ឡើង​នៅថ្ងៃទី​១៨​ ខែ​កញ្ញានេះ​ថា ការ​ប្រៀប​ធៀប​ប្រាក់​ឈ្នួលគោល​របស់កម្មករ​និយោ​ជិត នៅក្នុង​​​​តំបន់​​ដ៏​យុត្តិ​ធម៌ គឺ​គេ​មិន​គិត​តែ​លើតួលេខ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ត្រូវ​គិត​​​គួរ​​ថ្លឹង​ថ្លែង​អតិផរណា​លើ​ទីផ្សារ ​កម្រិត​ការ​ចំណាយ​រស់​នៅ ស្ថេរភាព​ចំណូល និង​ប្រព័ន្ធ​ការ​ពារ​សង្គម​ រួម​ផ្សំ​ជាមួយ​តួលេ​ខ​ប្រាក់​ឈ្នួល។

ចំពោះ​ការ​ទាមទារ​របស់កម្មករ និង​សហជីពមួយចំនួន ឱ្យ​ដំឡើងប្រាក់ឈ្នួល​គោល ២៥០ដុល្លារ​នេះ លោកថា វាមិនអាច​ធ្វើឱ្យ​ទំហំ​នៃ​ប្រាក់​ចំណេញ​របស់រោ​ងចក្រ​សហគ្រាស​បាត់​នោះទេ ដែល​មានន័យថា រោង​ចក្រ​សហគ្រាស​នៅតែមាន​លទ្ធភាពចំណេញដដែល ដូច្នេះលោក​យល់ថា ការ​ទាមទារ​កម្រិត​ប្រាក់ឈ្នួលនេះ មិន​អាច​ឱ្យ​ខាង​រោង​ចក្រ​សហគ្រាស​បិទទ្វារ ឬ​រើទីតាំង​ទៅ​ប្រទេស​ជិត​ខាង​ដែលមានប្រាក់ឈ្នួល​ទាបជាង​កម្ពុជា​នោះទេ។

លោកថា៖ «​កត្តាប្រាក់​ឈ្នួល​ចំនួន​​ប៉ុណ្ណឹង វា​មិនអាច​ឱ្យ​គេរត់​ទេ អ្វីដែល​យើង​ត្រូវ​គិត គិត​រឿង​អំពើពុករលួយ អា​ការ​​ចំណាយ​​ក្រោម​​តុ​ផ្សេង​ៗ​ហ្នឹង ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​គេ​ចំណាយ​ច្រើន​ណាស់ គេ​ចំណាយ​ច្រើនជាង​ប្រាក់​ឈ្នួល​កម្មក​រទៀត អាហ្នឹងចំណុច​​ទី​១។ ចំណុច​ទី២ ទឹកភ្លើង ទឹកភ្លើង​នេះក៏ជា​ចំណាយ​ខ្ពស់ដែរ សម្រាប់​ខាង​ក្រុម​ហ៊ុន។ ហើយចំណុច​​ទី​៣ គឺ​បញ្ហាការ​ទទួលខុស​ត្រូវ​សង្គម យើង​សព្វថ្ងៃ​នេះ យើង​នៅ​មានរបាយការណ៍នៅ​ក្នុង​​សហគមន៍​អឺរ៉ុប របាយ​ការណ៍​​របស់​អាមេរិក របាយការណ៍​របស់​យូអិន ពាក់ព័ន្ធ​រឿង​ស្គេម ពាក់ព័ន្ធ​រឿ​ងការ​រំលោភ​បំពាន​ទៅលើ​សិទ្ធិ​សហជីព សិទ្ធិកម្មករ​អី។ល។និង។ល។ហ្នឹង ដែលធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ហ្នឹង​លំបាក​ រហូត​ដល់​គេដក​ EBA រហូត​ដល់​ ២០​ភាគ​រយ​​ទៀត​ ចឹង​កត្តា​ទាំង​អស់​ហ្នឹង ដែលអាច​ឱ្យ​ខាង​ក្រុម​ហ៊ុន​ហ្នឹង​គេ​មាន​សម្ពាធ បើសិនជា​ការ​ដកនោះបាទ!»។

អ្នក​តាម​ភូមិ​សាស្ត្រ​នយោបាយ​នៅតំ​បន់​អាស៊ី​និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានលើកឡើង​ក្នុងបណ្តាញ​​សង្គម​របស់លោកនៅថ្ងៃទី​១៧ខែ​កញ្ញាដែរថា ​ការ​ប្រៀប​ធៀប​ថាប្រា​ក់​ឈ្នួល​កម្ពុជា​ខ្ពស់​ជាងបណ្តា​ប្រទេស​មួយចំនួនក្នុ​ងតំបន់​អាស៊ី​​ មិនបញ្ជាក់ថា កម្មករខ្មែររស់នៅធូរធារ​​ជាងគេ​នោះ​ទេ ដោយគេ​​ត្រូវ​គណនា​​​ថ្លៃ​បន្ទប់ អាហារ ទឹក​ភ្លើង និង​ការ​ព្យាបាល​ផង។ ប្រាក់​រង្វាន់មានលក្ខខណ្ឌ និងប្រាក់ថែមម៉ោង ក៏​មិន​គួរ​យក​មក​ជំនួស​ប្រាក់​​ឈ្នួល​​គោល​ ដើម្បី​​បង្ហាញ​ថា​ កម្មករ​មាន​ចំណូល​គ្រប់​គ្រាន់​នោះ​ដែរ។

លោក សេង វណ្ណលី បានលើក​យក​​របាយ​ការណ៍​ធ​នាគារ​ពិភ​ព​លោក​ ​ចេញផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៦ ដែល​បាននិយាយ​​​ពី​ថ្លៃ​ដឹក​ជញ្ជូន និង​ថាមពល​ខ្ពស់ ជា​កត្តា​រារាំង​អាជីវ​កម្ម​ក្នុង​ស្រុក។ ដូច្នេះ​រដ្ឋាភិ​បាល​លោក​ ហ៊ុន ម៉ាណែត ​ត្រូវ​កាត់​បន្ថយ​ចំណាយ​ទាំង​នេះ ហើយ​និយោជក​ត្រូវ​កែ​លម្អ​ការ​គ្រប់​គ្រង និង​ផលិត​ភាព មិន​អាច​យក​ប្រាក់​ឈ្នួល​ទាប​ មក​ទូទាត់​ភាព​ខ្សោយ​ទាំង​អស់​នេះ​បាន​ទេ។

លោកសេង វណ្ណលី បានគូសបញ្ជាក់ក្នុង​សំណេរដើមថា៖ «នេះមិ​ន​ទាន់​និយាយ​ពី​អំពើ​ពុក​រលួយ និង​ការ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ ដែល​អាច​បង្កើន​ថ្លៃ​ដើម​ផង។ ហេតុ​អ្វី​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បាន​លើក​ជា​បញ្ហា​ធំ ប៉ុន្តែ​ចំណាយ​ទាំង​នេះ​មិន​ត្រូ​វបា​ន​ចោទ​សួរ?[…] កម្មករមិនគួរទទួលប្រាក់​ឈ្នួល​ទាប ដើម្បីទូទាត់ចំណាយពីអំពើពុក​រលួយនោះឡើយ»។

ចំណែក អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បាន​លើកឡើង​នៅថ្ងៃទី​១៨ខែកញ្ញានេះថា បើបៀប​ធៀប​ប្រាក់​ឈ្នួល​គោល​របស់កម្មករ​និយោជិតនៅកម្ពុជា និងប្រទេស​ជិត​​​ខាង ដូចជា ប្រទេសថៃ គឺ​ប្រាក់ឈ្នួលគេ​ច្រើនជាងនៅកម្ពុជា ខណៈនៅ​​វៀតណាម ប្រាក់ឈ្នួល​កម្មករ​ប្រហាក់ប្រហែល​នឹង​កម្ពុជា ប៉ុន្តែ​ប្រទេសទាំងនោះ និយោជក​​​មាន​ការ​​រ៉ាប់​រង​​លើកិច្ច​គាំពារ​សង្គម​​ច្រើនជាង​កម្មករនៅកម្ពុជា។ ដូច្នេះ អ្នកស្រីយល់​ថា ការ​ស្នើឱ្យដំឡើង​ប្រាក់ឈ្នួល​គោល​ដល់ ២៥០.៦៦ដុល្លារនេះ មិនអាចឱ្យ​រោង​ចក្រ​រត់​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នោះទេ។ ​

អ្នកស្រី យ៉ាង​ សុភ័ណ្ឌ បន្តថា​ ប្រសិនបើ​រាជរដ្ឋាភិបាល ក៏ដូចជានិយោជក មិនអាចដំឡើង​ប្រាក់​ឈ្នួល​ទៅតាម​អ្វីដែល​ជា​​តម្រូវ​ការ​របស់កម្មករ ប្រាកដ​ណាស់នឹង​ជះឥទ្ធិពល​ទៅដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករនិ​យោជិត រួមផ្សំនឹង​ការ​ប៉ះពាល់ទៅ​ដល់​​សុខភាពរបស់ពួកគេផងដែរ​​​ ព្រោះតែ​កម្មករមិន​មានប្រាក់ចំណាយ​គ្រប់គ្រាន់ទៅលើ​ទិញ​អាហារទទួល​ទាន​ប្រចាំថ្ងៃ។​

ការណ៍នេះ អ្នកស្រីថា៖​ «ខ្ញុំគិត​ថា សម្រាប់​ប្រាក់​ឈ្នួល​របស់កម្មករ ពួកខ្ញុំនៅតែ​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ធ្វើការ​ដំឡើង​​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​ ទៅតាមអ្វីដែល​កម្មករ​និយោជិតបានស្នើចំនួន ២៥០.៦៦ដុល្លារ​ក្នុង​មួយ​ខែ ពីព្រោះ​ប្រាក់ឈ្នួលប៉ុណ្ណេះ ជាប្រាក់ឈ្នួល​មិនទាន់ទាំង​ធានា​ដល់កា​ររស់​នៅ​របស់កម្មករ​ផង»។

កាលពីថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុម​សហជីព​ដែល​គេ​ដឹង​ថា​ឯករាជ្យ បាន​លើកឡើង​ប្រហាក់​ប្រហែល​​​គ្នា​ដែរថា យោង​​លើ​​​ការ​​សិក្សា​​ស្រាវ​​​ជ្រាវ​​​របស់​​បណ្តាញ​សហជីព និង​អង្គ​ការ​សង្គម​ស៊ីវិល បាន​រក​ឃើញ​​ថា ការ​ចំណាយ​មូល​ដ្ឋាន​សម្រាប់​​ការ​រស់​នៅ​ប្រកប​​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ អាច​ឡើង​រហូត​ដល់​ជាង ៧០០ ដុល្លារ​ក្នុង​មួយ​ខែ ដោយ​​រាប់​បញ្ចូល​ទាំង​ថ្លៃ​អាហារ ការ​ស្នាក់​នៅ ព្យាបាល​ជំងឺ និង​ការ​សិក្សា​របស់​កូន។ ពួក​គេ​ថា​ តួលេខ​​ចំណាយ​​ប្រចាំ​ខែ​​ជាង​ ៧០០​​ដុល្លារ​​នេះ ដោយ​​សារ​​​សម្ពាធ​នៃ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ ប្រេង​ឥន្ទ​នៈ និង​ការ​​ចំណាយ​​​ផ្សេងៗ​ទៀត​ជា​ដើម។

ក្រុម​សហជីព បាន​គូស​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន ចំនួន ២១០ ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​​២០២៦ គឺ​​មិន​​អាច​ទប់​ទល់​នឹង​អ​ត្រា​អតិផរណា ថ្លៃ​អា​ហារ ថ្លៃ​ឈ្នួល​ផ្ទះ និង​តម្លៃ​ប្រេង​ឥន្ធនៈ​ដែល​បន្ត​កើន​ឡើង​ជារៀ​ង​រាល់​ថ្ងៃ​​នោះ​​ទេ ខណៈ​ចំណូល​ប្រចាំ​ខែ​ពួក​គេ​បាន​ប្រមាណ​ជា ៣០០​ដុល្លារ​ បូក​នឹង​ធ្វើការ​ថែម​ម៉ោង។ ស្ថាន​ភាព​នេះ បាន​រុញ​​ច្រាន​​ឱ្យ​កម្មករ​ភាគ​ច្រើ​ន​ធ្លាក់​ខ្លួន​ក្នុង​បំណុល​វ័ណ្ឌក។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំ​ពាក្យ​​ក្រសួង​​ការ​​ងារ លោក ស៊ុន មេសា បានទេ នៅថ្ងៃសុក្រនេះ។

តែយ៉ាងណា កាលពីថ្ងៃទី​១០​ខែ​កញ្ញា លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា បាន​​បង្ហោះ​​តួលេខ​​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា ធៀបនឹង​បណ្តាប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី ដែល​តួលេខ​នោះបង្ហាញថា ប្រាក់​​ឈ្នួល​​អប្ប​បរមា​​សរុប​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​២០២៦នេះ ​ខ្ពស់​ជាង​ប្រទេស​​វៀត​ណាម ឥណ្ឌា ប៉ាគី​ស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និង​ឡាវ។

លោកបន្តថា គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ កម្មករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់​ដេរ ផលិត​ស្បែក​ជើង និង​ផលិត​​ផល​ធ្វើ​ដំណើរ និង​កាបូប​នៅ​កម្ពុជា ទទួល​បាន​ប្រាក់​ខែ​អប្បបរមា​សរុប​ចំនួន ២២៩.៥ដុល្លារ ដែល​ក្នុង​នោះ​ប្រាក់​​ឈ្នួល​អប្បបរមា​ចំនួន ២១០ដុល្លារក្នុង​មួយ​ខែ​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដែល​កម្មករ​និយោជិត​ត្រូវ​តែ​ទទួល​​បាន​ចំនួន ១៩,៥​ដុល្លារ។ ប្រាក់​ឈ្នួល​អប្បបរមា​សរុប​នៅ​កម្ពុជា​ខ្ពស់ជាង​ប្រទេស​ស្រីលង្កាដែលមានចំនួន​ ៩៣ដុល្លារ, មីយ៉ាន់ម៉ា ៩៧ដុល្លារ, បង់ក្លាដេស ១០២ដុល្លារ, ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី១៤៧ដល់២១១ដុល្លារ។

យ៉ាងណា លោក ស ម៉ូរ៉ា ដែលជា​អ្នកធ្វើការ​ក្នុង​វិស័យ​ការ​ងារ​ជាង ២០ឆ្នាំ​ដែរ​នោះ បានលើកឡើ​ងក្នុងបណ្តាញ​សង្គម​ថា បើទោះជា​ស្ថានភាពប្រាក់ឈ្នួល​កម្មករ​​​នៅបណ្តាប្រទេស​មួយចំនួន ទាប​ជាង​នៅកម្ពុជាពិតមែន​​ ប៉ុន្តែ​ការ​ចំណាយ​​របស់​កម្មករនៅប្រទេស​ទាំង​នោះ​​ទាប​ជាងនៅ​​កម្ពុជា​​ ហើយ​​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​និយោជកគេ​​​បង់​ទៅ​​ឲ្យ​​កម្មក​រក៏​ច្រើ​ន​​ជាង​នៅកម្ពុជា​​ដែរ ដូច​ជា ប្រាក់​ខែ​ទី១​៣ ឬ​លុយ​រង្វាន់​នៅ​រៀងរាល់​បុណ្យ​សំខាន់​ៗ​ទៀត​ផង។

លោក​បានសរសេរក្នុងសំណេរ​ដើមថា៖ «នៅ​យើង ​មើល​​ឃើញ​​ថា ប្រាក់​ខែ​ខ្ពស់ តែ​អត្ថ​ប្រយោជន៍​នៅ​ទាប​ណាស់ ប្រាក់​​ខែ​ ២១០[ដុល្លារ​] អត្ថ​ប្រយោជន៍ ​បើធ្វើ​ការ​មិន​ឈប់ និង​យូរ​ឆ្នាំ​​អាច​បាន ២៩​ដុល្លារ​បន្ថែម តែ​​បើមា​ន​ឈប់​នឹង​ថយ​ទាប​ជាង​នេះ និយោជក​បង់ ​បសស ឲ្យ​កម្មករ​ប្រមាណ ៥,៤%​ប៉ុណ្ណោះ។ ចំណែក​កម្មករ​ត្រូវ​រ៉ាប់​រង​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​អាហារ​ដែល​ថ្លៃ​ ថ្លៃ​ផ្ទះ​ជួល​ថ្លៃ កូន​រៀន​ថ្លៃ ចំណាយ​ថែ​ទាំ​សុខ​ភាព ​ថ្លៃ​ធ្វើ​​ដំណើរ ​រួមទាំ​ង​ស្ថាន​ភាព​ជាប់​បំណុល​​ផង​ដែរ»។

សម្រាប់ លោក ​អ៊ូ ច័ន្ទរ័ត្ន ​សហ​ស្ថាបនិក​គណបក្ស​​កែ​ទម្រង់​​កម្ពុជា​ និងជា​អតីត​តំណាង​រាស្ត្រ​បក្សប្រឆាំង យល់ថា បើសិនជា​រដ្ឋាភិបាល និង​អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន​ យល់ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​ជាង ២៥០ ដុល្លារ មាន​កម្រិត​ខ្ពស់ និង​មិន​ចង់ឱ្យ​ប៉ះពាល់ដល់​រោ​ងចក្រ​សហគ្រាស​ទេ រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​អតិផរណា ទំនិញ​លើ​ទីផ្សារ ថាតើ​អាច​ចុះថ្លៃបានដែរឬទេ ទាំង​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃទឹក​ភ្លើង​ជា​ដើម។ ​

មួយ​វិញទៀត លោក​ថា បើសិនជា​ជៀស​មិនរួច​ពីការ​ដំឡើ​ងប្រាក់​ឈ្នួលទេ រដ្ឋាភិបាល និង​និយោជក ​ត្រូវ​ពិនិត្យចង្វាក់​​​​ផលិត​​កម្ម ដូចជា ​ការ​ចំណាយ​ថ្លៃ​ដើម និង​កា​រដឹកជញ្ជូនកុំ​ឱ្យ​ខ្ពស់​ពេក​​ ព្រមទាំង​ពិនិត្យ​លើ​ការ​ចំណាយ​រដ្ឋបាល​​​ផងដែរ។ កត្តានេះ លោក អ៊ូ ច័ន្ទរ័ត្ន បានចោទជា​សំណួរថាតើរដ្ឋាភិបាល​អា​ចមាន​លទ្ធភាពដោះស្រាយ​បញ្ហា​ទាំង​នេះ​ឬអត់ ហើយ​បើសិនជា​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បានទេ នោះអ្នកដែល​រង​ទុក្ខវេទនា គឺជា​កម្មករ​និយោ​ជិត ដែល​មិនអា​ចមានប្រាក់ឈ្នួល​សមរម្យ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំ​​ថ្ងៃ​​បាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ