ប្រជាជន​​រុស្ស៊ី​​​ចេញ​ទៅ​​បោះ​​ឆ្នោត ​ក្រោម​​ការ​រឹតប​ន្តឹង​អំណាច​​កាន់​​តែ​​ខ្លាំង​​របស់​​លោក ពូទីន

ប្រជាជន​រុស្ស៊ី​កំពុង​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​រដ្ឋ​ឌូម៉ា (State Duma) ថ្មី នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង ខ្វះ​ការ​ប្រកួត​ប្រជែង និង​ស្ទើរ​តែ​គ្មាន​ការ​សង្ស័យ​​ចំពោះ​លទ្ធ​ផល​ឡើយ។

គណបក្សរុស្ស៊ីរួ​ប​រូម (United Russia) របស់​លោក វ៉្លាឌីមៀរ ពូទីន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពង្រីក​ការ​ក្ដាប់​អំណាច​លើ​សភា ជាមួយ​គណបក្ស​ប្រឆាំង​ក្នុង​​ប្រព័ន្ធ​។ កា​របោះ​​ឆ្នោត​រយៈ​ពេល ៣ ថ្ងៃ​នេះ​ ចាប់​ផ្តើម​​នៅ​ថ្ងៃ​សុក្រ ដោយ​លទ្ធ​ផល​នឹង​ចេញ​នៅ​ថ្ងៃ​អាទិត្យ។

ការបោះឆ្នោតសភាឌូម៉ា​លើក​ដំបូង ចាប់​តាំ​ង​ពី​ការ​ឈ្លាន​ពាន​អ៊ុយ​ក្រែន​ទ្រង់​ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០២២​មក​ កំពុង​ប្រព្រឹត្ត​ទៅក្នុងបរិបទនៃសង្គ្រាម ដែលកំពុងជ្រៀតជ្រែកកាន់តែខ្លាំងចូលទៅក្នុងជីវិតប្រជាជនរុស្ស៊ី ខណៈ​ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បង្ហាញពីក្តីបារម្ភកើនឡើង។

វិមានក្រឹមឡាំង បានរឹតបន្តឹងអំណាចកាន់តែខ្លាំង ដោយបានហាមឃាត់គណបក្ស យ៉ាប្រូកូ (Yabloko) ដែល​ជាគណបក្សប្រឆាំងសង្គ្រាម មិនឱ្យចូលរួមឡើយ។ កត្តានេះបន្សល់ទុកត្រឹមតែ «គណបក្សប្រឆាំងក្នុង​ប្រព័ន្ធ» (systemic opposition) ដែលត្រូវបានអនុញ្ញាតឱ្យរិះគន់អាជ្ញាធរតែលើផ្ទៃខាងក្រៅ ប៉ុន្តែតែង​តែ​យល់ស្របតាមគណបក្ស​កាន់អំណាចលើបញ្ហាសំខាន់ៗ។

ការឃោសនានយោបាយនាពេលនេះ មានភាពស្ងប់ស្ងាត់ខ្លាំង។ លោកស្រី ហ្វារីដា រូស្តាម៉ូវ៉ា (Farida Rustamova) អ្នកវិភាគនយោបាយ បានកត់សម្គាល់ថា បេក្ខជនជាច្រើនចៀសវាងការនិយាយអំពីបញ្ហារសើប ហើយគ្មានគណបក្សណាមួយហ៊ានលើកឡើងអំពីសង្គ្រាមឡើយ។

ប្រភពជិតស្និទ្ធនឹងវិមានក្រឹមឡាំង បាននិយាយថា អាជ្ញាធររក្សាការបោះឆ្នោត​ឱ្យ​ស្ងប់​ស្ងាត់​ ដើម្បី​​កាត់​បន្ថយ​ចំនួន​អ្នក​បោះ​ឆ្នោត​មិន​ពេញ​ចិត្ត។

ជាមួយគ្នានេះ លោក វ៉្លាឌីមៀរ ហ្គេលម៉ាន់ (Vladimir Gelman) សាស្ត្រាចារ្យនៅ​សាកល​វិទ្យា​ល័យ​ Helsinki បាន​បន្ថែម​ថា គោល​បំណង​នៃ​ការ​បោះ​ឆ្នោត គឺ​ដើម្បី​ផ្តល់​ឱ្យ​វិមាន​ក្រឹម​ឡាំង​នូវ​ប្រភព​នៃ​ភាព​ស្រប​ច្បាប់ និង​បង្កើត​រូប​ភាព​ថា​មាន​ការ​យល់​ព្រម​ពី​សាធារណជន។

នៅក្នុងសារតាមទូរទស្សន៍ លោក ពូទីន បានផ្សារភ្ជាប់ការចូលរួមបោះឆ្នោតទៅនឹងសង្គ្រាមនៅអ៊ុយក្រែន ដោយ​បង្ហាញ​ថា វាជាការបង្ហាញពីឯកភាពជាតិ។ លោក ពូទីន ខ្លួនឯងទទួល​បានអាណត្តិ ៦ ឆ្នាំម្តង​ទៀតកាល​ពីឆ្នាំ​២០២៤ ដែល​ពន្យារពេលការគ្រប់គ្រងអំណាចរបស់លោក យ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០៣០។

ទោះជាយ៉ាងណា សារៈសំខាន់នៃការបោះឆ្នោតសម្រាប់ប្រជាជនរុស្ស៊ី គឺស្ថិតនៅលើអ្វីដែលនឹងកើតឡើងបន្ទាប់​ពីនេះ។ ដោយ​​សារកងទ័ពរុស្ស៊ី​សម្រេចបានផលតិចតួច ព័ត៌មានលេចឮអំពីការកែនទ័ពទ្រង់ទ្រាយធំមួយផ្សេងទៀតបាន​រីក​រាល​ដាល និងជំរុញឱ្យបុរសវ័យក្មេងមួយចំនួនចាកចេញពីប្រទេស។

ទោះបីជាលោក ពូទីន បានបដិសេធថាគ្មានផែនការកែនទ័ពថ្មីក៏ដោយ ការធានានេះ​មិន​គ្រប់​គ្រាន់​សម្រាប់​បុរស​មួយ​ចំនួន​ឡើយ ដោយ​ពួក​គេ​ជ្រើស​រើស​ចាក​ចេញ​ពី​ប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​រង់​ចាំ​មើល​ថា​តើ​មាន​អ្វី​ផ្លាស់​ប្តូរ​បន្ទាប់​ពីកា​រ​បោះ​ឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ