ការរកឃើញថ្មីរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បង្ហាញថា ការបង្ក្រាបទីតាំងឆបោកអនឡាញរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កន្លងមក មិនបានចាត់ការអ្នកនៅពីក្រោយបណ្តាញឆបោក ដូចជា លោក ហ៊ុន តូ ទេ ព្រោះការបង្ក្រាបភាគច្រើនផ្តោតលើទីតាំង និងអ្នកប្រតិបត្តិផ្ទាល់តែប៉ុណ្ណោះ។
របាយការណ៍NDI កម្រាស់ ១២៦ទំព័រ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រកឃើញព័ត៌មានសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញនៅកម្ពុជា និងតួនាទីរបស់ពួកគេ ដែលធ្វើឱ្យឧស្សាហកម្មនេះរីកចម្រើន និងអាចសម្របខ្លួនបាន បើទោះបីរដ្ឋាភិបាលបង្ក្រាបទីតាំងឆបោកជាច្រើនក៏ដោយ។
របាយការណ៍នេះ មិនមែនផ្តោតតែលើទីតាំងឆបោកទេ ប៉ុន្តែ NDI ហៅប្រតិបត្តិការនេះថា ស្ថាបត្យកម្មឆបោកគាំទ្រដោយរដ្ឋអំណាច ឬហៅជាភាសាអង់គ្លេសថា “Scam State Architecture”។ របាយការណ៍ពន្យល់ថា បណ្ដាញឆបោកនេះ គឺជាប្រព័ន្ធដែលមានច្រើនស្រទាប់ រួមមាន ទុនឧក្រិដ្ឋកម្មពីបរទេស បណ្តាញអាជីវកម្ម និងហិរញ្ញវត្ថុ ទីតាំងប្រតិបត្តិការ និងអ្នកសម្របសម្រួលជាមួយអ្នកមានអំណាច។
តាមការវិភាគរបស់ NDI ការបិទទីតាំងឆបោកមិនមានន័យថា ឧស្សាហកម្មនេះ នឹងអស់ពីកម្ពុជាឡើយ បើមិនកម្ចាត់ឫសគល់ពីក្រោយ។ ប៉ុន្តែរបាយការណ៍ទទួលស្គាល់ថា ការបង្ក្រាបរបស់អាជ្ញាធរកម្ពុជា បានធ្វើឱ្យទីតាំងធំៗជាច្រើន លែងដំណើរការដូចមុនឆ្នាំ២០២៦។ យ៉ាងណា មុនពេលចេញផ្សាយរបាយការណ៍នេះ មិនទាន់មានឥស្សរជនកម្ពុជាណាម្នាក់ ត្រូវបានកាត់ទោសតាមច្បាប់នោះទេ។
របាយការណ៍នេះ ក៏លើកឡើងជាពិសេសអំពីលោក ហ៊ុន តូ ដែលមានភាគហ៊ុននៅក្រុមហ៊ុន ហួយវ័ន (Huione)។ ក្រុមហ៊ុននេះ ត្រូវក្រសួងរតនាគារសហរដ្ឋអាមេរិក ព្រួយបារម្ភខ្ពស់ពាក់ព័ន្ធនឹងការលាងលុយ និងត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ NDI បានប្រើការវិភាគ Blockchain ដើម្បីរាយការណ៍ពីលំហូរទឹកប្រាក់ជាង ១៧០លានដុល្លារ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយវ័ន (Huione Pay។
ក្រៅនេះ របាយការណ៍ក៏លើកឡើងពីតួនាទីរបស់មន្ត្រី និងស្ថាប័នរដ្ឋមួយចំនួន ដូចជា អគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ថា អាចដើរតួនាទីជាអន្តរការីក្នុងការគ្រប់គ្រងសម្ពាធពីបរទេស។ NDI សង្កត់ធ្ងន់ថា ការបង្ក្រាបមិនអាចទប់ស្កាត់ការកើតឡើងវិញទេ បើធ្វើតែទីតាំងដែលគេមើលឃើញ ខណៈទីតាំងផ្សេងអាចប្តូរឈ្មោះបន្តប្រតិបត្តិការដដែល។
ទន្ទឹមនឹងការរកឃើញនេះ ប្រធានគណៈកម្មាធិការពីររបស់សភាតំណាងរាស្ត្រអាមេរិក ក៏ស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលអាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោក។ ពួកគេបានស្នើឱ្យរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Robio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កុត បេសិន (Scott Bessent) ស៊ើបអង្កេត និងសម្រេចក្នុងរយៈពេល ១៨០ថ្ងៃ មុននឹដាក់ទណ្ឌកម្មលើពួកគេ។
បុគ្គលទាំងនោះ រួមមាន លោក ស សុខា លោក នេត សាវឿន លោកស្រី ជូ ប៊ុនអេង លោក ឌី វិជ្ជា លោក ហ៊ុន តូ លោក គួច ចំរើន លោក ឡុង ឌីម៉ង់ និងលោក យឹម លក្ខណ៍ជាដើម។ ក្នុងនោះក៏មានជនបរទេស និងក្រុមហ៊ុនមួយចំនួនផងដែរ។
ចំណែកអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់វីអូឌីនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយច្រានចោលរបាយការណ៍របស់ NDI។ ផ្ទុយពីការលើកឡើងនេះ លោកអះអាងថា កម្ពុជាគឺជារដ្ឋដែលមានរចនាសម្ព័ន្ធបង្ក្រាបបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងមានប្រសិទ្ធភាព រហូតដល់ FBI របស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជាដោយផ្ទាល់ និងបានសរសើរអំពីការបង្កើតរចនាសម្ព័ន្ធបង្ក្រាប បោសសម្អាត រហូតបានជោគជ័យ និងរហូតលោកថ្លែងទៅតាមសារព័ត៌មានអន្តរជាតិល្បីៗបន្ថែមទៀតផង អំពីជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាដើម។
មន្ត្រីរដ្ឋាភិបាលរូបនេះថា បណ្តាស្ថានទូតនៅកម្ពុជា តែងតែចូលរួមសហការជាមួយអាជ្ញាធរដើម្បីបង្ក្រាបបទល្មើសនេះ និងប្រជុំរៀងរាល់ខែ ដើម្បីលើកនូវមតិយោបល់ដោះស្រាយរួមគ្នា។ ក្រៅពីនេះ លោកក៏ថ្លែងការពាររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថា មិនពាក់ព័ន្ធនឹងបទល្មើសឆបោកនេះឡើយ និងជាអ្នកដឹកនាំការបង្ក្រាបយ៉ាងស្វិតស្វាញជាទីផុត។ ចុងក្រោយ លោកចាត់ទុករបាយការណ៍នេះថា ជារឿងនយោបាយ ដែលគួរឱ្យហួសចិត្តជាទីបំផុត។
លោក ទូច សុឃៈ ថ្លែងថា៖ «ការលើកឡើងបែបនេះ គឺជារឿងនយោបាយច្បាស់កឡែតពេក ហើយមើលស្រាលទៅដល់បណ្តារដ្ឋ និងអង្គការអន្តរជាតិដែលកម្ពុជាសហការបង្ក្រាប និងបោសសម្អាតជាមួយមាន FBI សហរដ្ឋអាមេរិក, មានសាធារណរដ្ឋប្រជាមានិតចិន, មាននគរបាលសហព័ន្ធអូស្ត្រាលី, មានសាធារណរដ្ឋកូរ៉េ, ថៃ ដែលឈ្លានពានកម្ពុជាហ្នឹង ក៏យើងសហការគ្នាក្នុងការបង្ក្រាប បោសសម្អាតផងដែរ និងបណ្តាប្រទេសជាច្រើនទៀត ដែលខ្ញុំមិនអាចរៀបរាប់អស់ បាទ!»។
ជុំវិញករណីនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា មើលយល់ថា របាយការណ៍ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញ កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះកម្ពុជា វីស័យទេសចរណ៍ ការវិនិយោគ និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិ។ លោកថា រដ្ឋាភិបាលគួរផ្ទៀងផ្ទាត់ និងឆ្លើយតបច្បាស់លាស់ចំពោះការរកឃើញក្នុងរបាយការណ៍ និងកង្វល់របស់សហរដ្ឋអាមេរិក ដើម្បីស្តារទំនុកចិត្ត ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរឡើងវិញ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។
លោក មករា ថ្លែងថា៖ «វាជាការប៉ះពាល់មួយដ៏ធ្ងន់ធ្ងរសម្រាប់បញ្ហាហ្នឹងអញ្ចឹងណា! ហើយខ្ញុំនៅតែមើលឃើញថា រដ្ឋាភិបាលគួរតែមានសេចក្តីបំភ្លឺ ឬក៏ការឆ្លើយតបណាមួយសមស្រប ក្នុងកម្រិតណាមួយដែលអាចដោះស្រាយបញ្ហានេះ ជាមួយនិងរបាយការណ៍ ក៏ដូចជាការកង្វល់របស់សហរដ្ឋអាមេរិកជាដើមហ្នឹង ដើម្បីលាងជម្រះកេរ្តិ៍ឈ្មោះរបស់កម្ពុជាហ្នឹង ឲ្យមានកេរ្តិ៍ឈ្មោះកាន់តែល្អ និងប្រសើរឡើងវិញ»។
ចំណែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញស្រដៀងនេះដែរ។ លោកថា របាយការណ៍នេះគួរត្រូវបានយកមកផ្ទៀងផ្ទាត់ជាមួយស្ថានភាពជាក់ស្តែង និងលទ្ធផលនៃការបង្ក្រាបរបស់រដ្ឋាភិបាល ដើម្បីវាស់ថា តើបញ្ហាត្រូវបានដោះស្រាយកម្រិតណា និងនៅសល់ចំណុចអ្វីខ្លះ។ លោកថា ការផ្ទៀងផ្ទាត់គួរពិនិត្យពីមូលហេតុដែលមិនទាន់អាចដោះស្រាយបាន។ សម្រាប់លោក ការធ្វើបែបនេះ នឹងជួយឱ្យកម្ពុជា និងសហគមន៍អន្តរជាតិ វាយតម្លៃលទ្ធផលដោយផ្អែកលើភស្តុតាង និងកាត់បន្ថយការយល់ច្រឡំអំពីកម្ពុជា ថាជាមជ្ឈមណ្ឌលឆបោកអនឡាញក្នុងតំបន់។
លោក សេក សុជាតិ ថ្លែងថា៖ «អញ្ចឹងកាលណារបាយការណ៍មួយ មានទិដ្ឋភាពច្បាស់លាស់ យើងក៏អាចមើលឃើញកាន់តែច្បាស់ អំពីលទ្ធផលនៅក្នុងសង្គមកម្ពុជាជាក់ស្តែង ជាមួយនិងរបាយការណ៍ដែលបានចេញកន្លងមក។ ហើយបើសិនជាបញ្ហាទាំងអស់ហ្នឹងបាន បង្ហាញថា កម្ពុជានៅតែមានចំណុចដែលមិនទាន់ដោះស្រាយបាន នោះហើយគឺជារឿងដែលយើងអាចចាត់ទុកថា របាយការណ៍នោះអាចនឹងមានភាពត្រឹមត្រូវ»។
របាយកាណ៍ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បង្ហាញថា អាជ្ញាធរបង្ក្រាបបទឧក្រិដ្ឋអនឡាញ បានចំនួន ៣៧៤ទីតាំង ក្នុងរាជធានី-ខេត្តចំនួន១៧។ ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩ ៧១២នាក់ មាន ៣០សញ្ជាតិ និងបានបណ្តេញចេញចំនួន ២៧៤នាក់ ព្រមទាំងកសាងសំណុំរឿងទៅតុលាការចំនួន ៩២៤នាក់ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥មក៕









