ការ​ធ្លាក់​​​ចុះ​​ភ្ញៀវ​​កំពុង​គំរាម​កំហែង​ជីវភា​ព​ពលរដ្ឋ​នៅ​ប៉ូល​សេដ្ឋកិច្ច​តំបន់​​អង្គរ

រូបថត៖ បណ្តាញសង្គម

ការ​​ធ្លាក់​​ចុះ​​​ភ្ញៀវ​​ទេសចរ​​អន្តរ​ជាតិ នារ​ដូវ​កាល​​នេះ ​ត្រូវ​បាន​អ្នក​ប្រកប​មុខ​របរ​ផ្ទាល់​នៅ​តំបន់​ប៉ូល​សេដ្ឋ​កិច្ច​ខេត្ត​សៀម​​រាប តំបន់​អង្គរ បញ្ជាក់​មក​ថា ជីវភាព​ពួក​គេ​កំពុង​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ប្រាក់​ចំណូល​ធ្លាក់​​​​ចុះ​យ៉ាង​គំហុក ស្រប​ពេល​ដែល​វិបត្តិ​បំណុល​កំពុង​រួម​រឹត​នៅ​ឡើយ។

វិបត្តិទាំ​ង​នេះ ជំរុញ​ឱ្យមា​ន​ការ​គិត​ពី​ភាព​មិន​ច្បាស់​លាស់​មួយ ចោទ​សួរ​ខ្លួន​ឯង​ថា តើ​ជោគ​វាសនា​​របស់​​ពួក​គេ ​ទៅ​​ជា​​យ៉ាង​​ណា ​ប្រសិន​​បើ​​វិបត្តិ​​នេះ នៅ​តែ​​បន្លាយ​​ពេល?។

ម៉ោង​១០ ​ព្រឹក ​ក្រោម​​​ថ្ងៃ​​រះ​​ក្តៅ​​ហែង​​មុខ​​ប្រាសាទ​​អង្គរ​វត្ត​ ទី​កន្លែង​ដែល​ធ្លាប់​តែ​អ៊ូអរ​ដោយ​​សំឡេង​​ជើង​​ដើរ ​សំឡេង​​​យាន​​​យន្ត ​និ​ង​​ស្នាម​​ញញឹម​​របស់​​ភ្ញៀវ​​ទេសចរ​​រាប់​លាន​នាក់​ ពេល​នេះ​បែរ​ជា​ស្ងាត់​ខុសសព្វមួយដង។

បុរស​សម្បុរ​ខ្មៅ​ស្រអែម​វ័យ​ ៤០ ​ឆ្នាំ​ផ្លាយ​ ជា​អ្នក​រត់​កង់​បី ​កំពុង​ដេក​អង្រឹង​​លើ​រម៉ក់​កង់បី​​របស់​គាត់ ដែល​ចត​នៅ​ខា​ង​​​​មុខ​​អង្គរ​​វត្ត​ ក្នុង​ដៃ​កាន់​ស្មាត​ហ្វូន​​ ខណៈ​កង់បី​របស់​គាត់​ត្រូវ​ចត​ចោល​គ្មាន​អ្នក​ជួល​តាំង​ពី​ព្រឹក​ព្រលឹម​មក​ម្ល៉េះ។

ភាព​ស្រងូត​ស្រងាត់​ និង​ការ​ខ្សត់​ភ្ញៀវ​យ៉ាង​គំហុក​នា​រដូវ​កាល​នេះ​ ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​កង់​បីរបស់គាត់ ​គ្មាន​អ្នក​ជួល​នោះទេ​ ប៉ុន្តែ​រុញ​ច្រាន​អ្នក​រក​ស៊ី​តូចតាច​ដូច​រូប​គាត់ ​គ្មាន​ជម្រើស​ក្រៅ​ពី​ផ្អាក ​ឬ​បោះ​បង់​​ចោល​​មុខ​​របរ​ ដែល​ជា​ឆ្នាំង​​បាយ​​​​ចិញ្ចឹម​គ្រួសារ​​ប្រចាំ​​ជីវិត​​ជា​ច្រើន​ឆ្នាំ​នោះ​​ឡើយ។

ក្រោម​សម្ពាធ​បំណុល​និង​ធ្លាក់ចុះចំណូល​ប្រចាំថ្ងៃ ​ឧបករណ៍​រក​ស៊ី​ធ្លាប់​តែ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ ​ពេល​​នេះ​​ត្រូវ​​ទុក​​ចោល ​ដោយ​​ពួក​គាត់​​ខ្លះ ​ប្តូរ​មក​ធ្វើ​ជា​កម្មករ​សំណង់ ​ដើម្បី​ដោះ​ទាល់​ការ​ហូប​ចុក​ និងសងធនាគារ។

អ្នក​រត់​កង់​បី ​នៅ​តំបន់​អង្គរ​ លោក ស៊ីង ដា ឱ្យដឹងនៅថ្ងៃទី​២១ ខែ​កញ្ញាថា​ លោក​បង្ខំ​​ចិត្ត​​ផ្អាក​​រត់​​កង់​បី​​ដោយ​សារ​​ខ្ស​ត់​​​​ភ្ញៀវ ​និង​​ថយ​ចុះ​ប្រាក់​ចំណូលច្រើន ​ហើយ​ពេល​នេះ​លោកមក​ធ្វើ​កិច្ច​ការជួយ​គ្រួសារ​នៅ​ផ្ទះ។

លោ​ក​ថា ​កន្លង​ទៅ​ពួក​លោក​រក​ប្រាក់​ចំណូល​បាន​ចន្លោះពី ​៥​ម៉ឺន​​​រៀល ​ដល់​ ៧ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ​តែ​បច្ចុប្បន្ន​រក​ប្រា​ក់​​​សូម្បី​តែ ​២​ម៉ឺន​រៀល​​ក៏​លំបាក​។ លោក​បន្ថែម​ថា​ សម្ពាធ​នេះ​ធ្វើ​ឱ្យ​អ្នក​រត់​កង់​បី​​ជា​ច្រើន​បង្ខំ​ចិត្ត​ ប្តូរមុខរបរមកធ្វើ​​ជាកម្មករ​សំណង់ និង​ធ្វើការងារផ្សេងៗជំនួស។

លោក ស៊ីង ដា និយាយថា៖ «តែ​ពេល​ឥឡូវ​នេះ យើង​សឹងតែ​រ​ក ៣ម៉ឺន ២ម៉ឺន លំបាក​មែន​ទែន​បង ហើយ​មួយ​ចំនួន​ទៀត​ឥឡូវ គឺ​គាត់​ឈប់​រត់ ហើយ​គាត់​រត់​ទៅ​ធ្វើ​ការ​ខ្លះ ធ្វើ​សំណង់​ខ្លះ ហើយ​ដូច​ខ្ញុំ​ពី​មុន​ធ្លាប់​រត់​បាន ឥឡូវ​ឈប់​រត់​ហើយ»។

មិន​ត្រឹម​តែ​អ្នក​រត់​កង់​បី​ប៉ុណ្ណោះ​ទេ​ប្រឈម ​ថយ​ចំណូល​ លោក ស្រ៊ី មុនដេ និង​អ្នក​​ស្រី ​ទិត ស៊ីធួន​ ដែល​​ជា​​អ្នក​​ថត​​រូប​​​ប្រចាំ​ខាង​​មុខ​​ប្រាសាទ​​អង្គរ​វត្ត​ ​ក៏​​លំបាក​​ដែរ ​ដោយ​​មាន​​ថ្ងៃ​​ខ្លះ ​ពួក​គាត់​​រក​ប្រាក់​មិន​បាន​សូម្បី​តែ ១ ម៉ឺន​រៀល (១០.០០០រៀល​)​ផង។

អ្នកស្រី ទិត ស៊ីធួន ដែល​មាន​ទី​លំ​នៅ​​ក្នុង​តំបន់​រុនតាឯក ​រៀបរាប់​ថា​ ស្ទើររាល់ថ្ងៃ​អ្នកស្រី​​តែង​តែ​​ងើប​​​ពី​​ព្រលឹម​​រៀប​ចំ​​កាមេរ៉ា​ ឈរ​​​ចាំ​​​ហៅ​​ភ្ញៀវ​ថត​​រូប​​ខាង​មុខ​​អង្គរ​​ជា​​ប្រចាំ។ ក៏​​ប៉ុន្តែ​​ស្ថានភាព​នា​បច្ចុប្បន្ននេះ បែរជា​ផ្លាស់​ប្តូរ​ទាំង​ស្រុង ​ដោយ​​សារ​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ចាយ​​វាយ​យ៉ាង​ត្បិត​ត្បៀត​ មិន​សូវ​ចំណាយ​លើ​សេវាកម្ម​ថត​រូប​នោះ​ឡើយ ហើយ​ម្យ៉ាង​ទៀត​​ខ្សត់​ភ្ញៀវ​ស្រាប់​ផង។ 

អ្នកស្រី ទិត ស៊ីធួន និយាយថា៖ «មុខរបរប៉ុណ្ណឹង រស់​តែ​ប៉ុណ្ណឹង​ដែរ​ ស្រឡាញ់​​ក៏​ស្រឡាញ់ ហើយ​ការ​ងារ​ត្រូវ​រក​វា​ទៅ​ប៉ុណ្ណឹង​ដែរ។ មិន​សូវ​រក​បាន​នឹង​គេ​ទេ បាន​តិច​តួច ជួន​កាល​អត់ ជួន​កាល​បាន​ពីរ​បី​ម៉ឺន»។

អ្នក​ថត​រូប​ម្នាក់​ទៀត លោក ស្រ៊ី មុនដេ សង្កេត​ឃើញ​ថា​ មួយ​រយៈ​នេះ ​ភ្ញៀវ​​ទេសចរ​​បរទេស​​ថយ​​ចុះ​​ច្រើន ក៏​ប៉ុន្តែ​​សម្បូរ​​​ភ្ញៀវ​​ទេសចរ​​ជាតិ​ ក្នុង​​ថ្ងៃ​​បុណ្យ​ទាន​ និង​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍។ លោក​ថា​ បច្ចុប្បន្នក្រុម​ជាង​​ថត​នៅ​​តំបន់​​អង្គរ​ រក​ចំណូល​​បាន​តិច​​តួច ​ដោយ​​​ថ្ងៃ​​ខ្លះ​​រក​ប្រាក់​បាន​ ២​ម៉ឺន​រៀល ​ដល់ ៥ម៉ឺនរៀល ​ក្នុង​មួយ​ថ្ងៃ តែ​នៅពេ​ល​ខ្សត់​ភ្ញៀវ ថ្ងៃ​ខ្លះ​រក​ប្រាក់​មិន​បាន​សោះ។

លោក ស៊្រី មុនដេ និយាយថា៖ «ភ្ញៀវទេសចរមកដល់លេង ក៏គាត់អត់​សូវ​ចំណាយ​លុយ​ច្រើន ហើយ​ខ្ញុំ​រក​មួយ​ថ្ងៃ​បាន​មួយ​ថ្ងៃ ជួន​កាលអ​ត់​មួយ​អាទិត្យ​ក៏មា​ន​ដែរ។ ខ្ញុំ​រក​ដល់​ផ្គត់​ផ្គង់​គ្រួសារ​មិន​សូវ​គ្រប់ ហើយ​និង​បង់​ធនាគារ​ផង​ ក៏​ខ្វះ​ខាត»។

បើ​ក្រឡេក​មើល​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​​​​នៅ​ក្នុង​ក្រុង​វិញ ​តាម​ភោជនីយដ្ឋាន​ ផ្ទះ​​សំណាក់​ សណ្ឋាគារ ​ហាង​ម៉ាស្សា ​និង​កន្លែង​ផ្តល់​សេវាកម្ម​ផ្សេងៗ​​ទៀត​ ក៏​កំពុង​ជួប​ប្រទះ​ភាព​ស្ងាត់​គ្មាន​ភ្ញៀវ​ដូចគ្នា។ ​ហាងលក់ដូរ​ខ្លះ​ផ្អាក​ដំណើរ​​ការ​ ហាងខ្លះ​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​ ហាងខ្លះ​កាត់​បន្ថយ​បុគ្គលិក​។

អ្នក​គ្រប់គ្រង​ហាង​ម៉ាហ្សា​មួយកន្លែង ​ក្នុង​ក្រុង​សៀមរាប​ ស្នើ​សុំ​ហៅ​ឈ្មោះ​ក្រៅ​ថា​ លោក ជុំ សានី ប្រាប់​ថា​ ហាង​របស់​​លោក​ខែ​នេះ​ខ្សត់​ភ្ញៀវ​ខ្លាំង ​ដោយ​ថ្ងៃ​ខ្លះ​គ្មាន​ភ្ញៀវ​សូម្បី​តែ​ម្នាក់។ លោក​ថា​ តម្លៃ​ជួល​ហាង​ក្នុង​មួយ​ខែ ​៥៥០ដុល្លារ បូក​​​រួម​​ថ្លៃ​​បុគ្គលិក ​និង​ចំណាយទឹក​ភ្លើង​សរុប​ជាង ១ ពាន់ដុល្លារ ក៏ប៉ុន្តែ​ក្នុង​ខែ​នេះ ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ​ហាង​របស់​​លោក​​រ​ក​​ចំណូល​​បាន​​តែ​ ២០០​ដុល្លារ​​ស្ដើង​តែ​​ប៉ុណ្ណោះ។

លោកថា ហាងរបស់លោកកំពុងប្រឈមបិទទ្វារ ដោយមិនអាចរកចំណូលទប់ថ្លៃជួល និងបុគ្គលិក។ រីឯ ហាង​​ផ្សេង​ៗ​​ក្នុង​​ក្រុង​​សៀម​រាប ​ក៏​មាន​ស្ថានភាព​ស្រដៀង​គ្នា​ដែរ​។

លោក ជុំ សានី និយាយថា៖ «មកដល់ក្នុងខែនេះ គឺយើង​ស្ងាត់​ភ្ញៀវ​តែ​ម្តង គឺ​អត់​មាន ពេល​ខ្លះ​ថ្ងៃ​ខ្លះ​រក​មិន​បាន​ លក់​​មិន​​បាន​​មួយ​ម្នាក់​ផង ជួន​កាល​ពី​របី​ថ្ងៃ​ជាប់​លក់​អត់​ដាច់»។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ​លោក ហួត ហាក់ ថ្លែង​​ថា កម្ពុជា​​ត្រូវ​​តែ​​បង្កើត​​ផលិត​​ផល​ទេសចរណ៍​ថ្មី​ កែ​លម្អ ​និង​ពង្រឹង​​គុណភាព​សេវាកម្ម​ទេសចរណ៍ ​បង្កើន​ភាព​ទាក់ទាញ​ ពង្រឹង​​សន្តិសុ​ខ​​សុវត្ថិ​ភាព​​ដល់​​ភ្ញៀវ​​ទេសចរ​ ដើម្បី​​​ឆ្លើយ​​តប​​​តម្រូវ​​​ការ​​​ភ្ញៀវ​​ទេសចរ​​ជំនាន់​​ថ្មី ​និង​​ដើរ​​ឱ្យ​ទាន់​​យុគ​​សម័យ​​ប្រកួត​ប្រជែង​ ក្នុងគោលដៅ​ទេសចរណ៍​សំខាន់​ក្នុង​​តំបន់​ ហើយ​ឈ្នះ​លើសកលលោក។

លោក​ថ្លែង​បែប​នេះ ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ «ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ​២០២៦-២០៣០» កាល​ពី​​ថ្ងៃ​​ទី​​១៧ ​ខែ​​កញ្ញា ​ថ្មីៗ​នេះ។

លោក ហួត ហាក់ ថ្លែងថា៖ «វិស័យទេសចរណ៍របស់យើង បានទ​ទួល​កេរ​ដំណែល​អស្ចារ្យ អច្ឆរិយ​ពី​បុព្វ​បុរស​របស់​កម្ពុជា​​យើង។ ធ្វើ​ឱ្យក​ម្ពុជា​យើង​ខុស​ពី​ប្រទេស​ដទៃ​គឺ​បេតិក​ភណ្ឌ»។

អភិបាល​រង​ខេត្ត​សៀមរាប ​លោក ង៉ូវ សេង​កាក់ ថ្លែង​​ក្នុ​ង​​ពិធី​​នោះ​​ដែរ​​ថា​ ផែន​ការ​​អភិវឌ្ឍ​​ទេស​ចរណ៍​​ខេត្ត​​សៀម​រាប​ ​ជា​​​ភារកិច្ច​​​របស់​​មន្ត្រី​​រាជ​ការ ​ពលរដ្ឋ វិស័យ​​ឯកជន​ និង​​គ្រប់​​ភាគី​​ពាក់​ព័ន្ធ​ ត្រូវ​តែស​ហការ​​រួម​​គ្នា​​ធ្វើ។ លោក​បន្ត​ថា ​កិច្ចការ​អនុវត្ត​ផែន​ការ​នេះ ​ត្រូវ​​តាម​ដាន​​ពិនិត្យ​និង​វាយ​​តម្លៃ ​ហើយបើមាន​បញ្ហា​ប្រឈម​ ត្រូវតែដោះស្រាយឱ្យ​​លឿន​។

ជុំវិញ​បញ្ហា​នេះ ​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​អង្គរ​ លោក ខៀវ ធី មើល​​ឃើញ​​ថា ​បញ្ហា ​Scam online ជា​​បញ្ហា​​ប្រឈម​​មួយ​​​ផ្នែក ​ធ្វើ​​​ឱ្យ​​ភ្ញៀវ​​ទេសចរ​​​ថយ​ចុះ​នៅ​តំបន់​អង្គរ​ ដែលជាកត្តារួមផ្សំសំខាន់ ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​បរទេស ងាយនឹង​ទទួល​​ព័ត៌មាន​មិន​ច្បាស់លាស់ពី​កម្ពុជា។

លោក​ថា បញ្ហាគ្មាន​ជើង​ហោះហើរ​ផ្ទាល់​​ពី​​ប្រទេស​​ផ្សេងៗ​​មក​​កម្ពុជា ​​ក៏​​ជា​​​បញ្ហា​​មួយ​ដែល​ធ្វើ​​​ឱ្យ​​ភ្ញៀវ​​ទេសចរ​​បរទេស​​អល់​អែក ​មក​​លេង​​កម្ពុជា​ដែរ​។

លោក ខៀវ ធី ថ្លែងថា៖ «​សង្គ្រាម​ដែល​យើង​ចាប់​ផ្ដើម​មាន​នូវ​សង្គ្រាម រវាង​ខ្មែរ-សៀម ព្រំដែន​នៃសៀ​ម ចេះ​តែ​គក្លើន​​ចង់​បាន​ទឹក​ដី​ហួស​ប្រមាណ​ពី​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ភ្ញៀវ​ទេស​ចរ​ដែរ ដោយ​សារ​តែ​ភ្ញៀវ​ទេស​ចរ​កើត​បារម្ភ​ខ្លាច​ក្រែង​សុវត្ថិ​ភាព​ហ្នឹង​ឯង»។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា មើល​​ឃើញ​​ថា មេដឹក​នាំក​ម្ពុជា​បច្ចុប្បន្ន បានបំ​ផ្លាញ​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ប្រទេស​ជឿ​ន​លឿន មិន​ចង់​ទៅ​លេង​កម្ពុជា បូក​រួម​ការ​​ឆបោក​អន​ឡាញ និង​ការ​ចាប់​ជំរិត។ លោក​ថា ទោះ​បី​ជា​កម្ពុជា​មាន​ទេស​ភាព​ស្អាត និង​ប្រាសាទ​បុរាណ​ល្អឥ​ត​ខ្ចោះ​​យ៉ាង​​ណា​ក៏​ដោយ ក៏​ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ​នៅ​តែ​​ភ័យ​ខ្លាច​មក​លេង​កម្ពុជា ដោយ​សារ​ស្ថាន​ភាព​កម្ពុជា​នៅ​តែ​រំលោភ​​សិទ្ធិ​​មនុស្ស រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ប្រាស់​ចាក​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ។

លោក ស៊ឹង សែនករុណា ថ្លែង​ថា៖ «បងប្អូនត្រូវដឹងច្បាស់ថា អ្នក​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ប៉ះពា​ល់​ជីវភាព មិន​មែន​ជា​បទេស​​ទេ មិន​មែន​ជា​គណបក្ស​នយោ​បាយ​ប្រឆាំង ឬ​ក៏​អ្នក​​រិះ​គន់​សង្គម​អី​នោះ​ទេ គឺ​ការ​ដឹក​នាំរ​បស់​គណបក្ស​កាន់​​អំណាច​បច្ចុប្បន្ន​ហ្នឹង​តែ​ម្តង ដែល​ដឹក​នាំ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​បង​ប្អូន ឲ្យ​រង​​ការ​ទុក្ខ​ទោស រង​ការ​លំបាក អត់​​ការ​​ងារ​ធ្វើ អត់​មុខ​របរ អត់​ចំណូល​អីចឹង។ មេដឹកនាំ​នយោ​បាយ​ហ្នឹង​តែ​ម្តង ដែល​មិន​ព្រម​ស្តាប់ គោរព​សិទ្ធិ​មនុស្ស ​ប្រជា​ធិប​តេយ្យ ហើយ​និង​យុត្តិ​ធម៌​សង្គម»។

របាយការណ៍​គ្រឹះ​ស្ថាន​អង្គរ​ បង្ហាញ​ថា រយៈពេល ៥ ខែ​ដំបូង គឺចាប់ពីខែ​មករា ដល់ខែ​ឧសភា ឆ្នាំ​២០២៦ មាន​​ភ្ញៀវ​​ទេសចរ​​​អន្តរ​​ជាតិ​​ជាង​ ៣ ​សែន​​នាក់​ ( ៣៥៩,៤៧១នាក់​) ធ្លាក់​​ចុះ ​៣១.៨% ​​បើ​​ធៀប​​នឹង​​រយៈ​​ពេល​​ដូច​គ្នា​កាល​​ពី​​ឆ្នាំ​​មុន។ រីឯ​ចំណូល​ពី​ការ​លក់​សំបុត្រ​ទទួល​បាន​ជាង ១៧លានដុល្លារ (​១៧.២លាន​ដុល្លារ) ធ្លាក់​​ចុះ​​ប្រហែល ​៣០%។

ក្រៅពី​តំបន់រមណីយដ្ឋានអង្គរ របាយការណ៍បង្ហាញពីចំណូលពីតំបន់ប្រវត្តិសាស្ត្រផ្សេងទៀត ក្នុងរយៈពេលដូចគ្នា​នោះ​​ដែរ ដូចជាប្រាសាទកោះកេរទទួលបានជាង ១១​ម៉ឺនដុល្លារ និងប្រាសាទបេងមាលាទទួលបានជាង ៧​ម៉ឺន​ដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ