យោធិន​១៨នា​ក់​ទាម​ទារ​យុត្តិ​ធម៌​ក្រោយ​រង​ការ​បណ្តេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ

យោធិន​១៨​នាក់ ដែល​អះ​អាង​ថា នៅ​កង​វិស្វកម្ម​បញ្ជា​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​៧១៥ មាន​ទីតាំង​ជាប់​ស្ពាន​ចោម​ចៅ​ក្នុង​​រា​ជ​ធានី​ភ្នំពេញ អំពាវ​នាវ​រក​រដ្ឋាភិ​បាល​ជួយ​ផ្តល់​យុត្តិ​ធម៍ ដោយ​សំអាង​ថា ពួក​គេ​ត្រូវ​បាន​​មេ​​បញ្ជា​​ការ​​ប​ណ្តេញ​​ចេញ​ពី​ក្រប​ខ័ណ្ឌ ទាំង​មិន​ប្រាប់​ពី​មូល​ហេតុ ក្រោយ​បម្រើ​ជាតិ​ជាង​១០​ឆ្នាំ។

ពួក​គេ​ថា៖ «ការ​ងារ​នេះ ទើប​ដូរ​មេ​កង​ថ្មី អញ្ចឹង​ពួក​ខ្ញុំ​អត់​ដឹង​ថា ខ្ញុំ​ខុស​មូល​ហេតុ​អី រឿង​មួយ​អី​ទេ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ស្ថាបនា​ស្ពាន​៧១៥​នៅ​ជាប់​ស្ពាន​ចោម​ចៅ ហើយ​អ្នក​ណា​ដែល​គាត់​ប្រកាស​ថា​បញ្ឈប់​លុប​ចេញ​ពី​ក្រប​ខ័ណ្ឌ។ មេ​​បញ្ជា​ការ​រង​កង​ស្ថាប​នា​ស្ពាន​៧១៥​ គាត់​ឈ្មោះ​ លុយ ដារិន»។

នេះ​បើ​យោង​តាម​វីដេអូ​មាន​រយៈ​ពេលជា​ង​៣នាទី ដែល​គេ​បាន​ចែក​ចាយ​លើ​បណ្តាញ​សង្គម នា​ថ្ងៃ​ទី​២១​​ខែ​​កញ្ញា ​​ឆ្នាំ​២០២៦។

យោធិន​ទាំង​នោះ បាន​និយាយ​ថា ពួក​គេ​បាន​បម្រើ​ជាតិ ចាប់​ពី​ចន្លោះជា​ង​១០​ទៅ​២០​ឆ្នាំ​ហើយ តែ​ត្រូវ​គេ​បញ្ឈប់​មេ​បញ្ជាការ​​រ​ង​​អង្គ​ភា​ព ហៅ​ទៅប្រា​ប់​កាល​​ពី​ថ្ងៃ​ទី​១៤ខែ​កញ្ញា​ថា ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ ទាំង​គ្មាន​បញ្ជាក់​ពី​មូល​ហេតុ ឬ​លិខិត​ផ្លូវ​ការ ខណៈ​ពួក​គេ​នៅស​ល់​ប្រមាណ ១ ឆ្នាំ​ទៀត នឹង​ដល់​ពេល​ចូល​និវត្តន៍។

លោកថា៖ «ខ្ញុំអត់ចង់បានអីក្រៅពីអ្វីដែលពួកខ្ញុំខំតស៊ូតាំង​ពី​ឆ្នាំ​២០១១​មក​ដល់​សព្វ​ថ្ងៃ លក្ខណៈ ១៦​ឆ្នាំ​ ១៥​ឆ្នាំ ២០​ឆ្នាំ ១១​ឆ្នាំ យើង​តស៊ូ​តាំង​ពី​ហ្នឹង​មក​ដល់​រយៈ​ពេល​នេះ ឥឡូវ​ដល់​គាត់​បញ្ឈប់​ខ្ញុំ ពួ​ក​ខ្ញុំ​ក៏​មាន​ឈ្មោះ​អា​ត្រែត​ដែរ ប៉ុន្តែ​អាត្រែត​ក្នុង​រយៈ​ពេល ១ឆ្នាំ​ទៀត ទើប​ដល់​ពួក​ខ្ញុំ​អាត្រែត។ ឥឡូវ​គាត់​បញ្ឈប់​អត់​មាន​មូល​ហេតុ គឺ​អត់​មាន​អី​ទាំង​អស់។ អញ្ចឹង​ខ្ញុំ​សុំ​ឲ្យ​ក្រសួង​ដែល​ពាក់​ព័ន្ធ​ការ​ងារ​ខាង​ដោះ​ស្រាយ​ទាហាន​នេះ ជួយ​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង»។

ការណ៍នេះ ពួកគេអំពាវនាវ​​ឱ្យក្រសួង​ពាក់​ព័ន្ធ និង​រដ្ឋាភិ​បាល​ជួយ​ផ្តល់​យុត្តិ​ធម៌ ដោយ​បារម្ភ​ថា​ ពួក​គេ​នឹង​បាត់​បង់​ប្រាក់​ចូល​និវត្តន៍ និង​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត បើ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​គ្មាន​កំហុស​ដូច​ការ​បញ្ជាក់​ពី​ប្រភព​ខាង​លើ។

វីអូឌី មិនអាចស្វែងរកការពន្យល់បន្ថែមពីយោធិន​ទាំង១៨នាក់ បានទេ គិតត្រឹម​ម៉ោង​ផ្សាយ​នេះ ខណៈ​មេបញ្ជា​ការ​រង​ដែល​រង​ការ​ចោទ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ អ្នក​ស្រី ម៉ាលី សុជាតា មិន​អាច​ទាក់​ទង​បាន។

យ៉ាង​ណា ហ្វេស​ប៊ុក​ឈ្មោះ ធី​ដាល​ក់​គ្រឿង​ក្រអូប ដែល​អះ​អាង​ថា ជា​គ្រួសារ​កង​ទ័ព​ខាង​លើ អំពាវ​នាវ​រក​មេដឹក​នាំ​ជួយ​ទប់​ស្កាត់​វិធាន​នេះ ដើម្បី​កុំ​ឱ្យ​ការ​តស៊ូ​ដើម្បី​បុព្វ​ជាតិ​របស់​ពួក​គេ​ខ្លះ​រហូត​២០​ឆ្នាំ បែរ​ជា​មក​ទទួល​រង​នូវ​ភាព​អយុត្តិ​​ធម៌​បែប​នេះ។

ប្រភពនោះ និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ពួក​គាត់ខំប្រឹងតស៊ូណាស់ដើម្បីជាតិ ចេញ​ធ្វើកា​រ​ងារ​ក្នុង​ព្រៃ​ជ្រៅ​ចាក​ចេញ​ឆ្ងាយ​ពី​​គ្រួសារ​ប្រពន្ធ​កូន​ មក​នៅ​តំបន់​ដែល​គ្មាន​សេវា​ទូរស័ព្ទ ធ្វើ​ផ្លូវ​ថ្នល់ ធ្វើ​ស្ពាន ដាំ​បង្គាល​ព្រំដែន ហាល​ក្តៅ​ហាល​ខ្យល់​ភ្លៀង​ព្យុះ ដាច់​បាយ​ដាច់​ទឹក ធ្វើ​ការ​ទាំង​ឈឺ​មាន​របួស ឈឺគ្រុ​ន​ចាញ់​ និង​ជួប​ឧបសគ្គ​ជា​ច្រើនៗ​ទៀត[…] តែ​ពួក​គាត់​ក៏​នៅ​តែ​ទ្រាំមិ​ន​ចុះ​ចាញ់​ទេ ដើម្បី​ប្រទេស​ជាតិ។ ហេតុ​អ្វី​មក​ទទួល​រង​នៅ​ភាព​អយុត្តិ​ធម៌​បែប​នេះ តើ​អំពើ​ល្អ​ដែល​កន្លង​មក​ពួក​គាត់​បាន​បម្រើ​​ជាតិ តើ​ថ្នាក់​លើ​មាន​មើល​ឃើញ​ពួក​គាត់​ដែរឬទេ?»។

ជុំវិញរឿងនេះ តំណាង​រាស្ត្រ​ពីប​ក្សប្រ​ឆាំង លោក អ៊ុំ សំអាន និយាយ​ថា ការ​បញ្ឈប់ ឬ​បណ្តេញ​កង​កម្លាំង​មាន​តែ​ថ្នាក់​​ក្រសួង​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​បាន ដែល​ការណ៍​នេះ លោក​ជំរុ​ញ​ឱ្យ​ក្រសួង​ការ​ពារ​ជាតិ ចេញ​បំភ្លឺ​ជូន​សាធារណ​ជន ដើម្បី​​កុំ​ឱ្យវិ​ធាន​នេះ ក្លាយ​ជា​ការ​បំបាក់​ទឹក​ចិត្ត​កង​ទ័ព​ផ្សេង​ទៀត ដែល​កំពុង​ប្រ​ឈ​ម​​មុខ​នឹង​ទង្វើ​ថៃ​ឈ្លាន​ពាន បាក់​​ទឹក​​ចិត្ត។

លោកថា៖ «យ៉ាង​ហោច​ក៏​ត្រូវ​ប្រាប់​ផ្ទាល់​មក​ដែរ មិន​ហ៊ាន​ប្រាប់​ជា​សាធារណៈ ឬ​ក៏​ជា​លិខិត​អី ថា អ្នក​ឯង​ខុស​អីៗ​អញ្ចឹង​​ទៅ អាហ្នឹង​គេ​អាច​ទទួល​យក​បាន។ ប្រសិន​ជា​អត់​ មិន​​ប្រា​ប់​ពី​មូល​ហេតុ អាហ្នឹង​វា​ធ្វើ​ឱ្យ​គាត់​មាន​ការ​តវ៉ា​អញ្ចឹង​​ឯង ហើយ​វា​ប៉ះ​ពាល់​ទៅ​ដល់​ទឹក​ចិត្ត​ទាហាន​ដែល​​នៅ​ជួរ​មុខ ដែល​កំពុង​​ប្រឈម​មុខ​ជាមួ​យ​ទាហាន​ថៃ ដែល​កំពុង​​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង​អញ្ចឹង​ណា៎»។

តាមសេចក្តីរាយការណ៍នានា កងឯកភាព​ស្ថាបនាថ្នល់-ស្ពាន​លេខ ៧១៥ ឬហៅកាត់ថា កង​ឯកភាព​លេខ​ ៧១៥ គឺ​ជា​អ​ង្គភា​ព​វិស្វកម្ម​ដ៏សំ​ខាន់​មួយ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បញ្ជា​ការ​ដ្ឋាន​វិស្វកម្ម​នៃ​អគ្គ​បញ្ជា​ការ​ដ្ឋាន​នៃក​ង​យោធ​ពល​ខេមរ​ភូមិន្ទ។

កងកម្លាំងវិស្វកម្មមួយនេះ មានតួនាទីយ៉ាងសកម្មក្នុងការកសាងហេដ្ឋារច​នាស​ម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ស្ពាន​យុទ្ធ​សាស្ត្រ​នានា ជាពិសេស​គឺ​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​​របស់​​ប្រជា​ពលរដ្ឋ និង​កង​ទ័ព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ